ភ្នំពេញៈ ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​ បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​បណ្ណ​សម្គាល់​ជន​មាន​ពិការភាព ដល់​ជន​មាន​ពិការភាព ដើម្បី​លើកកម្ពស់​ផលប្រយោជន៍​ជន​មាន​ពិការភាព​តាម​ប្រព័ន្ធ​គាំពារ​សង្គម និង​សេវា​សង្គម​ផ្សេងទៀត​ប្រកប​ដោយ​សមធម៌ និង​បរិ​យាប​ន្ន ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

​នៅក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើ​​ប្រាស់​បណ្ណ​សម្គាល់​ជន​មាន​ពិការភាព ដល់​ជន​មាន​ពិការភាព នៅ​ថ្ងៃទី ​៣០ ខែតុលា ឆ្នាំ​ ២០២៣ លោក ជា សុ​មេធី រដ្ឋមន្ត្រីក្រសួង​​សង្គមកិច្ច បាន​ថ្លែងថា ការចេញ​បណ្ណ​សម្គាល់​ជន​មាន​ពិការភាព គឺ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ជន​មាន​ពិការភាព​ក្នុងការ​ចូលរួម​សកម្មភាព​សង្គម​សេដ្ឋ​កិច្ច និង​ទទួលបាន​អត្ថ​ប្រ​យោ​ជន៍​ពី​វិស័យ​សាធារណៈ​, វិស័យ​ឯកជន​, អង្គការ​សង្គម​ស៊ីវិល និង​អ្នកផ្តល់​សេវា​ផ្សេងៗ ប្រកប​ដោយ​សមធម៌​។

​លោក​បញ្ជាក់ថា​៖ «​ពិតណាស់ថា ថ្វីដ្បិតតែ​យើង​សម្រេចបាន​សមិទ្ធផល​យ៉ាង​ធំ​ធេង ទៅលើ​វិស័យ​សុខុមាលភាព​របស់​ជន​ពិការ​យ៉ាងណាក៏ដោយ ក៏​បងប្អូន​ជន​មាន​ពិការភាព នៅមាន​ឧបសគ្គ​ជាច្រើន​ទៀត ដែល​យើង​ត្រូវ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ទាំងនោះ​ឱ្យ​កាន់​​តែ​ទូលំទូលាយ និង​ក្តាប់បាន​ព័​ត៌​មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​»​។​

​ជាមួយគ្នា​នោះដែរ លោក Will Parks នាយក​អង្គការ​យូ​នី​សេ​ហ្វ (UNICEF) បាន​មានប្រសាសន៍​ដែរ​ថា នៅក្នុង​ឆ្នាំ​ ២០២០ ​ដោយសារ​មានការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប អង្គការ UNICEF បានផ្តល់​ការគាំទ្រ​បច្ចេក​ទេស​ដល់​ក្រសួង​សង្គមកិច្ច​ក្នុងការ​បំពាក់បំប៉ន ដល់​មន្ត្រី​រដ្ឋា​ភិ​បាល​ប្រមាណ​ជាង​ ៤ ០០០​ នាក់ ចំពោះ​ជំនាញ​ចាំបាច់​ក្នុង​ការចុះ​ឈ្មោះ និង​កំណត់​អត្តសញ្ញាណ​ជន​មាន​ពិការភាព​នៅ​ទូទាំង ​១ ៦៥២ ​ឃុំ សង្កាត់​។​

​ការធ្វើ​បែបនេះ គឺ​ដើម្បី​អនុវត្ត​ការកំណត់​អត្តសញ្ញាណ​ជន​មាន​ពិការភាព​តាម​ប្រព័ន្ធ​ឌីជីថល​ទូទាំងប្រទេស ដោយ​ប្រើប្រាស់ App ទូរស័ព្ទ និង​កម្មវិធី​ថ្នាល​នៅលើ​គេហទំព័រ សម្រាប់​ចុះ​ឈ្មោះ​ជន​មាន​ពិការភាព​ប្រមាណ​ ២៨ ​ម៉ឺន​នាក់ និង​កំណត់​អត្ត​សញ្ញាណ​ជន​មាន​ពិការភាព​ប្រមាណ ​២៦​ ម៉ឺន​នាក់​បន្ថែមទៀត នៅក្នុង​ប្រព័ន្ធគ្រប់គ្រង​ជន​មាន​ពិការភាព​នេះ​។

​លោក Will Parks បញ្ជាក់ថា​៖ «​យើង​រំពឹងទុក​ថា ជន​មាន​ពិការភាព ដែល​បានកំណត់​អត្ត​សញ្ញាណ​ទាំងអស់នេះ ជាពិសេស​ជន​មាន​ពិការភាព ដែល​គាត់​មកពី​គ្រួសារ​ដែល​កាន់​បណ្ណ​ក្រីក្រ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​កម្មវិធី​គាំពារ​សង្គម​ដែល​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​អំឡុង​ខែធ្នូ ឆ្នាំនេះ​»​។​

​លោក​ សន សុផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្តារ​សម្បទា ក៏បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា កន្លង​ទៅ​ក្រសួង​សង្គមកិច្ច​បានធ្វើ​ការកំណត់​អត្តសញ្ញាណ​កម្ម​ជន​ពិការ​ក្រីក្រ​តាមរយៈ​សាលា​កប​ត្រ​ព័ត៌មាន​ពិការភាព ដែល​អនុវត្ត​ដោយ​ក្រុមការងារ​សង្កាត់ ឃុំ​ក្នុង​គោលបំណង​ផ្តល់ប្រាក់​របប​គោល​នយោបាយ​ជា​ផ្លូវ​ការជូន​ដល់​ជនពិការ​ក្រីក្រ​ដោយ​គ្មាន​លក្ខខណ្ឌ ប៉ុន្តែ​ការធ្វើ​បែបនេះ​មានការ​យឺត​យ៉ាវ​។

