​ភ្នំពេញៈ ​លោក ​ទៀ សីហា ឧបនាយក​​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​បាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ជម្លោះ ប្រើប្រាស់​វប្បធម៌​សន្ទនា​តាម​​រយៈ​យន្តការ​ការទូត​ដើម្បី​ដោះស្រាយ​បញ្ហា ឬ​ជម្លោះ ជាជាង​ការប្រើប្រាស់​អំពើហិង្សា ដើម្បី​ធ្វើឱ្យមាន​ស្ថិរភាព​និង​អំណោយផល​ដល់​ការអភិវឌ្ឍ​ដោយ​ត្រូវ​បង្កើន​ទំនាក់ទំនង​គ្នា យោគយល់​គ្នា និង​គោរព​ផលប្រយោជន៍​គ្នា​។​

​ការ​ថ្លែង​អំពាវនាវ​របស់​ប្រមុខ​ការពារ​ជាតិ​កម្ពុជា​ដូច្នេះ ធ្វើឡើង​តាមរយៈ​សុន្ទរកថា ក្នុងសម័យ​ប្រជុំ​ពេញអង្គ​លើក​ទី១ ក្នុង​វេទិកា សៀង​សាន លើក​ទី​១០ ស្តីពី​ទំនួល​ខុសត្រូវ​របស់​ប្រទេស​ធំៗ និង​កិច្ចសហប្រតិបត្តិការ​ស​កល ដែល​​ប្រព្រឹត្តទៅ​នាទី​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​ ៣០ ខែតុលា ឆ្នាំ​ ២០២៣​។

​យោងតាម​ខ្លឹមសារ​ផ្សព្វផ្សាយ​ពី​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​ការពារ​ជាតិ​ចេញផ្សាយ​នៅ​ថ្ងៃទី​ ៣១ ខែតុលា បានឱ្យដឹងថា វេទិកា​នេះ​មានការ​ចូលរួម​ពី​បណ្តា​ថ្នាក់ដឹកនាំ​វិស័យ​ការពារ​​ជាតិ​កងទ័ព​មកពី​បណ្តា​ប្រទេស​នៃ​ទ្វីបអឺរ៉ុប អាហ្រ្វិក អាស៊ី និង​បណ្តា​សមាជិក​តំបន់​អាស៊ាន​សរុប​ជាង ៦០​ ប្រទេស​។​

​លោក​ ទៀ សីហា បាន​ថ្លែងថា ពិភពលោក​កំពុង​ឆ្លងកាត់​របត់​មួយ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ពុំ​ធ្លាប់មាន ហើយ​ស្ថិតក្នុង​ភាពមិន​ប្រា​កដ​ប្រជា ទាំង​ការ​ប្រឈម​បញ្ហា​ផ្នែក​សន្តិសុខ ទាំង​បម្រែបម្រួល​ខាង​ភូមិសាស្ត្រ​នយោបាយ ខណៈ​ការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​ចេះតែ​ក្តៅគគុក ក្នុងចំណោម​មហាអំណាច​ដែល​កំពុង​រុញ​ពិភព​លោក​ស្ថិតក្នុង​សម្ពាធ​ផ្នែក​សន្តិ​សុខ សន្តិភាព និង​វិបុលភាព​។​

​លោក​ ទៀ សីហា​ ក៏បាន​អំពាវ​នាវ​ឱ្យ​អន្តរជាតិ​ប្រើប្រាស់​វប្បធម៌​សន្ទនា និង​ការទូត ដើម្បី​ដោះ​ស្រាយ​ជម្លោះ ដែល​ការណ៍​នេះ​កម្ពុជា​ធ្លាប់មាន​បទពិសោធន៍​ជាច្រើន​មកហើយ​។ លោក​ក៏​ជំរុញ​ឱ្យ​ភាគី​ជម្លោះ​បង្កើន​ការទំនាក់ទំនង​គ្នា​ក្នុង​ក្របខ័ណ្ឌ​គោ​រព​ផលប្រយោជន៍​គ្នា​ក្នុងន័យ​រក្សា​សន្តិសុខ ដើម្បី​ស្ថិរភាព និង​ការអភិវឌ្ឍ ខណៈ​សន្តិ​ភាពជា​មូលដ្ឋានគ្រឹះ​មិនអាច​ខ្វះ​បាន​។​

