​ភ្នំពេញៈ​​របាយ​ការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​បង្ហាញ​នៅ​ថ្ងៃទី​៨ ​ខែ​តុលា​ថា​ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២៣​ សមា​ជិក​ដែល​ប្រើ​ប្រាស់​របប​សន្តិ​សុខ​សង្គម (​ប​.​ស​.​ស) ​ផ្នែក​ថែទាំ​សុខ​ភាព មាន​សរុប​ចំនួន​ជាង ៣,២ ​លាន​នាក់​។

​ក្រសួង​ការងារ​បាន​បន្តថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣​នេះ អ្នក​ដែល​បាន​ប្រើ​ប្រាស់បណ្ណ ប​.​ស​.​ស សម្រាប់​ទទួល​សេវា​ថែទាំ​សុខ​ភាព ​នៅ​តាម​មូល​ដ្ឋាន​សុខាភិបា​ល​របស់​រដ្ឋ និង​ឯក​ជន​មាន​ចំនួន​ជិត ​២,២​ លាន​នាក់​។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ៖ «​គិត​ត្រឹម​ខែក​ញ្ញា ឆ្នាំ​២០២៣ មាន​មូលដ្ឋាន​សុខាភិ​បាល​ចំនួន ​១ ៥១៨ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ ​ប​.​ស​.​ស នៅ​ទូទាំង​ប្រទេស​កម្ពុជា ​ដែល​រួមមាន​ ទាំង​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​ មន្ទីរ​ពេទ្យបង្អែក​មណ្ឌល​សុខ​ភាព និង​មូល​ដ្ឋាន​សុខាភិ​បាល​ឯក​ជន​»​។​

​ទាក់​ទង​នឹង​ការប្រើប្រា​ស់​បណ្ណ ប​.​ស​.​ស ​នេះ លោក ម៉ៅ សុភ​ក្តី ប្រធាន​ក្រុម​ភ្នាក់​ងារ ប​.​ស​.​ស ប្រចាំ​មន្ទីរពេទ្យព្រះ​អង្គ​ឌួង បាន​ឱ្យដឹង​នៅថ្ងៃទី​៨ ​ខែ​តុលា​ ថា ជា​មធ្យម​ក្នុង ​១ ​ថ្ងៃ នៃ​ថ្ងៃ​ធម្មតា​ មាន​អ្នក​ជំងឺ​ប្រមាណ​៦០០​នាក់​មក​ទទួល​សេវា​ពិនិត្យ និង​ព្យា​បាល​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ ឯ​ថ្ងៃ​អាទិត្យអាច​កើន​ដល់​ជាង​១​ពាន់​នាក់​ដោយ​ប្រើ​ប្រាស់​បណ្ណ ប​.​ស​.​ស​។​

​លោក​បាន​បញ្ជាក់ថា ៖ «​ពី ១ ​ឆ្នាំ ទៅ ​១ ​ឆ្នាំ អ្នក​ប្រើ​បណ្ណ ប​.​ស​.​ស មក​ទទួល​សេវា​ពិនិត្យ ​និង​ព្យា​បាល​ជំងឺ​នៅ​មន្ទីរពេទ្យ​នេះ​ កាន់​តែ​កើន​ឡើង ដោយ​ជា​មធ្យម​ក្នុង ​១​ ខែ​ មាន​ប្រហែល​ជា៣​ម៉ឺន​នាក់​»​។

​ដូច​នេះ ​ទើប​មន្ត្រី​ផ្នែក ប​.​ស​.​ស ត្រូវ​ប្រចាំ​ការ​ឆ្លាស់​វេន​គ្នា​ ២៤ ​ម៉ោង​លើ​ ២៤​ ម៉ោង ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ​ នៅក្នុង​មន្ទី​រពេទ្យ​ព្រះអង្គ​ឌួង​នេះ ដើ​ម្បី​រង់​ចាំ​សម្រួល​ដល់​អ្នក​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដែល​មាន​បណ្ណ ប​.​ស​.​ស​។ នេះ​បើ​តាម​លោក ​ម៉ៅ សុភ​ក្តី​។​

​ជា​មួយ​គ្នានេះ លោកស្រី ឃួន​ វ៉ាន់ឌី អនុ​ប្រធាន​ការិយាល័​យ​ផ្នែក​ប​.​ស​.​ស នៃ​មន្ទីរ​ពេទ្យ​ព្រះ​អង្គឌួង​ក៏បាន​លើក​ឡើង​ដែរ​ថា គិត​ចា​ប់តាំង​ពី​ឆ្នាំ​២០១៧ រ​ហូត​មក​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២៣ មាន​អ្នក​ជំងឺ​ជិត​១,២​លាន​នាក់ បាន​មក​ទទួល​សេវា​ពិនិត្យ និង​ព្យា​បាល​ជំងឺនៅ​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង​។​

