ភ្នំពេញៈ លោ​ក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ឱ្យ​គណៈ​​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជា​ការឯកភាព​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ប្រទេសជិតខាង​ពង្រឹង​ការគ្រប់គ្រង​និង​ការត្រួតពិនិត្យ​ការឆ្លងកាត់​ព្រំដែន ខណៈ​នៅមាន​ភាពមិនប្រក្រតី​មួយចំនួន​បានកើត​ឡើង​ដោយ​ការធ្វេសប្រហែស​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​។​

​លោក​បានលើកឡើង​ដូចនេះ តាម​​រយៈ​លិខិត​ចុះ​ថ្ងៃទី​ ៣ ខែតុលា ​ផ្ញើជូន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​កម្ពុជា​ដើម្បី​បង្កើន​ការពង្រឹង ការគ្រប់គ្រង និង​ត្រួតពិនិត្យ​លើ​ការ​ឆ្លងដែន​។ លោក​បាន​លើកឡើងថា ភាពខ្វះ​ចន្លោះ​និង​ភាពមិនប្រក្រតី​នោះ ដូចជា ការ​​លួចលាក់​បើក​ដំណើរការ​ច្រករបៀង​ខុសច្បាប់​នៅ​ខេត្ត​ជាប់​ព្រំដែន​មួយចំនួន និង​ការយក​កម្រៃ​ក្រៅផ្លូវការ​ពី​ពលករ និង​ប្រជាពលរដ្ឋ​ទូទៅ​នៅពេល​ឆ្លង​កាត់​ព្រំដែន ដែល​បាន​ជះឥទ្ធិពល​មិនល្អ​ដល់​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​សាធារណៈ និង​របៀបរៀបរយ តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ត្រូវ​បិទ​ច្រក​របៀង​ខុសច្បាប់​ទាំងអស់​ក្នុង​ដែន​សមត្ថ​កិច្ច​របស់ខ្លួន​។ ក្នុងករណី​ចាំបាច់ ត្រូវធ្វើ​ការសិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​លើ​សក្តានុពល​សេដ្ឋកិច្ច និង​សង្គម​របស់​ច្រក​ដែលមាន​ស្រាប់​រួច​លើកសំណើ​មក​ក្រសួងមហាផ្ទៃ​ដើម្បី​មាន​មូលដ្ឋាន​សិក្សា និង​លើក​យោបល់​ជូន​ថ្នាក់​ដឹកនាំ​ពិនិត្យ​សម្រេច​ក្នុងការ​បង្កើតជា​ច្រកទ្វារព្រំដែន​ផ្លូវការ​»​។​

​ជាមួយនេះ​លោក​ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បាន​ណែនាំ​ឱ្យ​ពង្រឹង​ការគ្រប់គ្រង និង​ការត្រួតពិនិត្យ​អ្នកដំណើរ ទំនិញ និង​មធ្យោបាយ​ចេញចូល​ឆ្លង​កាត់​ព្រំដែន​សំដៅ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស​ត្រូវ​ពង្រឹង​ការទទួល​ខុសត្រូវ​លើ​សន្តិសុខ សុវត្ថិភាព សណ្ដាប់​​ធ្នាប់​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។

​លោក​បាន​បន្តថា​៖ «​អភិបាលខេត្ត​ត្រូវ​ក្រើនរំឭក​ដល់​អាជ្ញា​ធរមាន​សមត្ថ​​កិច្ច​ឈរជើង​នៅតាម​បណ្តា​ច្រកទ្វារ​ព្រំ​ដែន​ទាំងអស់​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ចេញ​ឯកសារ​ឆ្លងដែន​មិន​ប្រក្រតី និង​ការយក​កម្រៃ​ក្រៅផ្លូវការ​ពី​ពលករ និង​ប្រជាពលរដ្ឋ​ទូទៅ​នៅពេល​ពួកគាត់​ឆ្លង​កាត់ចេញ​ចូល​តាម​បណ្តា​ច្រកទ្វារ​ព្រំ​​ដែន​ដែល​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេសជិតខាង ព្រមទាំង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​របស់​កម្ពុជា​»​។​

​លើសពីនេះ​ទៀត លោក​បាន​ជំរុញ​គណៈ​អភិបាលខេត្ត​ជាប់​ព្រំដែន​ឱ្យ​បន្ត​ផ្តល់​សេវាសាធារណៈ និង​សេវា​បណ្ណ​ព្រំដែន​ជូន​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការរើសអើង ដើរ​ទន្ទឹមនឹង​ការ​​គ្រប់គ្រង​ស្ថិតិ និង​លំហូរ​ប្រជាពលរដ្ឋ​ចេញចូល​ឆ្លងកាត់​ព្រំដែន​ឱ្យបាន​ច្បាស់លាស់​ព្រមទាំង​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឱ្យបាន​ល្អប្រសើរ​។

