​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅ​ព្រឹក​ថ្ងៃទី​ ២៧ ខែតុលា ឆ្នាំ​ ២០២៣ នេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​របៀបវារៈ​ចំនួន ៤ ក្នុងនោះ មានការ​អនុម័ត​ទាំងស្រុង​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ​ស្តីពី​ការបង្កើត ការរៀបចំ និង​កិច្ចដំណើរការ​របស់​អា​ជ្ញា​ធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។​

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាង​ព្រះរាជក្រឹត្យ ដែល​ត្រូវ​បានអនុម័ត​នេះ​ដែលមាន​ ៦ ​ជំពូក និង​ ២២ ​មាត្រា​។ សេចក្តីព្រាង​នេះ បានកំណត់​អំពី​ការបង្កើត ការរៀបចំ និង​កិច្ចដំណើរការ​របស់​អា​ជ្ញា​ធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ដើម្បី​ជា​យន្តការ​បំពេញបន្ថែម​ឱ្យ​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព និង​ភាព​ឆាប់រហ័ស នៃ​ការដោះស្រាយ​វិវាទ តាមរយៈ​ការសម្រុះសម្រួល​ផ្សះផ្សា​ក្រៅ​ប្រព័ន្ធតុលាការ ។

​ព្រះរាជក្រឹត្យ​នេះ​ក៏​រៀបចំឡើង​ក្នុង​គោលបំណង​ជួយ​កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាជម្រះក្ដី បង្ខិត​ការដោះស្រាយ​វិវាទ​ឱ្យ​កាន់តែ​កៀក​នឹង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ធានាបាន​នូវ​ភាពសុខដុមរមនា និង​យុត្តិធម៌​ក្នុង​សង្គមជាតិ​។ រាល់​ដំណោះស្រាយ​វិវាទ​ត្រូវតែ​គោរព​តាម​ឆន្ទៈ​យល់ព្រម​ដោយ​សេរី និង​ដោយ​ស្ម័គ្រចិត្ត​ពី​ភាគី​វិវាទ​។​

​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ដែល​សរសេរ​ជា​អក្សរ​កាត់​ថា អ​.​ដ​.​ក​. នឹងត្រូវ​បង្កើតឡើង​ដើម្បី​ដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ នូវ​វិវាទ​រដ្ឋប្បវេណី វិវាទ​ពាណិជ្ជកម្ម និង​វិវាទ​ដទៃទៀត តាមរយៈ​ការសម្រុះសម្រួល​ផ្សះផ្សា​ដោយ​ផ្អែក​តាម​កិច្ចព្រមព្រៀង​របស់​ភាគី​វិវាទ ឬ​តាម​ការស្នើសុំ​របស់​ភាគី​វិវាទ ឬ​ដែល​ភាគី​វិវាទ​យល់ព្រម​ទទួលយក​យន្តការ​សម្រុះសម្រួល​ផ្សះផ្សា​នេះ លើកលែងតែ​វិវាទ​ដែល​មិន​អាចជា​កម្មវត្ថុ នៃ​ការសម្រុះសម្រួល​ផ្សះផ្សា តាម​កំណត់​របស់​ច្បាប់​។

​អ​.​ដ​.​ក​. មាន​សមាសភាព ឧបនាយករដ្ឋមន្ត្រី ១​រូប ជា​ប្រធាន និង​អមដោយ​អនុប្រធាន​៤​រូប (​ជា​ទេសរដ្ឋមន្ត្រី​១​រូប រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​១​រូប និង​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​១​រូប​) ព្រមទាំង​សមាជិក​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត ដោយមាន​អគ្គលេខាធិការដ្ឋាន មួយ​ជា​សេនាធិការ​។​

​ក្នុង​សេចក្ដីថ្លែងហេតុ​ជូន​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​លោក កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​គូសបញ្ជាក់ថា​៖«​ព្រះរាជក្រឹត្យ​នេះ​នឹង​ក្លាយជា​ក្របខ័ណ្ឌ​គតិយុត្ត​មួយ​ដ៏​សំខាន់​សម្រាប់​ពង្រឹង​និង​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការសម្រុះសម្រួល​ដោះស្រាយ​បញ្ចប់​វិវាទ​របស់​ប្រជាពលរដ្ឋ ជាពិសេស​វិវាទ​នៅ​មូលដ្ឋាន​ឱ្យបាន​កាន់តែ​ឆាប់រហ័ស និង​ប្រកបដោយ​ជំនឿ​ចិត្ត​»​។

​លោក​ក៏បាន​គោរព​ស្នើសុំ​នាយករដ្ឋមន្ត្រី ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ជាបន្ទាន់ បន្ទាប់ពី​ត្រូវបាន​បង្កើត​ចេញ​ជា​រូបរាង​។​

​ក្នុង​ដំណើរការ​ពិនិត្យ និង​ពិភាក្សា សេចក្ដីព្រាង​ព្រះរាជក្រឹត្យ​នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា​៖«​យន្តការ​នេះ​មិនមែនជា​ការជំនួស​ប្រព័ន្ធតុលាការ​ទេ ប៉ុន្តែ​ជា​ជម្រើស​បន្ថែម និង​ដោយ​ស្ម័គ្រចិត្ត ជូន​ប្រជាពលរដ្ឋ ពុំមាន​ការបង្ខិតបង្ខំ ដើម្បី​នាំមក​នូវ​សុខដុម​នីយកម្ម​ក្នុងសង្គម​ខ្មែរ​»​។

​លោក​ក៏បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ដើម្បីឱ្យ​ពួកគាត់​យល់ច្បាស់​អំពី​យ​ន្ត​ការ​ថ្មី​នេះ និង​បានសម្រេច​ប្រគល់​ភារកិច្ច​ជូន​ទីស្ដីការគណៈរដ្ឋមន្ត្រី សហការ​ជាមួយ​ក្រសួងយុត្តិធម៌ ក្នុង​ការរៀបចំ​នីតិវិធី​បន្ត ដើម្បី​បញ្ជូន សេចក្ដីព្រាង​ព្រះរាជក្រឹត្យ ស្ដីពី​ការបង្កើត​ការរៀបចំ និង​កិច្ចដំណើរការ​របស់​អា​ជ្ញា​ធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ថ្វាយ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទ្រង់​ពិនិត្យ និង​ឡាយព្រះហស្ដលេខា​ប្រកាស​ឱ្យប្រើ​ទុកជា​ការប្រញាប់​៕