​សៀមរាប​: នៅ​ដែនដី​ពិសិដ្ឋ​នៃ​ខេត្តសៀមរាប​ជា​កន្លែង​ប្រមូល​​ផ្តុំ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប គម្រោង «​ការកែ​​លម្អ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀម​រាប​» ​កំពុង​ឈានឆ្ពោះ​ទៅរក​យុគ​សម័យថ្មី​នៃ​ការថែទាំ​សុខភាព​ប្រកបដោយ​ផាសុកភាព​។​

​សម្រាប់​អ្នកស្រី​ សួន សន ស្ត្រី​វ័យ ៥០ ​ឆ្នាំ​មកពី​ឃុំ​បាគង ការ​​ធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​បាន​សម្គាល់​ចំណុច​របត់​ដ៏​សំខាន់​មួយ​។ ដោយមាន​បញ្ហា​ក្អក​ជាប់​រហូត អ្នកស្រី សន បាន​អង្គុយ​លើ​កៅអី​ដែក​នៅ​កន្លែង​សម្លឹង​ឆ្វេង​ស្ដាំ លើ​ក្រោម ពេល​អ្នកស្រី​រង់ចាំ​លទ្ធផល​ស្គេ​ន​សួត​នៅក្នុង​អគារ​មន្ទីរពេទ្យ​ទើប​កសាង​ថ្មី​។ ឈានចូល​ទៅក្នុង​បន្ទប់​បំពាក់​បរិក្ខារ​ទំនើប អ្នក​​ស្រី សន បានទទួល​សេវាកម្ម​ថែទាំ​សុខភាព​ជាមួយ​ឧបករណ៍​ទំនើប​ទាន់សម័យ​នៅ​អគារ​មន្ទីរ​ពេទ្យ​ «​មណ្ឌល​ផ្ដល់​សេវា​ផ្នែក​វះ​​កាត់​»​។

​ដោយ​ទឹកមុខ​ញញឹម​ស្រស់ស្រាយ អ្នកស្រី​បាន​លាន់មាត់​ថា​៖ «​ខ្ញុំ​ពិតជា​ស្ងើចសរសើរ​ចំពោះ​មន្ទីរពេទ្យ​ថ្មី​នេះ និង​បរិក្ខារ​ដ៏​ល្អឥតខ្ចោះ​។ វា​មាន​ផាសុកភាព​ណាស់​ក្នុង​ការទទួល​បានការ​ថែ​​ទាំ​ក្នុង​បរិយាកាស​ទំនើប​បែបនេះ​»​។

នេះ​ជា​ឥទ្ធិពល​ផ្លាស់ប្តូរ​ដែល​កើតឡើង​ពី​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ថែទាំ​សុខភាព​ក្នុង​ខេត្តសៀមរាប​។ «​ការកែលម្អ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​» គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​សំខាន់ ដែល​ឧបត្ថម្ភ​ដោយ​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA)​។ ជា​លទ្ធផល អគារ​មន្ទីរពេទ្យ​កម្ពស់ ៤ ​ជាន់ ទំហំ ៨ ៤៥៨,៦៣​ ម៉ែត្រការ៉េ ចំនួន ២៤០ ​គ្រែ និង​បន្ទប់វះកាត់​ចំនួន ៦ រួមទាំង​បរិក្ខារ​ពេទ្យ​ទំនើប​ផ្សេងៗ មានតម្លៃ​ជាង ១៩,៨ ​លាន​ដុល្លារ​បាន​លេចចេញ​ជា​រូបរាង​។

​លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ា​ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​ឱ្យដឹងថា មន្ទីរពេទ្យ​​បង្អែក​ខេត្ដ​សៀមរាប​នេះ​ចាប់​ផ្ដើម​តាំងពី​ចំនួន ១៥០ ​គ្រែ និង​បន្ដ​អភិវឌ្ឍ​រហូតដល់ ២៥០ ​គ្រែ និង​ចុង​ក្រោយនេះ មាន​ចំនួន ៣៧០​ គ្រែ​សម្រាប់​ការ​សម្រាក​ព្យាបាល​របស់​អ្នកជំងឺ​ទាំង​នៅក្នុង​ខេត្ដ​សៀមរាប និង​បណ្ដា​ខេត្ដ​ជុំវិញ​។ យ៉ាងណាក្តី លោក សា​រ៉ា​ត បានឱ្យដឹងថា អ្នកជំងឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ច្រើនជាង​ចំនួន​គ្រែ​ទៅទៀត ដែល​ថ្ងៃ​ខ្លះ អ្នកជំងឺ​ត្រូវ​សម្រាក​តាម​កម្រាល​ឥដ្ឋ​។

​ដោយ​មើលឃើញ​ពី​កំណើន​អ្នកជំងឺ​មក​ទទួលបាន​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​កាន់​ច្រើន មន្ទីរ​សុខាភិបាល ខេត្តសៀមរាប មានគំនិត​ផ្ដួចផ្ដើម​បង្កើត​គម្រោង​ជាមួយ JICA នៅ​ឆ្នាំ ​២០១៧​។

