កំពង់ស្ពឺៈ​ខេត្ត​កំព​ង់ស្ពឺ ​នឹងត្រូវ​ប្រកាស​ជា​ខេត្ត​អស់​មីន​ទី​១៣ ​នៅ​ថ្ងៃទី​៣០​ ខែតុលា ​​ក្រោ​ម«​គម្រោង​សម្តេច​តេ​ជោ ​សម្រាប់​សកម្ម​ភាព​មីន​»ក្នុង​គោល​ដៅ​ប្រែ​ក្លាយ​កម្ពុជា​គ្មាន​មីន​ត្រឹម​ ឆ្នាំ២០២៥ ​ដើម្បី​ផ្តល់​ដី ​ដែល​មាន​សុវត្ថិ​ភាព​ជូន​ប្រជា​ពល​រដ្ឋ​ក្នុងការ​បង្ក​បង្កើន​ផល​ និង​ចូល​រួម​ការ​អភិវឌ្ឍ​​សង្គម​ជាតិ​។​

​ពិធី​បើកសម្ពោធ​ដាក់​ឱ្យ​ប្រើប្រា​ស់​ជា​ផ្លូវការ​ នូវ​អគារ​រដ្ឋ​បាល​ថ្មី និង​សមិទ្ធ​ផល​នានា ​ក្នុង​ខេត្តកំ​ពង់ស្ពឺ ​ព្រមទាំង​ប្រកាស​ខេត្ត​កំព​ង់ស្ពឺ ជា​ខេត្ត​អស់​មីន នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​​ត នៅ​ថ្ងៃទី​៣០ ខែ​តុលា ​ឆ្នាំ​២០២៣​នេះ​។ ​នេះបើតាម​ហ្វេស​ប៊ុករបស់លោក​ហ៊ុន ​ម៉ា​ណែ​ត នៅ​ថ្ងៃទី​២៩ ​ខែតុលា។

​លោក ​ហ៊ុន ​ម៉ា​ណែ​ត ​បាន​លើក​ឡើង​ថា គោលដៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥ ​បាន​និង​កំពុង​មាន​វឌ្ឍន​ភាព​យ៉ាង​ល្អ​ប្រសើរ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ដែល​បាន​រំពឹង​ទុក​ពី​សំណាក់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ ហើយ​ខេត្ត​កំពង់​ស្ពឺ ​គឺជា​ខេត្ត​ទី​១៣ ដែ​ល​អស់​មីន​ទាំង​ស្រុង​ បន្ទាប់​ពី​រាជ​ធានី​-ខេត្ត​ទាំង​១២​ផ្សេង​ទៀត​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ផ្លែផ្កា​នៃ​សមិទ្ធ​ផល​នេះ ​គឺជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិ​បាល​ ពិសេស​អាជ្ញា​ធរ​មីន ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​កិច្ចការ​ដ៏​សំខាន់​នេះ​ ក្នុង​គោល​បំណង​ជាក់​លាក់​មួយ​គឺ​កម្ពុជា​នឹង​គ្មាន​ជន​ណា​ម្នាក់ឬ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ណា​ម្នាក់ ​បន្ត​រង​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន​ក្រោយ​ឆ្នាំ​២០២៥​ ទៀត​ឡើយ​​»​។​

​សូម​ជម្រាប​ថា​ រាជ​ធានី​ខេត្ត​ដែល​ប្រកាស​អស់​មីន​ចំនួន​ ១២​ រួម​មាន​ ​រាជ​ធានី​ភ្នំពេញ ​ខេត្ត​ស្ទឹង​ត្រែង​ កែប​ ព្រៃវែង ព្រះ​សីហនុ​ ត្បូង​ឃ្មុំ ​កំពង់​ចាម​ ស្វាយ​រៀង ​កំពង់​ឆ្នាំង ​កណ្តាល ​តា​កែវ ​និង​ខេត្ត​កំពត​។​

​អភិ​បាល​ខេត្ត​កំពង់​ស្ពឺ​ លោក​ វ៉ី សំណាង ​បាន​ប្រាប់​នៅ​ថ្ងៃទី​២៩​ ខែតុលា​ថា ​ក្នុង​នាម​ក្រុម​ប្រឹក្សា ​និង​គណៈ​អភិ​បាល​ខេត្ត​ កង​កម្លាំង​ប្រដាប់​អាវុធ​និងប្រជា​ពលរដ្ឋ​ទាំង​មូល​ក្នុង​ខេត្ត ​ពិត​ជា​មាន​មោទន​ភាព​ជា​មួយ​នឹង​អ្វីដែ​ល​កើត​ឡើង​ក្នុង​ខេត្ត​នេះ ពោល​គឺជា​ខេត្ត​អស់​មីន​ក្នុង​ឆ្នាំ​២០២៣​។

​លោក​បានបញ្ជាក់ថា​​៖​​«​សមិទ្ធ​ផល​នេះ​សម្រេច​បាន​ក្រោម​នយោ​បាយ​ប្រកប​ដោយ​ភាព​ឈ្លាស​វៃ គតិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន ដែល​បាន​ខិតខំ​រំដោះ​ប្រទេស​ជាតិ​ចេញពី​សម័យ​កាល​ដ៏​លំបាក​ដៃ​ម្ខាង​ការ​ពារ​ និង​ដៃ​ម្ខាង​កសាង​ ហើយ​បាន​ប្រែ​ក្លាយ​ខេត្ត​ជាច្រើន​អស់​មីន ​ក្នុង​នោះ​ក៏មាន​ខេត្ត​កំពង់​ស្ពឺ​ដែល​ធ្លាប់​តែ​សម្បូរ​ទៅ​ដោយ​ចម្ការ​មីន​»​។​

​លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ខេត្ត​កំពង់​ស្ពឺ​មាន​ចម្ការ​មីន​រហូត​ដល់​ទៅ ៦៤០ ដែល​អស់​ផ្ទៃដី​រហូត​ទៅ​ដល់​ ៧៨ ​គីឡូ​ម៉ែត្រ​ការ៉េ​។

​លោក វ៉ី សំណាង ​បញ្ជាក់​ថា​៖«​ផ្ទៃដី​មីន​នេះ​ធំ​ណាស់​ដែល​បង្ក​នូវ​ផល​ប៉ះ​ពាល់​ហានិ​ភ័យ​ដល់​អាយុ​ជីវិត​ទាំង​មនុស្ស ​និង​សត្វ ​រហូត​ដល់​សម្រេច​បាន​ជា​ខេត្ត​អស់​មីន​ ហើយ​យើង​មាន​ភាព​សប្បាយ​រីក​រាយ ​ប្រកប​ដោយ​មោទន​ភាព​ទៅ​លើ​សមិទ្ធ​ផល​ថ្មី​ក្រោម​ម្លប់​នៃ​សន្តិ​ភាព​»​។​

​លោក​ទេស​រដ្ឋ​មន្ត្រី លី ធុជ ​អនុ​ប្រធាន​ទី​១ អាជ្ញា​ធរ​មីន ​ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា ក្នុង​នាម​លោក​ជា​ប្រជា​ជន​កម្ពុជា ​សម្តែង​ការ​ដឹង​គុណ​ចំពោះ​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​ដែល​បាន​ចូល​រួមចំណែក​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដែល​ផ្តល់​សុខ​សន្តិ​ភាព​ពេញ​លេញ​ដល់​ប្រជា​ជាតិ​កម្ពុជា​ និង​ជាពិសេស​ការគិ​តគូ​រដ​ល់​សុខ​សុវត្ថិ​ភាព និង​ជីវភាព​ប្រជា​ជន តាម​រយៈ​ការ​ចាត់​ទុក​សកម្ម​ភាព​មីន ជា​ការ​ងារ​អាទិ​ភាព​របស់​ខ្លួន ក្រោយ​ដំណាក់​កាល​សង្គ្រាម​។​

​បើ​តាម​អាជ្ញា​ធរ​មីន ​សកម្ម​ភាព​រំដោះ​មីនរ​យៈ​ពេល ​៣០ឆ្នាំ​​ចុង​ក្រោយ​នេះ ​បាន​ចូលរួ​មចំណែក​ដល់​កិច្ច​គាំពារ​សន្តិ​ភាព​និង​សន្តិ​សុខ​ហើយ​បាន​ចូល​រួម​កាត់​បន្ថយ​ភាពក្រី​ក្រនិង​​បង្កើន​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​តាម​រយៈ​ការប្រើ​ប្រាស់​ដី​ប្រកប​ដោយ​សុវត្ថិ​ភាព​ក្នុង​ទំហំ​ផ្ទៃដី​បោស​សម្អាត​​រួច​ចំនួ​ន២ ៥៧៩ គីឡូ​ម៉ែត្រ​ការ៉េ ​ក្នុង​នោះ​ផ្ទៃដី​ប្រមាណ ៧៦ភាគរ​យ ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​សកម្ម​ភាព​កសិ​កម្ម​។​

​សូម​បញ្ជាក់ដែ​រថា​ ថ្មីៗ​នេះ​ ​កម្ពុជា​ទទួល​ជោគជ័​យ​ក្នុង​ការធ្វើជា​​ម្ចាស់​ផ្ទះ​រៀបចំ​សន្និ​សីទ​សកល​លើក​ទី​៣ ​ស្តីពី​កិច្ច​សង្គ្រោះ​ជនរ​ងគ្រោះ​​ថ្នាក់​ដោយ​សារ​មីននៅ​ទីក្រុង​ភ្នំពេញ​ ដោយ​មាន​អ្នក​ចូល​រួម​មកពី​ ៤៥ ប្រទេស​។ នៅ​ឆ្នាំ​២០២៤ ​ខាង​មុខ​​ កម្ពុជា​នឹងត្រៀម​រៀបចំ​ធ្វើជា​ប្រធាន​និង​ម្ចាស់​ផ្ទះ​នៃ​សន្និ​សីទ​ត្រួត​ពិនិត្យ​ឡើ​ងវិញ​លើក​ទី​៥ ឬ​កិច្ច​ប្រជុំ​កំពូល​សៀម​រាប​-​អង្គ​រស្តីពី​ពិភព​លោក​ដែល​គ្មាន​មីន​នៃ​អនុ​សញ្ញា​ហាម​ប្រាម​កា​រប្រើ​ប្រាស់​គ្រាប់​មីន​ប្រឆាំង​មនុស្ស ​ដែល​មាន​ប្រទេស​ប្រមាណ​ ២០០ ​ចូល​រួម​ផង​ដែរ​៕