​លោក​បញ្ជាក់ថា​៖ «​ការ​ប្រើប្រាស់​ទិន្នន័យ គឺ​សម្រាប់​កំណត់​ក្រុម​គោលដៅ​នៃ​កម្មវិធី​ប្រព័ន្ធ​គាំពារ​សង្គម និង​សេវា​សង្គម​ផ្សេងៗ​ទៀត ប្រកបដោយ​សមធម៌ និង​បរិ​យាប​ន្ន ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិ​បាល និង​បាន​ជួយ​ជំរុញ​ការ​​អនុវត្ត​កម្មវិធី​អត្តសញ្ញាណ​កម្ម​ជន​មាន​ពិការភាព​ឱ្យមាន​សម្ទុះ​គួរឱ្យកត់សម្គាល់ ក្នុងនោះ​ជន​ពិការ​មាន​ចំនួន ២៨៨ ៦៩០​ នាក់ ​ត្រូវ​បានកំណត់​អត្តសញ្ញាណ​កម្ម​នៅតាម​សង្កាត់ ឃុំ និង​បាន​ផលិត​បណ្ណ​សម្គាល់​ជនពិការ​បាន​ចំនួន ២ ២២១ ១៤៨​ បណ្ណ ស្មើនឹង​ ៣២​ ភាគរយ​នៃ​ចំនួន​ជនពិការ​ទូទាំងប្រទេស គិត​ត្រឹម​ថ្ងៃទី ​២៣ ខែតុលា ឆ្នាំ​ ២០២៣»​។​

​រាជរដ្ឋាភិបាល បានចេញ​អនុ​​ក្រឹត្យ​លេខ ២០២ អ​.​ន​.​ក្រ​.​បក ចុះ​ថ្ងៃទី​ ១៩ ខែកក្កដា ឆ្នាំ ​២០២៣ ស្តីពី​ការកំណត់​អត្តសញ្ញាណ​កម្ម​ជនពិការ​តាម​គំរូ​សង្គម និង​សិទ្ធិ​ជា​មូលដ្ឋាន និង​ប្រកា​សលេខ​ ២២៧ សអយ ចុះ​ថ្ងៃទី​ ៩ ខែ​​សីហា ឆ្នាំ​ ២០២៣ ស្តីពី​ការដាក់ឱ្យ​ប្រើប្រាស់​ប​ណ្ណស​ម្គា​ល់​ជន​មាន​ពិការភាព ដើម្បី​រៀបចំ និង​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​អត្ត​សញ្ញាណ​កម្ម ជន​មាន​ពិការភាព​ឱ្យមាន​បទដ្ឋាន​រួមមួយ​ប្រកប​ដោយ​សង្គតិភាព​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា សម្រាប់​ការគ្រប់គ្រង​ជន​មាន​ពិការ​ភាពជា​មូលដ្ឋាន​កំណត់ និង​ក្រុម​គោលដៅ​ជន​មាន​ពិការភាព ក្នុងការ​លើកកម្ពស់​ជី​វ​ភាព និង​ការទទួល​សេវា​សង្គម ការអភិវឌ្ឍ​ដល់​ជន​មាន​ពិការ​ភាព​។

បើតាម​របាយការណ៍រ​ប​ស់លោក សន សុផល គិត​មកដល់​ឆ្នាំ​ ២០២៣ ​នេះ កម្មវិធី​ផ្តល់ប្រាក់​​របប​គោលនយោបាយ​ចំពោះ​ជនក្រីក្រ​តាម​សហគមន៍​ពង្រីក​បាន​ ២៥​ រាជធានី​-​ខេត្ត ស្មើនឹង​ ៦០​ ក្រុង​-​ស្រុក​-​ខណ្ឌ ដែល​ជន​ពិការ​ក្រីក្រ តាម​សហគមន៍ ទទួល​របប​ចំនួន ១៩ ៨៧៤ ​នាក់​។​

​បើតាម​ក្រសួង​សង្គមកិច្ច បណ្ណ​សម្គាល់​ជន​មាន​ពិការភាព ត្រូវបាន​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​ពិការភាព​អចិ​ន្រៃ្ត​យ៍ ដែលមាន​ទីលំនៅ​ពិតប្រាកដ ហើយ​បាន​ចូលរួម​ក្នុង​ដំណើរការ​កំណត់​អត្ត​​សញ្ញាណ​កម្ម​ជន​មាន​ពិការភាព និង​មាន​លក្ខណវិនិច្ឆ័យ​គ្រប់​​គ្រាន់​។

​បណ្ណ​នេះ ចែកចេញជា​ ៣ ​កម្រិត រួមមាន កម្រិតធ្ងន់​, កម្រិត​មធ្យម និង​កម្រិត​ស្រាល ដោយមាន​សុពលភាព​នៅពេលណា​ទិន្នន័យ​អត្តសញ្ញាណ​កម្ម​ជន​មាន​ពិការភាព​ត្រូវបាន​លុបចេញ​ពី​ប្រព័ន្ធ​បច្ចេកទេស​សម្រាប់​ការគ្រប់គ្រង​ជនពិការ​៕