ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​លើក​ទឹក​ចិត្ត​ឱ្យ​បណ្តា​ប្រទេស​អាស៊ាន​និង​អារ៉ាប៊ី សាអ៊ូឌីត ស្វែងរក​ប្រភព​នៃ​កំណើនសេដ្ឋកិច្ច​ថ្មី នៃ​វិស័យ​គន្លឹះ​មួយចំនួន រួមមាន​ការតភ្ជាប់​សេដ្ឋ​កិច្ច​ឌីជីថល អន្តរកាល​ថាមពលបៃតង​ហិរញ្ញវត្ថុ​ធនាគារ ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​នាវា​នុ​វត្ត​ន៍​។

​លោក​បានលើកឡើង​ដូច​នេះ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្រុមប្រឹក្សា​សហ​ប្រតិ​​ប​ត្តិ​ការ​ឈូង​សមុទ្រ កាលពី​ថ្ងៃទី​ ២១ ខែតុលា បានឱ្យដឹងថា នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​មហា​ឈូង​សមុទ្រ​នា​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កាលពី​ថ្ងៃទី​២ ០ ខែតុលា កន្លងទៅ​ថ្មីៗ​នេះ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា បណ្តា​ប្រទេស​អាស៊ាន និង​អារ៉ាប៊ី សាអ៊ូឌីត ត្រូវបាន​ផ្សារភ្ជាប់​ទំនាក់ទំនង​និង​គ្នា​ដោយ​វប្បធម៌ និង​អរិយ​ធម៌​ដ៏​យូរលង់​ និង​សម្បូរបែប ដែល​ទាំងនេះ​ គឺជា​សក្តានុពល​ដ៏​សម្បើម​ដែល​ជួយ​លើកកម្ពស់​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​នៃ​បណ្តា​ប្រទេស​នៃ​តំបន់​ទាំង​ ២ ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ផងដែរ​។

​នៅក្នុង​បញ្ហា​ប្រឈម​នៃ​ការផ្លាស់ប្តូរ​អាកាសធាតុ និង​សន្តិសុខ​ស្បៀង លោកនាយក​រដ្ឋមន្ត្រីបានស្នើ​ឱ្យ​បណ្តា​ប្រទេស​ដែលជា​សមាជិក​ទាំងអស់​ពិនិត្យមើល​លទ្ធភាព​ក្នុងការ​បង្កើន​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា ការស្រាវជ្រាវ ឧ​ត្ត​មមា​នុ​វត្ត​ន៍ ជាពិសេស​នោះ​គឺ​ការអភិវឌ្ឍ​ឧស្សាហកម្ម​វិស័យ​អាហារ​ហា​ឡា​ល់​។

​ក្នុងឱកាស​នៃ​ការចូលរួម​កិច្ចប្រជុំ​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ព្រះអង្គ​ម្ចាស់ Mohammed Bin Salman Bin Abdulaziz Al Saud រជ្ជ​ទាយាទ និង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​អារ៉ាប៊ី សាអ៊ូឌីត ដោយ​នាយករដ្ឋមន្ត្រី​កម្ពុជា និង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី បន្ថែមទៀត​ផងដែរ​។​

​យោងតាម​រយៈ​តេ​ឡេ​ក្រាម​លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​កិច្ច​ជំនួប​នោះ ព្រះ​​អង្គ​ម្ចាស់​នាយករដ្ឋមន្ត្រី បាន​អបអរ​សាទរ​នៃ​ការ​ចូលកាន់​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​របស់លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង​បានលើកឡើង​ពី​ទិសដៅ​ប្រកបដោយ​សក្តានុពល​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​រវាង​កម្ពុជា​-​អារ៉ាប៊ីសាអ៊ូឌីត​ផងដែរ​។​

​ការលើកឡើង​នេះ​ព្រះអង្គម្ចាស់​នាយករដ្ឋមន្ត្រី​សំដៅ​ឈានទៅ​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​មួយចំនួន ជាអាទិ៍ វិស័យ​ពាណិជ្ជកម្ម​, វិនិយោគ​, ថាមពល និង​វិស័យ​សក្តានុពល​ដទៃទៀត ដើម្បី​សម្រេចបាន​នូវ​ផលប្រយោជន៍​រួម​សម្រាប់​ប្រទេស និង​ប្រជាជន​ទាំង ​២​។

​ជាការ​ឆ្លើយតប​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ចូលរួម​អប​អរសាទរ​ចំពោះ​ជោគជ័យ​របស់​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ «​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​» ជា​លើកដំបូង​នេះ និង​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​អារ៉ាប៊ីសាអ៊ូឌីត ដូចដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការសម្រេច​បង្កើត​ស្ថាន​ឯក​អគ្គរាជទូត​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​នៅ​កម្ពុជា ជាដើម​។

​ឆ្លងតាម​កិច្ចពិភាក្សា​នេះ នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ទាំង​ ២ បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​រួម​ក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​បន្ថែមទៀត ដោយបាន​ឯកភាព​លើ​ទិសដៅ​នៃ​ការបង្កើត​យន្តការ​ទ្វេភាគី ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សក្តា​នុ​ពល​មួយចំនួន ដូចជា វិស័យ​ពាណិជ្ជ​កម្ម​, វិនិយោគ​, និង​វិស័យ​ផ្សេងៗ​ទៀត ដែលជា​ផលប្រយោជន៍​រួម​។

