ភ្នំពេញៈ ​រដ្ឋាភិបាល​សហព័ន្ធ​ស្វ៊ី​ស បាន​សន្យាថា នឹង​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​បន្ត​គាំទ្រ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ដើម្បី​កសាង​សមត្ថភាព​យុវជន​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។​

​ការលើកឡើង​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​រវាង​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​លោក PEDRO ZWAHLEN អគ្គរដ្ឋទូត​ស្វ៊ី​ស​ប្រចាំ​នៅ​កម្ពុជា ថៃ ឡាវ នា​រសៀល​ថ្ងៃទី​ ៩ ខែតុលា​ ឆ្នាំ​ ២០២៣ នៅ​ទីស្តីការក្រសួង​ការងារ​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ការងារ នៅក្នុង​ជំនួប​នោះ លោក PEDRO ZWAHLEN បានលើកឡើង​ដោយ​លោក​បាន​សន្យា​ចំពោះ​លោក ហេង សួរថា នឹង​បន្ត​គាំទ្រ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដើម្បី​កសាង​សមត្ថភាព​សិក្ខាកាម​កម្ពុជា ពិសេស​យុវជន​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​លោក ហេង សួរ ក៏បាន​ថ្លែង​ដោយ​អរគុណ​ដល់​រដ្ឋាភិបាល​ស្វ៊ី​ស ដែល​បាន​ជួយ​បណ្តុះបណ្តាល​វិស័យ​បច្ចេកទេស​ដល់​គ្រូឧទ្ទេស និង​សិក្ខាកាម​របស់​កម្ពុជា​។​

​លោក ហេង សួរ ថ្លែងថា​៖ «​រដ្ឋាភិបាល​ស្វ៊ី​ស​នៅតែ​បន្ត​គាំទ្រ​កម្ពុជា ជាពិសេស​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​បៃតង​នៅ​តំបន់​ភូមិភាគ​ឦសាន​របស់​កម្ពុជា លើ​ជំនាញ​ការថែទាំ​និង​ជួសជុល​ម៉ាស៊ីនត្រជាក់ ជំនាញ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ ជំនាញ​ជួសជុល​ថែទាំ​ទោចក្រយានយន្ត ការងារ​កំបោរ​និង​ឥដ្ឋការ៉ូ និង​ជួសជុល​ទូទៅ​ជាដើម​»​។​

​បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រីក៏បាន​ថ្លែងអំណរគុណ​បន្ថែមទៀត​ចំពោះ​រដ្ឋាភិបាល​ស្វ៊ិ​ស​ដែល​បាន​ជួយ​គាំទ្រ និង​បណ្តុះបណ្តាល​សមត្ថភាព​យុវជន​កម្ពុជា​ចំពោះ​គម្រោង ការទទួលបាន​ការងា​រ​សមរម្យ ដែល​បាន​អនុវត្ត​តាំងពី​ឆ្នាំ​២០១៧ តាមរយៈ​ទីភ្នាក់ងារ​ជាតិ និង​មុខរបរ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផងដែរ​។​

​លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា បាន​ថ្លែងថា នេះ​ជា​រឿង​ល្អ​ដែល​ក្រសួង​ការងារ និង​ភាគី​ស្វ៊ី​ស បានធ្វើការ​ពង្រឹង​លើ​ការលើកកម្ពស់​វិស័យ​ការងារ​ពាក់ព័ន្ធ​នឹង​ជំនាញ​បច្ចេកទេស​ដល់​យុវជន​កម្ពុ​ជាពិសេស​គ្រូ​បង្គោល ដើម្បី​បំពេញតម្រូវការ​ការងា​រនា​ពេលបច្ចុប្បន្ន និង​អនាគត​។​

​លោក​បន្តថា​៖ «​ការសហការ​គ្នា​របស់​ក្រសួង​ការងារ និង​រដ្ឋាភិបាល​ស្វ៊ី​ស​លើ​ការពង្រីក​ការគាំទ្រ​លើ​ការបណ្តុះបណ្តាល​គ្រូ​បង្គោល ជា​រឿង​ល្អ ព្រោះថា ការបណ្តុះបណ្តាល​គ្រូ​បង្គោល​នេះ ពួកគាត់​នឹង​យក​ចំណេះដឹង​ទាំងនោះ ទៅ​ចែកចាយ​បន្ត​ទៅដល់​សិក្ខាកាម​នៅ​ថ្នាក់​ខេត្ត ថ្នាក់ស្រុក ឃុំ​សង្កាត់​ជាដើម ដែល​ធ្វើឱ្យ​ការបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​មាន​ភាពទូលំទូលាយ​ថែមទៀត​»​។​

​លោក​ថ្លែងថា ដើម្បី​ជំរុញ​លើ​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​នៅ​កម្ពុជា បាន​ជោគជ័យ​គឺ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ខណៈ​លោក​ក៏បាន​ស្នើឱ្យ​ក្រសួង​ពង្រីក​កិច្ចសហការ​ជាមួយ​មជ្ឈដ្ឋាន​ខាងក្រៅ​ឱ្យបាន​ច្រើន​ថែមទៀត ដើម្បី​ទាញ​កំណើនសេដ្ឋកិច្ច​លើ​វិស័យនេះ​។ ក្រៅពី​ការបន្ត​ការពង្រីក​កិច្ចសហប្រតិបត្តិការ​គ្នា​លើ​វិស័យ​បច្ចេកទេស​ហើយ​នោះ ភាគី​កម្ពុជា និង​ស្វ៊ី​ស​ក៏បាន​ព្រមព្រៀង​ដើម្បី​ពិភាក្សា​បន្ថែម​លើ​សេចក្ដីព្រាងច្បាប់​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​សម្រាប់​កម្ពុជា ក្រោយ​ភាគី​ទាំង​២​បាន​ចុះ​កិច្ចព្រមព្រៀង​រួចមកហើយ​នោះ​។​

​បន្ថែម​ពីនេះ កម្ពុជា​-​ស្វ៊ី​ស ក៏បាន​ជជែក​ពិភាក្សា និង​ផ្លាស់ប្តូរ​បទពិសោធន៍​ទៅវិញទៅមក​លើ​ការបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ដែលមាន​ភាពចាំបាច់​ក្នុង​ដំណើរការ​ចង្វាក់​ផលិតកម្ម​សេដ្ឋកិច្ច​ក្នុង​ក្របខ័ណ្ឌ​ប្រទេស​កម្ពុជា និង​ស្វ៊ី​ស​ថែមទៀត​៕