ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​នឹង​តំណាង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF)​ ប្រចាំ​កម្ពុជា​បាន​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​ដើម្បី​អនុម័ត​លើ​សេចក្តី ថ្លែងការណ៍​ជា​សកល​ស្តីពី​ការអភិរក្ស​សត្វ​ផ្សោត​ទន្លេ​នៅ​ទីក្រុង​បូ​ហ្កូ​តា ប្រទេស​កូ​ឡុំ​ប៊ី​។​

​គេហទំព័រ​របស់​ក្រសួងកសិកម្ម​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​ ២៥ ខែតុលា បានឱ្យដឹងថា លោក ​ប្រាក់ ដា​វីដ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​និង​តំណាង​អង្គការ WWF ប្រចាំ​នៅ​កម្ពុជា​ចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​រយៈពេល​ ២ ​ថ្ងៃ​ ដើម្បី​រៀបចំ​និង​អនុម័ត​សេចក្តីថ្លែងការណ៍​ជា​សកល​ស្តីពី​ការអភិរក្ស​សត្វ​ផ្សោត​ទន្លេ​។

​ប្រភព​ដដែល​បាន​បន្ដថា នៅ​ថ្ងៃទី​ ២៤ ខែតុលា​ដែលជា​ថ្ងៃ​ទិវា​សត្វ​ផ្សោត​ទន្លេ​ពិភពលោក លោក ប្រាក់ ដា​វីដ ជា​ប្រធាន​ប្រតិភូ​កម្ពុជា​និង​មន្ត្រី​ជំនាញ​បាន​ចូល​​រួម​ពិភាក្សា ​និង​កែសម្រួល​សេច​ក្តី​ថ្លែងការណ៍​ជា​សកល​ស្តីពី​ការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​។

​ក្រោយ​ទទួលបាន​ការឯកភាព​ជារួម លោក ប្រាក់ ដា​វីដ រួម​ជា​មួយ​នឹង​ប្រធាន​ប្រតិភូ​នៃ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​បាន​ចុះ​​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​ជាស​កល​ដើម្បី​ទទួលស្គាល់​សេចក្ដីថ្លែងការណ៍​រួម និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​។​

​ក្រសួងកសិកម្ម​បានបញ្ជាក់​ថា​៖ «​សេចក្តីថ្លែងការណ៍​នេះ​គឺជា​ឯកសារ​តម្រង់ទិស​សម្រាប់​ប្រទេស​ទាំង ​១៤ ​ដែលមាន​សត្វ​ផ្សោត​ទន្លេ ប្តេជ្ញា​អនុវត្ត​រួមគ្នា​ក្នុង​កិច្ច​ការពារ​សត្វ​ផ្សោត​ទឹកសាប​ប្រកប​ដោយ​ការទទួលខុសត្រូវ​»​។

​ក្រសួង​បន្តថា សេចក្តី​ថ្លែង​​ការណ៍​នេះ បាន​ផ្តោតលើ​សកម្ម​ភាពជា​អាទិភាព​ចំនួន ​៨ ដែលមាន​ដូចជា ការបង្កើត​បណ្តាញ​ទំនាក់ទំនង​តំបន់​ការពារ​សត្វ​ផ្សោត​,​ ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​,​ ការស្រាវជ្រាវ​និង​ការតាមដាន​, ការផ្សារភ្ជាប់​ជាមួយ​សហគមន៍​មូលដ្ឋាន​,​ ការ​លុបបំបាត់​សកម្មភាព​នេសាទ​ពុំ​ស្របច្បាប់​, ការកែលម្អ​គុណ​ភាព​ទឹក​,​ ការរៀបចំ​ទិវា​សត្វ​ផ្សោត​ទន្លេ​ និង​ការធានា​ធនធាន​សម្រាប់​ការអនុវត្ត​សកម្មភាព​។​

​សូម​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី​ ២៣ ខែតុលា បណ្តា​ប្រទេស​ចំនួន​ ១៤​ នៅ​តំបន់​អាស៊ី និង​អាមេរិក​ខាងត្បូង​ដែលមាន​សត្វ​ផ្សោត​ទន្លេ​បាន​ចែករំលែក​បទ​​ពិសោធន៍​ពី​កិច្ចការពារ​សត្វ​ផ្សោត និង​បញ្ហា​ចម្បងៗ​ដែល​ត្រូវ​ដោះស្រាយ​។

​ក្នុង​កិច្ចប្រជុំ​នោះ កម្ពុជា​ក៏បាន​ចែករំលែក​បទពិសោធន៍​ក្នុងការ​គ្រប់គ្រង​សត្វ​ផ្សោត​ទន្លេមេគង្គ ដោយ​ផ្តោតលើ​ការរៀបចំ​លិខិតបទដ្ឋាន​ច្បាប់ ការ​ស្រាវ​ជ្រាវ ការអនុវត្ត​ច្បាប់ ការគ្រប់គ្រង​ប្រព័ន្ធ​អេកូឡូស៊ី ការអប់រំ​ផ្សព្វ​ផ្សាយ​និង​ការលើកកម្ពស់​ជីវភាព​របស់​សហគមន៍​មូលដ្ឋាន​។

