ភ្នំពេញៈ ​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​​អង្គការសហប្រជាជាតិ​ បានប្រកាស​បដិសេធ​មិន​ចូលរួម​ក្នុង​សេចក្តីថ្លែងការណ៍​ ចំពោះ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​ឡើយ ប៉ុន្តែ​កម្ពុជាសូម​ធ្វើការ​ថ្កោលទោស​ចំពោះ​អំពើហិង្សា​នេះ ដែល​បាន​បណ្តាលឱ្យ​ជន​ស៊ីវិល​ស្លូតត្រង់​បាត់​បង់ជីវិត​រាប់ពាន់​នាក់​។​

​លោកស្រី អ៊ា​ត សោភា តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា ប្រចាំ​នៅ​អង្គការសហប្រជាជាតិ ​(UN) ​ក្នុង​កិច្ចប្រជុំ​ពិសេស​បន្ទាន់​១​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ ស្តីពី​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​កាលពីថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២៣ បាន​បញ្ជាក់ថា កម្ពុជា​សូម​សម្តែង​នូវ​មរណទុក្ខ ចំពោះ​ការបាត់​បង់ជីវិត​ប្រជាជន​ស្លូតត្រង់​ជាច្រើន រួមទាំង​ជនជាតិខ្មែរ​ម្នាក់​ផងដែរ​នៅក្នុង​ការប្រយុទ្ធ​គ្នា​ក្នុង​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​។

​លោកស្រី​បានលើកឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជាប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ថា​៖ «​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល ជា​បញ្ហា​ដ៏​ស្មុ​គស្មាញ និង​ផុយស្រួយ​បំផុត​។ ហេតុនេះ​កម្ពុជា​សូម​លើកឡើង​នូវ​ជំហរ​ជាគោលការណ៍​របស់ខ្លួន​លើ​បញ្ហា​នេះ ដោយ​មិន​ចូលរួម​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ធ្វើឡើង​ក្នុងនាម​ក្រុម​ណា​មួយ​នោះទេ​»​។​

​លោកស្រី អ៊ា​ត សោភា បានបញ្ជាក់​ទៀតថា​៖ «​កម្ពុជា​ថ្កោលទោស​រាល់​អំពើ​ភេរវកម្ម និង​អំពើហិង្សា​លើ​ជន​ស៊ីវិល​ស្លូតត្រង់ ដោយ​មិន​គិតពី​ពូជសាសន៍ វប្បធម៌ ឬ​សាសនា​អ្វី​ឡើយ​។ យើង​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការកើនឡើង​នៃ​អំពើហិង្សា ទុក្ខវេទនា និង​ការបាត់​បង់ជីវិត​មនុស្ស​ស្លូតត្រង់ ស្ត្រី កុមារ ទារក និង​ចាស់ជរា នៅលើ​ទឹកដី​នៃ​ជម្លោះ​បច្ចុប្បន្ននេះ​»​។​

​លោកស្រី បន្តថា វា​គួរឱ្យ​រន្ធត់ចិត្ត​បំផុត ដោយ​ឃើញ​ការកើនឡើង​នូវ​ចំនួន​ប្រជាជន​ស៊ីវិល​ដែល​ស្លាប់ និង​របួស​ព្រមទាំង​ទុក្ខវេទនា​ដែល​ត្រូវ​ស៊ូទ្រាំ​។ កម្ពុជា​សូម​ជំ​រុញឱ្យ​គ្រប់ភាគី​ទាំងអស់​អនុវត្ត​ការអត់ធ្មត់​ជាទីបំផុត គោរព​តាមច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ចូលរួម ដោយ​ស្មារតី​ស្ថាបនា ធ្វើ​កិច្ចសន្ទនា​ដើម្បី​បន្ធូរ​ស្ថានការណ៍​កុំឱ្យ​កាន់តែ​ធ្លាក់​ដុនដាប ហើយ​សម្រេច​នូវ​បទ​ឈប់​បាញ់ ឬ​ការផ្អាក​បាញ់​គ្នា​ជា​មនុស្សធម៌​។​

