​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​នៅ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​អ៊ីស្រា​អែល​ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ ១៣១ ​​នាក់​ទៀត ​ដែល​ស្ថិតនៅ​តំបន់​មាន​ហានិភ័យ​នៅឡើយ ក្នុង​ហេតុការណ៍​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​អ៊ីស្រា​អែល និង​ក្រុម​ហា​​ម៉ាស់​នៃ​ប្រទេស​ប៉ា​ឡេ​ស្ទី​ន​។​

​លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ដើម្បី​ជួយ​ប្រជាពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ប្រទេសអ៊ី​ស្រា​អែល លោក​បានដាក់​គោលការណ៍​តាំងពី​ថ្ងៃទី​ ១ ​នៃ​ហេតុការណ៍​នេះ​គឺ​នៅ​ថ្ងៃទី​ ៧ ខែតុលា ឱ្យ​ក្រសួងការបរទេស ក្រសួងកសិកម្ម អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រសួង​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​ត្រូវ​កំណត់​ឱ្យបាន​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅអ៊ី​ស្រា​អែល​ទាំងអស់ និង​រកឱ្យឃើញ​ពី​ព័ត៌មាន ថា​តើ​ពួកគាត់​នៅទីណា​ដើម្បី​ងាយស្រួល​រាជរដ្ឋាភិបាល​អន្តរាគ​មន៍​ជួយ​។​

​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ «​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ ​២០២៣-២០២៨» នា​ព្រឹក​ថ្ងៃទី ​១០ ​ខែតុលា​នៅ​រាជ​ធានី​ភ្នំពេញ​លោក​ហ៊ុន ម៉ា​ណែ​ត ថ្លែងថា​៖ «​មកដល់​ម៉ោង​នេះ ព្រឹក​មិញ ម៉ោង​ ៧ ​ព្រឹក​នេះ យើង​បាន​រកឃើញ​ហើយ យើង​មាន​ទិន្នន័យ​ដែល​ប្រមូលបាន​នៅក្នុង​បញ្ជី​ទាំង​សាលា​ទាំង​អី គឺ​ ៤៥៤​ នាក់ ហើយ​ក្នុងនោះ​យើង​បាន​ជម្លៀសចេញ​ ៣២៣​ នាក់​ទៅ​កន្លែង​សុវត្ថិភាព​នៅ​ ១៣១ ​នាក់​ទៀត​នៅ​តំបន់​ដែល​នៅ​ហានិភ័យ​នៅឡើយ​ដែល​យើង​នៅ​បន្ត​សហការ​។ បើសិន​ជា​យើង​មិនមាន​ទិន្នន័យ​មិនដឹងថា គាត់​នៅ​កន្លែង​ណា​យើង​ពិបាក​រក ពិបាក​ជួយ ពិបាក​អន្ត​រាគ​មន៍​»​។

​លោក​ ហ៊ុន ម៉ា​ណែ​ត ថ្លែងថា សុវត្ថិភាព​របស់​ប្រជា​​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អ៊ីស្រា​អែល ជាពិសេស​និស្សិត​ខ្មែរ ​គឺជា​អាទិភាព​ធំ​បំផុត​របស់​រាជ​រដ្ឋា​ភិ​បាល​ដែល​បាន​ខិតខំ​បន្ត​ជាប់​ជាប្រចាំ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ធានា និង​សហការ​ជាមួយ​អាជ្ញា​ធរ​អ៊ី​ស្រា​អែល​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​និស្សិត​ខ្មែរ​នៅ​ទីនោះ​បានទទួល​ការការពារ និង​សុវត្ថិភាព​របស់ខ្លួន​។

លោក​ ហ៊ុន ម៉ា​ណែ​ត ​បញ្ជាក់បន្ថែម​តាមរយៈ​សារ​ជា​សំឡេង​នា​ថ្ងៃទី​ ១០ ខែតុលាថា រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​នៅ​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​រហូត​ដល់​ប្រជា​ជន​ខ្មែរ​នៅក្នុង​ប្រទេស​អ៊ី​ស្រា​អែល​គ្រប់រូប​បាន​ដល់ទី​សុវត្ថិភាព​គ្រប់ៗ​គ្នា​។

