ភ្នំពេញៈ លោកនាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​អះ​អាង​ជា​សាធារណៈ​ថា រដ្ឋ​បាន​សន្សំ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ បន្ទាប់ពី​លោក​សម្រេច​ព្យួរ​ការចំណាយ​ទៅលើ​គម្រោង​សិក្សា​នានា​ដែល​មិនចាំបាច់​ ហើយ​បង្វិល​ថវិកា​នោះមក​ប្រើប្រាស់​ឱ្យចំ​គោលដៅ​វិញ​ដូចជា បង្កើន​ការ​គាំពារ​សង្គម ​និង​ប្រើ​ក្នុង​គ្រា​មាន​គ្រោះអាសន្ន​ជាដើម​។​

​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន​នៅ​ថ្ងៃទី​ ៥ ខែតុលា ឆ្នាំ​ ២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា​៖ «​ថ្ងៃមុន​គ្រាន់តែ​ខ្ញុំ​ឱ្យ​កែសម្រួល​ព្យួរ​ការចំណាយ​ទៅលើ​កិច្ច​ការមិន​សំខាន់​មួយចំនួន ខ្ញុំ​សន្សំ​បាន ២០០​ លាន​ដុល្លារ​ ជាង​សម្រាប់ ​២០២៣ ​នេះ ហើយ ​២០០​ លាន​ដុល្លារ​នេះ យកទៅ​បង្កើន​ការ​គាំពារ​សង្គម និង​ទឹកជំនន់​ជន់​លិច​ប្រជាពលរដ្ឋ​»​។​

​លោក​បាន​បញ្ជាក់ថា កិច្ច​ការមិន​សំខាន់​មួយចំនួន​នោះ​សំដៅ​ដល់​គម្រោង​សិក្សា​នានា ដែល​មិនទាន់មាន​ភាពចាំបាច់ ដែល​ការព្យួរ​នេះ​មិន​ប៉ះពាល់​ដល់​ដំណើរ​ការងារ​រដ្ឋាភិបាល និង​មិន​ប៉ះពាល់​ដល់​មន្ត្រី​ណាមួយ​ឡើយ ដើម្បី​យក​ថវិកា​ទាំងនោះ​ទៅប្រើ​ប្រាស់​ដើម្បី​ផលប្រយោជន៍​ចំពោះមុខ​នៃ​កំណែទម្រង់​រដ្ឋាភិបាល​។​

​ប្រមុខ​រដ្ឋាភិបាល​បាន​បន្ថែមថា រដ្ឋ​មាន​ភាពចាំបាច់​បង្ក​កថ​វិកា​សម្រាប់​ការចំណាយ​ដែល​មិនទាន់មាន​ភាពចាំបាច់​ស​ម្រា​ប់​ប្រើ​ប្រាស់​ឱ្យចំ​គោលដៅ គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ដែល​បានដាក់​ចេញ ហើយ​ការងារ​នេះ ត្រូវការ​ចូលរួម​ពី​មន្ត្រី និង​ត្រូវ​ហ៊ាន​លះបង់ ខណៈ​គម្រោង​ដែល​បាន​ព្យួរ​អាច​យក​ពិចារណា​នៅពេល​ក្រោយ​បាន​។​

​លោក​បាន​បញ្ជាក់ថា​៖ «​បញ្ហា​នេះ សម្រាប់​គម្រោង​ណា​ដែល​មិនចាំបាច់ កាត់​វា​ចោល​ទៅ យកមក​ដាក់​ឱ្យចំ​គោលដៅ​។ យើង​ត្រូវ​ពង្រឹង​ឱ្យចំ​គោលដៅ ហើយ​ត្រូវដាក់​វិធាន​គន្លឹះ​ដែល​នាយករដ្ឋមន្ត្រី​កាន់កាប់ ព្រោះ​ពាក់ព័ន្ធ​ការអារកាត់​ថវិកាជាតិ គឺមាន​តែ​នាយករដ្ឋមន្ត្រី​ទេ​ដែលមាន​សិទ្ធិ​សម្រេច​»​។​

