​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន បានចេញ​សេចក្តីណែនាំ​មិនឱ្យ​សិស្ស​ប្រើ​ទូរស័ព្ទដៃ ឬ​ឧបករណ៍​អេឡិចត្រូនិក ក្នុង​ថ្នាក់រៀន ឬ​ម៉ោង​សិក្សា ដែល​មិន​បម្រើឱ្យ​សកម្មភាព​សិក្សា​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​គ្រូ​កំពុង​បង្រៀន​នោះឡើយ​។​

​លោក​បានចេញ​សេចក្ដីណែនាំ​កាលពី​ថ្ងៃទី ​២៤ ខែតុលា ឆ្នាំ ​២០២៣ ​ថា ក្នុង​បរិបទ​នៃ​ការអប់រំ​ឌីជីថល ឧបករណ៍​អេ​ឡិច​ត្រូ​និក​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត និង​មា​តិ​កា​ឌីជីថល​មាន​សារៈសំខាន់​ណាស់​សម្រាប់​បម្រើ​ដល់​ការបង្រៀន ការរៀន និង​ការស្រាវជ្រាវ​។ ប៉ុន្តែ​ក្នុង​គោលដៅ​ពង្រឹង​វិន័យ និង​បង្កើន​ប្រសិទ្ធភាព នៃ​ការប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​សាធារណៈ ក្រសួង​ណែនាំ​ដល់​មន្ទីរអប់រំ​រាជធានី​-ខេត្ត គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់ ហាមឃាត់​ការប្រើប្រាស់​ទូរស័ព្ទដៃ ​ឬ​ឧបករណ៍​អេ​ឡិច​​ត្រូ​និក​ក្នុង​ថ្នាក់រៀន​ដែល​មិន​បម្រើ​ដល់​ការសិក្សា​។

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា៖ «​ការប្រើប្រាស់​ទូរស័ព្ទដៃ​ឬ​ឧបករណ៍​អេឡិចត្រូនិក​ក្នុង​ថ្នាក់រៀន​ ឬ​ម៉ោង​សិក្សា​ដែល​មិន​បម្រើឱ្យ​សកម្មភាព​សិក្សា​ត្រូវ​ហាមឃាត់​ជាដាច់ខាត បើ​គ្មាន​ការ​អនុ​ញ្ញាត​ពី​គ្រូ​កំពុង​បង្រៀន​ជាពិសេស​ការ​លេង​ហ្គេម និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​មិន​ពាក់ព័ន្ធ​នឹង​សកម្មភាព​សិក្សា​»​។ ក្រសួង​បាន​ណែនាំ​ឱ្យ​គ្រូ​កំពុង​បង្រៀន​ក្នុង​ថ្នាក់ និង​ប្រធាន​ថ្នាក់​ត្រូវ​ណែនាំ​សិស្ស​ក្នុង​ថ្នាក់​កុំ​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​នាំឱ្យ​ខាត ឬ​រំខាន​ដល់​ការ​សិក្សា​។

​ចំណែក​សម្រាប់​សកម្មភាព​ក្នុង​បរិវេណ​សាលារៀន​វិញ ក្រសួង​ក៏បាន​ណែនាំ​ឱ្យ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា ត្រូវ​ណែនាំ​ជាប្រចាំ​ពី​វិន័យ​និង​បទបញ្ជាផ្ទៃក្នុង​របស់​សាលារៀន​ដល់​សិ​ស្សា​នុ​សិស្ស​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ទូរស័ព្ទ​ដៃ​ និង​ឧបករណ៍​អេឡិចត្រូនិក ឱ្យស្រប​នឹង​គោលបំណង​នៃ​ការអប់រំ​។​

​សេចក្តីណែនាំ​បន្តថា​៖ «​ក្រុមប្រឹក្សា​កុមារ​និង​ក្រុមប្រឹក្សា​យុវជន​ត្រូវ​ចូលរួម​ណែនាំ​សមាជិក ឱ្យ​ផ្តោតលើ​ការសិក្សា​រៀនសូត្រ ជាជាង​ការ​ចំណាយពេល​លើ​ការលេង​ហ្គេម​និង​ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​មិន​ពាក់ព័ន្ធ​នឹង​សកម្មភាព​សិក្សា ដោយ​ធ្វើយ៉ាងណា​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​សិស្ស​មាន​ទម្លាប់​ធ្វើ​ស្វ័យ​សិក្សា អាន និង​ស្រាវជ្រាវ​ក្នុង​បណ្ណាល័យ និង​បង្កើត ​និង​អនុវត្ត​ការអប់រំ​ក្រៅ​ម៉ោង​សិក្សា ដូចជា​ក្លិប​សិក្សា​តាម​កម្រិត​ថ្នាក់ និង​តាម​មុខវិជ្ជា​»​។​

​លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា នៅ​ថ្ងៃទី​ ​២៥ ខែតុលា បាន​ថ្លែងថា បើ​និយាយ​ពី​ការប្រើប្រាស់​ទូរស័ព្ទ ឬ​ឧបករណ៍​អេឡិចត្រូនិក គឺមាន​ទាំង​ផល​វិជ្ជមាន​និង​អវិជ្ជមាន​។ ជាមួយគ្នានេះ​លោក​បាន​គាំទ្រ​ចំពោះ​ការណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដើម្បី​ពង្រឹង​ការ​រឹតបន្តឹង​ទៅលើ​វិន័យ និង​គុណភាព​អប់រំ​នៅតាម​គ្រឹះស្ថាន​អប់រំ​បន្ថែមទៀត​។​

​លោក​ថា​៖ «​បើ​យើង​និយាយ​ពី​ទូរស័ព្ទ​មួយរយៈ​នេះ ឃើញថា មាន​ភាព​អ​នា​ធិបតេយ្យ​ច្រើន​សិស្ស​ខ្លះ​គាត់​យក​ទូរស័ព្ទ​របស់គាត់​ទៅ​ថត​សកម្មភាព​វាយតប់​គ្នា គំរាមកំហែង​គ្នា​រហូត​ធ្វើឱ្យ​រូបភាព​ចេញមក​ខាងក្រៅ​បង្ហាញ​ពី​ភាពអវិជ្ជមាន​។ ដូច្នេះ​នៅក្នុង​បរិបទ​ថ្មី​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​សម្រាប់​បម្រើឱ្យ​ការរៀន និង​ការបង្រៀន គឺ​ត្រូវតែមាន​ភាព​បទ​បែន​និង​មានការ​គ្រប់គ្រង​ឱ្យបាន​ច្បាស់​លាស់​»​។

អ្នកជំនាញ​អប់រំ​រូបនេះ​ក៏បាន​ស្នើឱ្យ​ថ្នាក់ក្រោម​ជាតិ យកចិត្តទុកដាក់ និង​អនុវត្ត​សេចក្តីណែនាំ​នេះ ដើម្បី​កុំឱ្យ​សិស្ស​ខាត​ពេលវេលា​ក្នុងការ​សិក្សា ​និង​កាត់បន្ថយ​ការចំណាយ​នានា​របស់​គ្រួ​សារ​ពិសេស​កុំឱ្យ​ប៉ះពាល់​ដល់​ធនធាន​​មនុស្ស​កម្ពុជា​ផងដែរ​។​

​ជាមួយគ្នានេះ​ក្រសួង​អប់រំ ក៏បាន​ណែនាំ​មាតាបិតា​និង​អ្នកអាណាព្យាបាល​ត្រូវ​ចូលរួម​តាមដាន និង​ជំរុញ​ការប្រើ​ប្រាស់​ទូរស័ព្ទដៃ​និង​ឧបករណ៍​អេ​ឡិច​ត្រូ​និករ​បស់​កូនចៅ ឱ្យស្រប​តាម​គោល​បំណង​នៃ​ការអប់រំ​។ ទន្ទឹមគ្នានេះ​មន្ទីរអប់រំ រាជធានី-ខេត្ត ការិយាល័យ​អប់រំ យុវជន និង​កីឡា នៃ​រដ្ឋបាល​ក្រុង​ស្រុក ខណ្ឌ និង​អាជ្ញាធរ​ពាក់ព័ន្ធ ក៏ត្រូវ​ផ្ដល់​កិច្ចសហការ និង​គាំទ្រ​ដល់​សាលារៀន ក្នុងការ​ពង្រឹង​វិន័យ និង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​ឱ្យបាន​ម៉ឺងម៉ាត់​ផងដែរ​៕