ភ្នំពេញៈ ក្រសួងមហាផ្ទៃ​កំពុង​រៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការប្រើប្រាស់​កងកម្លាំង មធ្យោបាយ ដើម្បី​ការពារ​ព្រឹត្តិ​​ការណ៍​ជាតិ អន្តរជាតិ និង​បុណ្យ​ប្រពៃណីជាតិ​នានា ក្នុងនោះ​មាន​ក្បួន​យានយន្ត​ហែ​អម ការប្រើ​ប្រាស់​ភ្លើង​សញ្ញា​ពិសេស សូរ​សព្ទ​ពិសេស និង​សិទ្ធិ​អាទិភាព​ក្នុង​ការធ្វើ​ចរាចរណ៍​ជាដើម​។​

​ការរៀបចំ​សេចក្តីព្រាង​អនុ​ក្រឹត្យ​នេះ នៅ​ថ្ងៃទី​ ២៣ ខែតុលា ឆ្នាំ​ ២០២៣ លោក ម៉ៅ ច័ន្ទ​​តារា រដ្ឋមន្ត្រី​ស្តីទី​ក្រសួងមហាផ្ទៃ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា ដោយមាន​ការចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​តំណាង​អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ពាក់​ព័ន្ធ​ផងដែរ​។​នេះ​បើតាម​ហ្វេ​ស​​ប៊ុ​ក​ក្រសួងមហាផ្ទៃ​។​

​បើតាម​ប្រភព​ដដែល ក្នុង​កិច្ចប្រជុំ​នោះ លោក ម៉ៅ ច័ន្ទ​​តារា បាន​លើកឡើងថា កន្លងមក​មិនទាន់មាន​ឯកសារ​គតិយុត្ត ឬ​អនុក្រឹត្យ​ណែនាំ​ណាមួយ​ឱ្យបាន​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​កម្លាំង​នគរបាល​ជាតិ​ដើម្បី​ឆ្លើយតប​ទៅនឹង​ព្រឹត្តិ​ការណ៍​នានា​នៅ​កម្ពុជា​នៅឡើយ គឺមាន​តែ​ជា​បទបញ្ជា​ដាក់ចេញ​តាម​ភាពជាក់ស្តែង​ប៉ុណ្ណោះ​។​

​លោក​បាន​ថ្លែងថា​៖ «​ដូច្នេះ​ថ្ងៃនេះ​យើង​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​ដើម្បី​ពិនិត្យ និង​ពិភាក្សា​ប្រមូល​ធាតុ​ចូល​សំខាន់ៗ​ដើម្បី​រៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ​មួយ​ឱ្យបាន​ច្បាស់លាស់ និង​មាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង ក៏ដូចជា​ប្រើប្រាស់​កម្លាំង​នគរបាលជាតិ ដើម្បី​ឆ្លើយតប​ទៅនឹង​ព្រឹត្តិការណ៍​នានា​នៅ​កម្ពុជា​ឱ្យបាន​សមស្រប​»​។​

​លោក ​ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​បាន​ចូលរួម​ពិភាក្សា​ដែរ នោះ មិនអាច​ទាក់ទង​សុំ​ធ្វើ អត្ថាធិប្បាយ​បន្ថែម​បានទេ នៅ​ថ្ងៃទី​ ២៣ ខែតុលា ឆ្នាំ​ ២០២៣​។​

​ចំណែក លោក សំ វិច្ឆិកា អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់ថា នៅពេល​អនុក្រឹត្យ​នេះ​ចេញមក​នឹងធ្វើ​ឱ្យ​ការអនុវត្ត​របស់​កង​​កម្លាំង​កាន់តែ​មាន​ប្រសិទ្ធភាព​ និង​មានការ​ទទួលខុសត្រូវ​បន្ថែមទៀត ជាពិសេស​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ថែមទៀត​។​

​ទោះជា​យ៉ាងណា លោក​បាន​បញ្ជាក់ថា ការប្រើប្រាស់​កង​​កម្លាំង មធ្យោបាយ ដើម្បី​ការ​ពារ​ព្រឹត្តិការណ៍​ជាតិ អន្តរជាតិ និង​បុណ្យ​ប្រពៃណីជាតិ​នានា និង​ក្បួន​យានយន្ត​ហែ​អម រួម​នឹង​បញ្ហា​ផ្សេងទៀត​កន្លងមក គឺ​​កម្លាំង​របស់​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​បាន​អនុវត្តបាន​យ៉ាង​ខ្ជាប់ខ្ជួន និង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ទទួល​ខុសត្រូវ ហើយ​កងកម្លាំង​ក៏បាន​រៀបចំ​សម្រាប់​ត្រៀម​ចូលរួម​ក្បួន​ក្នុង​ពិ​ធិ​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ថ្ងៃទី​ ៩ ខែវិច្ឆិកា ខាងមុខ ផងដែរ​។​

​លោក​ សំ វិច្ឆិកា បាន​បញ្ជាក់ថា​៖ «​អនុវត្តតាម​គោលការណ៍​ដឹកនាំ​របស់​អគ្គស្នងការ​ដ្ឋា​ន​នគរបាលជាតិ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ យើង​បានរៀបចំ​កងកម្លាំង និង​កំពុង​ហ្វឹកហាត់​ជា​បណ្តើរៗ ដោយបាន​សហជា​មួ​យស​ម​ត្ថ​កិច្ច​គ្រប់ផ្នែក​ក្នុងការ​ចូលរួម​ក្នុង​ពិធីបុណ្យ ឯករាជ្យ​ជាតិ នៅពេល​ខាងមុខ​»​។

​អ្នកនាំពាក្យ​ដដែល​បន្ថែមថា​៖ «​និយាយ​ទៅ យើង​បាន​ត្រៀមខ្លួន​ទាំងអស់​ក្នុងការ​ចូលរួម​ការពា​រ និង​ចូលរួម​បុណ្យជាតិ ព្រមទាំង​បាន​អនុវត្ត​ដោយ​ទទួលបាន​ជោគជ័យ​នាពេល​កន្លងមក​រួចហើយ ហើយ​បើ​មាន​អនុ​ក្រឹត្យ​ថ្មី​បន្ថែមទៀត​វា​នឹង​ធ្វើឱ្យ​ការបំពេញភារកិច្ច​រប​ស់​យើង​កាន់តែ​មានការ​ទទួលខុសត្រូវ និង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធ​​ភាព​ថែមទៀត​»៕