ភ្នំពេញៈ នៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​១ នីតិកាល​ទី ៧ សមាជិក​រដ្ឋសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​ដែលជា​សំណើ​របស់​រាជរដ្ឋាភិបាល ដោយ​សំឡេងគាំទ្រ​ចំនួន ​១០១ ​សំឡេង​នៃ​សមា​​ជិ​ក​សភា​ដែលមាន​វត្តមាន​។​

​សម័យប្រជុំ​សភា​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​ ៩ ខែតុលា ឆ្នាំ​ ២០២៣ ក្រោម​អធិបតីភាព លោក​ ជាម យៀប ប្រធានរដ្ឋសភាស្តីទី និង​មានការ​ចូលរួម​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​មាន​វត្តមាន​សមា​​ជិ​ក​-​សមាជិកា​រដ្ឋសភា​ចំនួន​ ១០១ ​រូប​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​ការបន្ត​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​១ នីតិកាល​ទី៧ បានឱ្យដឹងថា សេចក្តី​​ព្រាង​ច្បាប់​ស្តីពី​ការបង្កើត​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​រៀបចំឡើង​ជំនួស​ច្បាប់​ស្តីពី​ការបង្កើត​រដ្ឋលេខាធិកា​រដ្ឋា​ន​​អាកាសចរណ៍​ស៊ីវិល ឆ្នាំ ​១៩៩៦ ក្នុង​គោល​​បំណង​ដើម្បី​លើកកម្ពស់ និង​ធានា​ដល់​ដំណើរការ​គ្រប់គ្រង ចាត់ចែង និង​អភិវឌ្ឍ​វិស័យ​អាកាសចរណ៍​ស៊ីវិល​នៃ​កម្ពុជា​ស្របតាម​ស្ថានភាព​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ន​។​

​សេចក្តីប្រកាស​បន្តថា ជាពិសេស​ឆ្លើយ​តប​ទៅនឹង​តម្រូវការ និង​ចំណុច​ខ្វះចន្លោះ​ដែល​បាន​តម្រូវ និង​រកឃើញ​ដោយ​អង្គការ​​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា៖ «​វិស័យ​អាកាសចរណ៍​ស៊ីវិល​បាន​ដើរតួនាទី និង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិ​​វ​ឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ តាមរយៈ​ការ​បង្កើត​ការងារ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​,​ការគាំទ្រ និង​ជំរុញ​វិស័យ​ទេស​ចរណ៍ ពាណិជ្ជកម្ម​, ការទាក់ទាញ និង​ជំរុញ​ដល់​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ធុរកិច្ច​ក្នុងស្រុក ប្រកបដោយ​ទំនុកចិត្ត និង​មាន​លក្ខណៈ​សេដ្ឋកិច្ច​។ ក្រៅពីនេះ វិស័យ​អាកាសចរណ៍​ស៊ីវិល​បាន​ជួយ​សម្រួល​ដល់​ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​ប្រទេស និង​ប្រទេស និង​ការផ្លាស់ប្តូរ​វប្ប​ធម៌​នៃ​ពិភពលោក​ទៀតផង​»​។​

​បើតាម​រដ្ឋសភា​កម្ពុជា​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាស​​ចរណ៍​ស៊ីវិល​មាន ​១១ ​មាត្រា​។

​លោក​ ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ (PATA)​ បាន​ថ្លែង​នៅ​ថ្ងៃទី ​៩ ខែតុលា ថា វិស័យ​អាកាស​​ចរណ៍​ពិតជា​មាន​សារៈសំខាន់ និង​ដើរតួនាទី​ក្នុងការ​រួមចំណែក​ដល់​ការទាក់ទាញ​ភ្ញៀវ​ទេសចរ ក៏ដូចជា​វិស័យ​ទេសចរណ៍​ផងដែរ ប៉ុន្តែ​តួនាទី​របស់​អាកាសចរ​ណ៍​ស៊ីវិល​គឺ​ទាក់​ទាញ​ឱ្យមាន​ការហោះហើរ​ត្រង់​ពី​បណ្តា​ប្រទេស​នានា​មកកាន់​ប្រទេស​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការងារ​របស់គាត់ ​(​អាកាសចរណ៍​ស៊ីវិល​)​ គាត់​មាន​កាត​ព្វ​កិច្ច​ទាក់ទាញ ការតភ្ជាប់​ជើងហោះហើរ​ត្រង់ ហើយ​បើ​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​គាត់​ត្រូវ​យល់​ផែនការ និង​គោលនយោបាយ ប៉ុន្តែ​គាត់​មិនត្រូវ​ទៅ​ផ្សព្វផ្សាយ​ទេសចរណ៍​ទេ គឺ​គាត់​ផ្សព្វផ្សាយ​អូសទាញ​ក្រុមហ៊ុន​ដើម្បី​បង្កើន​ការហោះហើរ​ត្រង់​មក​កម្ពុជា និង​ទាក់​ទាញ​វិនិយោគិន​មក​អភិវឌ្ឍ​ការហោះហើរ​នៅ​កម្ពុជា​»​។

​ទាក់ទង​នឹង​ច្បាប់​នេះដែរ លោក ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ថ្ងៃទី ​៩ ខែតុលា បាន​ស្វាគមន៍ និង​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋសភា​កម្ពុជា​ដែល​បានអនុម័ត​ច្បាប់​ស្តី​ការបង្កើត​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​ដើម្បីឱ្យ​រាជ​រដ្ឋា​ភិ​បាល​ចាប់ផ្តើម​ដំណើរការ​រដ្ឋលេខាធិកា​រ​​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​ទៅតាម​ការ​​គ្រោងទុក​ដែលជា​សេចក្តីត្រូវការ​ចាំបាច់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​៕