​ភ្នំពេញៈ នៅ​ឆ្នាំ​ ២០២៤ រាជរដ្ឋាភិបាល គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន​ជាង​ ៣៨​ ពាន់​ប៊ី​លាន​រៀល ឬ​ជាង ​៩​ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​ជាង ​៣៤ ​ពាន់​ប៊ី​លាន​រៀល ឬ​ជាង​ ៨ ​ពាន់​លាន​ដុល្លារ​ ចំណាយ​នៅ​ថ្នាក់ជាតិ និង​ជាង ​៤​ ពាន់​ប៊ី​លាន​រៀល ឬ​ជាង​ ១ ​ពាន់​លាន​ដុល្លារ​ ចំណាយ​នៅ​ថ្នាក់ក្រោម​ជាតិ​។ វិស័យ​សង្គមកិច្ច អប់រំ ការងារ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​និង​សុខាភិបាល នៅតែ​ជា​វិស័យ​អាទិភាព​សម្រាប់​ការចំណាយ​នេះ​។​

​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ២៧ ខែតុលា​ បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត ដោយ​ក្នុងនោះ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិ​រញ្ញ​វត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​ ២០២៤ ​ត្រូវបាន​ពិភាក្សា និង​អនុម័ត​ផងដែរ​។ សេចក្តីប្រកាស​ព័ត៌មាន​អង្គភាព​អ្នកនាំពាក្យ​រាជ​រដ្ឋាភិបាល​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ​មាន ​៥ ​ជំពូក​និង​ ១៤ មាត្រា និង​ត្រូវបាន​រៀបចំឡើង​ក្នុង​បរិ​កា​​រណ៍​ដែល​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​«​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ទទួលបាន​នូវ​ទំនុកចិត្ត​ដ៏​ច្រើន​លើសលប់ ចេញពី​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​សម្រាប់​រយៈពេល ​៥ ​ឆ្នាំ​បន្តទៀត​»​។

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​នៅ​ឆ្នាំ​ ២០២៤ រាជ​រដ្ឋា​ភិ​បាល គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន ៣៨ ៨២៩ ប៊ី​លាន​រៀល​ក្នុងនោះ ថវិកា​ចំណាយ​នៅ​ថ្នាក់ជាតិ ឆ្នាំ​ ២០២៤ មាន​ចំនួន ៣៤ ៤៩៧ ប៊ី​លាន​រៀល ត្រូវជា ២៤,១៣ ​ភាគរយ នៃ ផ​.​ស​.​ស​. [​ផលិតផល​ក្នុងស្រុក​សរុប​] ​ថយចុះ ៥,៨​ ភាគរយ ធៀប​នឹង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ ២០២៣​ និង​ចំណាយ​នៅ​ថ្នាក់ក្រោម​ជាតិ មាន​ចំនួន ៤ ៣៣២ ប៊ី​លាន​រៀល មាន​សមាមាត្រ​ស្មើនឹង ១១,៧ ភាគរយ​នៃ​ចំណាយ​ថវិការដ្ឋ​សរុប ត្រូវជា ៣,០៣​ ភាគរយ នៃ ផ​.​ស​.​ស​. កើនឡើង ​៦,៦ ​ភាគរយ​ធៀប​នឹង​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​ ២០២៣»​។

​ប្រភព​ដដែល​បន្តថា​៖ «​ជាការ​កត់សម្គាល់ សម្រាប់​ឆ្នាំ​ ២០២៤ វិស័យ​សង្គមកិច្ច​នៅតែ​ជា​អាទិភាព​ក្នុងការ​ចំណាយ ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ ក្រសួងសុខាភិបាល និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា ថវិកា​ឆ្នាំ ​២០២៤ ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​មួយ​សម្រាប់​ឱ្យ​រាជរដ្ឋាភិបាល​អាចឆ្លើយតប​នឹង​បញ្ហា​ប្រឈម និង​ហានិភ័យ​ផងទាំងពួង​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ប្រកាន់យក​នូវ​ជំហាន​នៃ​ការអនុវត្ត គោលជំហរ​ពង្រឹង​ប្រសិទ្ធភាព​ថវិកា ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ជា​ពិ​សេស​លើ​មនុស្ស សមត្ថភាព​ស្ថាប័ន ការកែទម្រង់រដ្ឋបាល​សាធារណៈ និង​ការកែទម្រង់​រចនាសម្ព័ន្ធ ដែលមាន​អភិបាល​​កិច្ច​ជា​ស្នូល​។​

​ក្នុង​ដំណើរការ​ពិនិត្យ និង​ពិ​ភា​ក្សា​សេចក្តីព្រាងច្បាប់​ស្តីពី​ហិ​រញ្ញ​វត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​ ២០២៤ លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្របខ័ណ្ឌ​ថវិកា​ឆ្នាំ​ ២០២៤ ​ជា​កត្តា​កំណត់​នៃ​ភាព​​ជោគជ័យ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​បានស្នើ​ស្ថាប័ន​ទាំងអស់​យកទៅអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​លោក​បានចាត់ទុក​ឆ្នាំ​ ២០២៤ ជា​ឆ្នាំ​សម្រាប់​វាយតម្លៃ​អំពី​ការចំណាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​ឱ្យចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក ​ប៉ែន បូ​ណា ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ២៩ តុលាថា ថវិកាជាតិ​ឆ្នាំ ​២០២៤​ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត ផ្ដោត​សំខាន់​នៅតែ​ទៅលើ​វិស័យ​សង្គមកិច្ច ដូច​ជា​ជាក់ស្ដែង​វិស័យ​អប់រំ ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សុខាភិបាល​និង​សង្គមកិច្ច​។ ក្រសួង​ដែល​ពាក់ព័ន្ធ​មាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួងសុខាភិបាល និង​ក្រសួង​សង្គម​កិច្ច​អតីតយុទ្ធជន​និង​នីតិសម្បទា​ក្រសួង​គឺជា​អាទិភាព​។