​លោក​មានប្រសាសន៍ថា​៖ «​កម្ពុជា​មិន​គាំទ្រ​ឡើយ​លើ​ការប្រើ​ប្រាស់​កម្លាំង​ដើម្បី​ឈ្លានពាន ឬ​គំរាម​ពី​រដ្ឋ​មួយ​លើ​រដ្ឋ​មួយ​។ កម្ពុជា​នៅតែ​រក្សា​ការប្តេជ្ញាចិត្ត​លើ​ការពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជានិច្ច ជាមួយ​បណ្តា​ប្រជាជាតិ​ទាំងអស់​ក្នុង​លោក តាមរយៈ​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និង​អន្តរជាតិ ដើម្បី​បុព្វហេតុ​សន្តិភាព ស្ថិរភាព​សកល​»​។​

​លោក​បន្តថា​៖ «​កម្ពុជា​នឹង​បន្ត​ដើរ​តាមផ្លូវ នៃ​គោលនយោបាយ​ការបរទេស​ឯករាជ្យ និង​អព្យាក្រឹត​ផ្អែកលើ​ច្បាប់ ការគោរព​គ្នា​ទៅ​​វិញ​ទៅមក និង​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ទាំង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ធម្ម​នុ​ញ្ញ​អាស៊ាន​។ គោលដៅ​របស់​យើង គឺ​លើកកម្ពស់​ផល​ប្រ​យោ​ជន៍ជាតិ ពង្រឹង​មិត្តភាព ដែលមាន​ស្រាប់ និង​ជំរុញ​ទំនាក់ទំនង​មិត្តភាព​ថ្មី​»​។

​បន្ថែម​លើ​កិច្ចការ​សន្តិភាព​នោះដែរ​លោក ​ទៀ សីហា ក៏បាន​សំណូមពរ​ទៅកាន់​អន្តរ​ជាតិ​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​បច្ចេកទេស មកដល់​កម្ពុជា​ដើម្បី​សម្រេច​គោលដៅ​ប្រទេស​គ្មាន​មីន​ឆ្នាំ​​ ២០២៥ ​​ខាងមុខ ខណៈ​កម្ពុជា​ចង់ឃើញ​មានការ​ចូលរួម​កាន់តែ​ច្រើន​ពី​សហគមន៍​អន្តរ​ជាតិ ជាពិសេស​មហាអំណាច​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​គ្រោះថ្នាក់​នៃ​គ្រាប់មីន និង​សំណល់​គ្រាប់មីន​ជា​អាវុធ​លាក់​មុខ​បង្ក​អសន្តិសុខ​ដល់​មនុស្សជាតិ​។​

​លោក​ យង់ ពៅ អគ្គលេខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា យល់ស្រប និង​គាំទ្រ​មតិ​អំពាវនាវ​របស់​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា ដោយ​អះអាងថា ជា​កត្តា​សត្យា​នុ​ម័ត ពីព្រោះ​សង្គ្រាម​តោង​បញ្ចប់​ដោយ​ការចរចា មិន​ថា សង្គ្រាម​រដ្ឋ និង​រដ្ឋ ឬ​សង្គ្រាមស៊ីវិល​ឡើយ ដែល​ត្រូវ​ការប្រើ​យន្តការ​ការទូត និង​ការសន្ទនា​រវាង​គូបដិបក្ខ តួ​យ៉ាង​ករណី​សង្គ្រាម​កំពុង​ផ្ទុះឡើង​នៅ​តំបន់​មជ្ឈិមបូព៌ា​ដែល​ទាម​ទារ​កិច្ចសន្ទនា​ពី​ភាគី​ពាក់ព័ន្ធ​។​

