ភ្នំពេញៈ អង្គការ​សេរីភាព​កម្ពុជា​-​អូស្ត្រាលី និង​អង្គការ​ដែនដី​មនុស្ស​​ហូឡង់ដ៍​ប្រចាំ​កម្ពុជា​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ លើកកម្ពស់​ការយល់ដឹង ពី​សុវត្ថិភាព​តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​កុមារ ជាពិសេស​សម្រាប់​កុមារី និង​យុវតី​រយៈ​ពេល​ ១ ​ខែ​។ យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​គោលដៅ​លើកកម្ពស់​ការយល់ដឹង​ពី​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម និង​ជំរុញ​ការចូលរួម​ពី​តួអង្គ​កុមារ​ផ្ទាល់ ដើម្បី​បញ្ឈប់​ការរំលោភ​បំពាន​នៅលើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណិ​ត លើ​កុមារ ខណៈ​គេ​រកឃើញថា ក្មេងស្រី ​១​ នាក់ ក្នុងចំណោម ១០​ នាក់​រង​ហានិភ័យ​ពី​ការ​​បំពាន​លើ​ប្រព័ន្ធ​អន​ឡាញ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​អង្គការ​ដែនដី​មនុស្ស​ហូឡង់ដ៍​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​ ៧ ខែតុលា ឆ្នាំ​ ២០២៣ បានឱ្យដឹងថា យុទ្ធនាការ​នេះ​ធ្វើ​នៅតាម​សាលារៀន​រយៈពេល ១​ ខែ ចាប់ផ្តើម​ពីថ្ងៃ​ទី​ ៧ ខែតុលា តាមរយៈ​គម្រោង «​សុវត្ថិភាព និង​សិទ្ធិ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ​» ហៅ​កាត់​ថា ​«​ស្ក្រូ​ល​ SCROL»​ ដែល​គាំទ្រ​ថវិកា​ដោយ​ក្រុមហ៊ុន​ឆ្នោត​ហូ​ឡង់ ​(Dutch Postcode Lottery NPL)​។​

​នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​វិទ្យា​ល័យ​ចំរើន​ផល​ដែល​រៀបចំឡើង​ដោយ​យុវតី​នា​វិទ្យាល័យ​នេះ​ផ្ទាល់​ដែល​បាន​ជជែក​ក្នុង​ប្រធានបទ ​«​តើ​ប្រើប្រាស់​ប​ណ្តា​ញ​សង្គម ជា​មូលហេតុ​នាំឱ្យមាន​ការរំលោភ​បំពាន​កុមារ​ ឬ​យ៉ាងណា​? ​ដោយមាន​អ្នក​​ចូលរួម​ប្រមាណ​ ៣៥០ ​នាក់ និង​វត្តមាន​នាយក​សាលា លោកគ្រូ​-​អ្នកគ្រូ និង​អាណា​ព្យាបាល​សិស្ស និង​មន្ត្រី​ជំនាញ​ជាច្រើន​ទៀត​។

​លោកស្រី​ Zoe De Melo ប្រធាន​គម្រោង​ការពារ​កុមារ​ពី​ការរំលោភបំពាន​តាម​ប្រព័ន្ធ​អន​ឡាញ នៃ​អង្គការ​ដែនដី​មនុស្ស​​ហូ​ឡង់​ដ៏​ប្រចាំ​កម្ពុជា​ថ្លែង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ថា​៖ «​យើង​ជំរុញឱ្យមាន ការចូលរួម​យ៉ាងសកម្ម​ពី​កុមារ​ដើម្បី​បង្កើតឱ្យមាន​ទម្លាប់​សុវត្ថិ​ភាព​តាម​ប្រព័ន្ធ​អន​ឡាញ ជា​ពិសេស​ការប្រើប្រាស់​បណ្តា​ញ​សង្គម​ប្រកបដោយ​សុវត្ថិភាព​»​។​