​លោក​ថ្លែងថា ការដែល​ក្រសួង​ទាំងនោះ​អាទិភាព​ពីព្រោះ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ដែល​លោក ហ៊ុន ម៉ា​ណែ​ត បានប្រកាស​តាំងពីដើម​អាណត្តិ​ភ្លាមៗ​នោះ​គឺ​ផ្ដោត​ការយកចិត្តទុកដាក់​ខ្លាំង​ទៅលើ​មនុស្ស ការកសាង​សមត្ថភាព​ធនធានមនុស្ស និង​សមត្ថភាព​ស្ថាប័ន​ក្នុងនោះ​មានការ​កែទម្រង់រដ្ឋបាល​សាធារណៈ​ការកែទម្រង់រ​ច​នា​សម្ព័ន្ធ​និង​អភិ​​បាល​កិច្ច​ល្អជា​ស្នូល​។​

​លោក ប៉ែន បូ​ណា ថ្លែងថា​៖ «​អ៊ីចឹង យើង​គិតថា រាជរដ្ឋាភិបាល​សម្រេច​ថវិកា​ឆ្នាំ​ ២០២៤​ នេះ​គឺជា​ថវិកា​មួយ​ជា​យុទ្ធសាស្ត្រ​។ យុទ្ធសាស្ត្រ​ហ្នឹង ដើម្បី​ធ្វើ​ម៉េច​រក្សា​ឱ្យបាន​សមិទ្ធផល​ទាំងឡាយ​ដែលមាន​សុខសន្តិភាព​ការ​អភិ​​វ​ឌ្ឍ​ទាំងឡាយ​ដែល​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ​លោក​បាន​កសាងឡើង ហើយ​និង​សម្រេច​បន្ត​ឱ្យសម្រេចបាន​នូវ​គោលដៅ​យុទ្ធ​សាស្ត្រ សមិទ្ធផល​ថ្មីៗ​ទៀត​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​ ១ ដែល​សម្តេច​ធិបតី​លោក​បានប្រកាស​ដាក់ចេញ​ហ្នឹង ហើយ​ថវិកា​នេះ​ក៏​យើង រាជរដ្ឋាភិបាល គិតគូរ​អំពី​ការ​ត្រៀម​ប្រឈម​បញ្ហា​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើតឡើង​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ បានន័យថា មាន​ជា​បញ្ហា​ដូចជា​កន្លងមក​កើតឡើង​ដែល​ជះឥទ្ធិពល​សេដ្ឋ​កិច្ច​ដល់​កម្ពុជា​ហ្នឹង​គឺ​យើង​ត្រៀម​ទប់ទល់​ទាំងអស់​ហ្នឹង​»​។​

​លោក​ យង់ ពៅ អគ្គលេខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី ​២៩ តុលាថា លោក​គាំទ្រ​ចំពោះ​ការចំណាយ​ទៅលើ​ក្រសួង​អាទិភាព​ទាំងនេះ​សម្រាប់​ទ្រទ្រង់​លើ​ការអភិវឌ្ឍ​សង្គម ប៉ុន្តែ​សំខាន់​ការចាយវាយ​ទៅលើ​កញ្ចប់​ថវិកា​នេះ​ឱ្យមាន​ប្រសិទ្ធ​ភាពជាក់ស្ដែង​និង​កែទម្រង់​ស៊ីជម្រៅ​ជាក់ស្ដែង​ទៅលើ​វិស័យ​សិក្សាធិការ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រួម​នឹង​សុខាភិបាល​ផង​ដែរ​។

​លោក​ថា​៖ «​ទាំងអស់នេះ​យើង​សុទ្ធតែ​មើលឃើញថា​ធន​​ធាន​មនុស្ស​របស់​យើង​ដែល​ផ្អែកលើ​ក្រសួង​ទាំង​អម្បាលម៉ាន​ហ្នឹង វា​មាន​បញ្ហា​នៅឡើយ​។ យើង​ខ្វះ​ជំនាញ​បច្ចេកទេស​ដែល​អាស្រ័យទៅលើ​ក្រសួង​ការងារ និង​បណ្ដុះ​​បណ្ដាល​វិជ្ជាជីវៈ​ហ្នឹង​។ យើង​ខ្វះ​កម្លាំង​ជំនាញ​ហ្នឹង​។ សុខាភិបាល​យើង​ដឹង​ហើយ​ថា ប្រជាពលរដ្ឋ​យើង ធនធាន​មធ្យម​ល្មម​និង​អ្នក​​ខ្លះ​ក៏​ធនធាន​មិនសូវមាន​ក៏​នៅតែ​ប្រឹងប្រែង​ទៅ​ព្យាបាល​នៅ​បរទេស​ដែរ​។ អាហ្នឹង​យើង​ចោទ​ជា​សំណួរ​ថា តើ​មកពី​ក្រសួង​ដើរតួនាទី​យ៉ាងម៉េច​? អាហ្នឹង​អ៊ីចឹង​សំខាន់​គឺ​ចាយ​ឱ្យចំ​គោលដៅ​កំណែទម្រង់​ឱ្យ​ស៊ីជម្រៅ​ចំ​គោលដៅ​។ ឥឡូវ ក្រសួង​ទាំងអស់​ហ្នឹង​គឺជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​បើ​មិនបាន កែទម្រង់​ច្បាស់លាស់​ទេ នោះ​ជា​រឿង​ខាត​បន្តទៀត​»៕