ក្រចេះៈ​ លោក​ យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​នាឱកាស​ប្រារព្ធ​ទិវា​ស្បៀង​អាហារ​ពិភពលោក​ឆ្នាំ ​២០២៣ នា​ខេត្តក្រចេះ​ថា ទិវា​ស្បៀង​អា​ហារ​ពិភពលោក នៅ​ឆ្នាំ ​២០២៣ ផ្តោតលើ​ការគ្រប់គ្រង​ទឹក​ប្រកប​ដោយ​ប្រសិទ្ធភាព បាន​ដើរតួនាទី​សំខាន់ សម្រាប់​វិស័យ​កសិកម្ម ក្នុងការ​ផ្ដល់​ប្រភព​ចំណូល​ដល់​គ្រួសារ​កសិករ​។​

​នៅ​ថ្ងៃទី​ ១៦ ខែតុលា ឆ្នាំ​ ២០២៣ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​កម្ពុជា ​(WFP) និង​មជ្ឈមណ្ឌល​​កសិកម្ម​អន្តរជាតិ​កូរ៉េ​នៅ​កម្ពុជា (KOPIA)​ បានរៀបចំ​ប្រារព្ធ​ខួប​លើក​ទី​ ៤៣ ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំ​ ២០២៣ ក្រោម​ប្រធានបទ «​ទឹកជា​ជីវិត ទឹកជា​អាហារ មិន​ទុកឱ្យ​នរណា​អត់​អាហារ​ឡើយ​»​។

​នា​ពិធី​នេះ លោក​ យ៉ង សាំង​កុមារ បាន​លើកឡើងថា ប្រធានបទ​នៃ​ទិវា​នេះ មាន​គោលបំណង​បំផុសស្មារតី​ឱ្យ​ទាំងអស់គ្នា​យល់ដឹង និង​ទ​ទួល​ស្គា​ល់ពី​តួនាទី​ដ៏​មាន​សារៈ​សំខាន់​មិនអាច​ខ្វះ​បាន​នៃ​ទឹក​ដែល​ត្រូវបាន​គេ​ចាត់ទុកជា​ចំណុច​ស្នូល​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។

​លោក​បញ្ជាក់ថា​៖ «​ទឹក​ក៏​ជា​ធាតុ​ជំរុញ​លើ​ផ្នែក​សុខភាព អាហារ បរិស្ថាន ការងារ និង​និរន្តរ​​ភាព​សង្គម​។ សម្រាប់​វិស័យ​កសិកម្ម​ទឹក​ដើរតួនាទី​ជា​ចលករ​ក្នុង​ការធានា​សុវត្ថិភាព​ស្បៀង និង​អាហារូបត្ថម្ភ ដោយ​គិតគូរ​យ៉ាង​ល្អិតល្អន់​ពី​សុខុមាលភាព​ប្រជាជន និង​បរិស្ថាន​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ជីវិត​រស់នៅ​របស់​មនុស្ស​លោក​»​។

​លោក​បន្ថែមថា ទិវា​ឆ្នាំនេះ ផ្តោតលើ​សារៈសំខាន់​នៃ​ការគ្រប់គ្រង​ទឹក​ប្រកបដោយ​ការប្រុងប្រយ័ត្ន​ក្នុង​បរិបទ​កំណើនប្រជាជន ការ​អភិ​​វ​ឌ្ឍ​សេដ្ឋកិច្ច នគរូបនីយកម្ម និង​ការប្រែប្រួល​អាកាសធាតុ ខណៈដែល​គោលនយោបាយ​កសិកម្មរ​បស់​រាជរដ្ឋាភិបាល​អាណ​ត្តិ​ទី ​៧ ក៏មាន​គោលបំណង ដើម្បី​រក្សាបាន​នូវ​កំណើន​ផលិតកម្ម ប្រសិទ្ធ​​ភាព​សេដ្ឋកិច្ច គុណភាព​និង​ទីផ្សារ ធានាបាន​នូវ​សុវត្ថិភាព​និង​សន្តិ​សុខ​ស្បៀង​ដែល​ជួយ​ដល់​ការបង្កើន​ជីវភាព​របស់​ប្រជាពលរដ្ឋ​។​

​នាឱកាស​នោះដែរ លោកស្រី ថូ​វ​ឡា មុន​ថា​លី តំណាង​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហ​ប្រជា​ជាតិ (FAO) បាន​ថ្លែងថា ទិវា​ស្បៀងអាហារ​ពិភពលោក ឆ្នាំ​ ២០២៣ ប្រព្រឹត្តទៅ​ស្រប​នឹង​ខួប​ទី​៧៨ ​ឆ្នាំ​នៃ​ការបង្កើត​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហ​ប្រជា​​ជាតិ​។

