​ភ្នំពេញៈ អាជ្ញាធរ​មីន​កម្ពុជាបាន​ប្ដេជ្ញា​រួមគ្នា​ជាមួយ​រដ្ឋ​ភាគី ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាស​កល លើ​កិច្ចការ​បោស​​សម្អាត​មីន និង​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន ខណៈ​ឆ្នាំនេះ​កម្ពុជា ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទ​សកល​លើក​ទី​ ៣ ស្តីពី​កិច្ចសង្គ្រោះ​ជន​រង​គ្រោះថ្នាក់​ដោយសារ​មីន​។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ថ្លែង​នៅក្នុង​សន្និសីទ​សកល​លើក​ទី​៣ ដែល​ធ្វើឡើង​នា​ថ្ងៃទី​ ១៧ ខែតុលា ថា សកម្មភាព​មីន​នៅ​កម្ពុជា ប្រកាន់ខ្ជាប់​នូវ​គោល​ការណ៍​មេត្តាធម៌ និង​មិន​ទុក​ជនរងគ្រោះ​ណា​ម្នាក់​ចោល​នោះឡើយ​។ កម្ពុជា បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​បោសសម្អាត​មីន ដាក់ចេញ​នូវ​កម្មវិធី​សង្គ្រោះ​ជនរងគ្រោះ​ដែលមាន​ភាព​គ្រប់​ជ្រុងជ្រោយ និង​បាន​បង្កើត​ក្តីសង្ឃឹម​ជាថ្មី​សម្រាប់​ជន​ដែល​រងគ្រោះ​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

​លោក លី ធុជ បន្ថែមថា ការរៀបចំ ក៏ដូចជា​ការចូល​​រួម​ក្នុង​សន្និសីទ​សកល​នេះ គឺជា​ការបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋ​ភាគី ក្នុងការ​បំពេញ​កាត​ព្វ​​កិច្ច​នៃ​អនុសញ្ញា​អូ​តា​វ៉ា និង​ជា​ពិសេស​កិច្ចសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។ កិច្ចសង្គ្រោះ​ជន​រងគ្រោះ​នេះ ក៏បាន​ឆ្លុះបញ្ចាំង​ពី​កាតព្វកិច្ច​នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​មាន​ពិការភាព និង​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

​លោក​ថ្លែងថា​៖ «​យើង​មិនត្រូវ​សម្លឹងមើល​ជន​រងគ្រោះ​ដោយសារ​មីន​ត្រឹមតែ​ជា​ទិន្នន័យ​នោះទេ យើង​ត្រូវ​សម្លឹងមើល​ពួកគេ​ជា​មនុស្ស​មានជីវិត ជា​ម្តាយ​ដែល​ចិញ្ចឹម​បីបាច់​កូនៗ ជា​ឪពុក​ដែល​ត្រូវ​ការការពារ​ក្រុមគ្រួសារ​ខ្លួន​ជា​ក្មេង​ដែលមាន​ក្តី​ស្រមៃ​ជា​កសិករ​ដែល​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ជីវិត​ខ្លួន និង​ជា​បុគ្គល​ដែល​គ្មាន​កំហុស តែ​ត្រូវ​ទទួលរង​នូវ​ជោគវាសនា​ដ៏​អាក្រក់​បែបនេះ​»​។

លោក លី ធុជ បន្តថា ៖ «​គ្រាប់មីន​បាន​បន្សល់ទុក​ស្លាក​ស្នាម ទាំង​នៅលើ​រាងកាយ និង​ក្នុង​ចិត្ត​របស់​ពួកគេ ហើយ​ជីវិត​របស់​ពួកគេ ត្រូវ​រង​ការបំផ្លិចបំផ្លាញ​ខ្ទេចខ្ទាំ​ក្នុង​មួយប៉ប្រិចភ្នែក​តែប៉ុណ្ណោះ​»​។​

​លោក​អះអាងថា កិច្ចសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម មិនមែន​ត្រឹមតែ​ជា​កិច្ចការ​មនុស្ស​ធម៌​ប៉ុណ្ណោះ​ទេ តែ​វា​ជា​កិច្ចការ​សិទ្ធិមនុស្ស និង​កិច្ចការ​សុខា​ភិ​បាល​សាធារណៈ​។ វា​ក៏​ទាមទារ​ឱ្យមាន​ការប្តេជ្ញាចិត្ត​ខ្ពស់ ការគាំទ្រ និង​សកម្មភាព​រួមគ្នា​ពី​គ្រ​ប់ម​ជ្ឈ​ដ្ឋា​ន ជាពិសេស​ពីរ​ដ្ឋ​ភាគី​នៃ​អនុ​​សញ្ញា ដើម្បី​ធានាថា អាចជួយ​សង្គ្រោះ​ដល់​ជនរងគ្រោះ​នៅក្នុង​គ្រា​ដែល​ពួកគេ​ត្រូវការ​បំផុត និង​ជួយ​ឱ្យ​ជីវិត​ជនរងគ្រោះ​ទូទាំង​​ពិភពលោក រួមទាំង​ក្រុមគ្រួសារ និង​សហគមន៍​របស់​ពួកគេ​កាន់​​តែ​ប្រសើរឡើង​។

