ភ្នំពេញៈ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ លោក កើត រិ​ទ្ធ បាន​ណែនាំ​ដល់​ថ្នាក់ដឹ​កនាំ និង​មន្ត្រីរា​ជការ​នៃ​សាលា​ជម្រះ​ក្តី និង​អង្គការ​អយ្យកា​រ​អម​សាលា​ជម្រះ​ក្តី​គ្រប់​ជាន់​ថ្នាក់ រួម​នឹង​មន្ត្រី​អនុវត្ត​ច្បាប់​ទាំង​អស់​ ត្រូវ​ចាត់​ទុក «​ការកែ​ទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិ​ធម៌​»ជា​ការងារ​អាទិភា​ព ខ​ណៈ​មន្ត្រី​សង្គម​ស៊ីវិល​ក៏គាំទ្រ​លើ​ការណែនាំ​​នេះ​ផង​ដែរ​។​

​លោក កើត រិ​ទ្ធ បាន​លើក​ឡើង​ដូចនេះ ​កាលពី​ថ្ងៃទី​១៦ ​ខែតុលា ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​ចូល​កាន់​មុខ​តំណែង​របស់​លោក​ ជឺ ​សុខ ជា​ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្តាល ​ជំនួស​លោក​ ហុក វ៉ាន់​ធី​ណា ដែល​ត្រូវ​បាន​ផ្ទេរ​ភារ​កិច្ច​ទៅ​ជា​ប្រធាន​សាលា​ដំបូង​ខេត្ត​សៀម​រាប​។​

​យោង​តាម​ហ្វេស​ប៊ុក​ក្រសួង​យុត្តិ​ធម៌ ​នៅ​ក្នុង​ឱកាសនោះ ​លោក​រដ្ឋ​មន្ត្រី បាន​ថ្លែង​បញ្ជាក់​ដល់​ថ្នាក់​ដឹក​នាំ ​មន្ត្រី​រាជ​ការ​នៃ​សាលា​ជម្រះ​ក្តី ​ក៏ដូច​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​មាន​ការពាក់​ព័ន្ធ​ពី​ទិស​ដៅ​ការ​ងារ​កែទម្រង់​វិស័យ​យុត្តិ​ធម៌​របស់​រាជ​រដ្ឋាភិ​បាល​នីតិ​កាល​ទី​៧​ ត្រូវ​បន្ត​ចាត់​ទុក​ការកែ​ទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិ​ធម៌ជា​ការងារ​អាទិ​ភាព​។​

​លោក​ថា ​ត្រូវ​រៀបចំ​ការងារ​កែទ​ម្រង់​នេះ​ជា​មុំ​មួយ​សំខាន់​ក្នុង​ចំណោម​មុំ​ទាំង​៥ដែល​បង្កើត​បាន​ជា​ស្នូល​នៃ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​​ដំណាក់​កាល​ទី​១​ ដែល​ត្រូវ​បាន​ប្រកាស​ដាក់ឱ្យ​អនុវត្ត​ដោយ​ប្រមុខ​រាជ​រដ្ឋាភិ​បាល នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​ គណៈ​រដ្ឋ​មន្ត្រី​លើក​ទី​១ កាល​ពី​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២៣ ​កន្ល​ងទៅ​។

​លោក កើត រិ​ទ្ធ បាន​បញ្ជាក់​ថា៖«​ការ​ពង្រឹង និង​លើកក​ម្ពស់​គុណភា​ព និង​ប្រសិទ្ធ​ភាព​នៃ​ប្រព័ន្ធយុ​ត្តិធម៌ ​គឺជា​ការ​ងារ​អាទិ​ភាព​ដ៏​សំខាន់​មួយក្នុងចំ​ណោម​វិធាន​ការ​គន្លឹះ​សំខាន់​ទាំង៥ដែល​ប្រកាស​ដាក់​ចេញ​ដោយ​រាជ​រដ្ឋាភិ​បាលហើយ​ប្រមុខ​រាជ​រដ្ឋាភិ​បាលបាន​សម្រេច​ប្រគល់​ភារ​កិច្ច​នេះ​ជូន​ក្រសួង​យុត្តិធ​ម៌ក្នុង​ការ​រៀបចំ​ផែន​ការ​សកម្ម​ភាព​ជាក់​ស្តែង​»​។​

​ជា​មួយ​គ្នានេះលោក​រដ្ឋ​មន្ត្រីក៏បាន​ណែនាំ និង​ផ្តាំ​ផ្ញើ​ដល់​ប្រធាន​សាលាដំ​បូង​​ខេត្តក​ណ្តាល​ ក៏ដូច​ជាចៅក្រ​មព្រះរាជ​អាជ្ញា ក្រឡា​ប​ញ្ជី អាជ្ញាសា​លា ​និង​ម​ន្ត្រីរាជ​ការ​ទាំង​អស់​ត្រូវ​ពង្រឹង​ប្រសិទ្ធ​ភាព​នៃ​ការអ​នុវត្ត​ច្បាប់ ​និង​យក​ចិត្តទុក​ដាក់​បន្ថែម​ទៀត​ក្នុង​ការ​ចាត់​ការ​ឱ្យ​បាន​ម៉ឺងម៉ា​ត់ តឹ​ងរ៉ឹង​ ត្រឹម​ត្រូវ និង​ប្រកប​ដោយ​តម្លាភា​ព​ចំពោះសំ​ណុំ​រឿង​នានា ជា​ពិសេសសំណុំ​រឿង​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​,បទល្មើ​ស​សម្អាត​ប្រាក់​,បទ​ល្មើស​ជួញ​ដូរ​និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ជា​ដើម​។​

