ភ្នំពេញៈ ភាគី​កម្ពុជា​-​ចិន​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ៨​ ទាក់ទង​នឹង​វិស័យ​ជា​ច្រើន ខណៈ​មេដឹកនាំ​ប្រទេស​ទាំង​ ២ បាន​ពិភាក្សា​អំពី​ទំនាក់​​ទំនង​រវាង​គណបក្ស និង​គណ​បក្ស​សំដៅ​បន្ត​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២ ឱ្យបាន​រឹងមាំ និង​យូរអង្វែង តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​និង​ការផ្លាស់ប្តូរ​រវាង​យុវជន និង​យុវជន​។​

​ការពិភាក្សា​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​លោក ឆាយ​ឈី ​(Cai Qi)​ សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្រៃ្ត​យ៍ នៃ​កា​រិ​យា​ល័យ​នយោបាយ គណៈ​ក​ម្មា​ធិ​ការ​មជ្ឈិមបក្ស​កុម្មុយនីស្ដ​ចិន និង​ជា​ប្រធានការិយាល័យ​កិច្ច​ការ​ទូទៅ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ដ​ចិន កាលពី​ថ្ងៃទី​ ១៧ ខែតុលា ​ក្នុងឱកាស​នៃ​ការចូលរួម​ក្នុង​វេទិកា​ខ្សែ​​ក្រវាត់ និង​ផ្លូវ​លើក​ទី​ ៣ នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន​។​

​តេ​ឡេ​ក្រាម លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា​៖ «​ថ្នាក់ដឹកនាំ​ទាំង ២ ​ក៏បាន​ពិភាក្សា​ផងដែរ អំពី​ទំនាក់ទំនង​រវាង​គណ​បក្ស និង​គណបក្ស សំដៅ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សន​កិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ការ​ផ្លាស់ប្តូរ​រវាង​យុវជន​និង​យុវជន ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​ ឱ្យបាន​រឹងមាំ​និង​យូរអង្វែង​»​។​

Telegram ដដែល​បញ្ជាក់ថា នៅក្នុង​ជំនួប​នេះ លោក ឆាយ ឈី បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់លោក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ដោយបាន​បញ្ជាក់ថា ឆ្នាំនេះ​គឺជា​ខួប​លើក​ទី​៦៥ នៃ​ចំណង​ការទូត​ផ្លូវការ​កម្ពុជា​-​ចិន ដែលជា​ចំណង​មិត្ត​ភាព​ដែកថែប​។ លោក ឆាយ​​ ឈី បានបង្ហាញ​ភាព​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ា​ណែ​ត ដំណើរ​ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន នឹង​កាន់តែ​ត្រូវបាន​ពង្រឹង​និង​ពង្រីក​ខ្លាំងក្លា​បន្ថែមទៀត​។

​ប្រភព​ដដែល​បន្តថា លោក ឆាយ ឈី បានបញ្ជាក់​អំពី​ឆន្ទៈ​ក្នុង​ការបន្ត​សហការ​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​ ៧ និង​បាន​រំឭក​អំពី​សមិទ្ធផល​«​ដ៏​ត្រចះត្រចង់​»​មួយចំនួន​ដែល​កកើតឡើង​ពី​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ រវាង​កម្ពុជា​-​ចិន អស់​រយៈកាល​ជាង ​១០ ​ឆ្នាំ កន្លងមក​ដូចជា (១)​ ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​, (២) ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហនុ​, (៣)​ អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​ថ្មី និង ​(៤)​ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត នៃ​ខេត្តស្វាយរៀង​។​

