ភ្នំពេញៈ អង្គការ​ស្បៀង​អាហារ និង​កសិកម្ម នៃ​អង្គការ​សហប្រជាជាតិ ប្រកាស​ផ្ដល់​ការគាំទ្រ​ជំនួយ​បច្ចេកទេស​ដល់​ក្រសួងកសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ និង​ក្រសួង​បរិស្ថាន ចាប់ផ្តើម​អនុវត្ត​គម្រោង ភាពជា​ដៃគូ​រវាង​រដ្ឋ ឯកជន និង​សហគមន៍ ហៅ​កាត់​ថា PEARL ដើម្បី​លើកកម្ពស់​កសិកម្ម ភាតរ​បរិស្ថាន និង​ជីវភាព​ដែល​ធន់​នឹង​អាកាស​​ធាតុ របស់​ប្រជា​សហគមន៍ នៅ​ភាគ​ខាងជើង​បឹង​ទន្លេសាប​ប្រមាណ ៤៥ ​ម៉ឺន​នាក់​។

​ការប្រកាស​នេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​គម្រោង PEARL នៅ​សណ្ឋាគារ​ភ្នំពេញ ថ្ងៃទី​ ២៧ ខែតុលា ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម និង​បង្ហាញ​ពី​គោលបំណង នីតិវិធី និង​វិធាន​​ការ ក្នុងការ​អនុវត្ត​គម្រោង​នេះ​សម្រាប់​រយៈពេល​ ៦ ​ឆ្នាំ​។

​លោកស្រី Rebekah Bell តំណាង​អង្គការ FAO កម្ពុជា បាន​ថ្លែងថា គម្រោង PEARL គឺជា​គម្រោង​របស់​កម្ពុ​ជា ដែលជា​ផលិតផល​ទាក់ទង និង​តួនាទី​របស់​រាជរដ្ឋាភិបាល​ក្នុងប្រទេស​នេះ ដែលមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​។

​លោកស្រី​បញ្ជាក់ថា គម្រោង​នេះ មិនមែនជា​របស់​អង្គការ FAO ទេ​។ អង្គការ ​FAO គ្រាន់​​តែ​ជា​អ្នក​ជួយ​សម្របសម្រួល ឱ្យ​កម្ពុជា​បានទទួល​ជំនួយ​ឥត​សំណង​ពី​មូលនិធិ​អាកាស​​ធាតុ​បៃតង (GCF) ប៉ុណ្ណោះ​។

​លោកស្រី​បន្តថា គម្រោង​នេះ​នឹង​ជួយ​លើកស្ទួយ​ផលិត​ផល​កសិកម្ម​កម្ពុជា ព្រមទាំង​របរ​ចិញ្ចឹមជីវិត​របស់​ប្រជា​​ពលរដ្ឋ ដោយ​ជួយ​ដល់​កសិករ​រហូតដល់ ៤៥​ ម៉ឺន​នាក់ ស្មើនឹង​ ៣ ភាគរយ នៃ​ប្រជាជន​ទូទាំងប្រទេស​។ តាមរយៈ​ភាពជា​ដៃគូ​នេះ កសិករ​ខ្នាតតូច​អាចមាន​ឱកាស​ផលិត​ដំណាំ​ពាណិជ្ជ​កម្ម ដែលមាន​តម្លៃ​ខ្ពស់​មួយចំនួន ដូចជា​ស្វាយ ស្វាយចន្ទី អង្ករ​សរីរាង្គ និង​ពពួក​បន្លែ​ស្លឹក​ជាដើម​។

​លោកស្រី Rebekah Bell​ ថ្លែងថា​៖ «​គម្រោង​នេះ​ជួយ​ដល់​កសិករ​ខ្នាតតូច​ជាច្រើន ដែល​ពឹងពាក់​ទៅលើ​ផលិត​ផល​កសិកម្ម ហើយ​វា​មិន​ត្រឹមតែ​ជួយផ្តល់​លទ្ធភាព ដែល​ទទួលបាន​ពី​គម្រោង​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ត្រូវតែ​បង្កើន​ឱកាស​ទីផ្សារ​កាន់តែ​ប្រសើរ និង​ប្រើប្រាស់​ធនធាន​នានា ដែលមាន​ដើម្បី​កាត់​​បន្ថយ​ភាព​ងាយ​រងគ្រោះ ដែល​បណ្តាលមកពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​»​។

