
លោក សេង តារា ពេលកំពុងផ្ដល់ព័ត៌មានដល់ ភ្នំពេញ ប៉ុស្ដិ៍ នៅបណ្ណាល័យរបស់លោកកាលពីថ្មីៗនេះ។ រូបថត Yousos-Apdoulrashim
ភ្នំពេញៈ ផ្ដើមចេញពីការស្តាប់វិទ្យុផ្សាយអំពីប្រវត្តិរបស់អ្នកស្រី រស់ សេរីសុទ្ធា លោកស៊ិន ស៊ីសាមុត និងសិល្បករមួយចំនួនទៀត បានជំរុញទឹកចិត្ដលោក សេង តារា ឱ្យក្លាយខ្លួនជាអ្នកនិពន្ធ និងស្រាវជ្រាវពីប្រវត្ដិសិល្បករពីសម័យដើមរហូតដល់លោកអាចបើកជាបណ្ណាល័យ ១ សម្រាប់តម្កល់ឯកសារប្រវត្ដិទាំងនោះឱ្យមនុស្សជំនាន់ក្រោយបានស្វែងយល់ផងដែរ។
គេងយោលអង្រឹងទន្ទឹងមើលផ្លូវ ថ្ងៃលិចផុតទៅ អាសូរស្រីពៅ នៅតែរង់ចាំ…គឺជាប្រយោគមួយឃ្លានៃបទចម្រៀងរបស់លោក ស៊ិន ស៊ីសាមុត មួយក្នុងចំណោមបទចម្រៀងរាប់ពាន់បទទៀត ជាមួយនឹងជីវប្រវត្ដិសិល្បករសម័យដើមជាច្រើន ដែលបច្ចុប្បន្ន ត្រូវបានយកមកតម្កល់ទុកនៅក្នុងបណ្ណាល័យរបស់លោក សេង តារា មានឈ្មោះថា (បណ្ណាល័យតន្ត្រី និងភាពយន្ត) ដែលមានទីតាំងស្ថិតនៅភូមិទ្រា ៤ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងនាមជាអ្នកស្រាវជ្រាវបទចម្រៀង និងប្រវត្ដិសិល្បករ ពីសម័យដើម លោក សេង តារា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បណ្ណាល័យនេះ មានតម្កល់ឯកសាររាប់ពាន់ទាក់ទងនឹងប្រវត្តិរបស់អ្នកចម្រៀងកវីនិពន្ធ តន្ត្រីករ ជំនាន់ដើម ហើយក្នុងនោះ ក៏មានជាថាសចម្រៀង ម៉ាស៊ីនចាក់ថាសចម្រៀង កាស់សែតមានជាហ្វាល (File) ជា MP3 ដែលលោកបានថតចម្លងទុករាប់ពាន់បទផងដែរ។
លោក តារា បានឱ្យដឹងថា ឯកសារទាំងនោះ មានខ្លះនៅសេសសល់តាំងពីជំនាន់ទសវត្សរ៍ទី៥០-ទី៦០ ពោលគឺចាប់តាំងពីជំនាន់ក្រោយសម័យអាណានិគមនិយមបារាំង មកម្ល៉េះ។ រីឯចំពោះថាសចម្រៀងវិញ គឺមានទាំងថាសជ័រ និងថាសថ្ម ដែលបច្ចុប្បន្ននៅមានគុណភាពអាចប្រើការបាននៅឡើយ។ ក្រៅពីនោះបណ្ណាល័យរបស់លោក ក៏មានរក្សាទុកហ្វ៊ីលកុន និងបានចម្លងទុកជា [File] បានប្រមាណជា ១០ រឿង ផងដែរ ក្នុងនោះមានដូចជា រឿង «ទិព្វសូដាចន្ទ» រឿង« ១ ម៉ឺនអាល័យ» រឿង «ពៅឈូកស» ជាដើម និងមានតួឯកប្រុស គឺលោក គង់ សំអឿន អ្នកស្រី ទិត្យ វិជ្ជរ៉ាដានី តែមានរឿងខ្លះមិនអាចមើលបានទាំងស្រុងទេ។
