ភ្នំពេញៈ​ លោក​ ឈឹម ផល​វរុណ ប្រធាន​លេខាធិ​ការ​ដ្ឋាន​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោប​ល់បាន​ឱ្យដឹង​ថា គណ​បក្ស​នយោ​បាយ​ចំនួន​ ៣០ ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​ជា​សមា​ជិក និង​ជា​ស្ថាប​និក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោប​ល់ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ឯកភា​ព​រួច​ហើយ ​បន្ទាប់ពី​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្តទុក​ដាក់​លើ​ឯកសា​រស្នើទាំងនោះ​។

​លោក ​ឈឹម ផល​វរុណ​ បាន​បញ្ជាក់​នៅ​ថ្ងៃទី ១០ ខែតុលាថា​៖ «​យើង​បាន​ពិនិត្យ​ផ្ទៀង​ផ្ទាត់​គណ​បក្ស​ទាំង​ ៣០ ហ្នឹង​ហើយ ​ហើយ​ក៏​បាន​ពិនិត្យ​ដំបូង​នៅ​លេខា​ធិការ​ដ្ឋាន ក្រោយ​មក​ពិនិត្យ​នៅ​ខុ​ទ្ទ​កាល័​យ​សម្តេច​នាយក ​ហើយ​ឥឡូវ​ចេញ​ឯក​ភាព​ហើយ​។ ​អ៊ីចឹង​! នៅតែ​តែង​តាំង​ដោយ​ព្រះរាជ​ក្រឹត្យ​ដល់​បុគ្គល​ប៉ុណ្ណោះ​។ យើង​មិន​ធ្វើ​លំៗ​ដូច​គេ​ថា​នោះទេ​»​។​

​ទោះ​ជា​យ៉ាង​ណា ​លោក​ ឈឹម ផល​វរុណ មិ​នទាន់​អាច​បញ្ជាក់​ពី​ពេល​វេលា​ជាក់​លាក់​នៃ​ការចេ​ញជា​រូ​បរាង​នៃឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោប​ល់​នេះ​ថា​តើ​​ចេញ​នៅ​ពេល​ណា​នៅឡើ​យទេ​ ដោយគ្រា​ន់តែថា ក​រណីនេះ​អាស្រ័យ​លើលោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ា​ណែត ​ជា​អ្នក​កំណត់​។​

​ជុំ​វិញ​បញ្ហា​នេះ ​លោក ​មាស ​សុភ័ណ​ អ្នកនាំ​ពាក្យ​ខុ​ទ្ទ​កា​ល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត មិន​អាច​ទាក់​ទង​សុំ​កា​រអ​ត្ថា​ធិប្បាយ​​បាន​ទេ នៅ​ថ្ងៃទី​ ១០ ​ខែតុលា ឆ្នាំ​ ២០២៣​។

​ទាក់ទ​ង​នឹង​ការបង្កើត​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោ​បល់​នេះ ម​ន្ត្រី​នៃ​គណ​បក្ស​ប្រឆាំង​ធ្លាប់​បាន​លើក​ឡើង​ថា​ ស្ថាប័ននេះ​បាន​បង្កើត​១​អាណត្តិ​មក​ហើយ ​ប៉ុន្តែ​មិនមា​ន​ឥទ្ធិព​លឬ​ដោះ​ស្រាយ​អ្វីឬក៏​ផ្តល់​យោប​ល់​អ្វីមួយ​​ទៅ​រដ្ឋាភិ​បាលឱ្យ​មាន​ការដោះស្រាយ​បញ្ហា​ជូន​ប្រ​ជាពលរដ្ឋ​បាន​ទេ ​។​

