កងអនុសេនាធំ​វិស្វកម្ម​ព្រលានយន្តហោះ​លេខ​៧២៩ ចំនួន​ ៥៣ ​នាក់ កាលពី​ថ្ងៃទី ២៧​ ខែតុលា ឆ្នាំ​ ២០២៣ បានធ្វើ​មាតុភូមិនិវត្តន៍​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ក្រោយ​សម្រេចបាន​នូវ​ជោគជ័យ នៅក្នុង​ដំណើរ​បំពេញបេសកកម្ម​មនុស្ស​ធម៌ ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ (UN) នៅ​សាធារណរដ្ឋ​ម៉ាលី​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងការពារជាតិ​។​

​ពិធី​នេះ​មានការ​ទទួល​ស្វាគមន៍​ពី​លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ចូ​សិ​ហ្វ ស៊ូ​អើ (Joseph Scheuer) អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​អនុព័ន្ធយោធា​ប្រទេស​ជា​មិត្ត​មួយចំនួនទៀត នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ (VIP)​។​

​ក្នុងឱកាស​នោះ​លោក ទៀ សីហា បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ភាពជោគជ័យ និង​ស្នាដៃ​ដ៏​ត្រ​ចេះ​ត្រចង់​របស់​កម្លាំង​កង​ទ័ព​មួក​ខៀវ​កម្ពុជា ដែល​បានសម្រេច​ការបំពេញ​បេសកកម្ម​អន្តរជាតិ ដើម្បី​បុព្វហេតុ​សន្តិភាព និង​មនុស្សធម៌​សម្រាប់​មនុស្សជាតិ​លើ​ពិភពលោក​។ លោក​បន្តថា​៖«​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​តស៊ូ​រហូត​បិទ​បញ្ចប់សង្គ្រាម​ស៊ីវិល ធ្វើឱ្យ​កម្ពុជា​ទទួលបាន​សន្តិភាព​ពេញលេញ​ទូទាំង​ផ្ទៃ​ប្រទេស​នា​ឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ បានធ្វើ​សមាហរណកម្ម ពី​ក្នុង​តំបន់​អាស៊ី ដោយ​បោះជំហាន​ពង្រីក​វិសាលភាព​នៃ​បទពិសោធន៍​ដ៏​ផូរផង់​របស់ខ្លួន ចូលរួមចំណែក​បេសកកម្ម​រក្សា​សន្តិភាព​»​។​

​តាមរយៈ​ក្រសួងការពារជាតិ លោក ចូ​សិ​ហ្វ ស៊ូ​អើ បាន​ថ្លែងអំណរគុណ​ចំពោះ​យុទ្ធជន យុទ្ធ​នារី រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​បានរួម​ចំណែក​ក្នុង​បុព្វហេតុ​រួម ដើម្បី​សម្រេចបាន​នូវ​សន្តិភាព​នៅលើ​ពិភពលោក និង​សូម​ស្វាគមន៍​ដំណើរ​មាតុភូមិនិវត្តន៍​មកកាន់​ស្រុកកំណើត​។

​ជាមួយគ្នានេះដែរ លោក​កោតសរសើរ​សមាជិក​នៃ​កងវិស្វកម្ម​លេខ ៧២៩ ដែល​បាន​ចូលរួម​នៅក្នុង​ប្រពៃណី​ទំនៀមទម្លាប់​កម្ពុជា ដែលមាន​ភាពក្លាហាន និង​មាន​មោទនភាព​ក្នុង​បុព្វហេតុ​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ជាមួយ​យោធិន​កម្ពុជា ដែល​បាន​បំពេញភារកិច្ច​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន​។ លោក​បញ្ជាក់ថា​៖«​ការដាក់​ពង្រាយ​ស្ត្រី និង​បុរស​ដែលមាន​ភាពក្លាហាន​លះបង់​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ គាំទ្រ​សន្តិភាព និង​សន្តិសុខ​ជាស​កល គឺជា​ព្រឹត្តិការណ៍​ដែល​បង្ហាញ​នូវ​ភាពម៉ឺងម៉ាត់ និង​ទន់ភ្លន់​ជា​ដរាប​»​។