​លោក Marc Dumas Johansen តំណាង GCF ថ្លែង​តាម​វីដេអូ conference ក្នុង​ពិធី​នោះ​ឱ្យដឹងថា តំបន់​ខាង​ជើង​បឹង​ទន្លេសាប ជា​កន្លែង​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា ប៉ុន្តែ​ជាក់ស្តែង​តំបន់​នោះ​មានការ​ប្រែប្រួល និង​មានប្រតិកម្ម​នានា​កើតឡើង​។ ហេតុនេះ​ការផ្តល់ជូន​មូលនិធិ​ជំនួយឥតសំណង​នេះ គឺ​ដើម្បី​ជួយ​កសាង​ភាព​ធន់ ភាពខ្លាំង និង​រឹងមាំ​នៅ​ផ្នែក​នៃ​តំបន់​នោះ ជាពិសេស​គឺ​ធ្វើយ៉ាងណា​ជួយ​បង្កើន​លក្ខណៈ​ជីវសាស្ត្រ ប្រកប​ដោយ​ភាព​ចម្រុះ និង​កាន់​តែមាន​ភាពល្អប្រសើរ ព្រមទាំង ជួយ​បង្កើន​ផលិតផល​កសិកម្ម ដែលមាន​តម្លៃ​ខ្ពស់ និង​ជួយ​ដល់​ការការពារ​ជីវចម្រុះផង​​ដែរ​។

​លោក កែន សេរី​រដ្ឋា អគ្គ​​នាយក នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិ​ស្ថាន នៃ​ក្រសួងបរិស្ថាន បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា PEARL ជា​គម្រោង​មួយ​សំខាន់ និង​ទាន់ពេលវេលា​ក្នុងការ​ឆ្លើយតប​ជាមួយ​វិបត្តិ​ចំនួន​៣ ដែល​កំពុង​បន្ត​កើតឡើង​ទាំង​ក្នុង​តំបន់ និង​ក្នុង​ប្រទេសជាតិ រារាំង​ដល់​ការអភិវឌ្ឍ​ប្រទេស និង​ការជំរុញ​លើកកម្ពស់​ជីវ​ភាព​របស់​ប្រជាជន ពិសេស​ការស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម​។ លោក​បញ្ជាក់ថា វិបត្តិ​ទាំង​៣​នោះ​រួមមាន បញ្ហា​កូ​វីដ ​១៩ បញ្ហា​ការ​ប្រទាញប្រទង់​នៃ​ភូមិសាស្ត្រ​នយោបាយ និង​បញ្ហា​វិបត្តិ​នៃ​ការប្រែប្រួល​អាកាសធាតុ​។

​លោក សេរី​រដ្ឋា ថ្លែងថា​៖ «​ខ្ញុំ​រង់ចាំ​ជានិច្ច​ក្នុង​ការចូល​រួមសហកា​រ​ជា​បន្តបន្ទាប់ សម្រាប់​ការអភិវឌ្ឍ​គម្រោង​ដែលមាន​រយៈពេល ៦​ ឆ្នាំ ជា​រយៈពេល​មួយ​វែង ថ្វីដ្បិតតែ​យើង​មិនដឹងថា ថ្ងៃស្អែក​យើង​នឹង​ទៅណា និង​មានរឿង​អី​កើតឡើង តែ​នេះ​ជា​គម្រោង​១​ដែល​ស្ថិតនៅ​សម្រាប់​ប្រយោជន៍​កម្ពុជា​ទាំង​មូល​»​។