​លោក​ថ្លែងថា​៖ «​ការអំពាវនាវ​នេះ​មិនមែនជា​និន្នាការ​ដើរ​បញ្ច្រាសទិស​រប​ស់​ពិភពលោក​ទេ ព្រោះ​សង្គ្រាម​ត្រូវការ​កិច្ចសន្ទនា​ការ​​ទូត​ដើម្បី​បញ្ចប់ ប៉ុន្តែ​មហាអំណាច​តែង​ទាញ​ប្រយោជន៍​ពី​វិបត្តិ​ ឬ​សង្គ្រាម ហើយ​ប្រទេស​ខ្លះទៀត​មិន​ផ្តល់​តម្លៃ​ដល់​ប្រទេស​តូចៗ​ដូចជា​កម្ពុជា​ដែលមាន​លទ្ធភាព​ថ្លែង​សារ​នយោបាយ​។ នេះ​ជា​ធាតុ​ចូលក្នុង​ទស្សនៈ​ការទូត​»​។​

​លោក​ យង់ ពៅ​ បន្ថែមថា យន្ត​ការ​ការទូត​មាន​ភាពចាំបាច់​ខ្លាំង​ក្នុងការ​ដោះស្រាយ​ជម្លោះ​ដោយ​គ្រាន់តែ​ត្រូវ​ផ្លាស់ប្តូរ​តាម​កាលៈ​ទេសៈ វិធីសាស្ត្រ ឥរិយាបថ​ទៅតាម​ប្រភេទ​ជម្លោះ និង​តួអង្គ​ជម្លោះ​ដែល​អ្នកការទូត​តោង​ជា​អ្នក​បិទ​បញ្ចប់​ជម្លោះ​តួយ៉ាង​ករណី​កម្ពុជា​។​

​សម្រាប់​លោក ​រ៉ូ វណ្ណៈ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​វិញ​លើកឡើងថា វប្បធម៌​សន្ទនា និង​ការទូត ដើរតួនាទី​សំខាន់​ក្នុងការ​កាត់បន្ថយ​ជម្លោះ ឬ​ការពារ​មិនឱ្យ​កើតសង្គ្រាម​បាន ប៉ុន្តែ​លុះត្រា​ស្ថានភាព​ប្រព័ន្ធ​អន្តរជាតិ​រឹងមាំ ហើយ​ច្បាប់​អន្តរជាតិ​ត្រូវបាន​យកមកអនុវត្ត​។ ទោះជា​យ៉ាងណា សព្វថ្ងៃ​ប្រព័ន្ធ​អន្តរជាតិ​មាន​ភាពផុយស្រួយ​ដូច​ក្នុងករណី​កើតមាន​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ការប្រយុទ្ធ​រវាង​អ៊ីស្រា​អែល និង​ហា​ម៉ាស់ ដោយ​សារ​ពិភពលោក​ពហុ​ប៉ូល​កំពុង​ប្រជែង​ឥទ្ធិពល​គ្នា​ខ្លាំង​។​

​ទោះជា​យ៉ាងណា​លោក រ៉ូ វណ្ណៈ យល់ថា ការអំពាវនាវ​របស់​លោក​ទៀ សីហា ជា​ភាសា​ការទូត​មួយ ទោះបី​ហាក់​មិនមាន​ទម្ងន់​ន​យោ​​បាយ​ជា​អន្តរជាតិ​ក្តី ព្រោះ​បណ្តា​ប្រទេស​មហាអំណាច​កំពុង​ផ្តោត​សំខាន់​លើ​ផលប្រយោជន៍​ជាតិ​រៀងៗ​ខ្លួន ដោយសារ​មហា​អំណាច​ជា​ចន្ទល់​សន្តិភាព​សកល បើ​សន្តិភាព​មិនមែនជា​ផល​​ប្រយោជន៍​សម្រាប់​ពួកគេ នោះ​ភ្នក់ភ្លើងសង្គ្រាម​នឹង​នៅ​បន្ត​។​

​សូមជម្រាបថា លោក​ទៀ សី​ហា​បាន​ដឹកនាំ​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​កម្ពុជា​ទៅ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី ​២៩ តុលា ដល់​ថ្ងៃទី​ ១ ខែវិច្ឆិកា​។ ក្រៅពី​ការចូលរួម​វេទិកា​សៀង​សាន​លើក​ទី១០ នេះ លោក​ក៏​នឹងមាន​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ចិន ព្រមទាំង​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម ឡាវ សិង្ហ​បុរី និង​ប្រទេស​ផ្សេងៗ​ទៀត​៕​