​នា​ឱកាស​នោះ​ដែរ​ លោក ​គង់ សោ​ភ័​ណ្ឌ ​អភិបា​ល​ខេត្តក​ណ្តាល​ក៏បាន​ថ្លែង​កោតស​រសើរ ​និង​វាយត​ម្លៃ​ខ្ពស់​ចំពោះ​លទ្ធ​ផល​ការងារ​ពាក់​ព័ន្ធ​វិស័យ​យុត្តិធ​ម៌ដែល​ថ្នាក់ដឹ​កនាំ មន្ត្រីរាជ​ការ​សាលាដំ​បូង​ខេត្ត​កណ្តាល ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​សហ​ការ​ជាមួយ​​អាជ្ញាធរ​ សមត្ថ​កិច្ច​ជំនាញ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ខេត្តនិង​បានធ្វើ​ឱ្យ​ការ​ផ្ដល់​សេវា​យុត្តិ​ធម៌ ​បម្រើ​ពលរ​ដ្ឋ​ប្រកប​ដោយ​​វិជ្ជាជីវៈ​និង​ប្រសិទ្ធ​ភាព​បានល្អ​ប្រសើរ​។​

​លោក​បានប​ញ្ជាក់​ថា៖«​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​​ថា ​ឯកឧត្តម​ប្រធាន​សាលា​ដំបូង​ខេត្តកណ្តា​ល​នឹង​ប្រើប្រា​ស់ចំ​ណេះដឹ​ង ​ជំនា​ញ ប​ទពិសោធ​ន៍​ការងារ​ រួម​កម្លាំង​សាមគ្គី​ជា​ធ្លុង​មួយជាមួយ​រដ្ឋបា​លខេត្ត ​​ផ្តល់ជូ​ន​សេវា​យុត្តិធ​ម៌​ឱ្យ​បានលឿន ត្រឹម​ត្រូវ យុត្តិ​ធម៌ និង​មិន​ពុករ​លួយ​ ក្នុងកា​រ​បំពេញ​កិច្ចការ​ងារ​សង្គម​ ការ​ងារ​មូល​ដ្ឋាន ដោះ​ស្រាយ​ការលំ​បាក​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​មូល​ដ្ឋាន​ខេត្ត​»​។​

​ចំណែ​កលោ​ក ជឺ សុខ បន្ទាប់​ពី​ទទួល​ត្រា​ចូលកា​ន់​តំណែង​ជា​ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្តាល​ បាន​ថ្លែងប្តេជ្ញាចិ​ត្ត​បម្រើ​សេវា​យុត្តិ​ធម៌​ជូន​​ពលរដ្ឋ​ប្រកប​ដោយ​តម្លាភា​ព​ ស្មារតី​ទទួល​ខុស​ត្រូវ សាម​គ្គី​ភាព​ផ្ទៃក្នុង​ឱ្យ​បាន​ល្អ ព្រម​ទាំង​សម្រេច​ឱ្យ​បាន​លទ្ធ​ផល​ថ្មីៗ​បន្ថែម​ទៀត​។​

​លោក អំ សំ​អាត នាយក​ទទួលបន្ទុ​ក​កិច្ច​ការ​ទូទៅនៃ​អង្គការ​លីកាដូ​នៅ​ថ្ងៃទី​១៧ ខែតុលា ​បាន​ស្វាគម​ន៍​ចំ​ពោះ​ការលើ​កឡើ​ង​របស់​លោក ​កើត រិ​ទ្ធ រដ្ឋ​មន្ត្រី​ក្រសួងយុ​ត្តិធ​ម៌ ដោយ​លោកថា ​ការ​កំណែទ​ម្រង់​ច្បាប់និង​ប្រព័ន្ធ​តុលា​ការ ​គឺជា​ការ​ចង់​បាន​របស់​អង្គកា​រ​សង្គម​ស៊ីវិល​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​មានការ​កំណែ​ទម្រង់​ច្បាប់ ​និង​ប្រព័ន្ធ​តុលា​ការ...​វា​ជា​រឿង​ល្អ ព្រោះថា​​ ទី​១ គឺ​ជំនឿ​ទុក​ចិត្ត​របស់​ប្រជាព​លរដ្ឋ​ និង​សង្គម​, ទី​២ គឺ​ធានា​ការអ​នុវត្ត​សិទ្ធិសេ​រី​ភាព​របស់​ប្រជា​ពលរដ្ឋ​ទៅតា​ម​បែប​ប្រជា​ធិ​ប​តេ​យ្យ​, ទី​៣ ​ធានាបា​ន​នូវ​នីតិរ​ដ្ឋ និង​ទី​៤ ក៏​ធានាបា​ន​នូវ​អ្នកវិ​និយោគ​ផង​ដែរ​»​។

​ទោះជា​​យ៉ាង​ណា លោ​ក អំ សំ​អាត ​បានថ្លែងថា ​កំណែទម្រ​ង់ ​លុះ​ត្រាតែ​មានការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​អនុវត្ត​ឱ្យបាន​ជាប់​ជាប្រចាំ​ ​ជាពិសេ​ស​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​​ទាំងអ​ស់​ មាន​ទាំង​ស្ថា​ប័ន​អយ្យ​ការ​ តុ​លាការ មន្ត្រីនគរបាល​យុត្តិធម៌​​ ត្រូវមាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការគោរព​ទៅ​តាម​គោល​ការណ៍​​ច្បាប់​។ ជាង​នេះ​ទៅ​ទៀត​ត្រូវ​លុប​បំបាត់​អំពើ​ពុក​រលួយ​គ្រប់​រូប​ភាព​ឱ្យ​បាន​៕