​ភ្នំពេញៈ ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ លី ច័ន្ទ​តុលា បានដាក់​ចេញ​ទិសដៅ​ការងារ​ចម្បង​សម្រាប់​ឆ្នាំ ​២០២៤​ ដោយ​ផ្តោតលើ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​​ការ ស្របគ្នា​នឹង​ការយកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងយុត្តិធម៌ ដើម្បី​លើកកម្ពស់​ឧត្តមភាព និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​មេធាវី ហើយ​បាន​ជំរុញ​ដល់​សហ​ភាតា​ទាំងអស់​ចូល​រួម​ឱ្យបាន​សកម្ម​ក្នុង​កិច្ចការ​នេះ​។

​លោក​ លី ច័ន្ទតុលា បានលើកឡើង​បែបនេះ​ក្នុង​ពិធី​បិទ​មហាសន្និបាត​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លើក​ទី​២៨ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ កាលពី​ថ្ងៃទី​ ១៦ ខែតុលា ឆ្នាំ​ ២០២៣​។​

​លោក​បានឱ្យដឹងថា ទិសដៅ​ការងារ​ទី១ ក្នុង​ឆ្នាំ​ ២០២៤ គឺ​សិក្សា​ស្រាវជ្រាវ​និង​ពិភាក្សា​លើ​ការបង្កើត​យន្តការ​ផ្តល់​សេវា​ប​ទាន​ការី​ក្នុង​ក្របខ័ណ្ឌ​គណៈ​មេធាវី​ដល់​សាធារណជន ដើម្បី​ពង្រីក​សេវាកម្ម​របស់​វិជ្ជាជីវៈ​មេធាវី ដែល​ការ​ងារ​នឹង​ធ្វើឡើង​ស្របគ្នា​ជាមួយ​ការ​យកចិត្តទុកដាក់​រប​ស់​ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​ក៏ដូចជា​ក្រសួងយុត្តិធម៌​ក្នុងការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។

​លោក​ថ្លែងថា​៖ «​កិច្ចការងារ​នេះ​យើង​ធ្វើ​ស្របគ្នា​ជាមួយនឹង​ការយក​ចិត្ត​ទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​របស់​ឯកឧត្តម កើត រិ​ទ្ធ ឧ​ប​នា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ទាក់ទង​នឹង​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​»​។

​លោក​បាន​បន្ថែមថា ក្រៅពី​ការងារ​ចម្បង​នេះ​នៅមាន​ទិសដៅ​ការងារ​សំខាន់​ចំនួន​ ១៤​ ទៀត សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ ​២០២៤ ក្នុងនោះ​មានការ​បន្ត​យក​ចិត្ត​ទុកដាក់​ដល់​សុខទុក្ខ និង​សុខុមាល​ភាព​របស់​មេធាវី​ដែលមាន​វ័យចាស់ ការបង្កើត​កម្មវិធី​ជួយ​ដល់​មេធាវី​វ័យក្មេង ដែល​ទើប​ចេញ​ប្រកប​វិជ្ជាជីវៈ​ក្រោម​៣​ឆ្នាំ​។ បន្ត​រួមចំណែក​ជាមួយ​រាជ​រដ្ឋា​ភិ​បាល​ក្នុង​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ និង​តុលាការ​។

​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ​ដើម្បី​ពង្រឹង​ការអនុវត្ត​ការងារ​របស់​មេធាវី​ប្រចាំ​រដ្ឋបាល​រាជធានី​ខេត្ត​និង​ដាក់ឱ្យអនុវត្ត​គម្រោង​មេធាវី​ដល់​មូលដ្ឋាន​ដើម្បី​ផ្សព្វផ្សាយ​ពី​តួនាទី​របស់​មេធាវី និង​បញ្ជ្រាប​ចំណេះដឹង​ផ្លូវច្បាប់​ជូន​មេភូមិ អាជ្ញាធរ​ឃុំ​សង្កាត់ និង​អាជ្ញាធរ​ក្រុង​ស្រុក ខណ្ឌ ជាដើម​ផងដែរ​។