​យោងតាម JICA បានឱ្យដឹងថា គម្រោង​នេះ​មាន​គោលបំណង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ក្នុង​ខេត្តសៀមរាប ក៏ដូចជា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ចំនួន​ ៦ និង​លើក​​កម្ពស់​លទ្ធភាព​ក្នុងការ​មក​ទទួល​សេវា​សុខាភិបាល តាមរយៈ​ការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គ្រឹះស្ថាន​សុខាភិបាល និង​បរិក្ខារ​វេជ្ជសាស្ត្រ​នៅក្នុង​មន្ទីរពេទ្យ​ខេត្តសៀមរាប និង​មន្ទីរពេទ្យ​ស្រុក​ចំនួន​ ៤ (​ក្រឡាញ់ អង្គរជុំ សូទ្រនិគម និង​ពួក​)​។ មណ្ឌល​ផ្ដល់​សេវា​វះ​កាត់ មាន​ផ្នែក​សង្គ្រោះបន្ទាន់ ផ្នែក​រូបភាព​រោគវិនិច្ឆ័យ ផ្នែក​ជំងឺ​ក្រៅ​ទូទៅ ផ្នែក​វះកាត់ ផ្នែក ICU ផ្នែក​សម្លាប់​មេរោគ និង​ផ្នែក​វះ​កាត់ រួមទាំង​ការបំពាក់​បរិក្ខារ​ម៉ា​ស៊ីន​ថត​កាំរស្មី​អ៊ិច ម៉ាស៊ីន​អេកូ ម៉ូនីទ័រ​អ្នកជំងឺ បរិក្ខារ​សម្រាប់​ប្រតិបត្តិការ​ក្នុង​ការថត​ជាដើម​។​

​ការសាងសង់​បានចាប់ផ្តើម​នៅ​ខែធ្នូ ឆ្នាំ​​ ២០២១ ហើយ​ត្រូវ​បានបញ្ចប់​នៅ​ចុងខែ​កញ្ញា ឆ្នាំ ២០២៣ ដែល​ផ្ដល់​ភាព​ងាយ​​ស្រួល និង​គុណភាព​នៃ​ការថែទាំ​សុខភាព​សម្រាប់​អ្នករស់នៅ​ក្នុង​តំបន់​។ លោក សា​រ៉ា​ត បន្តថា ៖ «​អ្នកជំងឺ​មក​សម្រាក​នៅក្នុង​មន្ទីរ​ពេទ្យ​យើង​ដែល​បង់លុយ​ខ្លួនឯង គឺ​លើសពី ៧០ ​ភាគរយ ក្រៅពីនេះ​មាន​ខាង ប​.​ស​.​ស និង​ខាង​មូលនិធិ​សមធម៌ ប្រហែល​ជាជាង ២០ ​ភាគរយ ដោយសារ​សេវា​នៅក្នុង​មន្ទីរពេទ្យ​យើង​នេះ​យក​ថោក​ជាង​ឯកជន​»​។

លោក​បន្ដថា​៖ «​យើង​មាន​គ្រូពេទ្យ​ឯកទេស​ចំនួន ៣៩​ នាក់ ដែល​វេជ្ជបណ្ឌិត​បាន​ចប់​ពី​ប្រទេស​បារាំង ខ្លះ​មកពី​កូរ៉េ និង​បញ្ចប់​ការសិក្សា​នៅ​ភ្នំ​ពេញ​។ គ្រូពេទ្យ​ភាគច្រើន​៩០ ភាគរយ​ជា​អ្នក​សៀមរាប​តែម្តង​»​។​

​នៅក្នុង​ខេត្ដ​សៀមរាប មាន​ប្រជាជន​ជាង​ ១ ​លាន​នាក់ ១១ ស្រុក ១០០ ​ឃុំ ជាង ៩៧០​ ភូមិ និង​ក្រុង​សៀមរាប​។ ខេត្ដ​នេះ មាន​មណ្ឌល​សុខភាព​ចំនួន​៩៣ មន្ទីរពេទ្យ​ស្រុក​ចំនួន​ ៤ និង​មន្ទីរ​ពេទ្យ​ខេត្ដ ចំនួន​១​។

​លោក សា​រ៉ា​ត បានឱ្យដឹងថា នៅពេល​រាជរដ្ឋាភិបាល​ដាក់ចេញ​គោលនយោបាយ​ផ្ដល់​អត្ថ​ប្រយោជន៍​ស្ដ្រី​មាន​ផ្ទៃពោះ និង​សម្រាលកូន​សេវាកម្ម​នៅ​មន្ទីរ​ពេទ្យ​មានការ​កើនឡើង​។ មន្ទីរ​ពេទ្យ​បង្អែក​ខេត្ដ​សៀមរាប​ទទួល​អ្នកជំងឺ​វះកាត់​ច្រើនជាង​បណ្ដា​ខេត្ដ​ដទៃ នៅ​ថ្ងៃ​ខ្លះ មន្ទីរពេទ្យ​បានធ្វើការ​វះកាត់​រហូត​ដល់ ៣៥​ ករណី​។ លោក​បាន​សម្ដែង​ក្ដី​សង្ឃឹមថា​៖ «​ក្រោយពី​ដំណើរ​ការ​អគារ​មន្ទីរពេទ្យ​ថ្មី​នេះ អត្រា​មរណភាព​របស់​អ្នកជំងឺ​ធ្ងន់ៗ​ប្រាកដជា​បន្ដ​កាត់បន្ថយ​ឱ្យនៅ​ទាប​មែនទែន​»​។​