ទន្ទឹមនឹងនេះ លោ​ក ស សុខា ក៏បាន​ណែនាំ​ឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់​ឱ្យ​ម៉ឺងម៉ាត់​ក្នុងការ​បង្ក្រាប​សកម្មភាព​មេខ្យល់ និង​អ្នកសមគំនិត ដែល​អូសទាញ​ប្រជាពលរដ្ឋ​ឱ្យ​ឆ្លងដែន​ខុសច្បាប់​តាម​គ្រប់​រូបភាព និង​ត្រូវ​អប់រំ​ណែនាំ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ត្រូវមាន​ឯកសារ​ឆ្លងដែន​ស្របច្បាប់​ដើម្បី​ចៀសវាង​ការជួញដូរ​មនុស្ស ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​នៃ​ការ​ឆ្លងដែន​ខុសច្បាប់​។

​ក្រសួងមហាផ្ទៃ​នឹង​ចាត់​ក្រុមការងារ​ជំនាញ​ដើម្បី​ចុះ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការបំពេញ​តួនាទី​ភារ​កិច្ច​នៅតាម​បណ្តា​ច្រកទ្វារព្រំដែន​ទាំងអស់​សំដៅ​លើកកម្ពស់ និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​។ លោ​ក ស សុខា បាន​ព្រមាន​ផងដែរ​ថា ក្នុងករណី​រកឃើញថា ច្រកទ្វារព្រំដែន​ណា​មាន​ភាពមិនប្រក្រតី​បណ្តាលមកពី​ការអនុវត្ត​តួនាទី​ភារកិច្ច​មិនបាន​ត្រឹមត្រូវ ក្រសួងមហាផ្ទៃ​នឹង​ចាត់​វិធាន​​ការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

​លោក ឌី រ៉ា​ដូ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មាន​​ជ័យ​បានឱ្យដឹងថា រដ្ឋបាលខេត្ត​បានទទួល​សេចក្តីជូនដំណឹង​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រួចហើយ លើ​បញ្ហា​តាម​ព្រំដែន​នេះ​។ លោក​បាន​បន្តថា ក្នុងនាម​រដ្ឋបាល​​ខេត្ត លោក​ប៉ែន កុសល អភិបាល​ខេត្ត​បាន​យកចិត្តទុកដាក់​លើ​ការងារ​ទាំងនោះ​ជាទីបំផុត និង​បន្ត​អនុវត្ត​ឱ្យបាន​ល្អ​ថែម​មួយកម្រិត​ទៀត​ដើម្បី​បញ្ចៀស​បាតុភាព​មិនល្អ​កើតឡើង​។​

​លោក ឌី រ៉ា​ដូ បញ្ជាក់ថា​៖ «​ពាក់​ព័ន្ធ​នឹង​បញ្ហា​ទាំងអស់នេះ យើង​មិនបាន​ជួបប្រទះ​ធំដុំ​ទេ ដោយ​​សារ​តែ​នៅ​ឧ​ត្ត​រ​មានជ័យ​យើង​នេះ មិនមាន​ច្រករបៀង​ទេ គឺ​យើង​មានតែ​ច្រក​អន្តរជាតិ និង​ច្រក​ទ្វេភាគី​ជាមួយនឹង​ប្រទេស​ថៃ​ប៉ុណ្ណោះ​។ នៅ​ចំពោះ​មុខ​យើង​នឹង​អនុវត្ត​ឱ្យ​បានល្អ​ទៅតាម​អ្វីដែល​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​ក៏ដូចជា​រាជរដ្ឋាភិបាល​»​។​

​ចំណែក លោក អំ សំអាត នាយក​​ទទួលបន្ទុក​ចាត់ការ​ទូទៅ​នៃ​អង្គការ​លីកាដូ​បាន​ស្វាគមន៍​ចំពោះ​ការ​ណែ​នាំ​របស់​ក្រសួងមហាផ្ទៃ​ក៏ដូចជា​រាជរដ្ឋាភិបាល​ក្នុង​គោលបំណង​ទប់ស្កាត់ ភាពមិនប្រក្រតី និង​អំពើពុករលួយ​ណាមួយ​នៅតាម​ច្រកព្រំដែន និង​ត្រូវអនុវត្ត​យ៉ាងណា​ចំពោះ​ការងារ​ទាំង​​អស់នេះ​ឱ្យបាន​តឹង​រ៉ឺ​ង​។​

​ជាមួយគ្នានេះ​ក្នុងនាម​សង្គម​ស៊ីវិល លោក អំ សំអាត ក៏​ចង់ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅតាម​ច្រកព្រំដែន​ជួយ​សម្រួល និង​មិន​បង្ក​ផល​លំបាក​ដល់​ពលករ​ខ្មែរ​ដែល​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ​ស្របច្បាប់​ផងដែរ​។

​លោក​បាន​ប្រាប់ថា​៖ «​មួយវិញទៀត​ចំពោះ​អាជីវករ​ដែល​ចេញ​ចូលទៅ​លក់ដូរ ក៏ត្រូវ​តែមាន​ការជួយ​សម្រួល​ឱ្យមាន​ភាពងាយស្រួល​សម្រាប់​ពួក​​គាត់​ផងដែរ ជាពិសេស​អ្វីដែល​សំខាន់​គឺ​ត្រូវ​ទប់ស្កាត់​អំពើពុករលួយ​ឱ្យមាន​ប្រសិទ្ធភាព​នៅតាម​ច្រកចេញចូល​ទាំងនោះ​»៕