​លោក​ លី ធុជ ថ្លែងថា​៖ «​យើង​ជឿជាក់ថា សន្និសីទ​នេះ​មិន​ត្រឹមតែ​ជា​វេទិកា​ចែករំលែក​បទ​ពិ​សោ​ធន៍​និង​ចំណេះដឹង​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ពេលវេលា​សម្រាប់​ការបង្ហាញ​ពី​ទឹកចិត្ត​ក្នុងការ​រួបរួមគ្នា​ក្នុង​ការបំពេញ​កាតព្វកិច្ច​សង្គ្រោះ​ជនរងគ្រោះ​សកល​»​។​

​សូមបញ្ជាក់ថា សន្និសីទ​ជាស​កល​នេះ បានរៀបចំ​ឡើង​ចំនួន ២​ លើក ដោយ​លើក​ទី១ ធ្វើ​នៅ​ប្រទេស​កូ​ឡុំ​ប៊ី ឆ្នាំ​ ២០១៤ និង​លើក​ទី​២ ធ្វើ​នៅ​ប្រទេស​ហ្ស៊​ក​ដា​នី ក្នុង​ឆ្នាំ​ ២០១៩​។ ចំណែកឯ​លើក​ទី៣ ឆ្នាំ ២០២៣ កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយមាន​ការ​ចូលរួម​ពី​ជនរងគ្រោះ​អ្នកជំនាញ​ក្នុង​វិស័យ​កិច្ចសង្គ្រោះ​ជនរងគ្រោះ ពិការភាព សិទ្ធិមនុស្ស សុខា​ភិ​បាល ការងារ​អភិវឌ្ឍន៍ និង​វិស័យ​ផ្សេងៗ​ទៀត​ចូលរួម​សរុប​ប្រមាណ ២០០​ នាក់ មកពី ៤៥​ប្រទេស ដែលជា​សមាជិក និង​មិនមែនជា​សមាជិក​នៃ​អនុសញ្ញា​អូ​តា​វ៉ា​។

​សម្រាប់​ឆ្នាំនេះ កម្ពុជា​រៀបចំ​សន្និសីទ​ជាស​កល​នេះ​ចាប់ពី​ថ្ងៃទី​ ១៧ ​ដល់​ថ្ងៃទី​ ១៩ ខែតុលា ក្នុង​គោលបំណង​ផ្តល់​ជា​ធាតុ​ចូល​សម្រាប់​ផែនការ​សកម្ម​ភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​និង​ផ្តល់​ជា​វេទិកា​កម្រិត​សកល​ដើម្បីឱ្យ​សហគមន៍ និង​ជន​ទទួលរង​​គ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​នានា បង្ហាញ​ពី​ក្តីកង្វល់ និង​បញ្ហា​របស់ខ្លួន រួមទាំង​ការចែករំលែក​បទពិសោធ​ន៍ ចំណេះ​ដឹង បច្ចេកវិទ្យា និង​គំនិត​ថ្មីៗ​ក្នុង​កិច្ចសង្គ្រោះ​ជនរងគ្រោះ​ដោយ​​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នានា​ផងដែរ​។​

​នា​រសៀល​ថ្ងៃទី​ ១៧ ខែតុលា ដដែល​នេះ​គណៈប្រតិភូ​កិត្តិយស​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​បើក​នៃ​សន្និសីទ​សកល​លើក​ទី៣ ក៏បាន​លើកឡើង​ដោយ​ទទួលស្គាល់ថា កម្ពុជា​ជា​ប្រទេស​គំរូ ដែល​ទទួលបាន​ជោគជ័យ​ក្នុង​សកម្ម​ភាព​បោសសម្អាត​មីន​និង​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​គោលបំណង​នៃ​សន្និសីទ​សកល​លើក​ទី​៣ ​នេះ ដែលជា​វេទិកា​កម្រិត​សកល​សម្រាប់​សហគមន៍ និង​ជន​ដែល​ទទួលរង​គ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

​សូម​រំឭក​ដែរ​ថា នៅក្នុង​ស​ន្និ​​បាត​ប្រចាំឆ្នាំ​លើក​ទី​៧៩ ​របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​កិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការ សហប្រជាជាតិ ​(UNESCAP)​ កម្ពុជា​បានស្នើ​បញ្ចូល​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចូលទៅក្នុង​កិច្ចពិភាក្សា​របស់​អង្គសន្និបាត ហើយ​កម្ពុជា​ប្តេជ្ញា​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ UNESCAP ក្នុង​សកម្ម​​ភាព​មីន និង​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​មីន​និង​សំណល់​ជាតិ​​ផ្ទុះ​ពី​សង្គ្រាម ព្រមទាំង​ផ្សារភ្ជាប់ UNESCAP ជាមួយ​អនុសញ្ញា​អូ​តា​វ៉ា ក្នុង​គោលបំណង​កៀរគរ​រដ្ឋ​ជា​សមាជិក​នៃ UNESCAP ចូលរួម​គាំទ្រ​អនុសញ្ញា​នេះ​៕