​ព្រឹត្តិការណ៍​ថ្ងៃនេះ​ គឺជាទិវា​មួយដែល​តែងតែ​ប្រារព្ធ​ឡើង​រាល់​ឆ្នាំ​ក្នុង​ប្រតិទិន​ព្រឹត្តិការណ៍​សំខាន់ៗ​របស់​អង្គការ​សហ​​ប្រជាជាតិ ដែល​ត្រូវ​បានរៀបចំ​រួមគ្នា​ដោយ​ការិយាល័យ​ប្រ​ចាំ​ប្រទេស​របស់​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ រដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ដៃគូ​នានា នៅតាម​បណ្តា​ប្រទេស​ជាង​ ១៥០ នៅ​ទូទាំង​ពិភពលោក​។​

​លោកស្រី ថូ​វ​ឡា មុន​ថា​លី បញ្ជាក់ថា៖ «​ប្រធានបទ​ឆ្នាំនេះ​ គឺ​ទឹកជា​ប្រភព​នៃ​ជីវិត ទឹកជា​ប្រភព​នៃ​អាហារ និង​មិន​ទុក​នរណាម្នាក់​ចោល​។ ទឹក​ គឺជា​ធនធាន​ដ៏​មានតម្លៃ​បំផុត​របស់​ភពផែនដី ដែល​ត្រូវ​បានកំណត់​ជា​ប្រធានបទ​សម្រាប់​ការ​ប្រារព្ធ​ទិវា​ស្បៀង អាហារ​ពិភពលោក​ឆ្នាំនេះ​។ ទឹក​ គឺជា​ធនធាន​ដ៏​សំខាន់​សម្រាប់​ជីវិត និង​ជីវភាព​រស់នៅ​។ ទឹកបាន​ជួយ​កាត់បន្ថយ​ភាព​ស្រេកឃ្លាន និង​ភាពក្រីក្រ​ព្រមទាំង​ជួយ​ដល់​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​​ដោយ​ចីរភាព​»​។​

​បើតាម​អង្គការ​ស្បៀង និង​ក​សិ​កម្ម​នៃ​សហប្រជាជាតិ ​(FAO)​ បញ្ហា​បម្រែបម្រួល​អាកាសធាតុ កំណើនប្រជាជន នគរូបនីយកម្ម ឧស្សាហូបនីយកម្ម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម កំពុង​ដាក់​សម្ពាធ​កាន់តែខ្លាំង​ចំពោះ​ធនធានទឹក​។ ការកើនឡើង​កម្ដៅ​ខ្លាំង គ្រោះ​រាំង​ស្ងួត និង​ទឹកជំនន់ កំពុងតែ​បង្កើន​សម្ពាធ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​យើង​ដែល​ការណ៍​នេះ​ផ្តល់​ផល​វិ​បាក​ដ៏​ធ្ងន់​ចំពោះ​សន្តិសុខ​ស្បៀង​សកល​។

​បច្ចុប្បន្ន​ប្រជាជន​ជាង ​១ ​ភាគ​ ៣ នៃ​ពិភពលោក នៅតែ​បន្ត​រស់នៅ​ដោយ​គ្មាន​ទឹកស្អាត​ប្រើប្រាស់​។ កសិករ​ខ្នាតតូច ជា​​ពិសេស​ស្ត្រី យុវជន ជនជាតិដើម​ភាគតិច ជន​ចំណាកស្រុក និង​ជនភៀសខ្លួន គឺជា​អ្នក​ងាយ​រង​​គ្រោះ​បំផុត​។

លោកស្រី​តំណាង​ FAO បញ្ជាក់ថា​៖ «​យើង​ត្រូវ​ទាញយក​ថាមពល​ផ្នែក​វិទ្យាសាស្ត្រ ការច្នៃប្រឌិត ទិន្នន័យ​និង​បច្ចេក​វិទ្យា ដើម្បី​ផលិត​ឱ្យបាន​កាន់តែច្រើន​ដោយ​ប្រើប្រាស់​ទឹក​តិចជាង​មុន​។ ដើម្បី​ធ្វើឱ្យ​តំណក់ទឹក​មានតម្លៃ​យើងទាំងអស់គ្នា​ត្រូវ​ប្រើ​ប្រាស់ និង​គ្រប់គ្រង​ទឹក​ឱ្យមាន​ប្រសិទ្ធភាព ជាង​មុន​។ កសិកម្ម​ជា​វិស័យ​ដ៏​សំខាន់​ដែល​បាន​ប្រើ​ប្រាស់​ទឹកសាប​របស់​ពិភពលោក​ប្រមាណ ៧០​ ភាគរយ​»៕