​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែងថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ (​បាក់​ឌុប​) ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​​ ៦ និង​ទី​ ៧ ខែ​​វិច្ឆិកា​ ខាងមុខ​មាន​បេក្ខជន​សរុប​ចំនួន​ជាង​ ១៣ ​ម៉ឺន​នាក់ ដែល​ធៀប​ទៅនឹង​ឆ្នាំ​ ២០២២ មានការ​កើនឡើង ជិត ​១​ ម៉ឺន​នាក់​។

​លោក ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែង​ដូចនេះ កាលពី​ថ្ងៃទី ​២៧ ខែតុលា ឆ្នាំ​ ២០២៣ ក្នុង​ស​ន្និ​សីទ​សារព័ត៌មាន ដោយ​លោក​ក៏បាន​បញ្ជាក់ដែរថា ការប្រឡង​ឆ្នាំនេះ ក្រសួង​នៅតែ​ផ្តោតលើ​គោលការណ៍​ចម្បង​សំខាន់​ចំនួន​ ៤​ ដដែល គឺ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​គឺ​ «​អ្នកចេះ​ជាប់​»​។

​លោក​មានប្រសាសន៍ថា​៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​បេក្ខជន​ទាំងអស់ ខិតខំ​ប្រឹងប្រែង​រំឭក​មេរៀន និង​អំពាវនាវ​ឱ្យ​បេក្ខជន​គោរព​បទ​ប្ប​ញ្ញ​តិ្ត​នៃ​ការប្រឡង​ឱ្យបាន​ល្អ ជាពិសេស​មិនត្រូវ​លាក់ទុក​ជាប់​នឹង​ខ្លួន​នូវ​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ ឬ​សំណៅ​ឯកសារ​ផ្សេងៗ​ចូលក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ជាដាច់ខាត​។ បេក្ខជន​នឹងត្រូវ​បានកំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ ក្នុងករណី​រកឃើញថា បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​»​។​

​លោក ​ហង់​ជួន ណា​រ៉ុ​ន ក៏បាន​រំលេច​ផងដែរ​ពី​មេរោគ​កូ​វីដ​ ១៩ ដោយ​លោក​ថា នៅ​ទូទាំង​ពិភព​លោក​ហាក់ដូចជា​លែងមាន​ហើយ ហើយក៏​អាច​ដូចនឹង​ជំងឺ​​ផ្តាសាយ​បក្សី​ផងដែរ ប៉ុន្តែ​ក្រសួង​នៅតែ​ស្នើ​សុំឱ្យ​បេក្ខជន​គោរព​តាម​បទដ្ឋាន​ផ្សេងៗ​រួមទាំង​សុខ​ភាព អនាម័យ​ជាដើម​។ អ៊ីចឹង ក្រសួង​នឹង​មិនមាន​ការដាក់​បេក្ខជន​ឱ្យនៅ​ដាច់ដោយឡែក​ទេ​។

​លោក​បាន​ថ្លែងថា​៖ «​ក្នុង​គោលបំណង​រក្សា​ឱ្យបាន​នូវ​សន្តិសុខ សុវត្ថិភាព​សណ្ដាប់​ធ្នាប់ និង​របៀបរៀបរយ​តាម​មណ្ឌល​ប្រឡង និង​ធានា​ឱ្យបាន​សុខភាព​សម្រាប់​គណៈ​មេ​​ប្រយោគ គណៈកម្មការ​នានា និង​បេក្ខជន ក្រសួង​អប់រំ​បន្ត​ពង្រឹង​កិច្ចសហការ​យ៉ាង​ស្អិត​ល្មួត​ជាមួយ​ក្រសួង ស្ថាប័ន​ចំនួន​ ៦ រួមមាន​៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អង្គ​ភាព​ប្រឆាំង​អំពើពុករលួយ​អគ្គិសនី​កម្ពុជា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​»​។​

​លោកស្រី អ៊ុក ឆា​យ៉ា​វី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯក​​រាជ្យ​ថ្លែងថា កន្លងមក​ចំពោះ​ការ​ប្រឡង​បាក់​ឌុប ក្រសួង​តែងតែ​រៀបចំ​រឹតបន្តឹង​បែបនេះ​បែប​នោះ និង​ដាក់ចេញ​គោលការណ៍​សម្រាប់​សិស្ស​ដែល​ត្រូវ​ប្រឡង ពោលគឺ​អ្នកចេះ​គឺជា​ប់ ដែល​គោល​ការ​រណ៍​ទាំងនេះ​វា​ជាការ​ល្អប្រសើរ ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​។

