​ភ្នំពេញៈ ក្រសួងបរិស្ថាន​បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​អនុវត្ត​លើ​ប្រធាន​បទ «​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​»​ នៅតាម ក្រុង ស្រុក សាលារៀន និង​រោងចក្រ ជិត​ ៤ ​ពាន់​ទីតាំងនៅ​ទូទាំង​ប្រទេស​ដែលមាន​សិស្ស គ្រូបង្រៀន និង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ​៤​ លាន​នាក់ បាន​ចូលរួម​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ដែល​បាន​ចាប់​ផ្ដើម​ក្នុងអំឡុងពេល​ ២​ ខែ​ចុង​ក្រោយនេះ​។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​របស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ ​២០២៣​។

​យោងតាម​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងបរិស្ថាន​កាលពី​ម្សិលមិញ ដោយបាន​ស្រង់​សម្ដី លោក អ៊ាង សុផល្លែត ថ្លែងថា​៖ «​យុ​ទ្នា​ការ​កាត់​​បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក បាន​គ្របដណ្តប់​លើ​ផ្ទៃ​ប្រទេស ដែល​បង្កើន​សកម្មភាព​ចូលរួម​ឱ្យ​បរិស្ថាន​ស្អាត នៅតាម​មូលដ្ឋាន​នានា ក្រៅពី​នៅតាម​សាលា​រៀន រោងចក្រ សហគ្រាស​»​។​

​សារ​ដដែល​នេះ​បាន​បញ្ជាក់ថា​៖ «​ជោគជ័យ​នៃ​យុទ្ធនាការ​នេះ មិនអាច​កើតឡើង​បានទេ ប្រសិនបើ​គ្មាន​ការគាំទ្រ និង​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នានា និង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​យើង​ម្នាក់ៗ ដែលមាន​គោល​ដៅ ចូលរួម​កែប្រែ​ឥរិយាបថ​របស់​មនុស្ស​ទាំង​ក្នុង​ជំនាន់​នេះ និង​នាពេល​អនាគត​ផងដែរ​»​។

​ហ្វេ​ស​ប៊ុ​ក​ដដែល​នេះ​បាន​ឱ្យដឹងទៀតថា​៖ «​លោក​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ក្តី​សង្ឃឹមថា​យុទ្ធនាការ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» នឹង​ដោះស្រាយ​បញ្ហា​សំណល់​ប្លា​ស្ទិ​ក ជាមួយនឹង​សារ​ដ៏​សាមញ្ញ ប៉ុន្តែ​មាន​លក្ខណៈ​ស៊ីជម្រៅ ដែល​បាន​លើកទឹកចិត្ត​ពួកយើង​ម្នាក់ៗ ឱ្យ​ពិចារណា​ឡើងវិញ​ពី​ជម្រើស និង​ទម្លាប់​ការរស់នៅ​ប្រចាំថ្ងៃ ដោយ​ការបោះ​ជំហាន​យ៉ាងសំខាន់​មួយ ឆ្ពោះទៅ​កម្ពុជា​ស្អាត នៅពេល​ខាងមុខ​»​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​អះអាងថា យោងតាម​ទិន្នន័យ​សរុប​ទូទាំងប្រទេស​បានបញ្ជាក់​ថា ចាប់ពី​ថ្ងៃទី​ ១ ខែកញ្ញា ដល់​ថ្ងៃទី ​៣០ ខែតុលា ឆ្នាំ ​២០២៣ សិ​ស្សា​-​នុ​សិស្ស​សរុប​ចំនួន ១ ៨៦១ ២២៣ នាក់ រួមជាមួយ​លោកគ្រូ​អ្នកគ្រូ សរុប​ចំនួន ៦៦ ៥០៣ នាក់ មកពី​គ្រឹះស្ថានសិក្សា​សា​ធារ​ណៈ និង​ឯកជន ចំនួន ៣ ៩៦៩ សាលា ទូទាំងប្រទេស បាន​ចូល​រួម​ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក បាន​ចំនួន​ជាង ៦ ​ពាន់​លើក រួមទាំង​កម្មករ​កម្ម​ការិនី​នៅតាម​រោងចក្រ សហ​គ្រាស ចំនួន​ ៨៣​ កន្លែង​។​

