ស្វាយរៀងៈ ថ្នាក់ដឹកនាំ​ខេត្តស្វាយរៀង​បាន​ណែនាំ​ដល់​អភិបាលក្រុង​-​ស្រុក ក្នុង​ខេត្ត​ឱ្យ​ចាត់វិធានការ​ទប់​​ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​ផ្តាសាយ​បក្សី​ប្រភេទ​ H5N1 បន្ទាប់ពី​បុរស​អាយុ​ ៥០ ​ឆ្នាំ​ម្នាក់ បាន​ស្លាប់ ដោយ​សារ​ជំងឺ​នេះ ខណៈ​ក្រុម​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល​បាននិងកំពុង​ស្រាវជ្រាវ​លើ​ករណីនេះ​។​

​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី ​៨ ខែតុលា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ករណី​មនុស្ស​ស្លាប់​ដោយ​​សារ​ជំងឺផ្តាសាយបក្សី​នៅ​កម្ពុជា បន្ទាប់​ពី​លទ្ធផល​ត្រូវបាន​បញ្ជាក់​ដោយ​វិទ្យា​ស្ថាន​ជាតិ​សុខភាព​សាធារណៈ​លើ​បុរស​អាយុ​ ៥០ ​ឆ្នាំ នៅ​ថ្ងៃទី​ ៧ ខែតុលា ឆ្នាំ ​២០២៣​។​

​ក្រសួង​បាន​លើកឡើងថា តាម​ការសាកសួរ​បង្ហា​ញ​ថា មានផ្ទះ​អ្នក​ជិត​ខាង​បុរស​រូបនេះ បាន​ទិញ​មាន់មក​ស្តុក​ទុក​លក់ បន្ទាប់មក​ក៏​ឃើញ​មាន​មាន់​នៅផ្ទះ​របស់គាត់ និង​ផ្ទះ​អ្នក​ជិត​​ខាង​ចាប់ផ្តើម​ងាប់​ប្រមាណ​ជាង ​៥០ ​ក្បាល ហើយ​មាន់​ងាប់​នេះ​ក៏បាន​ចែក​ចាយ​ឱ្យ​បងប្អូន​យកទៅ​បរិភោគ​ដែរ​។​

​ករណីនេះ ក្រុម​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បាននិងកំពុង​ស្រាវជ្រាវ​លើ​ការកើតឡើង​ជំងឺ​ផ្ដាសាយ​​បក្សី​ប្រភេទ​នេះ និង​ឆ្លើយតប​ទៅតាម​វិធីសាស្ត្រ និង​ពិធីសារ​របស់​ជាតិ​។​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា​៖«​ក្រុមការងារ​ក្រសួង​បាន​សហការគ្នា​រវាង​ក្រុម​ឆ្លើយតប​បន្ទាន់​ទាំង​ផ្នែក​សុខាភិបាល និង​បសុពេទ្យ ស្វែងរក​ប្រភព​ចម្លង​ទាំង​លើស​ត្វ និង​មនុស្ស និង​បន្ត​ស្វែងរក​ករណី​សង្ស័យ និង​អ្នក​ប៉ះពាល់​ដើម្បី​ទប់ស្កាត់​ការឆ្លង​បន្តទៅ​អ្នក​ដទៃទៀត​ក្នុង​សហគមន៍ និង​ធ្វើ​យុទ្ធ​នា​ការអប់រំ​សុខភាព​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ដែល​កើត​ហេតុនេះ​ផងដែរ​»​។​

លោក​ ប៉េង ពោធិ៍​សា អភិបាលខេត្ត​​ស្វាយរៀង នៅ​ថ្ងៃទី ​៩ ខែតុលា បាន​ណែនាំ​ទៅដល់​គណៈ​អភិបាលក្រុង​-​ស្រុក​ទាំងអស់​នៅក្នុង​ខេត្ត​ឱ្យចូល​រួម​ទប់ស្កាត់​កុំឱ្យ​មានការ​ឆ្លង​រាលដាល​ជំងឺ​នេះ​ទៅក្នុង​សហគមន៍​របស់ខ្លួន​។​

​លោក​បានលើកឡើង​តាមរយៈ​លិខិត​ផ្ញើជូន​អភិបាលក្រុង​ស្រុក​ទាំង​ ៨ ដើម្បី​ចុះ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ធ្វើ​អនាម័យ​លំនៅឋាន លាងដៃ​ឱ្យ​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក មុនពេល​បរិភោគ និង​បន្ទាប់ពី​ប៉ះពាល់​ជាមួយ​បក្សី​។​

​លោក​បាន​បន្តថា ត្រូវដាក់​កុមារ​ឱ្យនៅ​ឆ្ងាយ​ពី​សត្វ​បក្សី និង​ដាក់​សត្វ​បក្សី​នៅ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​រស់នៅ និង​មិនត្រូវ​បរិភោគ​សត្វ​បក្សី​ឈឺ ឬ​ងាប់ និង​រាល់​សត្វ​បក្សី​ដែល​ធ្វើ​សម្រាប់​បរិភោគ ត្រូវ​ចម្អិន​ឱ្យបាន​ឆ្អិន​ល្អ​។​

​លោក​ ប៉េង ពោធិ៍​សា បាន​បញ្ជាក់ថា ៖ «​ត្រូវ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ក្នុងករណី​ប្រទះឃើញ​មាន​សត្វ​បក្សី​ឈឺ ឬ​ងាប់​ក្នុង​ចំនួន​ច្រើន​ឱ្យ​រាយ​កាណ៍​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ហាម​ដាច់​ខាត​ការយក​សត្វ​បក្សី​ឈឺ ឬ​ងាប់ ទៅធ្វើ​ចម្អិន​ធ្វើ​ម្ហូបអាហារ​»​។​

