ភ្នំពេញៈ ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាននិងកំពុង​ជំរុញ​ការកំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព នៅ​ទូទាំងប្រទេស ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ជន​មាន​ពិការភាព​ឱ្យទទួល​បាន​សេវា​សង្គម​នានា​ដោយ​ឥតគិតថ្លៃ ខណៈដែល​ក្រសួងបាន​ចុះ​ជំរុញ​ការងារ​នេះ​ក្នុង​ខេត្ត​ចំនួន​ ៣​ ហើយ​។​

​ក្រសួង​សង្គមកិច្ច បានឱ្យដឹង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៨ ខែតុលា​ ថា នាយកដ្ឋាន​សុខុមាលភាព​ជនពិការនៃ​ក្រសួង​សង្គមកិច្ច បាន​ដឹកនាំ​ក្រុមការងារ​ថ្នាក់ជាតិ​អត្តសញ្ញាណ​កម្ម​ពិការភាព តាម​គំរូ​សង្គម និង​សិទ្ធិ​ជា​មូលដ្ឋាន ដោយបាន​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច​ខេត្តក្រចេះ ស្ទឹងត្រែង និង​ខេត្តព្រះវិហារ​។

តាមរយៈ​ការសហការ​នេះ​គ្រប់ភាគី ​ដែល​ចូលរួម​បាន​ចុះ​ជំរុញ​ការងារ​អត្តសញ្ញាណ​កម្ម​ពិការភាពក្នុង​គោលបំណង​ជួយ​សម្របសម្រួល​បច្ចេក​ទេសនិងពង្រឹងគុណភាព​ដល់​គ្រូ​បង្គោល​ថ្នាក់​រាជធានី​ខេត្ត និង​ជន​បង្គោល ឃុំ​/​សង្កាត់ ក្នុង​ការចុះ​កំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព​តាម​គំរូ​សង្គម និង​សិទ្ធិ​ជា​មូលដ្ឋាន​ដល់​ជន​មាន​ពិការភាព​នៅតាម​បណ្តា​ឃុំ​/​សង្កាត់​នានា​។

​ក្រសួង​សង្គមកិច្ច​បញ្ជាក់ថា​៖ «​ការកំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព​នឹង​ជួយ​ឱ្យ​ប្រទេស​កម្ពុ​ជាមាន​ប្រព័ន្ធ​ទិន្នន័យ​ជន​មាន​ពិការភាព ​ដែលមាន​លក្ខណៈ​ស្តង់ដា​រួមមួយ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ សម្រាប់​ការគ្រប់គ្រង​ពិការភាព សម្រាប់​ជា​មូលដ្ឋាន​កំណត់​ក្រុម​គោលដៅ​ជន​មាន​ពិការភាព ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ ដល់​ជន​មាន​ពិការភាព​ឱ្យទទួល​បានការ​លើកកម្ពស់​សេវា​គាំពារ ការអភិវឌ្ឍ​ដល់​ជន​មាន​ពិការភាព និង​សេវា​សង្គម​នានា​ប្រកបដោយ​សមធម៌ និង​បរិ​យាប​ន្ន ក្នុងការ​ចូលរួមចំណែក​ធ្វើឱ្យ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​រាជរដ្ឋាភិបាល​»​។​

​ក្រសួង​បន្ថែមថា ក្រៅពីនេះ ការកំណត់​អត្តសញ្ញាណ​កម្មនេះ វា​ក៏បានផ្តល់​អត្ថប្រយោជន៍​សម្រាប់​ជន​មាន​ពិការភាព​តាមរយៈ​បណ្ណ​សម្គាល់​ស្ដីពី​ពិការភាព​របស់​ពួកគាត់​ផងដែរ​។​

​លោក សាន់ រតនា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា​បានឱ្យដឹង​កន្លងមក​ថា ការអនុវត្ត​ការងារ​កំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព​នេះ បាន​ជួប​ឧបសគ្គ និង​បញ្ហា​ប្រឈម​ខ្លះ​ដែរ​ដូចជា ការយល់ដឹង​ប្រភេទ​ពិការភាព​របស់​មន្ត្រី​ទទួលបន្ទុក​កម្មវិធី​នៅតាម​ឃុំ​/​សង្កាត់ គ្រួសារ និង​សហគមន៍ នៅមានកម្រិត​។​លោក​បន្ថែមថា ក្រៅពីនេះ ការផ្សព្វផ្សាយ​ស្តីពី​ការធ្វើ​អត្តសញ្ញាណ​កម្ម​ពិការភាព​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ក៏​នៅតែ​មិនទាន់មាន​ភាពទូលំទូលាយ​ផងដែរ​។​

