ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ថ្លែងឱ្យដឹងថា រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ បានសម្រេច​បញ្ចុះតម្លៃ​ទិដ្ឋាការ​ការងារ​សម្រាប់​ពល​ករ កម្ពុជា​ពី​ ១ ៩០០ បាត ដែល​ប្រហែល ៥៤ ដុល្លារ​អាមេរិក មក​ត្រឹម ៥០០​ បាត ឬ​ប្រមាណ ១៤ ដុល្លារ​អាមេរិក​។​

​លោក ហេង សួរ បានបញ្ជាក់​ដូចនេះ នា​ថ្ងៃទី​ ២៥ ខែតុលា ក្នុង​ពិធី​ជួប​សំណេះ​សំ​ណា​ល​ជាមួយ​កម្មករនិយោជិត​ជាង ​១​ ម៉ឺន​នាក់ នៅ​ខេត្តកំពង់ចាម ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។​

​លោក​ថ្លែងថា​៖ «​ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំបាទ​សូម​គោរព​ជម្រាបជូន​ថា តាមរយ​:​លទ្ធ​​ផល​នៃ​ជំនួប​ទ្វេភាគី សម្តេច​ធិបតី ជាមួយ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ថៃ មក​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​កម្ពុជា កាលពី​ចុងខែ​កញ្ញា កន្លងទៅនេះ រដ្ឋាភិបាល​ថៃ ទើបបាន​ឯកភាព​តាម​សំណើ និង​ការលើកឡើង​របស់​សម្តេច​ធិបតី​ស្នើឱ្យ​ភាគី​ថៃ​សម្របសម្រួល និង​បន្ទុក​ចំណាយ​ផ្សេងៗ​។ ឥឡូវនេះ​រាជរដ្ឋាភិបាល​ថៃ​សម្រេច​បញ្ចុះតម្លៃ​ទិដ្ឋាការ​ការងារ​ដល់ បងប្អូន​កម្មករ​និ​យា​ជិត​កម្ពុជា​ដែល​ពីមុន​មាន​ពី​ ១៩០០​បាត​មក​ត្រឹម ​៥០០​ បាត​ប៉ុណ្ណោះ​»​។​

​លោក​ថា អត្រា​ថ្មី​នេះ នឹង​ចាប់ផ្តើម​អនុវត្ត​នៅក្នុង​ខែធ្នូ​ខាងមុខ​។ «​ក្នុងនាម​បងប្អូន​ពលករ​ដែល​ធ្វើការ​នៅក្រៅ​ប្រទេស ខ្ញុំ​សូម​អរគុណ​សម្តេច​ធិបតី ដែល​តែងតែ​លើកឡើង​នូវ​សំណើ​នានា​ជូនទៅ​ដល់​ភាគី​មិត្ត​ម្ចាស់ផ្ទះ​ទទួល​ពលករ​យើង​ឱ្យជួយ​សម្របសម្រួល និង​ថែទាំ​ពលករ​យើង​យ៉ាង​កក់ក្តៅ​»​។​

​លោក មឿ​ន តុលា ប្រធាន​អង្គការ​ម​ជ្ឈ​មណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (​សង់​ត្រា​ល់​) ថ្លែងថា ប្រសិនជា​ភាគី​ថៃ​បាន​ឯកភាព​លើ​ការបញ្ចុះ​តម្លៃ​វី​សា​សម្រាប់​ពលករ​កម្ពុជា​ពិតមែន ពិតជា​ល្អ​ណាស់ ព្រោះ​ពលករ​ខ្មែ​ដែល​ធ្វើ​ចំណាកស្រុក ភាគ​ច្រើន​ជា​អ្នក​ដែល​មិនមាន​ការងារ​ធ្វើ អត់​មាន​មុខរបរ​ឬក៏​ជា​អ្នក​ដែល​ជំពាក់​បំណុល​គេ​។

​លោក​បន្តថា ដូច្នេះ​លទ្ធភាព​របស់​ពលករ គឺ​មិនមាន​លុយ​ក្នុង​ការចំណាយ​សម្រាប់​ទៅ​ស្នើសុំ​ការ​ស្នាក់នៅ និង​ការធ្វើ​ឯកសារ​ផ្សេងៗ​បាន​ដោយ​ខ្លួនឯង​ទេ​គឺ​ពួកគាត់​ត្រូវការ​ខ្ចីលុយ​ពី​គេ ដើម្បី​បានធ្វើ​ឯកសារ​ទាំងអស់​នោះ​។​

​លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​! ការកំណត់​ទិដ្ឋាការ ឬ​វី​សា ធ្លាក់​មកដល់​ត្រឹម​ជាង ១០​ ដុល្លារ​នេះ វា​គ្រាន់តែ​ជួយ​បន្ថយ​បន្ទុក​សម្រាប់​ការចំណាយ​របស់​ពលក​រ​ក្នុងការ​ចុះឈ្មោះ​ជាមួយ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ ប៉ុន្តែ​ការ​ចំណាយ​ផ្សេងៗ​វា​នៅ​ខ្ពស់​ដដែល​ដូចជា ចំណាយ​ការធ្វើ​លិខិតឆ្លងដែន​ពី​ខ្មែរ​យើង​ទៅ​និង​ការពិនិត្យ​សុខភាព​ជាដើម​»​។

​លោកថា ដើម្បី​ជួយ​ទៅដល់​ពលករ​ខ្មែរ ក្នុងការ​កាត់បន្ថយ​ការចំណាយ ភាគី​កម្ពុជា​ត្រូវ​ពិ​ចា​រណា​ទៅលើ​តម្លៃ​ការធ្វើ​លិខិតឆ្លងដែន តម្លៃ​ពិនិត្យ​សុខភាព​និង​តម្លៃ​ឯកសារ​ផ្សេងៗ​ដែល​ផ្លូវច្បាប់​មួយចំនួន តម្រូវ គួរតែ​ធ្វើការ​បញ្ចុះ​ដូច​ទៅនឹង​ភាគី​ថៃ​ផងដែរ ពីព្រោះ​ហេតុផល​ដែល​លោក​ចង់ឱ្យ​កម្ពុជា​ធ្វើការ​បញ្ចុះ​រាល់​ការ​ធ្វើឯកសារ​ទាំងនោះ​គឺ​ដើម្បីឱ្យ​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​មាន​ឯកសារ​ត្រឹមត្រូវ និង​លិខិតឆ្លងដែន​បាន​គ្រប់ៗ​គ្នា​។​

​លោក មឿ​ន តុលា បន្ថែមថា​៖ «​ប្រសិន​ការចំណាយ​ហ្នឹង​កាន់តែ​តិច ហើយ​មាន​ពេលវេលា​រង់ចាំ​ច្បាស់លាស់ គឺ​អាហ្នឹង​វា​អាច​កាត់បន្ថយ​ការ​ចំណាកស្រុក​ដោយ​ប្រថុយ​ប្រថាន​របស់​ពលករ​យើង​បាន​ផងដែរ​»​។​

​ចំណែក​លោក ម៉ាន់ សេង​ហាក់ ប្រធាន​សហព័ន្ធ​សហជីព​ឥទ្ធិពល​ការងារ បាន​ថ្លែងថា ការបញ្ចុះ​តម្លៃ​ទិដ្ឋាការ​របស់​ថៃ មក​នៅត្រឹម​ជាង ​១០ ​ដុល្លារ​នេះ​បាន​ចូលរួម​កាត់បន្ថយ​ការចំណាយ​របស់​ពលក​រ​ខ្មែរ​ដែល​ទៅធ្វើ​ចំណាកស្រុក ​ឬ​ធ្វើការ​នៅ​ប្រទេស​ថៃ​។

លោក​ថ្លែងថា​៖ «​ការបញ្ចុះ​តម្លៃ​នេះ វា​បង្ហាញថា ពលករ​ខ្មែរ​យើង​ហ្នឹង​មាន​ច្រើន ហើយ​ការ​ងារ​ដែល​នៅ​ប្រទេស​ថៃ​ហ្នឹង ក៏មាន​ច្រើន​ផង​ដែរ​។ អ៊ីចឹង ថៃ​គឺ​ខ្វះ​ពលករ​ដើម្បី​បម្រើ​ការងារ​នៅក្នុង​ប្រទេស​របស់ខ្លួន ខណៈដែល​កម្ពុជា​យើង គឺមាន​កម្លាំង​ពលករ​ច្រើន​។ ដូច្នេះ​ខ្ញុំ​យល់ថា វា​ជាការ​ប្រសើរ​ណាស់ ពីព្រោះ​វា​កាត់បន្ថយ​ការចំណាយ​ច្រើន​របស់​ពលករ​យើង​»​។

​លោក​ថា ក្រៅពីនេះ វា​ក៏​កាត់បន្ថយ​ការ​ទៅធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ដែរ​ព្រោះ​ការឆ្លង​ដែន​ដោយ​ខុសច្បាប់​គឺ​ធ្វើឱ្យ​ពលករ​ខ្មែរ​ត្រូវ​ប្រឈម​នឹង​អាជ្ញាធរ​ថៃ​ចាប់​ដាក់គុក​និង​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​៕