ភ្នំពេញៈ​ ក្រសួង​ធនធានទឹ​ក និង​ឧតុនិយ​ម បា​នប្រកាស​​ឱ្យដឹង​ថា​ ចាប់ពី​ថ្ងៃទី​ ២២ ​ដល់​ថ្ងៃទី​ ២៥ ខែ​តុលា នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា ខេត្ត​ស្ទឹង​ត្រែង ព្រះវិ​ហារ រតនគិ​រី និង​ខេត្តម​ណ្ឌលគិ​រី នៅតែ​មាន​ភ្លៀង​ធ្លាក់ ហើយក្រសួង​ក៏បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំនន់​ទឹក​ភ្លៀង​។​

​ក្រសួង​បាន​ជូនដំណឹ​ង​ដូចនេះ​​នៅ​ពី​ថ្ងៃទី​២២ ​ខែតុលា ដោ​យបាន​លើកឡើ​ងថា ​ប្រព័ន្ធ​សម្ពាធ​ខ្ពស់​កម្រិត​មធ្យម ដែល​លាត​សន្ធឹង​ពី​ប្រទេស​ចិន អូសប​ន្លាយ​ដល់​ប្រទេស​ថៃ​ផ្នែក​ខាងលើ​និង​សមុទ្រ​ចិន​ភា​គខាង​ត្បូង ​បាន​រលាយ​បាត់​។

​ទន្ទឹ​មនឹ​ងនេះខ្យល់​មូសុង និរតី ​ដែល​កំពុង​មាន​នៅ​លើ​ឈូង​សមុទ្រ​បេង​ហ្គាល់​ (Bay of Bengal) និង​នៅ​លើស​មុទ្រ​អា​ដាំ​មែន (Andaman Sea) នឹង​គ្រប​ដណ្តប់​លើ​ឈូង​សមុទ្រ​ថៃ បាន​កើន​ឥទ្ធិ​ពល​ខ្លាំង​។

​ក្រសួង​បាន​បញ្ជាក់​ថា៖«​នៅ​រាជធានី​ភ្នំពេញ​ តំបន់​មាត់​ស​មុទ និង​តំបន់​ទំនាប​កណ្តាល នឹ​ងមា​ន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​បង្គួ​រលាយឡំ​នឹង​ផ្គរ​រន្ទះ​ជាមួ​យនឹង​ទំហំ​ទឹកភ្លៀង​​ធ្លាក់​គ្របដណ្តប់​លើ​​ផ្ទៃដី​ពី៥០ភាគរយ​ទៅ​៦០ភាគរយ»​។ សូម​ប្រជាព​លរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​​នេះ ដែល​​អាច​បង្ក​ជា​ជំនន់​ទឹក​ភ្លៀង​»​។​

​ទាក់ទ​ង​នឹង​ជំនន់​ទឹក​ភ្លៀង​នេះដែរកាលពី​រ​សៀល​ថ្ងៃទី​២១ ខែតុលា លោ​ក ឃួ​​ង ស្រេង អភិ​បាល​រាជ​ធានី​ភ្នំពេញ ​ដែល​បាន​ដឹកនាំ​មន្ទីរ​ជំនាញនិង​អាជ្ញា​ធរ​ចុះ​ពិនិត្យ​មើល​ស្ថានភា​ព​ទឹក​ជំនន់​តាម​បណ្ដោយ​សណ្ត​ស្ទឹង​ព្រែក​ត្នោត ​ក្នុង​ខណ្ឌដ​ង្កោបាន​ថ្លែង​អំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ បើ​ទោះបីជា​​ទឹក​មាន​សភាព​នឹង​នរ​និង​ឈានទៅរ​ក​ភាព​ស្រក​វិញ​ក៏​ដោយ​។​

