កំពង់ស្ពឺៈ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​និង​រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ថោ ជេដ្ឋា នា​ថ្ងៃទី ​១៦ ខែតុលា​ បាន​ចុះ​ពិនិត្យ​រក​មូល​ហេតុដែល​ទឹកជំនន់​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​ ៣​។ ជាមួយគ្នានេះ​ក្រសួង​ធនធានទឹក ក៏​ជំ​រុញឱ្យ​អាជ្ញាធរ ថែរក្សា​ទឹក​ឱ្យបាន​ល្អ និង​ត្រូវ​ពិនិត្យ​វាយតម្លៃ លើស​ក្តា​​នុព​ល​ទឹក​ដែលមាន ហើយ​ត្រូវ​រៀបចំ​ផែនការ​ប្រើប្រាស់​ទឹក​សម្រាប់​រដូវប្រាំង​ខាងមុខ​។​

​រដ្ឋបាលខេត្ត​កំពង់ស្ពឺ បាន​បន្ត​ផ្អាក​ការធ្វើ​ចរាចរណ៍​រថយន្ត​ធុន​ធ្ងន់​គ្រប់​ប្រភេទ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ​៣ ​ដែល​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ចន្លោះ គ​.​ម ៤៧-៤៨ និង​គ​.​ម​ ៥១-៥២ ក្នុងស្រុក​គងពិសី​។​

​នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ថាន​​ភាព​ទឹកជំនន់​នោះ​លោក ​ថោ ជេដ្ឋា បាន​លើកឡើងថា ក្រសួង​នឹងធ្វើ​ការសិក្សា​រក​មូលហេតុ​នៃ​ការលិចលង់​នេះ ថា​តើ​បណ្តាលមកពី​អ្វី ត្រង់ចំណុច​ណា​និង​រក​វិធី​​សាស្ត្រ​ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​បញ្ហា​កើតឡើង​ទៀត​នៅពេល​ក្រោយ​។

លោក​មានប្រសាសន៍ថា​៖ «​ការ​លិច​នេះ​ដោយសារតែ​ជំនន់​ទឹកភ្លៀង មិនមែនជា​ជំនន់​មកពី​ស្ទឹង​ព្រែក​ត្នោត​ទេ ហើយ​យើង​មក​ទីនេះ គឺ​មក​ដើម្បី​ជួយ​ដោះស្រាយ​តែម្តង ដោយ​យើង​បាន​សហការ​ជាមួយនឹង​ក្រសួង សាធារណការ​និង​អភិបាលខេត្ត​កំពង់ស្ពឺ ចុះមក​មើល​ទាំងអស់គ្នា​ថា​តើ​ត្រូវ​រក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​ចំពោះមុខ​តែម្តង​»​។​

​លោក ​ថោ ជេដ្ឋា​ ក៏បាន​ស្នើ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ទឹក​លិច​ឱ្យមាន​ការសហការ និង​យោគយល់​ជាមួយនឹង​អាជ្ញាធរ​ដែនដី​ក៏ដូចជា​ក្រសួង​ធនធានទឹក និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​បើកមុខ​ទឹក​ឱ្យ​ទឹក​ហូរ​ទៅបាន​លឿន​កុំ​ឱ្យនៅ​ស្ទះ​ទៀត​។

លោក​បញ្ជាក់ថា៖ «​យើង​សហការ​ជាមួយនឹង​ក្រសួង​សា​ធា​រណការ ដោយសារ​ផ្លូវ​រង​ផលប៉ះពាល់​ជា​ផ្លូវ​គ្រប់គ្រង​ដោយ​ក្រសួង​សាធារណការ អ៊ីចឹង​ក្រសួង​ធនធានទឹក​មិន​ហ៊ាន​ប៉ះពាល់​ទេ ទើប​យើង​ត្រូវ​ធ្វើការ​សហការគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​ជា​​មួយ​នឹង​រដ្ឋបាលខេត្ត​តែម្តង​»​។

