ភ្នំពេញៈកម្ពុជា និង​ចិន បាន​សហការ​គ្នា​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី​បច្ចេកទេស​បង្ការ និង​កម្ចាត់​ជំងឺ​គ្រុន​ចាញ់​ ទៅ​ដល់​មន្ត្រី​សុខាភិបាល​កម្ពុជា​មក​ពីខេត្តចំនួន ២១ ដើម្បី​ផ្ដល់​ចំណេះ​ដឹង និង​ជំនាញ​បន្ថែម​ក្នុង​ការ​តាម​ដា​ន​គ្រប់​គ្រង​និង​ព្យាបាល​ជំងឺ​គ្រុនចាញ់​ ឱ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​។

​​តាមរយៈហ្វេសប៊ុក​​ក្រសួង​សុខាភិបាល ​​នៅ​ថ្ងៃ​​ទី២៣ ខែ​តុលា បានលើកឡើង​ថា វគ្គ​បណ្ដុះ​បណ្ដាល​នេះ​រៀ​​ប​ចំ​ដោយ​មជ្ឈម​ណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ រួមនឹង​អគ្គ​នាយក​ដ្ឋា​ន​រដ្ឋ​បាល​ផ្នែក​បង្ការ និង​គ្រប់​គ្រង​ជំងឺ​នៃ​ខេត្ត​ហៃណាន ប្រទេសចិន​ ជូន​​ដល់​មន្ត្រី​សុខាភិបាល​កម្ពុជា​សរុប​ចំនួន ៣០​នាក់ ដែល​មក​ពី​បណ្ដា​ខេត្ត​ចំនួន២១​។

វគ្គ​បណ្ដុះ​បណ្ដាល​នេះត្រូវ​បាន​ធ្វើ​ឡើងរ​យៈពេល ៥ ​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី២​៣ ដល់​ថ្ងៃ​ទី​២៧ ខែតុលា ​​ដោយមាន​​កា​រ​សិក្សា​ដោយ​ផ្ទាល់​ ជា​មួយ​អ្នក​ជំនាញ​សុខភាព​សា​ធារណៈ​ និង​ការចុះ​​ធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ​និង​ទស្សន​កិច្ច​នៅ​ខេត្ត​កំពង់ស្ពឺ មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត មណ្ឌ​ល​សុខភាព​ចំបក់ និង​ជួប​ជាមួ​យ​អ្នក​ស្ម័គ្រ​ចិត្ត​ចុះព្យាបាល​ជំងឺ​គ្រុន​ចាញ់​នៅ​ភូមិ​រំដួល​ថ្មី​ផង​ដែរ​។

លោក ហុក គឹមចេង អគ្គនាយក​បច្ចេក​ទេស នៃ​ក្រសួង​សុខាភិបាល បានលើកឡើង​​​ពី​​គោល​បំណង​នៃ​វគ្គ​បណ្ដុះ​បណ្ដាល​នេះថា ជាការ​​ចែក​រំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​ដល់​មន្ត្រី​សុខាភិបាល​កម្ពុជា​ដើ​ម្បី​បង្កើន​ចំណេះ​ដឹង និង​ជំនាញ​បន្ថែម​ទៀត​ ក្នុង​ការ​តាម​ដាន​គ្រប់​គ្រង​និង​ព្យាបាល​ជំងឺ​គ្រុនចា​ញ់​ឱ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ថែម​ទៀត​។

លោកក៏បាន​​​អំពាវ​នាវ​ដល់​មន្ត្រី​សុខាភិបាល​ទាំង​អស់​ ដែល​បាន​ចូល​រួម ត្រូវ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ដើម្បី​កម្ពុជា​ឈាន​ទៅ​សម្រេច​គោលដៅ​ជាតិ​ក្នុង​ការ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​ក្នុង​ឆ្នាំ​២០២៥​។