​លោក​ស្រី​ចាត់​ទុក​ថា ទោះបី​ជា​ប្រជា​ពលរដ្ឋ​ដែល​ប្រើ​បណ្ណ ប​.​ស​.​ស ឬ​បណ្ណ​សម​ធម៌ឬក៏​អ្នក​ត្រូវ​បង់លុ​យ​ដើម្បី​ទទួល​សេវា​ពិនិត្យនិង​ព្យា​បាល​ជំងឺ​ក្តី គឺ​សុទ្ធតែ​ជា​អ្នក​ជំងឺ​របស់​មន្ទីរ​ពេទ្យ​ដូចគ្នា​ទាំង​អស់​។ ដូច​នេះ ​សម្រាប់​អ្នក​ជំងឺ​ដែល​ប្រើ​បណ្ណ ប​.​ស​.​ស ក៏​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ពី​ក្រុម​គ្រូពេ​ទ្យ​ដូច​គ្នា​ដែរ​។

​លោក​ស្រី​បញ្ជាក់​ថា ៖ «​គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​ព្រះអង្គ​​ឌួង និង​មន្ត្រី​ផ្នែក​ ប​.​ស​.​ស ដែល​ប្រចាំ​ការ​ក្នុង​មន្ទីរ​ពេទ្យ​នេះ សហ​ការ​គ្នា​យ៉ាង​ល្អ​ក្នុងការ​សម្រប​សម្រួល​ឱ្យមាន​ភាព​ងាយ​ស្រួល និង​រហ័សសម្រាប់​អ្នកជំងឺ​មក​ទទួល​សេវា​ពិនិត្យ​សុខ​ភាព និង​ព្យា​បាល​ជំងឺ​»​។

​ទន្ទឹមនឹង​នេះ លោក​ស្រី ឃួ​ន វ៉ាន់ឌី ក៏បាន​លើក​ទឹកចិត្ត​ដល់​អ្ន​កមាន​បណ្ណ​ប​.​ស​.​ស ទាំង​អស់​មក​ទទួល​សេវា​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ នៅ​មន្ទីរ​ពេទ្យ​ព្រះ​អង្គឌួ​ង សម្រាប់​គ្រ​ប់ផ្នែក​ទាំង​អស់​ រួមមាន​ ផ្នែក​ច្រមុះ ​បំពង់ក​ ផ្នែក​ភ្នែក​ ផ្នែក​សម្ភព និង​រោគ​ស្ត្រី ​ផ្នែក​មាត់​ធ្មេញ​និង​ផ្នែក​ជំងឺ​ទូទៅ​ជា​ដើម​។

​ប្រជាព​លរដ្ឋ​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​បាន​មក​ទទួល​សេវា​ពិនិត្យនិង​ព្យា​បាល​ចំនួន​៤​ដង​មកហើយនៅ​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង​នេះ អ្នកស្រី ជា ស៊ី​វន បាន​ប្រាប់​ថា ការប្រើ​ប្រាស់​បណ្ណ ប​.​ស​.​ស​ នេះ ទទួល​អត្ថប្រយោជន៍ ​និង​ចំណេញ​ថវិកា​ច្រើន​។​

​អ្នកស្រី​បន្ត​ថា​ មុន​ពេល​ចូល​ជា​សមា​ជិក​ ប​.​ស​.​ស​ នេះ ​អ្នកស្រីត្រូវ​ចំណាយ​ជាច្រើន​ក្នុងការ​ព្យា​បាល​ភ្នែក​របស់​គាត់ ប៉ុន្តែ​ក្រោយពេ​ល​ចូល​ជា​សមាជិក​ប​.​ស​.​សដោយ​បាន​បង់​ភាគ​ទាន​ប្រចាំខែ ១​៥ ៦០០ ​រៀល​ ក្នុង ​១ ​ខែ សម្រាប់​បុគ្គល​ស្វ័យ​និ​យោ​ជន៍បាន​រយៈ​ពេល ​៤ ​ខែ ​មកហើ​យ​នេះ ​អ្ន​កស្រី​នៅតែ​បន្ត​មក​ពិនិត្យ ​និង​ព្យា​បាល​ជំងឺ ​ដោយ​មិនមាន​ចំណាយ​លុយ​​អ្វី​ទាំង​អស់ ហើយក៏​ទទួល​បាន​ការយក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​គ្រូពេទ្យ​ដូចគ្នា​នឹង​ពេល​អ្នក​ស្រី​ចំណាយ​លុយ​ដែរ​។

​យោង​តាម​ក្រសួង​ការងារ រាជរ​ដ្ឋាភិ​បាល​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរ​ការ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខ​ភាព សម្រាប់​វិស័យ​ឯកជន (​កម្មករ​និយោ​ជិត​) ចាប់ពី​ឆ្នាំ​២០១៦ ​និង​សម្រាប់​វិស័យ​សាធា​រណៈ (​មន្ត្រី​សាធា​រណៈ អតីត​មន្ត្រី​រាជ​ការ អតីត​យុទ្ធ​ជន​) ចាប់​ពី​ឆ្នាំ​២០១៨​៕