​លោក​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អ៊ីស្រា​អែល ជាពិសេស​និស្សិត​ខ្មែរ​បន្ត​យកចិត្តទុកដាក់​ក្នុងការ​ថែ​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​គោ​រព​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​រាល់​ការណែនាំ​របស់​អាជ្ញាធ​រអ៊ីស្រា​​អែល​។ លោក​អំពាវនាវ​ឱ្យ​ពួកគេ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ជឿ​ជាក់​ទៅលើ​សមត្ថភាព​របស់​អា​ជ្ញា​ធរ​អ៊ី​ស្រា​អែល​ដែលជា​ម្ចាស់ផ្ទះ​ក្នុង​ការធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំងអស់ រួមមាន​ប្រជាពលរដ្អ៊ី​ស្រា​អែល និង​គ្រប់​ជនជាតិ​ដែល​រស់នៅ​លើទឹក​ដី​អ៊ីស្រា​អែល​រួមទាំង​ប្រជា​ពល​រដ្ឋ​ខ្មែរ​ផងដែរ​។​

​លោក ​ហ៊ុន ម៉ា​ណែ​ត​ ថ្លែងថា​៖ «​រដ្ឋាភិបាល​អ៊ីស្រា​អែល​បានបញ្ជាក់​ជូន​បណ្ដា​ប្រទេស​ដែលមាន​ប្រជាពលរដ្ឋនៅក្នុង​ប្រទេសអ៊ី​ស្រា​អែល​ថា អ៊ី​ស្រា​អែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់រូប​ដែល​នៅក្នុង​ប្រទេស​មិន​ថា​ជនជាតិអ៊ីស្រា​អែល ឬ​ជនបរទេស​ទេ​។ រដ្ឋាភិបាល​អ៊ី​ស្រា​អែល​នឹង​ផ្តល់​ការជួយ​ជនបរទេស​ដូច​ជន​ជាតិអ៊ី​ស្រា​អែល​ដែរ​»​។​

​លោកនាយក​រដ្ឋមន្ត្រី​សង្ឃឹមថា ការប្រយុទ្ធ​គ្នា​នឹង​បញ្ចប់​នៅក្នុងពេល​ឆាប់ៗ​ខាងមុខ​តាម​រយៈ​ការរក​ដំណោះស្រាយ​នៃ​ការ​ចរចា​គ្នា​ជាជាង​ការប្រើប្រាស់​អា​​វុ​ធ និង​ការដោះលែង​ជន​ស៊ីវិល​និង​ចំណាប់ខ្មាំង​ទាំងអស់​ដោយ​សុវត្ថិភាព​។​

​និស្សិត​ខ្មែរ​ម្នាក់​ដែល​នៅ​ស្នាក់​នៅ​ប្រទេស​អ៊ី​ស្រា​អែល​ បាន​បាត់​​បង់ជីវិត​កាលពី​ថ្ងៃទី​ ៧ ខែតុលា ដែលជា​ថ្ងៃ​ចាប់ផ្តើម​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ពអ៊ី​ស្រា​អែល និង​កងទ័ព​ក្រុម​ហា​ម៉ាស់​។

​សារព័ត៌​មាន​អន្តរជាតិ​បាន​រាយការណ៍​ កាលពី​ថ្ងៃ​ទី ​១០ ខែតុលា​ថា មាន​មនុស្ស​ប្រហែល​ ៩០០ ​នាក់​បាន​ស្លាប់​នៅក្នុង​ប្រទេស​អ៊ី​ស្រា​អែល ​ចាប់តាំងពី​ការវាយប្រហារ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​កាលពី​ថ្ងៃទី​ ៧ ខែតុលា ដែល​ក្នុងនោះ​មនុស្ស​ ២៦០​ នាក់ ​ត្រូវបាន​សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​ក្រុម​ហា​ម៉ាស់​នៅឯ​ពិធី​តូរ្យតន្ត្រី​មួយ​។ ចាប់តាំងពី​អ៊ី​ស្រា​អែល​ចាប់ផ្តើម​វាយប្រហារ​តបត​វិញ​ទៅកាន់​តំបន់​ហ្គា​ហ្សា ​(Gaza)​ មនុស្ស​ជិត​ ៦៩០ ​នាក់​បាន​ស្លាប់​នៅ​ខាង​ប៉ា​ឡេ​ស្ទី​ន​។​