​លោក​វេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​​សៀមរាប ថ្លែងថា បន្ទប់វះកាត់​ទាំង​ ៦ រួមមាន​បន្ទប់វះកាត់​បន្ទាន់ វះកាត់​ឆ្អឹង​បាក់ វះ​ប្ដូរ​ឆ្អឹងត្រគាក វះកាត់​ពោះ និង​ទ្រូង វះកាត់​តម្រងនោម បាញ់​ក្រួស បំបែក​ក្រួស និង​វះកាត់​ខួរក្បាល​។​

​លោក​បានឱ្យដឹងថា​៖ «​យើង​មាន​បច្ចេកវិទ្យា​ទំនើប​ចំពោះ​ឡា​ស៊ែរ​បាញ់​ក្រួស វះ​ចោះ វះកាត់​ក្រពេញ​ប្រូ​ស្ដា​ត វះកាត់​ខួរក្បាល ដោយមាន​សមត្ថភាព​វះ​ដុំ​សាច់ ឈាមកក​ជាដើម​»​។

​លោក លឹម ហេង អនុប្រធាន​​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បាន​ថ្លែងថា វេជ្ជបណ្ឌិត​តាម​ឯក​​ទេស​នីមួយៗ សុទ្ធសឹងតែ​ជា​ធនធាន​ដែល​ប្រកបដោយ​សក្ដា​នុព​ល និង​បានបញ្ចប់​ការសិក្សា​ពី​ក្រៅប្រទេស​តាម​ជំនាញ​រៀងៗ​ខ្លួន​។ លោក​ថា បច្ចុប្បន្ន វិស័យ​សុខាភិបាល​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន និង​មិន​ចាញ់​ប្រទេស​ដទៃ​ឡើយ​ទាំង​បច្ចេកវិទ្យា និង​ធនធានមនុស្ស​។​

​អង្គុយ​សម្លឹង​ពី​អគារ​ចាស់ អ្នកស្រី ម៉ិច មា​ច អាយុ ៣៤​ ឆ្នាំ ដែល​កំពុង​កំដរ​ប្ដី​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀម​រាប បាន​និយាយ​កោតសរសើរ​ចំពោះ​ទិដ្ឋភាព​អគារ​មន្ទីរពេទ្យ​ថ្មី​។​

​ទោះបីជា​អ្នកស្រី​មិនមាន​បំណង​ចង់​ចូល​មន្ទីរពេទ្យ​នេះ​ក៏ដោយ ក៏​អ្នកស្រី​យល់ថា ខ្លួន​មាន​ផាសុកភាព និង​ទំនុក​ចិ​ត្ដ​លើ​អគារ​មន្ទីរពេទ្យ​នេះ​។

​លោក ហេង ថ្លែងថា បរិក្ខារ​ស្តង់ដា​ថ្មី​នេះ មិន​ត្រឹមតែ​លើក​កម្ពស់​ការថែទាំ​សុខភាព​ដល់​សហគមន៍​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់​សេវាកម្ម​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាមួយនឹង​សេវាកម្ម​លំដាប់​ពិភពលោក​ផង​ដែរ​។ លោក ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​ខេត្តសៀមរាប​នឹង​ទទួលបាន​សេវា​ព្យាបាល​លំដាប់​ខ្ពស់ ខណៈ​ការចំណាយ​តិច​គួរឱ្យកត់សម្គាល់​បើ​ធៀប​នឹង​សេវា​ថែទាំ​សុខភាព ក្នុងប្រទេស​របស់​ពួកគេ​»​។​

​ការរួមបញ្ចូល​គ្នា​នៃ​គុណភាព និង​តម្លៃ​សមរម្យ​នេះ មាន​សក្តា​នុព​ល​ក្នុងការ​ធ្វើឱ្យ​ខេត្ត​សៀម​រាប​ក្លាយជា​គោលដៅ​កាន់តែ​ទាក់ទាញ​សម្រាប់​អ្នកធ្វើដំណើរ​ដែល​ស្វែងរក​បទពិសោធន៍​វប្ប​ធម៌ និង​សេវាកម្ម​ថែទាំ​សុខភាព​ដែល​អាច​ទុកចិត្តបាន​។ លោក ហេង បន្ថែមថា បច្ចុប្បន្ននេះ មណ្ឌល​ផ្ដល់​សេវា​វះកាត់ បាន​បើក​ជា​សាធារណៈហើយ ទោះបី​ជាការ​សម្ពោធ​ជា​ផ្លូវការ​មិនទាន់​បានកំណត់​ពេល​ក៏ដោយ ដែល​ការបើក​ដំណើរការ​ដំបូង​នេះ​ត្រូវ​បានរៀបចំ​ពិធី​តាម​ប្រពៃណី​សាសនា​៕