រីឯផលិតករភាពយន្តពីដើមៗវិញ មានដូចជាលោក ទា លឹមគុណ, លោក លី ប៊ុនយីម ជាដើម រួមនឹងឯកសារផ្សេងៗទៀត គឺលោកបានរក្សាទុកក្នុងបណ្ណាល័យរបស់លោកច្រើន។ ហេតុដូច្នេះហើយទើបលោកដាក់ឈ្មោះ
បណ្ណាល័យនេះថា (បណ្ណាល័យតន្ត្រី និងភាពយន្ត)។
បើតាមលោកតារា ក្រៅពីឯកសារតន្ត្រី និងភាពយន្តក៏នៅមានឯកសារចម្រៀងចាប៉ីដងវែង លោកតា ពូថៅដៃ មានល្ខោនបាសាក់លោក សាំង សារុន និងចម្រៀងសិល្បៈពីសម័យដើមផ្សេងទៀតផងដែរ។ ប៉ុន្តែបច្ចុប្បន្នលោកស្ទើរតែមិនអាចរកលុយ សម្រាប់បង់ថ្លៃបណ្ណាល័យបានគ្រប់ផងទេ ខណៈទីតាំងបណ្ណាល័យនេះ គឺជាផ្ទះដែលលោកជួលពីគេក្នុងតម្លៃ ២៥០ ដុល្លារ ក្នុង ១ ខែ ហើយនេះមិនទាន់គិតពីចំណាយលើការធ្វើដំណើរឡើងចុះទៅតាមបណ្ដាខេត្តដើម្បីស្រាវជ្រាវបន្ដផង ខណៈប្រាក់ចំណូលសម្រាប់ទ្រទ្រង់បណ្ណាល័យនេះ គឺលោកបានតែពីការងារខាងក្រៅ និងពីការឧបត្ថម្ភតាមសទ្ធារបស់សប្បុរសជនមួយចំនួន។
ចំណែកឯអ្នកចូលស្រាវជ្រាវក្នុងបណ្ណាល័យវិញមានប្រមាណចន្លោះពី ២០ ទៅ ៣០ នាក់ ក្នុង ១ ខែ ហើយក្នុងចំណោមនោះក៏មានអ្នកជួយជាវឯកសារថតចម្លងខ្លះដែរដោយលោកលក់ជូនសម្រាប់ប្រភេទ MP3 ១ តម្លៃ ពី ២០ ទៅ ២៥ ដុល្លារ និងឌីសចម្លង ១ តម្លៃ ១០ ០០០ រៀល តែតាមរយៈចំណូលមិនទៀងទាត់នេះ ក៏មិនទាន់អាចទប់ទល់នឹងការចំណាយបានដែរ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំធ្វើការងារនេះបើរំពឹងថា បានចំណូលក្លាយជាអ្នកមានអ្នកអីហ្នឹងនោះ គឺអត់បានទេទាល់តែយើងមានការងារផ្សេងៗបូកផ្សំបន្ថែម។ ដូចខ្ញុំអ៊ីចឹងបើរំពឹងតែលើចំណូលបានពីការស្រាវជ្រាវនេះគឺប្រាកដជាមិនអាចបង់ថ្លៃទឹកថ្លៃផ្ទះថ្លៃភ្លើងរួចទេ»។