​សូមបញ្ជាក់ថា មន្ទីរ​សុខាភិបាល​រដ្ឋបាលខេត្ត កាលពី​ថ្ងៃទី​ ៧ ខែតុលា បាន​យក​សំណាក​សព​បុរស​អាយុ​ ៥០ ​ឆ្នាំ​នោះ​ទៅធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​សុខ​​ភាព​សាធារណៈ និង​ទទួលបាន​លទ្ធ​ផល​វិជ្ជមាន​វីរុស​ផ្ដាសាយ​បក្សី ប្រភេទ​ H5N1 នៅ​រសៀល​ថ្ងៃទី​ ៨ ខែតុលា ឆ្នាំ ​២០២៣​។

​យោងតាម​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត​ស្វាយរៀង មន្ទីរជំនាញ​បាន​ចាត់វិធានការ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅក្នុង​តំបន់​កើតមាន​ជំងឺ និង​ណែនាំ​ពលរដ្ឋ​ត្រូវយក​សត្វ​ដែល​ងាប់​ទៅ​កប់​ចោល ព្រមទាំង​បាន​អប់រំ​សុខភាព​ដល់​គ្រួសារ​សព អ្នក​ប៉ះពាល់ អ្នកចូលរួម​ក្នុង​ពិធី​បុណ្យ និង​ប្រជាជន​ក្នុងភូមិ​ផងដែរ​។​

​លោក​ សុខ សុទ្ធា​វុ​ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តស្វាយរៀង បានឱ្យដឹង​នៅ​ថ្ងៃទី​ ៩ ខែតុលា​ថា លោក និង​ក្រុមការងារ​ពេទ្យ​សត្វ​ខេត្ត​កំពុង​ប្រមូល និង​ស្វែងរក​សត្វ​មាន់ និង​សត្វ​បក្សី​ផ្សេងទៀត ដែល​រកឃើញថា មាន​ផ្ទុក​ជំងឺ​ដើម្បី​យកទៅ​ដុត​កម្ទេចចោល​។​

​លោក​បាន​បញ្ជាក់ថា​៖ «​យើង​កំពុង​ប្រមូល​មាន់​សំកុក​ចោល ប៉ុន្តែ​ចំនួន​ប៉ុន្មាន​យើង​មិនទាន់​ដឹង​ទេ ព្រោះ​យើង​កំពុង​ប្រមូល​»​។​ជាមួយនេះ ក្រសួង​សុខា​ភិបាល​បាន​ក្រើនរំឭក​ជាថ្មី​ដល់​ពលរដ្ឋ​ទាំងអស់​ឱ្យ​យកចិត្ត​ទុក​ដាក់​ប្រុងប្រយ័ត្ន​លើ​ជំងឺ​ផ្តាសាយ​​បក្សី​ជានិច្ច ព្រោះ​ជំងឺ​នេះ​នៅតែ​បន្ត​គំរាមកំហែង​ដល់​សុខភាព ជាពិសេស​លើ​កុមារ​ដែលជា​ក្រុម​មាន​ហានិភ័យ និង​មាន​ភាព​​ងាយ​រងគ្រោះ​។​

​បើតាម​ក្រសួងសុខាភិបាល ករណី​ស្លាប់​មនុស្ស​ថ្មី​នេះ គឺជា​ករណី​ផ្តាសាយ​បក្សី​ទី៥៨ (​ស្លាប់​ ៣៩​ នាក់​)​ ដែល​កើតមាន​លើ​មនុស្ស​ចាប់តាំងពី​ឆ្នាំ ២០០៥ ហើយ​នេះ​ជា​ករណី​ទី​២ ​ដែល​បាន​កើតឡើង​នៅ​ឆ្នាំនេះ​។​

​សូម​រំឭកថា កាលពី​ថ្ងៃទី​ ២២ ខែកុម្ភៈ ឆ្នាំ ​២០២៣ កន្លងទៅ ក្រសួងសុខាភិបាល​បានប្រកាស​មាន​ករណី​ស្លាប់​កុមារី​ម្នាក់​អាយុ​ ១១ ​ឆ្នាំ ៦ ​ខែ រស់នៅ​ភូមិ​រលាំង ឃុំ​រំលេច ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង ដោយសារ​ជំងឺ​​ផ្តាសាយ​បក្សី​ប្រភេទ​ H5N1​។​

​ជំងឺផ្តាសាយបក្សី H5N1 គឺជា​ជំងឺ​ផ្តាសាយ​មួយ ដែលជា​ធម្មតា​ចម្លងរ​វាង​សត្វ​បក្សី​ឈឺ​ទៅ​បក្សី​ផ្សេងទៀត ប៉ុន្តែ​ជួនកាល​វា​អាច​ចម្លង​ទៅ​មនុស្ស តាម​ការ​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​បក្សី​ឈឺ​ឬ​ងាប់​។ ជំងឺផ្តាសាយបក្សី​លើ​មនុស្ស​ជា​ជំងឺ​ធ្ងន់ធ្ងរ​ដែល​តម្រូវឱ្យមាន​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ទាន់ពេលវេលា​។ ជំងឺ​នេះ​ទោះបី​មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស ប៉ុន្តែ​បើ​វា​អាច​បំប្លែង​ខ្លួន អាច​ឆ្លង​ដូច​ជំងឺ​ផ្ដាសាយ​តាម​រដូវ​កាល​ផងដែរ​៕