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ប្តេជ្ញា​ចិត្ត​បន្ត​ខិតខំ​ប្រឹងប្រែង​ជម្នះ​រាល់​ឧបសគ្គ​ក្នុងការ​អនុវត្ត​គោលនយោបាយ និង​បេសកកម្ម និង​ទិសដៅ​ការងារ ដែល​បាន​ដាក់ចេញ​សម្រាប់​ដឹកនាំ​គណៈ​មេធាវី​ដើម្បី​សម្រេច​ឱ្យបាន​លទ្ធផល​ថ្មី និង​ដើម្បី​លើកកម្ពស់ ឧត្តមភាព កិ​ត្យា​នុ​ភាព​នៃ​វិជ្ជាជីវៈ​មេធាវី ពង្រឹង​សាមគ្គី​ភាព​ផ្ទៃក្នុង សេចក្តីថ្លៃថ្នូរ និង​ក្រម​សីល​ធម៌​មេធាវី ពិសេស​ធានា​ឱ្យបាន​ផលប្រយោជន៍​របស់​មេធា​វី និង​ការទទួល​ស្គាល់​តួនាទី​មេធាវី​ក្នុងសង្គម​»​។

​ក្នុង​ពិធី​នោះ លោក ​លី ច័ន្ទ​តុលា បានស្នើ​ដល់​សហ​ភាតា​ទាំងអស់​ចូល​រួម​ឱ្យបាន​សកម្ម​ក្នុង​កិច្ច​ការរួម​របស់​គណៈ​មេធាវី តាមរយៈ​ការចូលរួម​សរ​សេរ​អត្ថបទ​សម្រាប់​បោះពុម្ពផ្សាយ​ក្នុង​ព្រឹត្តិបត្រ​មេធាវី ការស្ម័គ្រចិត្ត​ការពារ​ក្តី​ជនក្រីក្រ ចូលរួម​ក្នុង​គណៈកម្មការ​ជំនាញ​របស់​គណៈមេធាវី និង​ការស្ម័គ្រចិត្ត​ធ្វើជា​វាគ្មិន​ក្នុង​កម្មវិធី​នានា របស់​គណៈមេធាវី​។

​លោក​ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ថ្លែង​ដែរ​ថា ក្នុងស្ថានភាព​ប្រពៃណី​ប្រជាជន​កម្ពុជា និង​ស្ថានភាព​ប្រព័ន្ធតុលាការ​បច្ចុប្បន្ន កម្ពុ​ជាមាន​ភាពចាំបាច់​ក្នុង​ការរៀបចំ​ក្របខ័ណ្ឌ​ច្បាប់​ដើម្បី​រៀបចំ​យន្តការ​ថ្នាក់ជាតិ​មួយ​ទាក់ទង​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ដែល​នឹង​ជួយផ្តល់​ផលប្រយោជន៍​ចំនួន​ ៣ ​ធំ ទី​១- ​កាត់បន្ថយ​ការកកស្ទះ​សំណុំ​រឿង​នៅ​តុលាការ ទី​២- ​ជួយ​បង្ខិត​សេវា​ដោះ​ស្រាយ​វិវាទ​នោះ​ឱ្យខិត​ទៅជិត​ប្រជា​ពល​​រដ្ឋ​ក្នុង​មូលដ្ឋាន ដែលមាន​ក្រុម​ចល័ត​ដើម្បី​ជួយ​សម្រុះសម្រួល​ក្នុង​មូលដ្ឋាន និង​ត្រូវ​ធ្វើឱ្យបាន​លឿន​បំផុត​។ ចំណែក​ទី​៣-​ បង្កើតបាន​ស្មារតី​សន្តិភាព​និយម ភាព​សុខដុមរមនា​ក្នុង​សហគមន៍ ដែលជា​លទ្ធផល​នៃ​ការ​ពន្លត់ភ្លើង​វិវាទ​ឱ្យបាន​ឆាប់​ក្នុង​មូលដ្ឋាន​។​

​លោក​ថ្លែងថា​៖ «​ផ្អែកទៅលើ​ផល​ប្រ​យោជន៍ និង​ស្ថានភាព​បច្ចុប្បន្ន​នៅ​កម្ពុជា សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បានសម្រេច​ឱ្យ​រៀបចំ​យន្តការ​ថ្នាក់ជាតិ គឺ​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ដែល​ទៅ​បំពេញបន្ថែម​យន្តការ​ដែលមាន​ស្រាប់​»​។