​លោក​រដ្ឋមន្ត្រី​បន្តថា​៖ «​យើង​អាច​សន្យាថា យើង​នឹង​សហការគ្នា ហើយ​យើង​ពុះពារ​ជាមួយ​ក្រសួង​ទាំងអស់ ក៏ដូចជា​អភិបាលខេត្ត ថា​យើង​នឹង​ព្យាយាម​ដោះ​ស្រាយ​កុំឱ្យ​មានការ​លិចលង់​ទៀត​នៅពេល​ក្រោយៗ​។ បន្ទាប់ពី​យើង​សិក្សា​ហើយ យើង​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​ដើម្បី​សុំ​គោលការណ៍​ដោះស្រាយ​ឱ្យបាន​លឿន​»​។​

​ឱកាស​នោះដែរ លោក វ៉ី​ សំណាង បាន​ប្រាប់​ឱ្យដឹងថា តាម​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត​ដែល​បាន​ចុះ​ពិនិត្យ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​នេះ​មាន​ចំនួន​ ៣០២​ ខ្នង​ផ្ទះ ដែល​ផ្ទះ​ខ្លះ​លិច​ខ្លាំង ផ្ទះ​ខ្លះ​លិច​តិចតួច​។ ក្នុងនោះ​ក៏មាន​ការប៉ះពាល់​រោងចក្រ សហគ្រាស​ចំនួន ​៩ ដែលមាន​កម្មករ​ជាង​ ៤​ ពាន់​នាក់​ផងដែរ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​នោះទេ​។

​លោក​ថា៖ «​ចំពោះ​វិធានការ​ចំពោះមុខ​នេះ​យើង​នឹង​សហការគ្នា​ជាមួយនឹង​ក្រសួង​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្តតាកែវ ដើម្បី​រំដោះ​ទឹក​ចេញ ដែល​អ្វី​ជា​ផល​លំបាក​គឺ​ការអភិវឌ្ឍ​ដែលមាន​ការចាក់ដី​បំពេញ​ធ្វើឱ្យមាន​ការស្ទះ​ផ្លូវទឹក​ហូរ ដែលជា​ការបង្ក​ឱ្យមាន​ការ​ជន់​លិច​នេះ​»​។​

​លោក វ៉ី សំណាង បន្តថា​៖ «​ខ្ញុំ​ជឿថា ក្រុមការងារ​របស់​ក្រសួង​ធនធាន​ទឹកនឹង​មានប​ច្ចេកទេស​ច្បាស់លាស់​ក្នុងការ​រំដោះ​ទឹក​នេះ​។ មួយវិញទៀត យើង​មិនអាច​ធានាថា មិនមាន​ការ​ជន់​លិច​នៅពេល​ក្រោយ​បានទេ ព្រោះ​យើង​មើល​នៅតាម​ទីក្រុង​នៃ​ប្រទេស​នានា​ដូចជា​ក្រុង​បាងកក ទីក្រុង​សហរដ្ឋអាមេរិក​ក៏មាន​ការ​ជន់​លិច​ក្រុង​ដែរ​តែ​យើង​អាច​កាត់​បន្ថយ​ផលប៉ះពាល់​ឱ្យនៅ​តូច​បាន​»​។​

​អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក សុទ្ធ គឹម​កុល​មុន្នី បាន​ប្រាប់​ឱ្យដឹងថា គិត​មកដល់​ថ្ងៃទី ​១៦ ខែតុលា​នេះ ជំនន់​ទឹកភ្លៀង​បាន​កើតឡើង​ចំនួន​ ១២ ខេត្ត ប៉ុន្តែ​នៅសល់តែ​ខេត្ត​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​កំពុង​បន្ត​រង​ផលប៉ះពាល់ ក្នុងនោះ​រួមមាន​ខេត្ត បន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្តកំពង់ស្ពឺ​។

