ភ្នំពេញៈ ​ក្រសួងទេសចរណ៍ បាន​ណែនាំ​ឱ្យ​អាជ្ញាធរខេត្ត​គោលដៅ​នៅ​តំបន់ឆ្នេរ ចុះទៅ​ពង្រឹង​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​នៅ​មូលដ្ឋាន ដើម្បី​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​១០ ជុំ​ទី​៣ ឆ្នាំ​២០២៣ ដែល​រៀបចំឡើង​នៅ​ខេត្ត​កែប ពីថ្ងៃ​ទី​១ ដល់ទី​៣ ខែធ្នូ ខាងមុខនេះ​។​

​តាមរយៈ​លិខិត​ណែនាំ​ ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​៣០ ខែតុលា បាន​លើកឡើងថា ក្រសួងទេសចរណ៍ បាន​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​ខេត្ត​គោលដៅ​តំបន់ឆ្នេរ​ដូចជា ខេត្ត​ព្រះសីហនុ កោះកុង កំពត និង​ខេត្ត​កែប ត្រូវ​សហការ​ជាមួយ​រដ្ឋបាលខេត្ត មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន ក្នុងការ​បន្ត​ចុះ​ណែនាំ​គ្រប់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​។​

​តាមរយៈ​សេចក្តីណែនាំ លោក សុខ សូកេន បាន​លើកឡើងថា ក្នុង​កិច្ច​សហការគ្នា​នេះ មន្ទីរ​ទេសចរណ៍​ខេត្ត​នីមួយៗ ត្រូវ​ណែនាំ​ឱ្យ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ពង្រឹង​សេវាកម្ម​មួយចំនួន​ដែល​តម្រូវឱ្យមាន​ការយ​ក​ចិត្ត​ទុកដាក់​ខ្ពស់​អំពី​សុវត្ថិភាព​អ្នក​ទេសចរណ៍​ដូចជា ភាព​ស្អាត អនាម័យ ការដឹកជញ្ជូន កីឡា​ទេសចរណ៍ និង​សកម្មភាព​ទេសចរណ៍​មាន​លក្ខណៈ​ផ្សងព្រេង​ជាដើម​។​

​លោក​បញ្ជាក់ថា​៖ «​មន្ទីរ​ទេសចរណ៍​ខេត្ត ត្រូវឱ្យ​អាជីវកម្ម​ទេសចរណ៍​ដាក់​បង្ហាញ​ផលិតផល ឬ​សេវាកម្ម​របស់ខ្លួន​ជា​សាធារណៈ​តាម​គ្រប់​ទម្រង់ និង​ត្រូវ​បញ្ជាក់​ពី​តម្លៃ និង​លក្ខខណ្ឌ​អនុវត្ត​ផ្សេងៗ​ឱ្យបាន​ច្បាស់លាស់ ដែល​ចាំបាច់​សម្រាប់​ជា​មូលដ្ឋាន​ពិចារណា​ជ្រើសរើស​ដោយ​ភ្ញៀវ​»​។

​លោក​រដ្ឋមន្ត្រី​បន្តថា ជា​ពិស​សត្រូវ​រក្សា​តម្លៃ​នៃ​អាជីវកម្ម ឬ​សេវាកម្ម​ឱ្យបាន​សមរម្យ និង​ត្រូវ​រក្សា​គុណភាព បរិមាណ​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ឱ្យ​កាន់តែ​ល្អ​ថែមទៀត​។​

​ក្រៅពីនេះ លោក​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​ចំពោះ​បន្ទប់ទឹក​សាធារណៈ ដោយ​ត្រូវ​លាង​សម្អាត​ជាប្រចាំ និង​ឱ្យបាន​ញឹកញាប់ ដែល​យ៉ាងហោចណាស់​ពុំមាន​ក្លិន​មិនល្អ និង​មានការ​បែងចែក​រវាង​បង្គន់​អនាម័យ​ប្រុស និង​ស្រី និង​មាន​ដាក់​សាប៊ូ​លាងដៃ និង​ត្រូវ​តុបតែង​លម្អ​ទាំង​ផ្នែក​ខាងក្នុង និង​ខាងក្រៅ​អាជីវកម្ម ដោយ​ត្រូវ​បង្ហាញ​អំពី​វប្បធម៌​ខ្មែរ អត្តសញ្ញាណ​ខ្មែរ ឬ​អត្តសញ្ញាណ​ពិសេស​របស់​ខេត្ត​ដោយ​មិន​ប្រាសចាក​ពី​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​។​