ទាក់​ទង​រឿង​នេះ លោក នុត សម្បត្តិ ប្រធាន​​​​វិទ្យា​ស្ថាន​​វេជ្ជសាស្ត្រ ជីវ​សាស្ត្រ​ និង​កសិកម្ម​ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​​ថ្លែង​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា​ថា ​ការបណ្តុះបណ្តាលនេះ ​​ពិត​ជា​ល្អ​ណាស់ ពីព្រោះ​ភាគី​ចិន​មាន​បទ​ពិសោធន៍​ច្រើន​ទៅ​លើ​ការ​ងារ​គ្រប់​គ្រង​ និង​ព្យាបាល​ជំ​​ងឺគ្រុន​ចាញ់​ជា​យូរ​មក​ហើយ​។

ការ​ងារ​កម្ចាត់​ជំងឹ​គ្រុន​ចាញ់​នេះ ​ចិន​ក៏​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ និង​ផលិត​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុនចាញ់បាន​ដោ​យ​​ខ្លួន​ឯង​ផង​ដែរ ខណៈ​ដែល​លោក​អះ​អាង​ថា ថ្នាំ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​របស់​ចិន គឺ​​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ណាស់​។

លោកបាន​​ថ្លែង​ថា​៖ «​​វា​ជា​ការ​សំខាន់ និង​មាន​ប្រយោជន៍​ណាស់​សម្រាប់​កម្ពុជា​យើង ដោយ​សារ​ការ​សហកា​រ​របស់​ចិន នឹង​ជួយ​កម្ពុជា​លុប​បំបាត់​ជំងឺ​គ្រុនចាញ់ ខណៈ​ប្រទេស​យើង​ក៏​សម្បូរ​​អ្នក​កើតជំងឺ​គ្រុន​ចាញ់​ដែរ​ ដូច្នេះ​ខ្ញុំ​ជឿ​​ថា ​វា​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ក្នុង​ការ​ជួយ​យើង​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​»​។​

សូមរំឭកដែរថា កាល​ពី​ខែ​សីហា​កន្លង​មក​ ក្រសួង​សុខាភិបាល បាន​ចេញ​​សា​រា​ចរ​ណែនាំ​ឱ្យ​គ្រប់​ភាគី​ពា​ក់​ព័ន្ធ​ទាំង​អស់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ក្នុង​ការ​គ្រប់​គ្រង​ករណី​ជំងឺ​គ្រុន​ចាញ់​ដែល​នាំ​ចូល​ពី​បណ្ដា​ប្រ​ទេសផ្សេ​ងៗ​មក​ប្រទេស​កម្ពុជា ដើម្បី​បង្ការ​ការ​ចម្លង និង​ទប់​ស្កាត់​ការ​វិល​ត្រឡប់​មក​វិញ​នៃ​ជំងឺ​គ្រុន​ចាញ់​។

​របាយការណ៍​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ បានឱ្យដឹងដែរ​ថា ក្នុង​ឆ្នាំ​២០២១ អត្រា​ឈឺ​ជំងឺគ្រុ​នចាញ់​​សរុប មាន ៤ ២៧៩​ករណី ដែល​ចំនួន​នេះ​បាន​បន្ត​ថយចុះ ៥៤ភាគ​រយ បើ​​ធៀប​នឹង​ឆ្នាំ​២០២០ ដែ​ល​មាន ៩ ២៣៤​ករណី។

កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ បង្ហាញ​ថា ប្រទេស​កម្ពុជា​ធ្លាប់មាន​ករណី​ជំងឺ​គ្រុនចាញ់ជាង ១៧​ម៉ឺនករណី នា​ទសវត្សរ៍​ឆ្នាំ​៨០ និងស្លាប់​ជិត ១ ០០០នាក់​។ ក្នុង​ឆ្នាំ​២០១៨ ករណី​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុនចាញ់​លែង​មាន​រហូត​​មក​ដល់​បច្ចុប្បន្ន មាន​ន័យ​ថា កម្ពុជា​​សម្រេច​បាន​ជោគជ័យ​មុន​គោលដៅ​គ្រោង​ទុក​ ឆ្នាំ២០២០​៕