​លោក​ថ្លែង​ប្រាប់​អ្នកសា​រព័ត៌​មាន​នា​ពេល​នោះ​ថា ៖ «​ស្ថាន​ភាព​ទឹកជំ​នន់​ទឹក​ភ្លៀង​នៅ​ព្រៃ​ក​ត្នោត ​គិត​មកទ​ល់​ពេល​នេះ ​មានសភា​ពនៅ​ទ្រឹង ប៉ុន្តែ​​ទោះបីជា​យ៉ាងណា​ក្តី សូម​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ដែល​ទទួលរង​​ការលិ​ចលង់​​នេះ​ត្រូវមានកា​រ​ប្រុង​ប្រយ័ត្ន​ឱ្យបា​ន​ខ្ពស់ ពិសេ​ស​ក្មេង​តូចៗ​»​។

​លោក​បាន​បន្ត​ថា ៖ «​​តាម​ពិត​ទឹក​នេះ​វា​ធំ ប៉ុន្តែ​មិនបាន​បាចសា​ច​លិច​ដូច​ទៅនឹង​ឆ្នាំមុនៗ​ទេ ដោយ​សារ​យើង​ធ្វើ​ទំនប់​ទប់ស្កាត់​​មួយ​នៅ​ជិត​ភូមិភាគ​ពិសេស ​ហើយ​សម្រាប់​ពលរដ្ឋ​នៅតាម​សណ្ត​ដែល​ពួកគាត់​​សុំា​ហើយ​ដែល​ឆ្នាំ​ណា​ក៏​លិច​ដែរ​»។

​បើ​គិត​មកទ​ល់ពេ​លនេះ​សង្កាត់​ចំ​នួន​១០ នៅ​តាម​បណ្ដោយ​ស្ទឹង​ព្រែក​ត្នោត ក្នុ​ង​ខណ្ឌ​ដង្កោ​បាន​ទទួលរង​ការ​លិច​លង់ និង​បាន​ធ្វើឱ្យ​​ប្រជាព​ល​រដ្ឋ ២​ ០៧៥​គ្រួសារ ទ​ទួលរ​ង​គ្រោះ​ដោយ​ការលិចល​ង់​​នេះ ប៉ុន្តែ​​មិ​នមាន​ផល​ប៉ះ​ពា​ល់​ធ្ងន់​ធ្ងរ​ដល់​អាយុជី​វិត​ទេ​ ​ហើយ​អាជ្ញាធ​រ​ក៏បា​ន​ត្រៀម​ផ្តល់​អំណោយ​ដល់​ពួក​គាត់​ផង​ដែរ​។

​​

​​លោក ឃួ​ង ​ស្រេង បាន​ថ្លែ​ងថា សម្រាប់​ការត្រៀ​ម​កងក​ម្លាំង​ក្នុង​ការជួយ​ប្រ​ជាពលរដ្ឋ​គឺ​បាន​ត្រៀម​ជាប់​ជាប្រ​ចាំ​សម្រាប់​​ជួយ​ពល​រដ្ឋ​នៅពេ​ល​ជួប​ការ​លំបា​ក ឬ​គ្រោះ​ថ្នាក់​អ្វី​មួយ​។​

​បើតាម​រ​ដ្ឋបាល​​រាជធានី​​ភ្នំពេញ ​សង្កាត់​ទាំង​១០​របស់​ខណ្ឌ​ដង្កោ ​ដែល​បាន​ទទួល​រង​ការលិ​ចលង់​នេះ រួមមាន​ សង្កាត់គង​ន​យ​,សង្កាត់​ទៀន​, សង្កាត់​សាក់​សំពៅ​,សង្កាត់​​ព្រៃ​ស​,សង្កាត់​ដង្កោ​,សង្កាត់​ក្រាំង​ពង្រ​,សង្កាត់​ជើងឯក​​,សង្កា​ត់​ព្រែក​កំពឹស​, សង្កាត់​ស្ពានថ្ម​ និង​​សង្កាត់​រលួស ដែ​ល​សង្កាត់​ទាំងនេះ​​រង​ការលិ​ចល​ង់​មួយផ្នែ​ក​ខ្លះ​នៃ​សង្កាត់​ប៉ុណ្ណោះ​។​