​លោក យង់ ពៅ អគ្គលេខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ១០ ខែ​តុលា​ថា លោក​សាទរ​ចំពោះ​ការ​​ជម្លៀស​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​តំបន់​ទី​សុវត្ថិភាព ហើយ​នេះ​ជា​រឿង​មួយ​ដែល​ទទួលបាន​ភាពកក់ក្តៅ​ហើយ​ថា ការប៉ះទង្គិច​គ្នា​នេះ​គឺ​ក្នុង​ទ្រង់ទ្រាយ​ធំ​ហើយ​សា​ហាវ​ពីព្រោះ​ក្រុម​ហា​ម៉ាស់​នៅ​ហ្គា​ហ្សា​ដែល​ធ្វើការ​វាយប្រហារ​ទៅខាង​អ៊ី​ស្រា​អែល​នេះ​ហាក់ដូចជា​ខ្លាំងក្លា​ជាង​សព្វដង​។​

​លោក​បន្តថា ពួក​សកម្មប្រយុទ្ធ​បានចេញ​វាយប្រហារ​តាំងពី​តាមផ្លូវ​ក្រោម​ដី​តាម​សមុទ្រ​និង​ការប្រើ​កាំជ្រួច​ជាដើម​ហើយ​ស្ទើរតែ​មិនឱ្យ​អ៊ី​ស្រា​អែល​តដៃ​បាន​ភ្លាមៗ​។ នេះ​គឺជា​គ្រោះថ្នាក់​មួយ ហើយ​ហាក់ដូច​ជាមាន​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​ហេតុការណ៍​នេះ​ដែល​ទី​១​អាចជា​ការសង​សឹករបស់​ក្រុម​ហា​ម៉ាស់ ហើយ​ទី​ ២ ​អាចមាន​ប្រទេស​ណាមួយ​នៅ​ពី​ក្រោយខ្នង «​អាច​ថា​អ៊ី​រ៉ង់​ក៏​ថា​បាន​» ដែលមាន​គំនិត​សងសឹក​ទៅលើ​អ៊ីស្រា​អែល​។ លោក យង់ ពៅ បន្តថា​៖ «​មួយទៀត​យើង​ឃើញថា ប្រតិកម្ម​របស់​អ៊ី​ស្រា​អែល​ក៏​ខ្លាំង​វិញ​ដែរ​។​ការបាញ់​កាំជ្រួច​ដាក់​នៅ​តំបន់​ហ្គា​ហ្សា​នេះ​ក៏​ខ្លាំង​ណាស់ដែរ​។

​អ៊ីចឹង​យើង​ត្រូវតែ​ជម្លៀស​ពលរដ្ឋ​យើង​ទៅ​តំបន់​ទី​សុវត្ថិភាព​ដែល​អាច​ជឿ​ទុកចិត្តបាន ​ឬមួយ​ទៅ​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត​ ដែល​យើង​មាន​ស្ថានទូត​នៅ​ទីនោះ​ ឬមួយ​ទៅ​តំបន់​ទី​សុវត្ថិភាព​ណាមួយ​ជាក់​លាក់​ដែល​ធានា​ដោយ​រដ្ឋាភិបាលអ៊ី​ស្រា​អែល​នោះ​»​។

​លោក​បន្ថែមថា​៖​ «​នេះ​គឺជា​រឿង​ដែល​យើង​ត្រូវតែ​គិតដល់​ប្រជា​ពលរដ្ឋ​យើង​ពីព្រោះ​ប្រជាពលរដ្ឋ​យើង​ឥឡូវនេះ​មិន​ធ្លាប់​នឹង​ទទួល​នូវ​ការ​ភ័យភិត​បែបនេះ​ទេ​ដ្បិតតែ​យើង​ធ្លាប់​ជួប​សង្គ្រាម​មែន​ក៏ប៉ុន្ដែ​សង្គ្រាម​ធំៗ​ការប្រើ​សព្វាវុធ​ធុន​ធ្ងន់​បែបនេះ​កម្ពុជា​យើង​មិនដែល​ជួប​ទេ​។ ម្យ៉ាងទៀត​អ្នក​ដែល​ទៅ​រៀន​ទីនោះ​សុទ្ធតែ​យុវជន​វ័យក្មេង​ដែល​មិនបាន​ឆ្លងកាត់​សង្គ្រាម​ទេ​។ អ៊ីចឹង​អាច​គាត់​ពិបាក​នឹង​ទប់ទល់​ទាំង​អារម្មណ៍ ទាំង​ការ​​គេចខ្លួន​អី​ជាដើម​»៕