​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម លោក​សែម សុវណ្ណនី បានឱ្យដឹងថា បេសកកម្ម​រក្សា​សន្តិភាព នៅក្នុង​ប្រទេស​ម៉ាលី (​ហៅ​កាត់ MINUSMA) ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប តាម​សេចក្តីសម្រេច​លេខ​២១០០ ចុះ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៣ ក្នុង​គោលបំណង​ដើម្បី​គាំទ្រ​ដំណើរការ​នយោបាយ និង​អនុវត្ត​រាល់​ភារកិច្ច​ពាក់ព័ន្ធ​នឹង​សន្តិសុខ​នៅក្នុង​ប្រទេស​ម៉ាលី​។ លោក​ឱ្យដឹងថា​៖« បេសកកម្ម​នេះ​ត្រូវបាន​បង្កើតឡើង​តាម​ការស្នើសុំ​ផ្ដល់​ការគាំទ្រ​ដល់​អាជ្ញាធរ​បណ្តោះអាសន្ន ដើម្បី​ស្ថិរភាព​ក្នុងប្រទេស និង​ការអនុវត្ត​ផែនទី​តម្រង់ទិស​អន្តរកាល​បេសកកម្ម MINUSMA មានការ​ចូលរួម​ពី​ប្រទេស​បរិច្ចាគ​កងកម្លាំង​ទាំង​យោធា នគរបាល និង​ស៊ីវិល​សរុប​ចំនួន ១៥៧៧៩​នាក់ មកពី​៥៦​ប្រទេស​»​។

​លោក​បាន​បន្តថា ដោយ​ផ្អែកលើ​ស្នាដៃ​ដែល​កម្ពុជា ទទួលបាន​នៅក្នុង​តំបន់ អ​.​ស​.​ប បានផ្តល់​ទំនុកចិត្ត​ស្នើ​សុំឱ្យ​កម្ពុជា​បញ្ជូន​មួយ​កងអនុសេនាធំ​វិស្វកម្ម ព្រលានយន្តហោះ និង​មួយ​កងអនុសេនាធំ​កម្ទេច​គ្រឿងផ្ទុះ ដើម្បី​ចូលរួម​គាំទ្រ​ដល់​ដំណើរការ​សន្តិភាព ក្នុងប្រទេស​ម៉ាលី​។​

​លោក​បាន​រំលេច​ថា បេសកកម្ម​កន្លងមក​កងយោធពល​ខេមរភូមិន្ទ បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​បន្ថែមទៀត​លើ​ផ្នែក​រក្សា​សន្តិភាព អ​.​ស​.​ប តាមរយៈ​ការបោះ​ជំហាន​ចូលទៅក្នុង​ទឹកដី​ប្រទេស​ម៉ាលី កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៤ បាន​បោះទីតាំង​ឈរជើង​នៅ​ចំនួន​៣​តំបន់​ធំៗ គឺ KIDAL, TESSALIT និង GAO ក្នុង​បេសកកម្ម​នេះ គិត​តាំងពី​ឆ្នាំ​២០១៤ រហូតមកដល់​បច្ចុប្បន្ន កម្ពុជា​បា​នប​ញ្ចូ​ន​កងកម្លាំង​សរុប​ចំនួន ២៧២៥​នាក់ ក្នុងនោះ​មាន​នារី​ចំនួន​១៩៣​នាក់​។​

​បើតាម​លោក សែម សុវណ្ណនី រយៈពេល ៩​ឆ្នាំ​មកនេះ កងវិស្វកម្ម​ព្រលានយន្តហោះ បាន​បោះទីតាំង​ឈរជើង​នៅក្នុង​តំបន់ KIDAL និង TESSALI បាន​ជួប​ស្ថានការណ៍​អសន្តិសុខ បង្កឡើង​ដោយ​តួអង្គ​រដ្ឋ និង​តួអង្គ​មិនមែន​រដ្ឋ ដូចជា​ការប្រើប្រាស់​គ្រឿងផ្ទុះ​កែច្នៃ ការបំពាក់​គ្រាប់បែក​អត្តឃាត​លើ​រថយន្ត និង​មនុស្ស ព្រមជាមួយ​អសន្តិសុខ បង្កឡើង​ដោយ​គ្រោះធម្មជាតិ​នានា ដូចជា​ព្យុះ​ខ្សាច់​សាហា​រ៉ា ជំងឺឆ្លង​ផ្សេងៗ​៕​