​ជាមួយគ្នា​នោះដែរ លោកស្រី​ក៏បាន​អំពាវនាវ និង​ជំរុញឱ្យមាន​ការដោះលែង​ជន​ស៊ីវិល​ទាំងអស់ ដែល​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង ហើយក៏​សូមឱ្យ​ភាគី​ទាំងអស់ ចៀសវាង​ការវាយប្រហារ​តម្រង់​ទៅលើ​ជន​ស៊ីវិល​និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល ព្រមទាំង​អនុញ្ញាត​ការបើក​ច្រក​ដោយ​គ្មាន​ឧបសគ្គ​សម្រាប់​ផ្តល់ជំនួយ​មនុស្សធម៌​សំខាន់ៗ​ដូចជា អាហារ ទឹក និង​ថ្នាំពេទ្យ ដល់​ប្រជាជន​ដែល​ត្រូវការ​ជំនួយ​ស្របតាម​ច្បាប់ មនុស្សធម៌​អន្តរជាតិ​ផងដែរ​។​

លោកស្រី អ៊ា​ត សោភា ក៏បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ឱ្យ​រួបរួមគ្នា​ក្នុង​ស្មារតី​សាមគ្គីភាព និង ស្មោះស្ម័គ្រ​ពិតប្រាកដ ដើម្បី​ជំរុញឱ្យមាន​កិច្ចសន្ទនា និង​ការចរចា​ប្រកបដោយ​អត្ថន័យ នាំទៅរក​សន្តិភាព​ដ៏​ត្រឹមត្រូវ និង​យូរអង្វែង​ផងដែរ​។

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​២៩ តុលា ដោយ​គាំទ្រ​ជំហរ​កម្ពុជា ​ដែល​បានប្រកាស​បដិសេធ​មិន​ចូលរួម​ក្នុង​សេចក្តីថ្លែងការណ៍​ ដែល​ធ្វើឡើង​ក្នុងនាម​ក្រុម​ណា​នោះ ចំពោះ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​នេះ ដែល​នេះ​បានបង្ហាញ​ឱ្យឃើញថា កម្ពុជា​ឈរ​នៅ​កណ្តាល​នៃ​បញ្ហា​ជម្លោះ​នេះ​។

​លោក​បន្តថា ចំពោះ​ជម្លោះ​រវាង​ភាគី​ទាំង​២​នេះ​ពុំមាន​ដំណោះស្រាយ​ណាមួយ​ជា​ដុំកំភួន​នោះទេ​មិន​ថា​ពេលនេះ ឬ​កាលពី​អតីតកាល​នោះទេ ដំណោះស្រាយ​រួម​តែង​ជាប់គាំង​។ ជាពិសេស​ជម្លោះ​រវាង​ភាគី​ទាំង​២​នេះ​គឺមាន​ភាពស្មុគស្មាញ​រយៈ​ពេល​វែង ដែល​ទាមទារ​ឱ្យមាន​ការយកចិត្ត​ដាក់​ស្វះ​ស្វែងរក​ដំណោះស្រាយ​ជាង​នេះ​។

​លោក គិ​ន ភា បញ្ជាក់ថា​៖ «​ដូច្នេះ​ជំហរ​កម្ពុជា​លើ​បញ្ហា​នេះ​ពុំមែន​បញ្ជាក់​ពី​ភាពលម្អៀង និង​ផ្អៀង​ទៅខាង​ភាគី​ណា​មួយនោះទេ ក៏ប៉ុន្តែ​កម្ពុជា​គ្រាន់តែ​ឈរ​នៅ​កណ្តា​លហើយ​អំពាវនាវ​ឱ្យ​ភាគី​ទាំង​២​រក​ដំណោះស្រាយ រក​ផ្លូវ​ចេញ​ដោយ​សន្តិភាព​»​។

​លោក​បន្តថា ៖ «​ជំហរ​របស់​កម្ពុជា​មិន​ធ្វើឱ្យប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​នោះទេ ហើយ​កម្ពុជា​ថ្កោលទោស​រាល់​អំពើ​ភេរវកម្ម និង​អំពើហិង្សា​លើ​ជន​ស៊ីវិល​ស្លូតត្រង់ ដោយ​មិន​គិតពី​ពូជសាសន៍​។ កម្ពុជា​បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ឱ្យ​រួបរួមគ្នា​ក្នុង​ស្មារតី​សាមគ្គីភាព និង ស្មោះស្ម័គ្រ​ពិតប្រាកដ ដើម្បី​ជំរុញឱ្យមាន​កិច្ចសន្ទនា និង​ការចរចា​ប្រកបដោយ​អត្ថន័យ​នាំទៅរក​សន្តិភាព​»។