លោកបានដឹងដែរថា សរុបទាំងការចំណាយផ្សេងៗពាក់ព័ន្ធនឹងការងារស្រាវជ្រាវពីប្រវត្តិសិល្បករ និងបទចម្រៀងពីសម័យដើមនេះ សឹងតែត្រូវចំណាយ ៧ ទៅ ៨០០ ដុល្លារ ក្នុង ១ ខែៗ។ ដូច្នេះមានតែការឆ្លៀតពេលធ្វើការងារផ្សេងៗរួមនឹងការអំពាវនាវតែប៉ុណ្ណោះទើបអាចទ្រទ្រង់ការចំណាយបាន។ តាមរយៈនេះ ក៏មានសប្បុរសជននៅក្រៅប្រទេស និងក្នុងប្រទេសតែងជួយឧបត្ថម្ភបានខ្លះៗដែរ សម្រាប់យកមកចំណាយលើថ្លៃជួលផ្ទះបើកបណ្ណាល័យនេះ។
នៅក្នុងដំណើរដើមទងនៃការបង្កើតបណ្ណាល័យដើម្បីតម្កល់ស្នាដៃសិល្បករសម័យដើមនេះ គឺមានកត្ដាមួយចំនួនបានជំរុញទឹកចិត្ដរបស់អ្នកស្រាវជ្រាវរូបនេះ ឱ្យព្យាយាមរាប់ឆ្នាំដើម្បីទុកដាក់បានត្រឹមត្រូវសម្រាប់ឱ្យមនុស្សជំនាន់ក្រោយបានដឹងបានយល់អំពីរឿងរ៉ាវទាំងឡាយដែលបានកើតឡើងនៅក្នុងវិស័យសិល្បៈទៅតាមសម័យកាលនីមួយៗ។
ពាក់ព័ន្ធនឹងមូលហេតុដែលនាំដល់ការជ្រើសរើសយកការងារស្រាវជ្រាវនេះ លោក សេង តារា បានរំឭកពីប្រវត្តិខ្លះៗថា មុនក្លាយជាអ្នកស្រាវជ្រាវ និងជាអ្នកនិពន្ធគឺលោកមានអតីតភាពជាកូនកសិករ ធ្លាប់ច្រូតស្មៅឱ្យគោធ្លាប់បាចទឹកប្រឡាយធ្លាប់បររទេះទៅចម្ការដូចនេះលោកមានអនុស្សាវរីយ៍ច្រើនក្នុងនោះក៏មានរឿងរ៉ាវមនោសញ្ចេតនាស្នេហាផ្ទាល់ខ្លួនផងដែរ ដែលបានចងភ្ជាប់អនុស្សាវរីយ៍ធ្វើឱ្យលោកដក់ជាប់នៅក្នុងចិត្តលើការងារនេះតាំងពីនៅវ័យក្មេងមក។
លោកបានបញ្ជាក់ថា អ្វីដែលជាអនុស្សាវរីយ៍ដក់ជាប់ក្នុងបេះដូងមិនអាចបំភ្លេចបាននោះគឺ នៅពេលដែលសង្សារបណ្តូលចិត្តរបស់លោកបានរៀបការចោល ខណៈលោកទើបរៀនចប់ថ្នាក់ទី១២ នៅក្នុង ឆ្នាំ ២០០០ ហើយបានមកបន្តការសិក្សានៅរាជធានីភ្នំពេញ។
លោកបានបន្តថា លុះដល់អំឡុងពេលកំពុងរៀនមហាវិទ្យាល័យឆ្នាំទី៣ នៅឆ្នាំ ២០០៣ លោកបានស្តាប់វិទ្យុឮគេផ្សាយអំពីប្រវត្តិរបស់អ្នកស្រី រស់ សេរីសុទ្ធា លោក ស៊ិន ស៊ីសាមុត។ ពេលនោះលោកចាប់អារម្មណ៍ខ្លាំងព្រោះកាលពីលោកនៅក្មេងធ្លាប់តែស្តាប់សំឡេងរបស់ពួកគាត់តែមិនបានដឹងពីប្រវត្តិពួកគាត់យ៉ាងម៉េចទេ។

ជនបរទេសឈរតម្រៀបជួរគ្នា រង់ចាំធ្វើតេស្តរកមេរោគ កូវីដ ១៩ នៅវិទ្យាស្ថានសុខភាពសាធារណៈក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១។ហេង ជីវ័ន