​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប មិនអាច​ទាក់ទង​សុំ​ព័ត៌មាន​បន្ថែម​បានទេ នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៣​។​

​លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា បានឱ្យដឹង​នៅ​ថ្ងៃទី​៣១ ខែតុលា​ថា ជា​រៀងរាល់ឆ្នាំ កម្ពុជា​តែងតែ​មានការ​ប្រារព្ធ​បុណ្យ​សមុទ្រ និង​បុណ្យ​ទន្លេ ដើម្បី​រំឭក​ទៅដល់​គុណ​របស់​ព្រះ​ម៉ែ​គង្គា ខណៈដែល​បុណ្យ​សមុទ្រ​ឆ្នាំនេះ​សមាគម​ទេសចរណ៍ មាន​ក្ដី​រំពឹងទុក​ថា នឹង​ជួយ​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​ក្នុងស្រុក​។ ជាពិសេស​អ្នកទេសចរ​ក្នុងស្រុក ក៏​អាច​ទៅ​ក្រេប​យក​នូវ​ទិដ្ឋភាព​ប្លែកៗ​ពី​ក្នុង​តំបន់​នោះ ដោយ​ការ​ទៅលេង​កម្សាន្ត ក៏ដូចជា​ជួយ​ជំរុញ​នូវ​សេដ្ឋកិច្ច​គ្រួសារ និង​ចំណូល​ទៅដល់​អ្នក​ផ្សេងទៀត​គ្រប់​វិស័យ​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​អ្វី​ដែលជា​ក្ដី​រំពឹងទុក​របស់​យើង បុណ្យ​នេះ​គឺ​ជួយ​ជំ​រុញឱ្យ​ទេសចរណ៍​នៅក្នុង​ស្រុក គាត់​បាន​ក្រេប​ទិដ្ឋភាព​ប្លែកៗ ជាមួយនឹង​ការ​លម្ហែ​កម្សាន្ត ដើម្បី​ផ្ដល់​ចំណូល​ទៅដល់​គ្រួសារ និង​ចំណូល​ដល់​អ្នកពាក់ព័ន្ធ​គ្រប់​វិស័យ​ផងដែរ​»​។​

​លោក​បន្ថែមថា ក្រៅពីនេះ បុណ្យ​សមុទ្រ​ក៏​អាចធ្វើ​ឱ្យមាន​កំណើន​ភ្ញៀវទេសចរ​បរទេស​តិច​តួច​ដែរ ទោះបី​វា​មិនបាន​ធ្វើឱ្យមាន​កំណើន​ភ្ញៀវទេសចរ​បរទេស​ច្រើន​ដូចជា​បុណ្យ​វប្បធម៌ ឬ​បុណ្យប្រពៃណី​ក៏ដោយ ប៉ុន្តែ​វា​ធ្វើឱ្យ​ភ្ញៀវទេសចរ​ក្នុងស្រុក ពួកគាត់​មានឱកាស​ទៅលេង​កម្សាន្ត​បាន​។​

​ដោយឡែក ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​៣០ ខែតុលា ក៏បាន​ជូនដំណឹង​ដល់​ផលិតករ សិប្បករ ម្ចាស់​ក្រុមហ៊ុន សហគ្រាស​ក្នុងស្រុក នាំយក​ផលិតផល​ខ្មែរ​ដែលមាន គុណភាព​ខ្ពស់ មាន​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់ និង​មានការ​វេច​ខ្ចប់​ល្អ​ត្រឹមត្រូវ​តាម​ស្តង់ដា​មកពី​គ្រប់ទិសទី​នៅ​ទូទាំងប្រទេស មក​ដាក់តាំង​បង្ហាញ​ផ្សព្វផ្សាយ និង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​ពិធីបុណ្យ​សមុទ្រ​នាពេលខាងមុខ​ផងដែរ​។

​សេចក្តីជូនដំណឹង​បាន​បន្ថែមថា​៖ «​ក្រសួងពាណិជ្ជកម្ម សូម​ផ្តល់​អាទិភាព​ខ្ពស់​លើ​ផលិតផល និង​សេវា​ទើបនឹង​បង្កើត​ថ្មី មានគំនិត ច្នៃប្រឌិត​ខ្ពស់ ដែល​ម្ចាស់​អាជីវកម្ម​មានបំណង​ចូលរួម​តាំង​បង្ហាញ​ស្នាដៃ​របស់ខ្លួន សូម​ប្រញាប់​រួសរាន់​មក​ដាក់ពាក្យ​ចូលរួម ព្រោះ​ចំនួន​ស្តង់​មានកំណត់​»៕