ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្សនយោបាយ​ចំនួន ២៧ ​នឹងធ្វើ​ពិធី​ចុះ ​«​កិច្ច​ព្រមព្រៀង​កិច្ចសហប្រតិបត្តិការ និង​សម្ព័ន្ធភាព​» ក្រោម​អធិបតីភាព​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​វិមាន ៧ មករា នា​ថ្ងៃទី ​២៥ ខែតុលា ឆ្នាំ​ ២០២៣​ ខាងមុខ​។ នេះ​បើ​យោងតាម​លិខិតអញ្ជើញ​គណបក្សនយោបាយ​ទាំង​ ២៧ ដែល​ចុះហត្ថលេខា​ដោយ​លោក ម៉ម សារិន ប្រធាន​ខុទ្ទកាល័យ​គណៈកម្មការ​ធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ទាក់ទង​នឹង​ការចុះ​កិច្ច​ព្រម​ព្រៀង​នេះ​លោក​ ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​ ២២ ខែតុលា​ បានបញ្ជាក់​ប្រាប់​យ៉ាងខ្លី​ថា កិច្ច​ព្រម​ព្រៀង​ដែល​ត្រៀម​ធ្វើ​នៅពេល​ខាងមុខនេះ​ជា​កិច្ចសហប្រតិបត្តិការ​ជាមួយ​គណបក្ស​ដែលមាន​គោល​​ជំហរ​នយោបាយ​ស្រដៀង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​។

​លោក​ ឈឹម ផល​វរុណ ​ថ្លែងថា​៖ «​ខ្លឹមសារ​ស៊ីជម្រៅ​នៃ​កិច្ចសហប្រតិបត្តិការ​រង់ចាំ​ដល់​ថ្ងៃ​ចុះ​ហត្ថ​លេខា ទើប​គេ​ឱ្យដឹង​។ ទោះជា​គណបក្ស​ដទៃ ក៏​គេ​មិនឱ្យ​យើង​ដឹង​មុន​ដែរ​គេ​គ្រាន់តែ​ប្រកាស​ឱ្យ​យើង​ចូលរួម​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប៉ុណ្ណោះ​»​។

​ពាក់ព័ន្ធ​នឹង​ការ​ចងសម្ព័ន្ធភាព​នេះដែរ​លោកស្រី​ ពោធិ​តី សាវត្ថី ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ ដែលជា​អ្នក​ខិតខំ​ប្រឹងប្រែង​មួយរូប​ដែល​ធ្វើឱ្យ​កិច្ច​សហប្រតិបត្តិ​ការ​នេះ​លេចចេញ​ជា​រូបរាង​ឡើង​នាពេលខាងមុខ​នេះ​បាន​ប្រាប់ឱ្យដឹង​កាលពី​ថ្ងៃទី​ ២២ ខែតុលា​ថា ការរួបរួម​គ្នា​នៅពេលនេះ ជា​រឿង​ដែល​ល្អ​បំផុត ព្រោះថា ក្នុង​រយៈពេល​ ៥០០ ឆ្នាំមុន​រហូតមក មិន​ដែលមាន​នោះទេ ទើបតែ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​មាន​ស្ថិរភាព និង​សន្តិភាព​ពិត​​ប្រាកដ​នៅពេលនេះ​។

​លោកស្រី​បញ្ជាក់ថា ការ​ចងសម្ព័ន្ធភាព​នេះ មិនមាន​អ្វី​ខុសឆ្គង​នោះទេ ព្រោះថា សិទ្ធិ​ចូលរួម​និង​សិទ្ធិ​ន​យោ​បាយ គឺជា​សិទ្ធិសេរីភាព​របស់​គណ​បក្ស​នីមួយៗ​ហើយ​គណ​បក្សប្រឆាំង ដែល​តែងតែ​តាំងខ្លួន​ឯង​ជា​អ្នកប្រឆាំង​រហូតមក ក៏​គេ​ធ្វើបាន​ដូចគ្នា​ឱ្យតែ​ពួកគេ​យល់ថា មាន​និន្នាការ​នយោបាយ​ដូចគ្នា​រីឯ​គណបក្ស​ដែល​ស្រប​ក៏​អាចធ្វើ​បានដែរ​។ លោកស្រី ​ពោធិ​តី សាវត្ថី ថ្លែងថា​៖ «​ការ​ចងសម្ព័ន្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​តែ​កម្ពុ​ជាមាន​ប្រជា​ធិ​ប​តេ​យ្យ​នោះទេ គឺមាន​ទាំង​សេរី​ពហុបក្ស ព្រោះ​ប្រជាធិបតេយ្យ គឺ​យើង​មាន​រួចហើយ​»​។

​បើតាម លោកស្រី ពោធិ​តី សាវត្ថី ការ​ចងសម្ព័ន្ធភាព​និង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ជាមួយ​គណបក្សកាន់អំណាច​នៅពេលនេះ ព្រោះ​គ្រប់​គណបក្ស នយោបាយ​បាន​យល់ឃើញថា ស្ថានភាព​ពិភពលោក កំពុងស្ថិត​នៅក្នុង​ភាពច្របូកច្របល់ ដែល​អាច​នឹង​ឈានដល់​សង្គ្រាមលោកលើកទី​៣​។ ដូច្នេះ បានជា​មានការ​ចងសម្ព័ន្ធ​ភាព​នេះ​ដើម្បី​ផ្តល់​ប្រយោជន៍​ជូន​ជាតិ​តាមរយៈ​ការធ្វើឱ្យមាន​ស្ថិរភាព​នយោបាយ និង​សន្តិភាព នៅក្នុង​ប្រទេស​។​