​លោក​ វ៉ី​ សំណាង អភិ​បាលខេ​ត្ត​កំពង់​ស្ពឺ នៅ​ថ្ងៃទី​២២ ​ខែតុលា បាន​ឱ្យដឹង​​ដែរ​ថា ​ស្ថានភា​ព​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខេត្តកំព​ង់ស្ពឺ​គិត​ត្រឹម​ថ្ងៃទី២២​ ខែតុលា បាន​ស្រក​ទៅវិញ​ច្រើន​ហើយនិង​មិន​មាន​អ្វី​ជា​ផល​ប៉ះពាល់​ធំដុំ​ទេ​​។

​រីឯ​ទឹក​នៅតាម​សណ្ត​ស្ទឹង​ព្រែក​ត្នោត​វិញ ក៏ត្រូវ​បាន​បិទ ​ដើម្បី​រក្សា​ទឹក​ទុក ព្រោះ​កន្លែង​ខ្លះ​ស្ថិតនៅ​ក្នុង​កម្រិត​ដែល​ត្រូវ​រ​ក្សាទុ​កសម្រាប់​ប្រើប្រា​ស់​។​

​លោក វ៉ី​ សំ​ណាង ​បាន​ថ្លែងថា​៖«​ខ្ញុំ​គិត​ថា មិនជា​បញ្ហា​ទេ ដូច​យ​ប់មិញ​អី ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់​ស្រុក ​ក្រុង ហើយ​នៅ​ពេល​ព្រលឹម​ឡើង យើង​បូកសរុ​ប មិន​មាន​កន្លែង​ណាមួ​យរង​ផលប៉ះ​ពាល់​​នោះទេ​ ហើយ​ទឹកស្ទឹង​ក៏​អាច​ឱ្យ​យើង​​រៀបចំ​បុណ្យអុំ​ទូក​នៅពេ​ល​ខាង​មុខ​បាន​ដែរ​»​។​

​នៅ​ថ្ងៃទី​២២ ខែតុលា​​នោះដែរ​ ថ្នា​ក់ដឹក​នាំ​កាកបា​ទក្រ​ហម បាន​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ដល់​ប្រជា​ពលរដ្ឋ​រង​គ្រោះ​​ដោយ​ទឹក​ជំនន់​ទឹកភ្លៀង​​ចំនួន​២ ១០១​គ្រួសារ​នៅ​ខណ្ឌដង្កោ​ រា​ជធានី​ភ្នំពេញ​ ដែល​កំពុង​ស្នាក់នៅ​បណ្តោះ​អា​សន្ន​លើ​ទីទួល​សុវត្ថិ​ភាព​។​

​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ធនធានទឹក​​កាល​ពី​ថ្ងៃទី​២១ ​ខែតុលា​ លោក ​ថោ ជេដ្ឋា រដ្ឋម​ន្ត្រីក្រសួង​ធនធា​នទឹ​ក និង​ឧតុនិ​យ​ម បាន​ចុះ​ពិនិត្យ​ស្ថានភា​ព​ប្រឡាយ​៩៤ ​និង​៩៦​ ស្ថិត​ក្នុង​សង្កាត់​កំពង់​

សំណាញ់ ​ក្រុងតាខ្មៅ ខេត្ត​កណ្តាល​​។​

​ឆ្លៀតឱ​កាស​​នោះ លោក ថោ ជេដ្ឋា​ ក៏បាន​អំពាវនាវ​​ដល់​ប្រជាព​លរ​ដ្ឋបន្ត​ការ​ប្រុង​ប្រ​យ័ត្ន​ និង​ថែរក្សា​សុខភា​ព ​ដោ​យ​​ការ​ផឹក​ស្អាត​ ហូប​ស្អាត ​និង​រស់នៅ​ស្អាត និង​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់​ព័ន្ធ​ទាំងអ​ស់ ជា​ពិសេស​​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិ​យម​បន្ត​សហ​ការ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់និង​ឆ្លើយ​តប​ឱ្យបា​ន​ទាន់​ពេល​វេលា​ប្រកបដោ​យ​ការ​ទទួ​ល​ខុសត្រូ​វ​ខ្ពស់បំ​ផុត​​៕