លោក តារា បានលើកឡើងថា បើគ្រាន់តែស្តាប់បទចម្រៀង តែមិនបានដឹងពីប្រវត្តិរបស់ពួកគាត់គឺគួរឱ្យស្តាយណាស់ ហេតុដូចនេះហើយ ទើបលោកគិតថាគួរតែស្រាវជ្រាវហើយយកមកសរសេរទុក។ តាំងពីពេលនោះមកលោកក៏ទៅសុំអត្ថបទនិយាយពីប្រវត្តិសង្ខេបរបស់អ្នកចម្រៀងពីស្ថានីយវិទ្យុមកសរសេរទុកក្នុងកុំព្យួរទ័រ។ កាលជំនាន់លោករៀននៅមហាវិទ្យាល័យផ្នែកគ្រប់គ្រងទេសចរណ៍និងសណ្ឋាគារ គឺលោកប្រើតែពេលម៉ោងរៀនកុំព្យួទ័រទេ។
លោកបានបញ្ជាក់ថា លុះចូលមកដល់ឆ្នាំ ២០០៧ គាប់ចួននឹងពេលដែលលោកនៅកំពុងតែខូចចិត្តនឹងសង្សាររៀបការចោលផង ហើយបានស្តាប់បទចម្រៀងរបស់លោក ស៊ិន ស៊ីសាមុត ដែលមានបទខ្លះដូចរឿងរ៉ាវពិតរបស់លោកផ្ទាល់ផងនោះ ទើបជំរុញចិត្ដរបស់លោកឱ្យក្លាយជាអ្នកនិពន្ធតាំងពីពេលនោះមក។ ដំបូងឡើយគឺលោកនិពន្ធរឿង «មាសស្រោបនគរភាគទី១» ដែលនិយាយពីប្រវត្តិរបស់លោក ស៊ិន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា មុនគេ។
លោករៀបរាប់ទៀតថា កាលណោះកុំព្យួទ័រមានតែនៅតាមមហាវិទ្យាល័យប៉ុណ្ណោះ ហើយលោកក៏មិនមានកុំព្យួទ័រផ្ទាល់ខ្លួនដែរដូច្នេះពេលលោកសរសេរលើក្រដាសរួចក៏យកទៅវាយទុកក្នុងកុំព្យួទ័រនៅសាលា ប៉ុន្ដែទាល់តែម៉ោងរៀនកុំព្យួទ័រទើបលោកអាចចូលវាយបាន។ ស្នាដៃនិពន្ធរបស់លោកលើកទី១ គឺលោកលក់បាន ៣០០ ដុលា្លរ ក្នុង ១ ភាគ ឱ្យម្ចាស់បណ្ណាគារមួយ ហើយខាងបណ្ណាគារយកទៅបោះចេញជាសៀវភៅលក់បន្ត។ ក្រោយៗមកទៀតលោកលក់បានតែភាគទី៣ ទេ ព្រោះខាងបណ្ណាគារគេឈប់យកហើយម្យ៉ាងពេលនោះលោកក៏កំពុងមមាញឹកនឹងការងារស្រាវជ្រាវផង។ បើគិតទៅរហូតទល់បច្ចុប្បន្នលោកនិពន្ធរឿងមាសស្រោបនគរដល់ភាគទី១៥ ហើយដែលនិយាយពីប្រវត្តិសិល្បករចម្រៀងកវីនិពន្ធសម័យដើមទាំងអស់។