​ជាងនេះទៅទៀត កម្ពុជា​ក៏បាន​នាំ​បទ​ចម្រៀង​ក្រោម​ចំណង​ជើង​ថា «​ផ្សោត​ដួងចិត្ត​»​ ទៅ​ចាក់ផ្សាយ​ក្នុង​កិច្ចប្រជុំ​នេះដែរ ដោយបាន​ទទួល​ការចាប់អារម្មណ៍​និង​សាទរ​យ៉ាងខ្លាំង​ពី​បណ្តា​​ប្រទេស​ចូលរួម​។​

​នាយក​អង្គការ WWF ប្រចាំ​កម្ពុជា លោក សេង ទៀក នៅ​ថ្ងៃទី​ ២៥ ខែតុលា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ថា វា​ជា​កិត្តិយស​មួយ​របស់​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចូលរួម​អនុម័ត​សេចក្តី​ថ្លែងការណ៍​ជាស​កល​សម្រាប់ សត្វ​ផ្សោត​ទន្លេ​ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​បូ​ហ្កូ​តា ប្រទេស​កូ​ឡុំ​ប៊ី ​ពីថ្ងៃ​ទី​ ២៣-២៤ ខែតុលា ឆ្នាំ​ ២០២៣​។​

​លោក​បាន​បន្តថា៖ «​ប្រទេស​កម្ពុជា​ គឺជា​ប្រទេសមួយ​ក្នុង​ចំ​ណោម​ប្រទេស​ចំនួន​ ១៤ នៅ​អាស៊ី​ និង​អាមេរិក​ខាងត្បូង ​ដែល​នៅមាន​វត្តមាន​សត្វ​ផ្សោត​ទន្លេ​នៅតាម​ដង​ទន្លេមេគង្គ​របស់​យើង​។ ផ្សោត​ទន្លេ​ គឺជា​សូ​ច​នាករ​សំខាន់​នៃ​សុខភាព​ទន្លេ​ដែល​ពួកគេ​រស់នៅ​។ សេចក្តី​​ថ្លែងការណ៍​រួម​ជា​សកល​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​តំបន់​សត្វ​ផ្សោត​ទន្លេ​ទាំងអស់​នៅពេលនេះ​ក្នុង​ទិវា​អន្តរជាតិ​ផ្សោត​ទឹកសាប​»​។​

​លោក​សេង ទៀក បាន​បញ្ជាក់ថា​៖«​សង្ឃឹមថា​សេចក្តី​ថ្លែង​ការណ៍​ជាស​កល​នេះ​នឹង​ប្រមូល​ផ្តុំ​នូវ​សមត្ថភាព​និង​ធនធាន​បន្ថែមទៀត ដើម្បី​ដោះស្រាយ​នូវ​ការ​ប្រឈម​នៃ​ចំនួន​សត្វ​​ផ្សោត​ទន្លេ​និង​ការយល់ដឹង​ពី​សក្ដានុពល​សេដ្ឋកិច្ចសង្គម​នៅ​ទូទាំង​រដ្ឋ​នានា​ផងដែរ​»​។​

​សូម​បញ្ជាក់ដែរថា សត្វ​ផ្សោត​ទន្លេមេគង្គ ឬ​ផ្សោត​ក្បាល​ត្រ​ឡោក (Orcaellabrevirostris)​ ជា​សត្វ​ផ្សោត​ ១​ ប្រភេទ ក្នុងចំណោម​សត្វ​ផ្សោត​ទឹកសាប តែ​៦​ប្រភេទ​គត់​ដែលមាន​រស់​​នៅក្នុង​ភពផែនដី​នេះ​។ សត្វ​ផ្សោត​ប្រភេទ​នេះ ត្រូវបាន​ចាត់​ថ្នាក់​ក្នុង​បញ្ជី​ក្រហម​ជា «​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​» ដោយ​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ ​(IUCN)​។​

​បច្ចុប្បន្ន​សត្វ​ផ្សោត​ទន្លេមេគង្គ​មាន​វត្ត​មាននៅ​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ក្នុង​ប្រព័ន្ធ​ទន្លេ​តែ​ ៣ ​ប៉ុណ្ណោះ រួមមាន ទន្លេ​មេគង្គ ​(​កម្ពុជា​) ទន្លេ​អា​យ៉ា​យ៉ា​រ​វ៉ា​ឌី ​(​ប្រទេស​មី​យ៉ាន់​មា​)​ និង​ទន្លេ​មហា​កាម (​ឥណ្ឌូនេស៊ី​)​។​

​ផ្អែក​តាម​ទិន្នន័យ​ឆ្នាំ​ ២០២០ អ្នកវិទ្យាសាស្ត្រ​បាន​ប៉ាន់ប្រមាណ​ថា សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​ធំ​ពេញវ័យ​មាន ប្រមាណ​តែ​ ៨៩​ ក្បាល​ប៉ុណ្ណោះ​ ដែល​កំពុង​រស់​នៅតាម​ដង​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា​។

​នៅ​រដូវប្រាំង​ចាប់ពី​ខែមករា ដល់​ខែឧសភា ក្នុងអំឡុងពេល​ទឹក​ស្រក សត្វ​ផ្សោត​ប្រមូលផ្តុំ​គ្នា​នៅ​អន្លង់​ទឹក​ជ្រៅ​ចំនួន ​៨​ កន្លែង​តាម​ដង​ទន្លេមេគង្គ ដែលមាន​ចម្ងាយ​ប្រមាណ​ ១៨០ ​គីឡូ​ម៉ែត្រ​លាតសន្ធឹង​ពី​ខេត្តក្រចេះ​ដល់​ខេត្តស្ទឹងត្រែង​៕