​លោក​ យង់ ពៅ អគ្គលេខា​ធិ​ការ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកជំនាញ​វិទ្យាសាស្ត្រ​ន​យោ​បាយ បាន​ថ្លែង​នៅ​ថ្ងៃទី​ ២២ ខែតុលា​ថា វា​ជា​ដំណើរការ​ធម្មតា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។ គណបក្ស​ដែលមាន​និន្នាការ​មិន​ស្រប​នឹង​គណបក្ស​ប្រជាជន​កម្ពុ​​ជា ក៏បាន​ចងសម្ព័ន្ធភាព​ជាមួយគ្នា​ដែរ រីឯ​គណបក្ស​ដែលមាន​និន្នាការ​ប្រហាក់ប្រហែល ឬ​ស្រប​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ប្រកាស​ចងសម្ព័ន្ធ​ភាព​ជាមួយគ្នា​ផងដែរ​ដែល​ទាំងនេះ​គឺ​មិនមាន​ការយល់​ទាស់​ទៅនឹង​ការ​ចងសម្ព័ន្ធ​នេះ​ទេ បើតាម​របប​ប្រជាធិបតេយ្យ​របស់​កម្ពុជា ឱ្យតែ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ ស្របតាម​ច្បាប់បោះឆ្នោត និង​ច្បាប់​គណបក្សនយោបាយ​ជាដើម​។​

​លោក​ យង់ ពៅ ​បញ្ជាក់ថា​៖«​នេះ​ជា​ដំណើរការ​ធម្មតា​នៃ​សង្គម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ខ្ញុំ​សង្ឃឹមថា ការ​ចងសម្ព័ន្ធ​គណបក្សនយោបាយ​ទាំងអស់ បើទោះជា​សម្ព័ន្ធ​មិនមាន​និន្នាការ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល ឬ​សម្ព័ន្ធ​ដែលមាន​និន្នាការ​ស្រប​នឹង​គណបក្ស​ប្រជាជន​កម្ពុជា សម្ព័ន្ធ​ទាំងអស់នោះ ត្រូវ​គិតពី​ផលប្រយោជន៍​ជាតិ​ជាសំខាន់ ជាពិសេស​ក្នុងខណៈ​ពេលដែល​សង្គម​ឬ​នយោបាយ​អន្តរជាតិ​កំពុង​ពើបប្រទះ​នឹង​សង្គ្រាម​ធំៗ​ជាច្រើន រួម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ផងដែរ​»​។

​លោក​បន្ថែមថា ត្រូវ​ចៀសវាង​ការ​ចងសម្ព័ន្ធ​ដើម្បី​ប៉ែង​ជើង​គ្នា ដើម្បី​រំខាន​ការអភិវឌ្ឍ​ប្រទេសជាតិ រំខាន​សុខសន្តិភាព​កម្ពុជា នោះ​គឺជា​រឿង​ដែល​ត្រូវ​ខាតបង់​ទៅវិញ​។​សូម​រំឭកថា កាលពី​ថ្ងៃទី ​១០ ខែតុលា កន្លងទៅ គណបក្សនយោបាយ​ជាង​ ២០​ គណបក្ស ដូចជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​,​ គណបក្ស​សញ្ជាតិ​កម្ពុជា​, គណ​​បក្ស​ខ្មែរ​ក្រោក​,​ គណបក្ស​អំណាច​ប្រជាពលរដ្ឋ​, គណបក្ស​កម្ពុជា​សេរី​ឯករាជ្យ​ប្រជាធិបតេយ្យ​, គណបក្ស​ខ្មែរ​សាធារណរដ្ឋ​, គណបក្ស​ខ្មែរ​តែមួយ​, គណបក្ស​ខ្មែរ​អភិរក្ស​, គណបក្ស​សំបុក​ឃ្មុំ សង្គម​ប្រជាធិបតេយ្យ​, គណបក្ស​យុវជន​កម្ពុជា​និង​គណបក្ស​មួយចំនួនទៀត បានធ្វើ​លិខិត​រួមគ្នា​មួយ​ផ្ញើជូន​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ស្នើសុំ​ចងសម្ព័ន្ធភាព​ជាមួយ​គ​ណ​បក្ស​កាន់អំណាច​មួយ​នេះ​។​

​ជាការ​ឆ្លើយតប​លោក​ ហ៊ុន សែន ក៏បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា​ពេញចិត្ត​ជាមួយនឹង​ការ​ចងសម្ព័ន្ធភាព​លើ​មូល​ដ្ឋា​ន​នៃ​ការគោរព​ឯករាជ្យភាព​នៃ​គណបក្ស​រៀងៗ​ខ្លួន​។ លោក​សង្កត់ធ្ងន់ថា៖ «​គណបក្ស​ប្រជា​ជនកម្ពុជា មិន​ព្យាយាម​ដើម្បី​ត្រួត​​ត្រា​ទៅលើ​គណបក្សនយោបាយ​ដទៃ​ទេ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​ពេញចិត្ត​នឹងធ្វើ​ការ​ជាមួយ​គណបក្ស​ផ្សេងទៀត ដោយ​គោរព​នូវ​ឯករាជ្យ​រប​ស់​គណបក្ស​ទាំង​អស់ហើយ​ចាត់ទុក​គណបក្ស​ទាំងអស់​ជា​ដៃគូ​ស្មើភាព​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា​»៕