​លោក ​គិ​ន ភា ប្រធាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ប្រាប់​ឱ្យដឹងថា បណ្តា​ប្រទេស​អាស៊ាន និង​ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត មាន​កត្តា​ច្រើនណាស់​ដែល​អាចឱ្យ​ប្រទេស​នៃ​តំបន់​ទាំង ​២ ​នេះ​អាច​ផ្សារភ្ជាប់ និង​បង្កើត​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​បាន​យ៉ាងរឹងមាំ​នាពេល​អនាគត​។

​លោក គិ​ន ភា បាន​ថ្លែង​បន្ថែមថា ជាពិសេស​លើ​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​លើ​វិស័យសេដ្ឋកិច្ច​ឌីជីថល ដែល​បណ្តា​ប្រទេស​អាស៊ាន​បាន​ដើរមក​ដល់ពេល​វេលា​នៃបដិ​វត្ត​ន៍​ឧស្សាហកម្ម​មួយ​ក្នុង​របត់​ថ្មី នាពេល​បច្ចុប្បន្ននេះ​។ ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​លើ​ការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​ឌីជីថល​នេះ​គឺជា​គោលនយោបាយ​មួយ​សំខាន់​ណាស់​ដើម្បី​សមស្រប​នៃ​ការវិវឌ្ឍ​ថ្មីៗ​របស់​ពិភពលោក​។

​លោក គិ​ន ភា ថ្លែងថា​៖ «​ប្រសិន​​បើ​មាន​គោលនយោបាយ​ត​ភ្ជាប់​ផ្លូវដែក និង​ផ្លូវទឹក ពី​បណ្តា​ប្រទេស​អាស៊ាន​រហូត​ទៅដល់​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអ៊ូឌីត វា​គឺជា​រឿង​១​ល្អ​ណាស់ លើ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ ដឹកជញ្ជូន និង​ការពង្រឹង​សេដ្ឋកិច្ច​នាពេល​អនាគត​រវាង​បណ្តា​ប្រទេស​នៃ​តំបន់​ទាំង​ ២ ​ផងដែរ​»​។​

​លោក គិ​ន ភា ថ្លែងបន្តថា​៖ «​ជា​ពិសេស​នោះ​គឺ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ប្រេងកាត ពីព្រោះ​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជា​ប្រទេស​សម្បូរ​ប្រេង ដូច្នេះ​ជា​រឿង​ល្អ​ណាស់​សម្រាប់​បណ្តា​ប្រទេស​អាស៊ាន​ក្នុង​កិច្ច​សហប្រតិបត្តិ​កា​រលើ​វិស័យនេះ ពីព្រោះ​អាស៊ាន​អាច​រក្សា​លំនឹង​តម្លៃ​ប្រេង​ក្នុង​តំបន់​ដែល​មិន​ធ្វើឱ្យ​តម្លៃ​ប្រេង​នេះ​កើន​ឡើង និង​ថយចុះ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​»​។

​យោងតាម​ប្រភព​តេ​ឡេ​ក្រាម របស់ លោក ហ៊ុន ម៉ា​ណែ​ត ដដែលក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​នា​អារ៉ាប៊ីសាអ៊ូឌីត​នោះដែរ លោក​ក៏បាន​អនុ​ញ្ញាត​ឱ្យ​លោក ​Sultan Abdulrahman Al Marshad​ នាយក​ប្រតិបត្តិ នៃ​មូលនិធិ​សូ​ឌី​សម្រាប់​ការអភិវឌ្ឍ (Saudi Fund for Development SFD) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ផងដែរ​។​

​ក្នុងឱកាស​នៃ​ជំនួប​ទ្វេភាគី​នោះ នាយក​ប្រតិបត្តិ​មូលនិធិបាន​លើក​ឡើង​ពី​គោលបំណង​ក្នុងការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រទេស​កម្ពុជា ខណៈដែល​មូលនិធិ​នេះ តែង​បាន​ចូលរួម​គាំទ្រ​ដល់​ការជំរុញ​ឱ្យមាន​កំណើន​ប្រកបដោយ​ចីរភាព​របស់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​នានា ជាពិសេស នៅក្នុង​វិស័យ​មួយចំនួន ដូចជា វិស័យ​អប់រំ និង​កី​ទ្បា​, សុខា​ភិ​បាល និង​គមនាគមន៍ ជាដើម​។​

​ជាការ​ឆ្លើយតប លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ​មូលនិធិ​សូ​ឌី​សម្រាប់​ការ​អភិ​វ​ឌ្ឍ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​បំណង​ក្នុង​ការភ្ជាប់​ទំនាក់ទំនង និង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។

​ទន្ទឹមនឹងនេះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផងដែរ អំពី​សក្តា​នុ​ពល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត ពាក់ព័ន្ធ​នឹង​វិស័យ​វិនិយោគ​, ទេសចរណ៍ និង​ថាមពល​កកើត​ឡើងវិញ ជាពិសេស វិស័យ​កសិកម្ម​។​

​ភាគី​ទាំង​ ២​ បាន​គាំទ្រ​ចំពោះ គម្រោង​នៃ​ការផ្តល់​ហិរញ្ញប្បទាន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​សម្រាប់​បម្រើឱ្យ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ការកសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត ដោយ​លោក ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​មូលនិធិ​សូ​ឌី​សម្រាប់​ការអភិវឌ្ឍ មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដើម្បី​បន្ត​ពិភាក្សា​អំពី​កិច្ចការ​នេះ ជាមួយនឹង​បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​ផងដែរ​៕