លោក​ ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹង​ដែរ​ថា រដ្ឋាភិបាល​ថ្មី​គ្រោង​ប្រើប្រាស់​ថវិកា​ដើម្បី​យកមក​ពង្រឹងគុណភាព​សេវា​សុខា​ភិ​បាល​នៅតាម​មូលដ្ឋាន ពង្រឹង​វិស័យ​អប់រំ​នៃ​គ្រឹះស្ថាន​រដ្ឋ ពង្រឹង​វិស័យ​យុត្តិធម៌ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជា​វិស័យ​អាទិភាព​។ លោក​សង្កត់ធ្ងន់ថា ក្នុង​អាណត្តិ​ដំបូង​របស់លោក ជា​ដំណាក់កាល​ពង្រឹង​ជាមុន​សិន ជាជាង​ពង្រីក​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា គាំទ្រ​ចំណាត់ការ​របស់​នាយក​រដ្ឋមន្ត្រី​ក្នុងការ​កាត់បន្ថយ​ចំណាយ​មិនចាំបាច់​របស់​រដ្ឋ​ហើយ​បង្វិល​ថវិកា​មកប្រើប្រាស់​លើ​ការ​​ងារ​ចំពោះមុខ​ជាមួយ​ស្ថានភាព​ជាក់ស្តែង​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការចាយ​មិន​ចំ​គោលដៅ គឺ​រដ្ឋាភិបាល​ចាំបាច់​អនុវត្ត​វិធាន​ផ្លូវការ​ក្នុងការ​វះកាត់ តួយ៉ាង​បញ្ហា​អំពើពុករលួយ ឬ​អាច​កាត់​តម្រឹម​ថវិកា​សម្រាប់​គម្រោង​ដែល​ចាំបាច់ ដើម្បី​ស្ថិរ​ភាព​ម៉ាក្រូសេដ្ឋកិច្ច ហើយ​ផ្តល់​សច្ចភាព​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ប្រទេស​»​។​

​លោក យង់ គិ​ម​អេង ប្រធាន​ម​ជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​បាន​សាទរ​ចំពោះ​វិធានការ​របស់​នាយករ​ដ្ឋ​មន្ត្រី​ក្នុងការ​បន្ថយ​ចំណាយ​លើ​រឿង​មិនទាន់​ចាំបាច់ ដើម្បី​ដោះស្រាយ​លើ​តម្រូវការ​ប្រជាជន​នៅ​ចំពោះមុខ ដូច​ជាការ​គាំពារ​សង្គម និង​បង្ការ​ទុក​ប្រើ​ក្នុង​គ្រា​មាន​អាសន្ន​។​

​លោក​បាន​បន្តថា​៖ «​រឿង​មួយទៀត​ខ្ញុំ​គិតថា បើ​រដ្ឋ​អាច​កាត់បន្ថយ​ចំនួន​គណៈ​រដ្ឋមន្ត្រី ចំនួន​ទីប្រឹក្សា រដ្ឋ​អាច​នឹង​ចំណេញ​ថវិកា​បាន​បន្ថែម​ច្រើន​...​អាច​យកទៅ​ប្រើ​​ប្រាស់​លើ​វិស័យ​ផ្សេងៗ​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ​អាចឆ្លើយតប​ទៅនឹង​សេចក្តី​​ត្រូវការ​ពលរដ្ឋ​បាន​ច្រើន​»​។​

​លោក​បាន​បន្ថែមថា រដ្ឋ​គួរ​បង្ហាញ​តម្លាភាព និង​គណនេយ្យភាព​ពី​ការប្រើប្រាស់​ខ្ទង់ចំណាយ​ថវិកាជាតិ​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង​ក្នុងនោះ​សម្រាប់​គម្រោង​ចំណាយ​ដេញថ្លៃ រដ្ឋ​ត្រូវ​បើកចំហ​ដោយ​តម្លាភាព ហើយ​រដ្ឋ​ត្រូវ​ហ៊ាន​បន្ថែម​ការ​កាត់ចោល​គ​ម្រោ​ង​ដែល​មិនចាំបាច់​ដើម្បី​យកមកប្រើ​ប្រាស់​ក្នុង​វិស័យ​អាទិភាព​របស់ខ្លួន​៕