ជុំវិញចំណង់ចំណូលចិត្ដសំឡេងអ្នកចម្រៀងសម័យមុន លោក អ៊ុំ បូរា ដែលមានវ័យ ៤២ ឆ្នាំ ជាអ្នករស់នៅក្នុងក្រុង-ខេត្តសៀមរាប បានប្រាប់ថា បទចម្រៀងកាលពីសម័យដើម មិនថាច្រៀងដោយលោកតា ស៊ិន ស៊ីសាមុត ឬច្រៀងដោយអ្នកចម្រៀងរូបណាផ្សេងទេគឺលោកចូលចិត្តស្តាប់ដូចគ្នា។ ក្រៅពីចម្រៀង ក៏មានយីកេអាយ៉ៃ ចាប៉ី ដែលជាមរតកពីសម័យដើមផងដែរ ដែលរាល់ទម្រង់សិល្បៈនីមួយៗ បានបង្កប់អត្ថន័យ និងអត្ថរសយ៉ាងលន្លង់លន្លោចរណ្តំចិត្តស្តាប់ហើយមិនចេះជិនណាយឡើយ។
លោកនិយាយថា៖ «ខ្ញុំចូលចិត្តស្តាប់អ្នកចម្រៀងពីសម័យមុនច្រៀង ព្រោះគ្រប់បទចម្រៀងពីប្រយោគ ១ ទៅប្រយោគ ១ មានន័យហាក់បង្ហាញសភាពពិតបើអ្នកមានវិបត្តិអ្វីមួយ គឺស្តាប់ទៅកាន់តែរំជួលចិត្ត»។
ទាក់ទងនឹងការបើកបណ្ណាល័យនេះដែរ លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញលើកឡើងថា បញ្ហានេះលោកយល់ថា អ្វីដែលជិតបាត់បង់ហើយមានអ្នកថែរក្សា គឺសម្រាប់លោកជាមន្ត្រីនៃមន្ទីរវប្បធម៌មានសេចក្តីត្រេកអរនិងគាំទ្រដែលចេះមានគំនិតអភិរក្ស។ ជាមួយគ្នានេះលោកក៏បានសំណូមពរឱ្យលោកសេងតារាខិតខំស្រាវជ្រាវបន្ថែមទៀតផងដែរ ពីព្រោះមានអ្នកស្រាវជ្រាវខ្លះក៏ស្រាវជ្រាវមិនបានគ្រប់ជ្រុងជ្រោយដែរ ដែលទាមទារឱ្យមានការបំពេញពីគ្នាទៅវិញទៅមក។
លោកបានបញ្ជាក់ថា៖ «ជួនកាលខ្ញុំចេះបន្តិចគាត់ចេះបន្តិចហើយបូកគ្នា ដើម្បីការអភិរក្សប្រមូលគំនិតប្រមូលឯកសារអ៊ីចឹងទៅ។ បើគាត់មានរហូតដល់បណ្ណាល័យទៀត គឺល្អមែនទែនខ្ញុំនៅខាងមន្ទីរនេះក៏ខិតខំណាស់ដែរពាក់ព័ន្ធនឹងការងារសិល្បៈទាំងអស់»។
លោក ជុំ វុឌ្ឍី បានថ្លែងថា ជាទស្សនៈរបស់លោកអ្នកចម្រៀងកវីនិពន្ធពីសម័យដើម អាចចាត់ទុកជាកេរដំណែលមរតកជាតិយ៉ាងវិសេសវិសាល។ កេរមរតកនេះទុកបន្តសម្រាប់មនុស្សជំនាន់ក្រោយ ៗដែលការរក្សាទុកបន្តគ្នានេះគឺជារឿងមួយសំខាន់កុំឱ្យថា អ្នកដែលចេះដឹងស្លាប់ទៅយកទៅតាមវាក៏មិនកើតដែរ។ មនុស្សនិយមចូលចិត្តបទចម្រៀងពីសម័យដើមនាពេលបច្ចុប្បន្ននេះក៏នៅតែមានច្រើនដែរតែមិនទាំងស្រុងទេព្រោះជាធម្មតាអ្នកខ្លះចូលចិត្តចម្រៀងសម័យដើម សម័យបច្ចុប្បន្នឬចម្រៀងបរទេស។
លោកបានបញ្ជាក់ថា៖ «តាមដែលខ្ញុំសង្កេតឃើញក្នុងកម្មវិធីមួយៗមានគេចូលចិត្តបទចម្រៀងពីដើមៗប្រហែលពី ៥០ ទៅ ៦០ ភាគរយ»៕