​ចំណែក​អគ្គ​លេខា​ធិការ​នៃ​រាជប​ណ្ឌិត្យស​ភា​កម្ពុជា លោ​ក ​យង់ ពៅ បាន​ថ្លែង​ដែរ​ថា ការ​បង្កើ​តស្ថា​ប័ន​នេះ​ឡើង​គឺគ្រាន់​តែ​ចង់​បង្ហាញ​ឱ្យ​មាន​ការ​ចូលរួម​ពហុ​មតិ​ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ​ និង​ទទួល​បាន​ធាតុ​ចូល​មួយចំ​នួន​ឱ្យ​រដ្ឋា​ភិបាល​យក​ធ្វើជា​ជំនួយឬ​​ជា​ឯក​សារ​ជំនួយ​ស្មា​រតី​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ តែ​មិន​មាន​អំណាច​ទេ​ ​។

​លោក​បាន​ថ្លែង​ថា​៖ «​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោប​ល់គ្រាន់​តែ​ជា​ជំនួយ​​ស្មារតី ត្រួ​ត​ពិនិត្យ ​និង​ផ្តល់​យោបល់​ពិគ្រោះ​យោបល់​ប៉ុណ្ណោះ ​មិន​មាន​ឥទ្ធិពល​ខ្លាំង​លើ​រដ្ឋាភិ​បាល​ទេ​ ខណៈ​ការដេញ​ដោល​ផ្សេងៗ​ជា​អំណាច​របស់សភា​ ​»​។​

​សូម​រំឭក​ដែរ​ថា ព្រះ​ករុណា​ព្រះបា​ទ​សម្តេច ​ព្រះបរ​ម​នាថ ន​រោត្តម ​សីហមុ​នី ព្រះ​មហាក្ស​ត្រ​ ​កម្ពុជា​ កាលពី​ថ្ងៃទី​២៦ ​ខែសីហា ​ឆ្នាំ​២០២៣ ​បាន​ឡាយ​ព្រះ​ហស្ត​លេខាលើ​ព្រះរាជ​ក្រឹត្យ​បង្កើត​និង​កំណត់​អំពី​ការរៀបចំ​និង​ការប្រ​ព្រឹត្តទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោប​ល់ក្នុង​គោល​បំណង​លើកស្ទួយ​របប​នយោ​បាយ​ប្រជាធិ​បតេយ្យ​សេរី​ពហុបក្ស​ដើម្បី​ប្រមូល​ធាតុ​ចូល​នៃ​ទស្សនៈ​ពហុ​គំនិត​ជា​ប្រយោ​ជន៍​ដល់​កា​រស្ថាបនា​ជាតិ​។​

​សូម​បញ្ជាក់​ផ​ងដែរ​ថា ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះនិង​ផ្តល់យោ​បល់​នេះត្រូវបាន​ផ្តួច​ផ្តើម​បង្កើត​ឡើង​ដោយ​លោក​ហ៊ុន សែន ​អតីត​នាយក​រដ្ឋមន្ត្រី​កាលពី​ដើម​នីតិ​កាល​ទី​៦ ក្នុងឆ្នាំ​២០១៨​ ​។

​ស្ថាប័ននេះជា​យន្តកា​រ​ពិគ្រោះនិង​ផ្តល់​យោបល់​របស់​គណប​ក្ស​នយោបាយ​ជូន​រាជរ​ដ្ឋាភិបាលក្រៅ​ក្រប​ខ័ណ្ឌ​សភាក្នុង​គោល​ដៅ​លើក​ស្ទួយ​ប្រសិទ្ធ​ភាព​ការងារដើម្បី​ជា​ប្រ​យោជន៍​ដល់​ការបម្រើ​សេវា​ជូន​ប្រជា​ជននិង​ការ​អភិវឌ្ឍ​សង្គម​ជាតិប្រកប​ដោយ​សក្តានុ​ពល​។ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​នេះមាន​អាណ​ត្តិ​ដូច​អាណត្តិ​របស់​រាជរដ្ឋាភិ​បាល​ដែរពោលគឺ​ក្រោយពេ​ល​រាជរ​ដ្ឋាភិបាល​ត្រូវ​បញ្ចប់​ក្នុង​រ​យៈពេល​៥​ឆ្នាំ ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​នេះក៏​បញ្ចប់​ដូច​គ្នា​៕