​នេះ​គឺជា​លើក​ទី​២ ​ហើយ ដែល​លោក ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចិន បន្ទាប់ពី​ការបង្កើត​រាជ​រដ្ឋា​ភិ​បាល​អាណត្តិ​ទី៧ កាលពី​ខែសីហា ឆ្នាំ​ ២០២៣​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការបំពេញ​ទស្សនកិច្ច​នេះ ​គឺជា​ការឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុងការ​ពង្រឹង​កិច្ច​​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត និង​ជាការ​បន្ត​មរតក​នៃ​ទំនាក់ទំនង​ល្អ​ដែល​បន្សល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​បណ្តា​អាណត្តិ​កន្លងទៅ​ព្រមទាំង​ចំណងមិត្តភាព​ជា​ប្រវត្តិសាស្ត្រ​ដែល​ព្រះ​បរម​រតន​កោដ្ឋ និង​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុនៗ បាន​កសាង​តាំងពី​អតីតកាល​រហូតមកទល់​បច្ចុប្បន្ន​។

​បណ្តាញ Telegram ដដែល​បន្តថា​៖ «​សម្តេច​ធិបតី បាន​ឯកភាព​ចំពោះ​ទស្សនៈ​របស់ ឯកឧត្តម ឆាយ ឈី ដែល​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ក្នុង​រយៈ​កាល ​៦៥ ​ឆ្នាំ កន្លងមកនេះ និង​បានផ្តល់​សារៈសំខាន់​ចំពោះ​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​រីក​​លូតលាស់​រឹងមាំ​ជា​លំដាប់​...»​។

​លោក​ ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​អំពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​រវាង​ប្រទេស​ទាំង ​២ ​ដែល​ផ្តោតលើ​វិស័យ​អាទិភាព​ចំនួន ​៦ រួមមាន​នយោបាយ​, គុណភាព និង​សមត្ថភាព​ផលិតកម្ម​, ក​សិ​កម្ម​, ថាមពល​, សន្តិសុខ និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​។​

​ដោយឡែក​នៅ​ថ្ងៃ​ដដែល​នោះ លោក​ហ៊ុន ម៉ា​ណែ​ត និង​លោក លី ឈាង (Li Qiang)​ នាយករដ្ឋមន្ត្រី​ចិន ក៏បាន​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MoU) និង​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ ២​ លើ​ឯកសារ​ចំនួន ៨ ​ផងដែរ​។ ក្នុងនោះ​ទី​១ MoU ស្តីពី​ការរួម​គ្នា​ជំរុញ​គម្រោង​គន្លឹះ​វង់​ទី​៣ សម្រាប់​កិច្ចសហប្រតិបត្តិការ​ស​ម​ត្ថ​ភាព​ផលិត និង​ការវិនិយោគ កម្ពុជា​-​ចិន​។ ទី​២ MoU ​ស្តីពី​ការបង្កើត​យន្តការ​ការងារ​សម្រាប់​ការអនុវត្ត​គម្រោង​ផែនការ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដើម្បី​រួមគ្នា​កសាង​ខ្សែ​​ក្រវាត់​សេដ្ឋកិច្ច​ផ្លូវ សូត្រ និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១​។​

​ទី​៣​ គឺ ​MoU ស្តីពី​កិច្ច​សហ​ប្រ​តិ​ប​ត្តិ​ការវិនិយោគ​លើ​ការ​​អភិវឌ្ឍ​បៃតង និង​កាបូន​ទាប ទី​៤ កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​ហិរញ្ញប្បទាន​លើ​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​ជនបទ ដំណាក់កាល​ទី៨ និង​ទី​៥ លិខិត​ប្តូរ​សារ​សម្រាប់​ការសិក្សា​សមិទ្ធិ​លទ្ធ​​ភាព​គម្រោង​ជួសជុល​ប្រាសាទព្រះវិហារ ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញ​​ប្ប​ទាន​ឥត​សំណង​ពី​រដ្ឋា​ភិ​បាល​ចិន​។​

​ចំណែកឯ​ឯកសារ​ទី​៦ គឺកំណត់​ហេតុ​នៃ​កិច្ចប្រជុំ​ស្តីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព​នៅលើ​ទីតាំង​របស់​គម្រោង​ផ្លូវ​ជន​បទ ជំហាន​ ៣​ នៅ​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ចិន​។ ទី​៧ គឺ ​MoU ស្តីពី​ការបង្កើត​យន្ត​​ការ​កិច្ចសហប្រតិបត្តិការ​ផ្លូវ​រថភ្លើង កម្ពុជា​-​ចិន ខណៈ​ទី​៨ គឺ​MoU ស្តីពី​កិច្ចសហប្រតិបត្តិការ​រួម​គា្ន​ក្នុងការ​សាងសង់ សួន​ឧស្សាហកម្ម​ចិន​-​កម្ពុជា រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​អាជ្ញាធរ​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វាង​ស៊ី​នៃ​ប្រទេស​ចិន​។​

