ភ្នំពេញៈ បន្ទាប់ពី​មានការ​​ផ្សព្វផ្សាយ​ថា មាន​ជន​មិន​ស្គាល់មុខ​បាន​ឈូសឆាយ​ផ្លូវ​ចូលក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ​ដើម្បី​សម្រួល​ដល់​ការកាប់​ឈើ​ខុសច្បាប់​មក ក្រសួងបរិស្ថាន​បាន​បំភ្លឺ​ជូន​សាធារណជន​ថា ពុំ​មានការ​ឈូសឆាយ​ផ្លូវ​ថ្មី​ទេ ខណៈ​ក្រសួង​កំពុង​ចាត់វិធានការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ​ជុំវិញ​ការកាប់​ឈើ​ខុសច្បាប់​។​

​ការបញ្ជាក់​របស់​ក្រសួង​បរិ​ស្ថាន​នាពេលនេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការផ្សព្វផ្សាយ​ដែលថា មាន​ជន​មិន​ស្គាល់មុខ​បាន​ឈូសឆាយ​ផ្លូវ​ចូលក្នុង​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ដែល​ផ្អែកលើ​រូបភាព​ផ្កាយរណប​មិនបាន​បញ្ជាក់​កាលបរិច្ឆេទ​ពីថ្ងៃ​ទី​ ៥ ខែតុលា ឆ្នាំ​ ២០២៣​។ នេះ​បើតាម​សេចក្តីប្រកាស​ព័​ត៌​មាន​ក្រសួងបរិស្ថាន ចុះ​ថ្ងៃទី​ ៧ ខែតុលា ឆ្នាំ​ ២០២៣​។​

​ក្រសួង​នេះ​បាន​បញ្ជាក់ថា​៖ «​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ល្បាត​ជាប់​ជាប្រចាំ​នៅក្នុង​តំបន់​នោះ មិនបាន​ជួបប្រទះ​សកម្មភាព​ឈូសឆាយ​ផ្លូវ​ថ្មី​ចូលក្នុង​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ក្នុងភូមិ​សាស្ត្រ​ខាងលើ​ទេ​»​។​

​ក្រសួង​បានចាត់ទុក​ការ​ផ្សព្វ​ផ្សាយ​នេះ​ថា ជាការ​ធ្វើឱ្យ​សា​ធារ​ណ​ជន​យល់ច្រឡំ​ថា​ជា​ករណី​ដែល​កំពុង​កើតមាន​ថ្មីៗ​នៅ​តំបន់​នោះ​។ ក្រសួង​បញ្ជាក់ថា ​«​រាល់​សកម្មភាព​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ក្នុង​ដែន​សមត្ថ​កិច្ច​ក្រសួងបរិស្ថាន​គ្រប់គ្រង​គឺ​ត្រូវបាន​ចាត់វិធានការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដោយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​​អនុវត្តតាម​នីតិវិធី មិនមាន​ការ​លើកលែង​ឡើយ​»​។​

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹង​​ត្រែង លោក ស្រេង ជា​ហេង បានឱ្យដឹង​នៅ​ថ្ងៃទី​ ៨ ខែតុលា​ថា បន្ទាប់ពី​មានការ​ឈូសឆាយ​លើក​មុន​ម្តង​មក មន្ទីរ​បរិស្ថាន​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដាក់​កម្លាំង​ចុះ​ល្បាត​ជាប្រចាំ ហើយ​ពុំមាន​ឃើញ​ករណី​ឈូសឆាយ​ផ្លូវ​ថ្មី​ទេ​។

​លោក​បាន​ថ្លែងថា​៖ «​ក្នុង​តំបន់​ព្រៃ​ឡង់​យើង​ដាក់​កម្លាំង​ល្បាត​ជាង​ ២០​ នាក់​ជាប្រចាំ បន្ទាប់ពី​មានការ​ឈូសឆាយ​ផ្លូវ​ចាស់​មុន ហើយ​ក្រោយពី​ពេលនោះ​មិនមាន​ការ​ឈូសឆាយ​ថ្មី​ឡើយ ហើយ​ការផ្សាយ​នោះ​គឺជា​ផ្លូវ​ចាស់​ដែល​បាន​ឈូស​កន្លងមក​ទេ​»​។​

​គួរ​ជម្រាប​ថា រាជរដ្ឋាភិបាល​កាលពី​ខែកក្កដា ឆ្នាំ​ ២០២៣ បានចេញ​អនុក្រឹត្យ​ស្តីពី​ការកែ​ប្រែ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ពី​ផ្ទៃដី​ទំហំ ៤៣១ ៦៨៣ ​ហិ​ក​តា មក​ផ្ទៃដី​ទំហំ ៤៨៩ ៦៦៣ ​ហិកតា ស្ថិតក្នុង​ភូមិសាស្ដ្រ​ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខេត្តព្រះវិហារ​។

​អនុក្រឹត្យ​នេះ មាន​គោល​បំណង​ធានាឱ្យមាន​ការថែទាំ​ទីជម្រក​សត្វព្រៃ ប្រព័ន្ធ​អេកូ​ឡូ​ស៊ី រក្សា​លំនឹង​បរិស្ថាន ដើម្បី​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​នៃ​គ្រោះមហន្តរាយ និង​ដើម្បី​លើក​​កម្ពស់​ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង ការពារ​និង​ការអភិរក្ស​ជីវចម្រុះ និង​ធន​ធាន​ធម្មជាតិ​ក្នុង​តំបន់​៕