​លោកស្រី​បន្តថា​៖ «​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ពួកយើង ក្នុង​ការរៀបចំ​យុទ្ធនា​ការផ្សព្វផ្សាយ​នេះ​ឡើង​នៅតាម​សាលារៀន ដើម្បីឱ្យ​កុមារ​ជាច្រើន​បាន​យល់ដឹង​ពី​ការ​​រំលោភបំពាន​ផ្លូវភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​»​។​

​លោក សេក សុជាតិ នាយក​​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ជា​អ្នកជំនាញ​ផ្នែក​ព័ត៌មានវិទ្យា បាន​ប្រាប់​ឱ្យដឹងថា យុទ្ធនាការ​នេះ ជា​រឿង​ល្អ ខណៈ​សង្គម​កម្ពុជា​កំពុងបើក​ទូលាយ​ឱ្យមាន​ការប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​មនុស្ស​គ្រប់​វ័យ ជាពិសេស​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​នានា​។​

​លោក​បន្តថា មាន​ជន​ឆ្លៀតឱកាស និង​ជនខិលខូច​មួយចំនួន​កំពុង​ប្រើប្រាស់​ដើម្បី​រំលោភបំពាន​សិទ្ធិ​អ្នកដទៃ ក៏ដូចជា​រំលោភបំពាន​លើ​កុមារ ជាពិសេស​ក្រុម​សិស្សានុសិស្ស ដែល​ក្រុម​ឧក្រិដ្ឋជន​យក​ជា​មុខ​សញ្ញា​ដើម្បី​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ ឬ​យកទៅ​បង្កើត​លាភ​សក្ការៈ​នានា​ក្នុង​ផ្លូវ​ទុច្ចរិត​។​

​លោក​ សេក សុជាតិ ថា​៖ «​យុទ្ធនាការ​នេះ ជា​យុទ្ធនា​ការល្អ ដែល​ខ្ញុំ​គាំទ្រ ហើយ​សុំឱ្យ​មានការ​ធ្វើ​ជាប់​ជាប្រចាំ និង​បាន​ទូលំទូលាយ ដើម្បី​ផ្តល់​ការយល់ដឹង​ដល់​យុវជន ជា​ពិសេស​រង្វង់​កុមារ យុវតី​នានា បាន​ជ្រាប​ពី​បញ្ហា​ប្រឈម និង​អាច​ចេះ​ការពារ​ខ្លួន ដើម្បី​បញ្ចៀស​បញ្ហា​នៅ​ថ្ងៃ​អនាគត​»​។​

​លោក​ថ្លែងថា រដ្ឋាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​គួរ​បន្ថែម​ការយកចិត្ត​ទុកដាក់​ទៅលើ​សុវត្ថិភាព​តាម​ប្រព័ន្ធ​អន​ឡាញ​របស់​កុមារ ជាពិសេស​កុមារី និង​យុវតី ដែលជា​ទំពាំង​ស្នង​ឫស្សី​ដែលជា​រឿង​ចាំបាច់​សម្រាប់​អនាគត​ប្រទេសជាតិ ឱ្យ​ពួកគេ​យល់ដឹង ចេះ​ការពារ​ខ្លួន ចេះ​ពិចារណា​វែងឆ្ងាយ ចេះ​ដោះ​ស្រាយ​បញ្ហា​ដែល​ជួបប្រទះ​។​

«​ស្ក្រូ​ល​»​ ជា​គម្រោង​មាន​រយៈពេល ៣​ ឆ្នាំ បាន​បង្កើត និង​អនុវត្ត​ដោយ អង្គការ​ដែនដី​មនុស្ស​ហូឡង់ដ៍​ប្រចាំ​នៅ​កម្ពុជា ដោយមាន​ការសហការ ជាមួយ​អង្គការ​ដៃគូ​ដូចជា​អង្គ​​ការ​សកម្មភាព​ដើម្បី​កុមារ​ (APLE) និង​អង្គការ​សេរីភាព​កម្ពុជា​-អូស្ត្រាលី (AusCam Freedom Project)៕