
អ្នកចូលរួមវគ្គបណ្តុះបណ្តាលពីមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តកែប។ រូបថត រដ្ឋបាលខេត្តកែប
ភ្នំពេញៈ មន្ទីរទេសចរណ៍ខេត្តកែប បានបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ ដល់សហគមន៍ទេសចរណ៍នេសាទចំនួន ៥ និងសហគមន៍អេកូទេសចរណ៍ចំនួន ៣ ដើម្បីពង្រឹងបន្ថែមលើសមត្ថភាពសហគមន៍ ក្នុងការផ្តល់ព័ត៌មានជូនភ្ញៀវទេសចរ និងការធ្វើបដិសណ្ឋារកិច្ច ដល់អ្នកទេសចរជាតិ និងអន្តរជាតិ នៅរដូវ High Season (រដូវសម្បូរភ្ញៀវ) នាពេលខាងមុខ។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែតុលាថា សហគមន៍ទេសចរណ៍នេសាទដែលទទួលបានការបណ្តុះបណ្តាលវគ្គមគ្គុទេ្ទសក៍ទេសចរណ៍នេះមាន៖សហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទកំពង់ត្រឡាច សហគមន៍នេសាទអូរក្រសា សហគមន៍នេសាទភូមិកែប និងសហគមន៍នេសាទអង្កោល។
លោកបន្តថា ចំណែកសហគមន៍អេកូទេសចរណ៍ចំនួន៣ មាន៖ សហគមន៍កោះទន្សាយ សហគមន៍ភ្នំវលិ្ល និងសហគមន៍ភ្នំសរសៀរ ព្រមទាំងមានតំណាងអ្នករត់រ៉ឺម៉កម៉ូតូ និងនិស្សិតមកពីសាលាបច្ចេកទេសដុនបូស្កូផងដែរ។
លោកសោម ចិន្តា បានបន្ថែមថា សហគមន៍ទេសចរណ៍នេសាទ មានសក្តានុពល ក្នុងបម្រើដល់វិស័យទេសចរណ៍ ដោយនៅតាមសហគមន៍ទាំងនោះ ក្រៅពីការងារនេសាទហើយ មានទីតាំងជាច្រើនដូចជា មានព្រៃកោងកាង មានព្រែក មានបឹងជាដើម ដែលអាចទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្ត និងទិញម្ហូបអាហារចម្អិនបរិភោគនៅតាមសហគមន៍ទាំងនោះតែម្តង។
លោកបញ្ជាក់ថា៖«ដោយសារសហគមន៍នេសាទមានធ្វើសេវាកម្មផ្នែកទេសចរណ៍នេះហើយ ទើបខាងមន្ទីររៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីឱ្យខាងសហគមន៍យល់ដឹង ចេះពីរបៀបបដិសណ្ឋារកិច្ចទៅកាន់ភ្ញៀវ និងបានយល់ដឹងពីសារៈសំខាន់នៃវិស័យទេសចរណ៍នៅក្នុងសហគមន៍របស់គាត់»។
លោកបានបន្តថា ខាងមន្រ្តីនៃមន្ទីរទេសចរណ៍ ក៏បានណែនាំឱ្យសហគមន៍មានការយកចិត្តទុកដាក់លើបញ្ហាអនាម័យ និងបរិស្ថានជាពិសេសការរៀបចំបន្ទប់ទឹក កន្លែងអង្គុយកម្សាន្តប្រកបដោយសោភណភាព និងភាពទាក់ទាញ។
លោកណុះ យ៉េប អនុប្រធានសហគមន៍នេសាទភូមិថ្មី ដែលមានទីតាំងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប បានឱ្យដឹងថា ដោយសារតែសហគមន៍នេសាទភូមិថ្មី នឹងក្លាយទៅជាសហគមន៍នេសាទអេកូទេសចរណ៍នាថ្ងៃខាងមុខ ដូចនេះ ខាងសហគមន៍បានខិតខំបន្ដអភិរក្សព្រៃកោងកាងនិងបន្តដាំកូនកោងកាងបន្ថែមទៀត។
លោកបន្ថែមថា សហគមន៍នេសាទភូមិថ្មី និងសហគមន៍នេសាទទាំង៥ នៅទូទាំងខេត្តកែប បានពង្រីកផ្ទៃដីដាំកូនកោងកាងបន្ថែមជាហូរហែ ដើម្បីវិសាលភាពនាថ្ងៃអនាគត។
លោក ណុះ យ៉េប បញ្ជាក់ថា៖«វគ្គបណ្តុះបណ្តាលមានសារៈសំខាន់ណាស់សម្រាប់សហគមន៍ទេសចរណ៍នេសាទរបស់យើង ដោយខាងមន្ទីរទេសចរណ៍ខេត្តកែបបាន ណែនាំច្រើនពីរបៀបបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងការបង្ហាត់បង្ហាញការរៀបចំសហគមន៍ឱ្យមានភាពទាក់ទាញ ក៏ដូចជា ការបង្កើតផលិតផលទេសចរណ៍ថ្មីៗជាដើម»។
បើតាមលោកសោម ចិន្តា ខាងមន្ទីរទេសចរណ៍ខេត្តកែប មានគម្រោងនឹងបណ្តុះបណ្តាលដល់អ្នកប្រកបអាជីវកម្មទេសចរណ៍ផ្នែកដទៃទៀតនៅក្នុងខេត្តកែប ដើម្បីជាការត្រៀមទទួលស្វាគមន៍អ្នកទេសចរជាតិ និងអន្តរជាតិ នារដូវ High Season (រដូវសម្បូរភ្ញៀវ) ខាងមុខនេះ ខណៈដែលនៅរៀងរាល់អំឡុងពេលនេះ ខេត្តកែបទទួលបានទេសចរទៅកម្សាន្តរាប់ម៉ឺននាក់ ស្របពេលដែលខេត្ត បាននិងកំពុងត្រៀមរៀបចំ បុណ្យសមុទ្រ លើកទី១០ជុំទី៣ ឆ្នាំ២០២៣ នៅចុងឆ្នាំនេះផងដែរ៕