​លោក សាន់ រតនា ថ្លែងថា​៖ «​ដូច្នេះ​ការកំណត់​អត្តសញ្ញាណ​កម្ម​ជន​មាន​ពិការភាព គឺមាន​សារៈសំខាន់​ណាស់ ចំពោះ​ជន​មាន​ពិការភាព ព្រោះ​វា​ជា​បណ្ណ​សម្គាល់ខ្លួន​សម្រាប់​ជន​មាន​ពិការភាព ក្នុង​ស្វែងរក​សេវា​គាំពារ​ផ្សេងៗ​ពី​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន​»​។​

​ដោយឡែក លោកស្រី ម៉ាក់ ម៉ូ​នី​កា នាយិកា​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា​បានឱ្យដឹង​នៅ​ថ្ងៃទី​១៩ ខែតុលា ​ថា ការងារ​កំណត់​អត្តសញ្ញាណ​កម្ម​ជន​មាន​ពិការភាព គឺមាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗ​ពី​កញ្ចប់​ជំនួយ​សង្គម សេវា​សុខភាព សេវា​អប់រំ សេដ្ឋកិច្ច មុខរបរ ការងារ ការធ្វើដំណើរ និង​កិច្ច​អន្តរាគមន៍​នានា​ជាច្រើន​ទៀត​ដោយ​មិន​គិតថ្លៃ​ផងដែរ​។

លោកស្រី​បន្តថា កន្លងមក​ឃើញថា ការងារ​កំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព​នេះ ត្រូវបាន​ក្រសួង​ផ្សព្វផ្សាយ​តាំងពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ ដើម្បីឱ្យ​ជន​មាន​ពិការភាព​ទៅ​ចុះ​អត្តសញ្ញាណ​នៅតាម​ឃុំ​/​សង្កាត់​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ការងារ​កំណត់​អត្តសញ្ញាណ​កម្មនេះ មាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ ដោយសារ​ក្រុមគ្រួសារ​របស់​ជនពិកា​រ​​នៅ​ខេត្ត ច្រើនតែ​យល់ថា​ ជន​មាន​ពិការភាព​មិនចាំបាច់​មា​ន​ការគាំទ្រ​អី​ផ្សេងៗ​នោះទេ ព្រោះ​គាត់​នៅតែ​ក្នុងផ្ទះ​ហ្នឹង អ៊ីចឹងគាត់​អត់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការកំណត់​អត្តសញ្ញាណ​កម្ម​ហ្នឹង​ទេ​»​។​

លោកស្រី​បន្ថែមថា បច្ចុប្បន្ន​ទោះបីជា​ការងារ​នេះ​ មាន​ឧបសគ្គប៉ុន្តែ​ថ្ងៃក្រោយ​នៅពេល​ជន​មាន​ពិការភាព​ទទួលបាន​បណ្ណ​នេះហើយ ជន​មាន​ពិការភាព អាច​នឹង​យក​បណ្ណ​នេះ ​ទៅប្រើ​ប្រាស់​ដើម្បី​ឆ្លើយតប​នូវ​អ្វីដែល​ក្រសួង​បាន​ផ្ដល់ជូន​ពួកគាត់​។​

​យោងតាម​លោក សាន់ រតនា ​ការងារ​កំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព​នេះ បានចាប់ផ្ដើម​ពី​ខែសីហា​ ឆ្នាំ​២០២០ រហូតមកដល់​ចុងខែ​ធ្នូ ឆ្នាំ​២០២២ បានធ្វើ​អត្តសញ្ញាណ​កម្ម​ជន​មាន​ពិការភាព​បាន​ចំនួន​សរុប ២៥៦ ៦៥៦​នាក់ ក្នុងនោះ​ស្រី​ចំនួន ១២១ ១៩៥​ នាក់ និង​ប្រុស​ចំនួន ១៣៥ ៤៦១​ នាក់​៕