​ក្រោយ​ពិធី​នោះ​នាយក​រដ្ឋ​មន្ត្រី​ចិន​លោក លី ឈាង បាន​ឯកភាព​តាម​សំណើ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុងការ​កំណត់​យក​ឆ្នាំ ​២០២៤ ​ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រជា​ជន​និង​ប្រជាជន​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការតភ្ជាប់​រវាង​ប្រទេស​ទាំង​២​។​

​តាម​តេ​ឡេ​ក្រាម​របស់លោក ​ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា​៖ «​ឯកឧត្តម លី ឈាង ក៏បាន​ឯក​ភាព​តាម​សំណើ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ពាក់ព័ន្ធ​នឹង​គម្រោង​នៃ​ការកំណត់​យក​ឆ្នាំ​ ២០២៤ ​ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​ដែលជា​មូលដ្ឋាន​នៃ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការតភ្ជាប់​រវាង​ប្រទេស និង​ប្រទេស​ដោយ​យក​កត្តា​ប្រជាជន​ជា​គោល​»​។​

​ប្រភព​ដដែល​បន្តថា លោក លី ឈាង បាន​រំលេច​នូវ​សមិទ្ធ​​ផល​ជាច្រើន​ដែល​កើតចេញពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រ​​ទេស​ទាំង​ ២ លើ​គម្រោង​ជាច្រើន ជាពិសេស​ការបើក​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​ ១៦ តុលា ក៏​ដូច​​ជា​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់ ​(MoU)​ ពាក់ព័ន្ធ​នឹង​គម្រោង​មួយចំនួន​នៅក្នុង​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ការសម្រេចបាន​នូវ​ការចុះ​ហត្ថ​លេខា​លើ​ MoU ចំនួន​ ៨ ហើយ​ថា MoU​ ទាំងនេះ​នឹង​ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង ២ ឱ្យ​កាន់តែ​រឹងមាំ​។

​ក្រៅពីនេះ​មេដឹកនាំ​ទាំង​ ២ ​ក៏បាន​ពិភាក្សា​អំពី​ទិសដៅ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត រួមមាន វិស័យ​វិនិយោគ​, ​កសិកម្ម​,​ ពាណិជ្ជកម្ម​, អប់រំ​,​កី​ទ្បា​, ការពារជាតិ​, សុខា​​ភិ​បាល​និង​ការកសាង​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​រូបវន្ត​ក្នុង​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​។​

​លោក យង់ ពៅ អគ្គលេខា​​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១៧ តុលាថា លោក​ក៏​ចង់ឱ្យមាន​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​រវាង​ប្រទេស​ទាំង​ ២ ​ផងដែរ ជាពិសេស​យុវជន និង​យុវជន​ ដើម្បី​ជា​ប្រយោជន៍​ស្វែង​​យល់​គ្នា​ទៅវិញទៅមក​។

​លោក​បាន​ថ្លែងថា​៖ «​យើង​ដឹង​ហើយ​ថា កន្លងទៅ​ គឺមាន​មតិ​ឬក៏​មាន​ទស្សនៈ​អំពី​មិន​ចូលចិត្ត​ជនជាតិ​ចិន​អី​ជាដើម​ដែល​ធ្វើឱ្យមាន​បញ្ហា​ទៅលើ​ការ​ផ្សព្វ​ផ្សាយ​។​ អ៊ីចឹង​ការផ្លាស់ប្តូរ​ទស្សនៈ​រវាង​យុវជន​និង​យុវជន​និង​ប្រជាជន​និង​ប្រជា​ជននេះ គឺជា​រឿង​ល្អ​សម្រាប់​ទំនាក់ទំនង និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​»៕