​លោក​ថ្លែងថា​៖ «​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​គ្នា ហើយ​បាន​បង្ក​ជា​ជំនន់​ទឹក​ភ្លៀង​នៅក្នុង​ខេត្ត​មួយចំនួន ក្នុងនោះ​មាន​ខេត្តកំពង់ស្ពឺ ដែល​បានធ្វើ​ឱ្យមាន​ជំនន់​ទឹកភ្លៀង ដោយបាន​ហូរ​កាត់​លិច​ផ្លូវជាតិ​លេខ ៣ នៅ​ស្រុក​គងពិសី ហើយ​អាជ្ញាធរ​បាន​បិទផ្លូវ​នេះ ដើម្បី​បញ្ចៀស​នូវ​ការខូចខាត និង​គ្រោះថ្នាក់​ផ្សេងៗ តែ​មកដល់​ថ្ងៃទី ​១៦ ​នេះ​ទឹកបាន​ស្រក​វិញ​បណ្តើរៗ តែ​ក៏បាន​បន្ត​ហូរ​ជន់​ទៅ​ខេត្តកណ្តាល​និង​ខេត្តតាកែវ​»​។

បើតាម​លោក សុទ្ធ​ គឹម​កុល​មុន្នី ពលរដ្ឋ​រងគ្រោះ​ដោយ​សារ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​កំពង់​ស្ពឺ​មាន​ចំនួន​ជាង ៥០០ គ្រួសារ និង​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ជម្លៀស​មាន​ ១៧ ​គ្រួសារ​ក្នុងនោះ គណៈកម្មការ​គ្រប់គ្រង​គ្រោះ​​មហន្តរាយ​ខេត្តកំពង់ស្ពឺ​ក៏បាន​សហការ​ជាមួយ​អាជ្ញាធរ ជួយ​អន្តរាគមន៍ ឆ្លើយតប​នឹង​ស្ថាន​​ភាព នេះ​ផងដែរ​។

​យោងតាម​សារ​ណែនាំ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​ ១២ ខែតុលា បានឱ្យដឹងថា ពិនិត្យ​លើ​ស្ថានភាព​អាកាសធាតុ​ឃើញថា បាតុភូត El Nino នៅតែ​បន្ត​មាន​ឥទ្ធិពល​ក្នុង​កម្រិត​ ១០០% នៅឡើយ ហើយ​អាច​រហូតដល់ ខែមេសា ឆ្នាំ​ ២០២៤ ទើប​បាតុភូត​នេះ​មាន​ទំនោរ​ថយចុះ​ទៅវិញ​។ ពិនិត្យ​លើ​ស្ថានភាព​ភ្លៀង​ក៏បាន​បង្ហាញថា របាយ​ទឹកភ្លៀង​នឹង​ចុះខ្សោយ​ខ្លាំង ចាប់ពី​ចុង​សប្ដាហ៍​ទី៣ នៃ​ខែតុលា ឆ្នាំ ២០២៣​។

​សារ​ណែ​នាំ​របស់​ក្រសួងបាន​បញ្ជាក់ថា៖ «​យោង​លើ​ស្ថានភាព​អាកាស​​ធាតុ​និង​ស្ថានភាព​របាយ​ទឹកភ្លៀង​នេះ ខ្ញុំ ​(​រដ្ឋមន្ត្រី​)​ ស្នើ​ដល់​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុ​និយម រាជធានី​-​ខេត្ត ទាំងអស់ យកចិត្តទុកដាក់​ថែរក្សា​ទឹក​ឱ្យ​បានល្អ និង​ត្រូវ​ពិនិត្យ​វាយតម្លៃ លើ​សក្តានុពល​ទឹក​ដែលមាន ហើយ​ត្រូវ​រៀបចំ​ផែនការ​ប្រើប្រាស់​ទឹកជា​ ២ ​ផ្នែក​សំខាន់ៗ​»​។​

​ប្រភព​ដដែល​បន្តថា ក្នុងនោះ មួយផ្នែក ត្រូវ​រក្សាទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ (​អាទិភាព​) និង​មួយផ្នែក​ទៀត សម្រាប់​បម្រើឱ្យ​ការ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​ថា​តើ​អាច​ឆ្លើយ​​តប​ទៅនឹង​ផែន​ការដាំដុះ​ស្រូវប្រាំង​បាន​ទាំងស្រុង ឬ​ត្រូវ​កាត់បន្ថយ​ជាដើម​៕