​លោក យ៉ង សាំង​កុមារ រដ្ឋ​លេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា គម្រោង PEARL គឺមាន​ការផ្សាភ្ជាប់​ជាមួយ​គោល​នយោបាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​អាណត្តិ​ថ្មី ពាក់ព័ន្ធ​ការប្តេជ្ញាចិត្ត ក៏ដូចជា​ចក្ខុ​វិ​ស័​យ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ធ្វើឱ្យ​កម្ពុជា ក្លាយជា​ប្រទេសមួយ ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។

​លោក​បន្តថា គម្រោង​នេះ​ក៏មាន​ការផ្សារភ្ជាប់​ជាមួយ​គោលនយោបាយ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ផ្តោតលើ​អាទិ​ភាព​ចំនួន​៤​ផងដែរ គឺ​ទី​១ ​ការ​​កសាង​ចង្វាក់​ផលិតកម្ម និង​តម្លៃ​ទីផ្សារ​។ ទី​២ ការដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ​នៅ​ទូទាំងប្រទេស​ចំនួន ១ ៦០០ ​រូប​។ ទី​៣ ការរៀបចំ​ចងក្រង​សមាគម និង​សហគមន៍​កសិករ និង​ទី​៤ គឺ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជាពិសេស​ព្រៃឈើ និង​ជលផល​ប្រកប​ដោយ​ចីរភាព​។

​លោក យ៉ង សាំង​កុមារ ថ្លែងថា​៖ «​តាមរយៈ​គម្រោង​នឹង​ជួយ​ដល់​ការពង្រឹង​សមត្ថភាព​ដ​ល់​កសិករ​យើង ជួយ​ក្នុងការ​ផ្តល់ទុន ការវិនិយោគ​ផ្សេងៗ​ទៅដល់​កសិករ និង​សហគមន៍​កសិករ និង​ជួយ​ដល់​ការ​ផ្សារ​​ភ្ជាប់​គ្នា​ក្នុង​ចង្វាក់​ប្រព័ន្ធ ផលិត​កម្ម និង​តម្លៃ​ជាមួយ​តួអង្គ​សំខាន់ៗ​ដែល​ចូលរួម​»​។

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃទី​ ១៨ ខែមីនា ក្រសួងបរិស្ថាន​បានឱ្យដឹងថា គម្រោង PEARL ជា​ផ្លែផ្កា នៃ​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​ស្អិតល្មួត រវាង​ក្រសួង​បរិស្ថាន ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា វិស័យ​ឯកជន និង​សង្គម​ស៊ីវិល ក្រោម​ការគាំទ្រ​ជំនួយ​បច្ចេក​ទេស​ពី​អង្គការ FAO និង​ហិរញ្ញ​​វត្ថុ​ពី​មូលនិធិ​អាកាសធាតុ​បៃតង (GCF)​។

​គម្រោង​នេះ​ត្រូវបាន​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​មូលនិធិ GCF កាលពី​ថ្ងៃទី​ ១៥ ខែមីនា មាន​រយៈពេល​ ៦ ​ឆ្នាំ ដែលមាន​ថវិកា​សរុប​ចំនួន​ប្រមាណ ៤៣ ​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​ថវិកា​ចំនួន ៣៦,២​ លាន​ដុល្លារ​អាមេរិក ជា​ជំនួយឥតសំណង​ពី​មូលនិធិ GCF និង ៦,៦ ​លាន​ដុល្លារ​អាមេរិក ជា​ថវិកាបដិភាគ​រប​ស់​ក្រសួងបរិស្ថាន ក្រសួង​កសិកម្ម និង​អង្គការ ​FAO ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កសិករ​ប្រមាណ ៤៥ ម៉ឺន​នាក់ និង​ខ្សែ​ច្រវាក់​តម្លៃ​នៅ​ភាគ​ខាង​ជើង​បឹង​ទន្លេសាប រួមមាន​ខេត្ត កំពង់ធំ សៀមរាប ព្រះ​វិហារ និង​ឧ​ត្ត​រ​មានជ័យ​៕