ភ្នំពេញៈ ក្រសួងកិច្ចការនារី បានដាក់ចេញគោលការណ៍អាទិភាពចំនួន ៥ ដោយផ្តោតលើការធ្វើបដិវត្តន៍កម្មយេនឌ័រ តាមរយៈការគាំពារស្ត្រីក្នុងភាពជាអ្នកដឹកនាំក៏ដូចជាលើកកម្ពស់សុខុមាលភាពស្ត្រី ខណៈអង្គការ UNDP ប្តេជ្ញានឹងស្វែងរកលទ្ធភាពគាំទ្រ ដើម្បីឱ្យគោលការណ៍អាទិភាពទាំងនោះ កាន់តែមានភាពល្អប្រសើរ។
គោលការណ៍អាទិភាពទាំងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារក្នុងន័យបន្តកិច្ចសហប្រតិបត្តិការក្នុងអាណត្តិថ្មីនេះរវាងលោកស្រីអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាមួយលោកស្រី អាលីហ្សា ឆាកឺ (AlissarChaker) ប្រធានអង្គការអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
យោងតាមរយៈហ្វេសប៊ុករបស់ក្រសួងកិច្ចការនារី នៅក្នុងជំនួបនោះលោកស្រី អ៊ឹងកន្ថាផាវីបានឱ្យដឹងថា ក្រសួងកំពុងរៀបចំផែនការនារីរតនៈទី៦ ដែលក្នុងផែនការនេះមានអាទិភាព៥ផ្តោតលើការធ្វើបដិវត្តន៍កម្មយេនឌ័រ។ ក្នុងនោះទី១គឺការផ្តល់ភាពអង់អាចដល់ស្ត្រី ទៅក្នុងសេដ្ឋកិច្ចឌីជីថល។ ទី២គិតគូរអំពីសុខុមាលភាព សេដ្ឋកិច្ចបៃតង ជាអភិបាលកិច្ចដែលមានបរិយាបន្ន។ទី៣ ការគាំពារស្ត្រីក្នុងភាពជាអ្នកដឹកនាំ។ទី៤ការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងអាទិភាពទី៥ការលើកកម្ពស់សុខុមាលភាពស្ត្រី។
ជាមួយគ្នានេះលោកស្រីអាលីហ្សា ឆាកឺ ក៏បានបង្ហាញក្របខ័ណ្ឌផែនការសហប្រតិបត្តិការថ្មីរបស់ UNDP រយៈពេល៥ឆ្នាំសម្រាប់កម្ពុជា ដែលក្នុងនោះទាក់ទងទៅនឹងយេនឌ័រផ្ដោតទៅលើការគាំពារដោះស្រាយគម្លាតយេនឌ័រ ក្នុងផ្នែកឌីជីថល ការដោះស្រាយសេដ្ឋកិច្ច ដែលគិតគូរពីសុខុមាលភាព ការងារស្ត្រីក្នុងការប្រែប្រួលអាកាសធាតុ ស្ត្រីក្នុងសហគ្រិនភាពផងដែរ។
ប្រភពដដែលបញ្ជាក់ថា៖ «បន្ទាប់ពីការពិភាក្សាគ្នាទៅវិញទៅមកឃើញថា ការងារអាទិភាពនៃភាគីទាំង២ គឺមានភាពស៊ីចង្វាក់គ្នា។ ក្នុងន័យនេះ UNDP ប្ដេជ្ញាថា នឹងស្វែងរកលទ្ធភាពដើម្បីជួយគាំទ្រដល់ការងារអាទិភាពទាំង៥ របស់ក្រសួងកិច្ចការនារីឱ្យកាន់តែមានភាពមុតស្រួចនិងមានភាពពេញលេញ»។
ទាក់ទងរឿងនេះ លោកស្រី អេង ចាន់ឌី នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានថ្លែងនៅថ្ងៃទី១៩ ខែតុលាថា គោលការណ៍អាទិភាពទាំងនេះ គឺវាមានភាពស៊ីចង្វាក់គ្នាជាមួយគោលនយោបាយជាតិ ស្ដីពីការលើកកម្ពស់សិទ្ធអំណាចរបស់ស្ត្រី ក៏ដូចជាផែនការជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ដែលក្រសួងកិច្ចការនារីបានដាក់ចេញនេះ ដើម្បីធ្វើឱ្យអង្គការ UNDP បន្តចាប់ដៃគូគ្នាក្នុងការអនុវត្តគោលការណ៍អាទិភាពទាំងនេះ។
យ៉ាងណាក្តីលោកស្រីថ្លែងថា៖ «នៅក្នុងអាទិភាពហ្នឹង ខ្ញុំមើលឃើញថា មានការខ្វះខាតលើការស្រាវជ្រាវដែលអាចយកមកប្រើឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ដែលពាក់ព័ន្ធនឹងការពង្រឹងសិទ្ធអំណាចស្ដ្រី ក៏ដូចជាអំពើហិង្សាផ្អែកលើយេនឌ័រ ពីព្រោះអាទិភាពទាំង២នេះ គួរតែធ្វើរួមគ្នាជាមួយអង្គការសង្គមស៊ីវិលនានាទាំងអស់»។
ទោះបីជាគោលការណ៍អាទិភាពដែលក្រសួងដាក់មកនេះ មានចំណុចខ្លះស្របគ្នា និងមានចំណុចខ្លះទៀតមិនស្របគ្នាជាមួយផែនការរបស់ក្រុមអង្គការស៊ីវិលក៏ដោយ ប៉ុន្តែអ្វីដែលសំខាន់ គឺក្រសួងត្រូវតែអនុវត្តគោលការណ៍អាទិភាពទាំងនោះ នៅទូទាំងប្រទេស មិនមែនធ្វើតែតាមតំបន់គោលដៅទេ។ នេះជាបញ្ជាក់របស់លោកស្រី អេង ចាន់ឌី។
យោងតាមសមិទ្ធផលការងាររបស់ក្រសួងកិច្ចការនារីរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨-២០២២ បានបង្ហាញថា ស្រ្ដីរងគ្រោះដោយអំពើហិង្សាទាក់ទងយេនឌ័រ មានចំនួន ២៥៦៣ករណី បានទទួលសេវាប្រឹក្សាយោបល់ ផ្នែកច្បាប់ ផ្លូវចិត្ត អន្តរាគមន៍ និងតាមដានការប្រកាសសាលក្រម ដោយផ្ទាល់ និងតាមរយៈអនឡាញ ផ្ដល់ដោយក្រសួងកិច្ចការនារី និងអង្គការដៃគូ៕