​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានស្នើ​ទៅ​លោក វ៉ វ៉ាន់​ធឿ​ង ​(Vo Van Thuong) ប្រធានាធិបតី​វៀតណាម​ឱ្យ​ព​ន្លឿ​ន​ការចរចា​នៃ​ការតភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង​បាវិត​-​ហូជីមិញ ដើម្បី​ជាការ​សម្រួល​ដល់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្មនិង​ទេសចរណ៍​។

​ការស្នើ​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​ ១៨ ខែតុលា ពេល​លោក​ហ៊ុន ម៉ា​ណែ​ត​ជួបពិភាក្សា​ការ​ងារ​ជាមួយ​លោក ​វ៉ វ៉ាន់​ធឿ​ង ក្នុងឱកាស​នៃ​ការចូលរួម​ក្នុង ​“​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​៣”​ នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន​។ នេះ​បើតាម​តេ​ឡេ​ក្រាម​លោក ហ៊ុន ម៉ា​ណែ​ត​។​

​ប្រភព​ដដែល​បានឱ្យដឹងថា ក្នុងជំនួប​ពិភាក្សា​ការងារ​នោះ លោក វ៉ វ៉ាន់​ធឿ​ង បាន​សម្តែង​ការ​សាទរ​ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត ក្នុងការ​ចូលកាន់​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ព្រមទាំង​ផ្តាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្តេចព្រះ​បរម​នាថ នរោត្តម សីហមុនី និង​សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ​ក៏ដូចជា​លោក​ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ផងដែរ​។

​បើតាម​បណ្តាញ​តេ​ឡេ​ក្រាម​លោក​ហ៊ុន ម៉ា​ណែ​ត លោក​ប្រធានាធិបតី​វៀតណាម បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា ក្រោម​ការដឹកនាំ​របស់​លោក​ហ៊ុន ម៉ា​​ណែ​ត ប្រទេស​កម្ពុជា​នឹង​អាចអនុវត្ត​ដោយ​ជោគជ័យ​នូវ​រាល់​គោលនយោបាយ​នានា​ដែល​បានដាក់​ចេញ​គ្រប់​កម្រិត ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ​។ លោក​ថា ប្រទេស​វៀតណាម​នៅតែ​រក្សា​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ដើម្បី​ផលប្រយោជន៍​រួម​សម្រាប់​ជាតិ​និង​ប្រជាជន​ទាំង​ ២​។​

​តេ​ឡេ​ក្រាម​លោក​ ហ៊ុន ម៉ា​​ណែ​ត​ឱ្យដឹងទៀតថា ជាការ​ឆ្លើយ​តប​ចំពោះ​ការលើកឡើង​របស់លោក វ៉ វ៉ាន់​ធឿ​ង លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ការ​អរគុណ និង​បាន​រំឭក​អំពី​ជំនួប​ជាមួយ លោក​ប្រធានាធិបតី​វៀតណាម កាលពី​ ៤​ ឆ្នាំមុន ដែល​ទាំងនេះ សុទ្ធសឹង​ជា​ឱកាស​នៃ​ការពិភាក្សា​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២​។

ជាមួយគ្នានេះ លោក​ ហ៊ុន ម៉ា​ណែ​ត បានកត់សម្គាល់​ចំពោះ​ការរីកចម្រើន នៃ​ទំនាក់ទំនង​លើ​គ្រប់​វិស័យ ដែល​ក្នុងនោះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​និង​ចំនួន​ភ្ញៀវទេសចរ​រវាង​ប្រទេស​ទាំង ​២ ក៏មាន​ការ​កើន​ឡើងជា​លំដាប់ ហើយ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ក៏មាន​ភាព​សកម្ម​ជិតស្និទ្ធ​ផងដែរ​។

​ជាមួយគ្នា​នោះ លោក ​ហ៊ុន ម៉ា​ណែ​ត​ បានស្នើទៅ​លោកប្រធានាធិបតី​វៀតណាម ពាក់​ព័ន្ធ​នឹង​ការ​ព​ន្លឿ​ន​ការចរចា​នៃ​ការតភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង​បាវិត​-​ហូជីមិញ ដែល​ការ​ត​ភ្ជាប់​នេះ នឹង​ជួយ​សម្រួល​ដល់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​និង​ទេស​ចរណ៍​។

​តេ​ឡេ​ក្រាម​លោក ​ហ៊ុន​ ម៉ា​ណែ​ត​ បញ្ជាក់ថា​៖ «​ជារួម​ថ្នាក់​ដឹកនាំ​ទាំង ​២​ បាន​ឯកភាព​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​រីក​​ចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ជាពិសេស វិស័យ​ការពារជាតិ​, សន្តិសុខ​, ពាណិជ្ជកម្ម​, វិនិយោគ​, អប់រំ​, ទេសចរណ៍ និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​»​។

​ក្នុងជំនួប​នោះដែរ ប្រធានាធិបតី​វៀតណាម ក៏បាន​ស្នើ​មក​កម្ពុជា បង្កើន​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ដោយ​វៀតណា​ម​បានបង្ហាញ​បំណង​ក្នុង​ការយាង​ព្រះមហាក្សត្រ ក៏​ដូច​ជា​អញ្ជើញ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ដែល​ចំណុច​នេះ​ប្រមុខ​រាជ​រដ្ឋា​​ភិ​បាល​កម្ពុជា បាន​ឆ្លើយតប​ដោយ​ព្រម​ទទួលយក​ការអញ្ជើញ នឹង​កំណត់​កាលបរិច្ឆេទ​សមស្រប នាពេល​ឆាប់ៗ​ខាងមុខ​។

​លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា ថ្លែង​នៅ​ថ្ងៃទី​ ១៨ ខែតុលា​ថា សេដ្ឋកិច្ច​ប្រទេស​នីមួយៗ​អាស្រ័យ​លើ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ បើសិនជា​រៀបចំ​បានល្អ​ប្រសើរ អ្នក​វិនិយោគ​នឹង​ចូល​បណ្តាក់ទុន​រកស៊ី ព្រោះ​មាន​ភាពងាយស្រួល​។

​លោក​ថា ការបង្កើតឱ្យមាន​ផ្លូវ​ល្បឿន​លឿន​រវាង​ប្រទេស​វៀត​ណា​ម និង​កម្ពុជា​នាពេលខាងមុខ​ដែល​ចេញពី​ខាង​ហូជីមិញ មក​ព្រំដែន​បាវិត​ហើយ​ចូលមក​ប្រទេស​កម្ពុជា​គឺជា​រឿង​ល្អ ព្រោះ​នៅពេលនោះ​នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកវិនិយោគ​ក្នុងការ​បង្កើត​រោងចក្រ ឬ​ឃ្លាំងទំនិញ​ផ្សេងៗ​ក៏ដូចជា​ទីតាំង​ភ័ស្តុភារ​កម្ម​មួយចំនួន​ហើយ​ការដឹកជញ្ជូន​ចំណាយ​ពេលវេលា​តិចជាង​មុន​។

​លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ឃើញថា នេះ​ជាការ​ល្អ​មួយ សម្រាប់ធ្វើ​ឱ្យមាន​កំណើន​សេដ្ឋកិច្ច​តាមរយៈ នៃ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ផ្តល់​ភាពងាយស្រួល​ទៅដល់​ការវិនិយោគ​ផ្សេងៗ​ពី​បរទេស មកកាន់​ប្រទេស​កម្ពុជា​»៕