​លោក​បាន​បញ្ជាក់ថា ព្រះរាជក្រឹត្យ​នោះបាន​បង្កើត​របប​គតិ​យុត្ត​មួយ​ដែល​ខុសពី​អ្វីដែល​ធ្លាប់មាន​ក្នុងការ​សម្រុះសម្រួល​ដោះស្រាយ​វិវាទ​គឺកំណត់​ហេតុ​ព្រមព្រៀង​បញ្ចប់​វិវាទ​ដែល​ធ្វើឡើង​នៅ​ចំពោះមុខ​មន្ត្រី​សម្រុះសម្រួល​វិវាទ​នឹង​ទទួលបាន​តម្លៃ​ជា​ភ័ស្តុតាង​មួយ​ដ៏​រឹងមាំ ហើយ​កំណត់ហេតុ​នោះ​នឹងមាន​អានុភាព​ដូច​កំណត់ហេតុ​សះជា​ឬ​សាលក្រម​ស្ថាពរ​របស់​តុលាការ​ដែរ​។​

​លោក​ថ្លែងថា​៖ «​មានតែ​វិធី​នេះ​ទេ ដែល​យើង​អាច​ដោះស្រាយ​វិវាទ​បាន ហើយ​វិវាទ​នោះ​វា​អត់​លាប់​រើ​ឡើងវិញ​»​។

​ថ្លែង​ក្នុង​ពិធី​បើក​មហាសន្និបាត​នោះ លោក លីវ សុ​វណ្ណា អគ្គលេខាធិការ​​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យដឹងថា លទ្ធផល​ការងារ​ក្នុង​រយៈពេល​១​ឆ្នាំកន្លងមក របស់​គណៈ​មេធាវី​កម្ពុជា ក្នុង​ការជួយ​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ដោះស្រាយ​វិវាទ​ដោយ​ឥត​គិតថ្លៃ គណៈមេធាវី​បាន​ចាត់តាំង​មេធាវី​ជួយ​ការពារ​ក្តី​ជនក្រីក្រ​បាន​ចំនួន ៥ ៨០៦​ សំណុំរឿង​ដែលមាន​ជន​ក្រីក្រ​ចំនួន​ជាង ៩ ០០០ នាក់ ក្នុងនោះ​ស្ត្រី​ចំនួន​ជាង ៧០០ ​នាក់ និង​កុមារ​ចំនួន​ជិត ៣ ០០០ ​នាក់​។ បន្ថែម​លើ​នោះ គណៈមេធាវី​បាន​ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ជូន​ជនក្រីក្រ កម្មករ កម្មការិនី និង​សាធារណ​ជន​បាន​ចំនួន ៧៩៦ រឿង​។​

​លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ភ្នំពេញ បាន​ថ្លែងថា ពាក់ព័ន្ធ​នឹង​ការការពារ​ក្តី​ជនក្រីក្រ​កន្លងមក ក្រសួងយុត្តិធម៌​តែង​បាន​យក​ចិ​ត្ដ​ទុកដាក់​ជួយ​សម្របសម្រួល​រវាង​សាលាឧទ្ធរណ៍​ក៏ដូចជា​តុលាការ​គ្រប់​ជាន់ថ្នាក់ ជាមួយនឹង​គណៈមេធាវី​បាន​ទាន់ពេល អំពី​កិច្ច​ចាត់តាំង​មេធាវី​ការពារ​ក្តី​ជូន​ជនក្រីក្រ ជាពិសេស​ក្នុង​សំណុំរឿង​បទឧក្រិដ្ឋ និង​សំណុំរឿង​ដែលមាន​ជនជាប់ចោទ​ជា​អនីតិជន​។​

​លោក​បញ្ជាក់ថា ជាក់ស្តែង​ទិន្នន័យ​ការពារ​ជនក្រីក្រ​មាន​ក្នុង​ ១​ ឆ្នាំកន្លងមក តាម​ការបញ្ជាក់​របស់​អគ្គលេខា​​ធិ​ការ​គណៈមេធាវី​មាន​រហូតដល់​ជាង​ ៥ ពាន់​ករណី ដែលជា​ចំនួន​ដ៏​ច្រើន​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​គណៈមេធាវី ក្រុម​មេធាវី​ស្ម័គ្រចិត្ត និង​មេធាវី​គ្រប់ៗ​រូប​ដែល​បាន​ចូលរួម​ការពារ​ក្តី​ជនក្រីក្រ​នៅ​សាលាឧទ្ធរណ៍​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​បាន​ទៀងទាត់​​ពេលវេលា ទោះបី​មានការ​រអាក់រអួល​ប​ន្តិ​ច​បន្តួច​យ៉ាងណាក្តី ប៉ុន្តែ​បើ​គិត​ជា​ភាគរយ​បាន​លទ្ធផល​គួរ​ជាទី​គាប់​​ប្រសើរ​»៕