​នៅ​ថ្ងៃទី​២៧ ខែតុលា មហាសន្និបាត​អង្គការសហ​ប្រជាជាតិ បាន​បោះឆ្នោត​អនុម័ត​សេចក្តីសម្រេចចិត្ត​ក្នុង​សំឡេង​ភាគច្រើន​។ ក្នុងចំណោម​សមាជិក​ទាំង ១៩៣​ប្រទេស​មាន​១២០​ប្រទេស​បាន​បោះឆ្នោត គាំទ្រ ៤៥​ប្រទេស​អនុបវាទ និង​១៤ ប្រទេស​ដែលមាន អ៊ីស្រាអែល និង​អាមេរិក​ផង​បាន​ប្រឆាំង​។​

​លោក ថុង ម៉េង​ដាវី​ដ ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បាន​ថ្លែងថា អព្យាក្រឹតភាព​របស់​ក​ម្ពុ​ជា​ត្រូវតែ​ប្រកាន់ខ្ជាប់ ទោះបីជា​ដំណោះស្រាយ​ទាំងអស់​និយាយ​ពី​ការអំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់ ឬ​បញ្ឈប់​អំពើហិង្សា​គ្រប់បែបយ៉ាង​ក៏ដោយ ប៉ុន្តែ​មិនទាន់មាន​ដំណោះស្រាយ​ជាក់ស្តែង ឬ​មាន​ប្រសិទ្ធភាព​ក្នុងការ​ដោះស្រាយ​ជម្លោះ ឬ​ជួយ​ប្រជាជន​ពី​ភាគី​ទាំង​២​នោះទេ​។​

​លោក​បន្តថា រឿង​មួយទៀត​ដែល​កម្ពុជា​ចាត់ទុក​ជំហរ​អព្យាក្រឹត គឺជា​ជម្រើស​ដ៏​ល្អ​បំផុត ព្រោះ​វា​ទាក់ទង​នឹង​ផលប្រយោជន៍​សាសនា និង​នយោបាយ ដោយសារ​កម្ពុជា​ក៏មាន​អ៊ិស្លាម​រាប់ពាន់នាក់​ផងដែរ​។ រដ្ឋាភិបាល​មិន​ចង់​បង្កឱ្យមាន​ការមិនសប្បាយចិត្ត​ឬ​ការយល់​ខុស​ក្នុងចំណោម​ពួកគេ​ឡើយ​។​

​លោក​ថា​៖ «​ខ្ញុំ​គិតថា រដ្ឋាភិបាល​របស់​យើង​នឹង​បញ្ជូន​គ្រឿង​ផ្គត់ផ្គង់ ឬ​ជំនួយ​ផ្នែក​វេជ្ជសាស្ដ្រ​ខ្លះ​ដល់​ប្រជាជន​នៅ​ហ្គា​ហ្សា​។ នេះ​គឺ​កម្ពុជា​យល់ច្បាស់​ពី​ការបំផ្លិចបំផ្លាញ​នៃ​សង្គ្រាម ហើយ​កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ចូលរួម​ផ្តល់ជំនួយ​គ្រប់​ប្រភេទ​ក្រោម​ប្រតិបត្តិការ​មនុស្សធម៌រ​បស់​អង្គការសហប្រជាជាតិ​»​។​

​លោក ​ថុង ម៉េង​ដាវី​ដ បន្ថែមថា ប៉ុន្តែ​អាទិភាព​ចម្បង​សម្រាប់​រដ្ឋាភិបាល​ពេលនេះ​គឺ​ការរក្សា​សុវត្ថិភាព​និស្សិត​ខ្មែរ​ នៅក្នុង​ប្រទេស​អ៊ីស្រាអែល ដោយ​ការធ្វើការ​ជាមួយ​រដ្ឋាភិបាល​អ៊ីស្រាអែល​៕