​លោកស្រី​ថ្លែងថា​៖ «​ការដាក់ចេញ​គោលការណ៍​ទាំងនេះ គឺ​វា​ល្អ​ហើយ ប៉ុន្តែ​កុំ​យក​អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយ​ដាក់ចូល​រួមជាមួយ​កិច្ច​ការប្រឡង​នេះ ខ្ញុំ​មិន​គាំទ្រ​ទេ ព្រោះ​លោកគ្រូ​-​អ្នកគ្រូ​យើង ខិតខំ​បញ្ចេញ​សមត្ថភាព និង​លទ្ធភាព​អស់ហើយ ដើម្បី​ជួយ​ជំរុញ​ដល់​សិស្សានុសិស្ស​ឱ្យទទួល​បានការ​អប់រំ មិនមែន​គាត់​បង្រៀន​មក​ដើម្បី​ជាប់ទោស​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នោះទេ​»​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការប្រឡង​សញ្ញា​​ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​ ២០២៣ ក្រសួង​អប់រំ​បានឱ្យដឹងថា ការប្រឡង​ប្រព្រឹត្តទៅ​រយៈពេល​ ២ ​ថ្ងៃ គឺ​ថ្ងៃទី​ ៦ និង​ថ្ងៃទី​ ៧ ខែវិច្ឆិកា​,​ដំណើរការ​កំណែ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ៩ ខែ​វិ​ច្ឆិ​កា ដល់​ថ្ងៃទី​ ១៥ ខែវិច្ឆិកា​, ដំ​ណើ​រការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំ​ព្យូ​ទ័​រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ ចាប់ពី​ថ្ងៃទី​ ១៦ ដល់​ថ្ងៃទី ​២៦ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៣​។ ក្រសួង​កំណត់​យក​ថ្ងៃទី​ ២៨ ខែវិច្ឆិកា ពេល​រសៀល សម្រាប់​ការ​​ប្រកាស​លទ្ធផល​ប្រឡង នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃទី​ ២៩ ខែវិច្ឆិកា សម្រាប់​ខេត្ត​ផ្សេងៗ​នៅ​ទូទាំងប្រទេស​។​

​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ ៦ វិច្ឆិកា ឆ្នាំ ​២០២៣ មាន​បេក្ខជន​ចុះឈ្មោះ ប្រឡង​សរុប​ចំនួន​ ១៣៧ ៤១២​ នាក់ ​(​ស្រី​ ៧៣ ២៧៨​ នាក់​) ក្នុងនោះ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៤១ ៣៧៩ ​នាក់ (​ស្រី ​២៤ ៧៨៩​ នាក់​) បេក្ខជន​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម​មាន​ចំនួន ​៩៦ ០៣៣ ​នាក់ ​(​ស្រី​ ៤៨ ៤៨៩​ នាក់​)​។

​បេក្ខជន​ត្រូវបាន​រៀបចំ​ចំនួន ​២៥ ​នាក់​ក្នុង ១​ បន្ទប់​ទៅតាម​មណ្ឌល​សំណេរ​នីមួយៗ តាម​រាជធានី ខេត្ត លើកលែងតែ​បន្ទប់​ចុងក្រោយ និង​បន្ទប់​ដែលមាន​បេក្ខជន​មកពី​វិទ្យា​ល័យ​អប់រំ​ពិសេស​។​ក្រសួង​អប់រំ​បានឱ្យដឹង​ទៀតថា មណ្ឌល​សំណេរ​មាន​ចំនួន​សរុប ២២៧​ មណ្ឌល ត្រូវជា​ ៥ ៥៤៣​បន្ទប់ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៧២ មណ្ឌល ត្រូវជា​ ១ ៦៨២​ បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ១៥៥​ មណ្ឌល ត្រូវជា​ ៣ ៨៦១ ​បន្ទប់​។

​គណៈមេប្រយោគ និង​គណៈកម្មការ​ផ្សេងៗ ដែល​ត្រូវ​ចូលរួម​ក្នុង​ដំណើរការ​ប្រឡង​នៅ​គ្រប់​ដំណាក់កាល មាន​ចំនួន​សរុប​ ២៩ ៥២៥​ នាក់ ក្នុងនោះ​មកពី​ថ្នាក់​ក្រសួង​ចំនួន ៤ ១២៦ ​នាក់ និង​មកពី​ថ្នាក់​រាជធានី ខេត្ត​ចំនួន ២៥ ៣៩៩ ​នាក់​។​

​ក្រសួង​នឹង​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​នៅតាម​រាជធានី ខេត្ត​ចំនួន ២ ​ដង គឺ​លើក​ទី​១ ​នៅ​ថ្ងៃទី​ ៣០ ខែតុលា ដើម្បីឱ្យ​បេក្ខជន​បាន​ពិនិត្យ និង​រកមើល​ឈ្មោះ​តាម​មណ្ឌល​ប្រ​ឡង និង​លើក​ទី​២ នៅ​ថ្ងៃទី​ ៥ វិច្ឆិកា​ ដើម្បី​ពិនិត្យមើល និង​បញ្ជាក់​ម្តងទៀត អំពី​មណ្ឌល​ប្រឡង លេខ​បន្ទប់ និង​លេខ​តុ​៕​