តាមរយៈ​ក្រសួង លោក អ៊ាង​ សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​លើកឡើងថា​៖ «​ប្រសិនបើ​សិស្ស​ម្នាក់ ឬ​គ្រូ​ម្នាក់ ក៏ដូចជា​ប្រជាពលរដ្ឋ​ម្នាក់ បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ នឹងមាន​មនុស្ស​យ៉ាងហោចណាស់​ ៣ ​នាក់​ទៀត រួមមាន ឪពុក ម្តាយ បង ឬ​ប្អូន បាន​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នេះ​»​។​

​តាម​របាយការណ៍​រប​ស់​ក្រសួង​បរិស្ថាន ក្នុង​ឆ្នាំ ​២០២២ សំរាម​នៅក្នុង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ជាង ៤​ លាន​តោន​ក្នុង​ ១ ​ឆ្នាំៗ ហើយ​បើ​គិត​ក្នុង ​១ ​ថ្ងៃ​ ប្រមាណ​ជាង ១​ ម៉ឺន​តោន​។ ក្នុងចំណោម​សំរាម​ ១០០% មានតែ​ ៦៤% ​ប៉ុណ្ណោះ ដែល​ត្រូវបាន​យកទៅ​ចាក់​នៅ​ទីលាន​ចាក់​សំរាម និង​នៅសល់​សំរាម​ ៣៦%​ ទៀត បាន​ចោល​រាយ​​ប៉ាយ​នៅតាម​កន្លែង​សាធារណៈ​ផ្សេងៗ​។​

​កញ្ញា Mona Sur អ្នក​គ្រប់​គ្រង​ការអនុវត្ត​នៃ​ធនាគារ​ពិភព​លោក​លើកឡើង​នាពេល​ជួបពិភាក្សា​ការងារ​ជាមួយនឹង​លោក អ៊ាង សុផល្លែត ថា​ នឹង​រួមដៃគ្នា​ជាមួយ​ក្រសួងបរិស្ថាន​លើ​ការងារ​អាទិភាព​របស់​ក្រសួង ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ការបំពុល​ដោយ​សំណល់​ប្លា​ស្ទិ​ក​ទៅលើ​សុខ​ភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ស្របតាម​យុទ្ធសាស្ត្រ​ច​ក្រា​ឆ្នាំ ២០២៣-២០២៨​។

​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ថា ក្រសួង​បើកទ្វារ​ទទួល​ស្វាគមន៍​ជានិច្ច​ចំពោះ​ដៃគូ​អភិវឌ្ឍន៍​ទាំង​អស់ ដែល​ចង់​រួមចំណែក​ជួយ​ឱ្យ​កម្ពុជា​ស្អាត និង​ចែករំលែក​ភាព​ស្អាត​នេះ​ទៅដល់​ប្រទេសជិតខាង​របស់​កម្ពុជា ជាពិសេស​ប្រទេស​ស្ថិតក្នុង​តំបន់​អាស៊ាន​។

​លោក អ៊ី​ន វីរ​ជាតិ ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ផ្ញើលិខិត​ជូន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន ស្នើសុំ​គោលការណ៍​ដើម្បី​ដាក់ឱ្យ​អនុវត្ដ «​យុទ្ធនាការ​សាលារៀន ស្អាត គ្មាន​សំរាម​» នៅ​ទូទាំងប្រទេស ចាប់ពី​ឆ្នាំ​សិក្សា​ ២០២៣- ២០២៤ តទៅ​។​

​លោក​បាន​សរស​រថា​៖ «​រាជ​​រដ្ឋាភិបាល​ឯកភាព​ជា​គោល​ការណ៍​ជូន​ក្រសួង​អប់រំ​ដាក់ឱ្យ​អនុវត្ត​យុទ្ធនាការ​សាលារៀន​ស្អាត​គ្មាន​សំរាម​នៅ​ទូទាំង​ប្រទេស ចាប់ពី​ឆ្នាំ​សិក្សា​ ២០២៣-២០២៤ តទៅ​»​។

​លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បានឱ្យដឹង នៅ​ថ្ងៃទី ​៣១ ខែតុលា​ថា លោក​ពិតជា​ចូលរួម​អបអរសាទរ និង​គាំទ្រ​ណាស់​នូវ​យុទ្ធនាការ​នេះ ហើយ​ក្រសួងបរិស្ថាន​ក៏​គួរតែ​ធ្វើ​សកម្មភាព​យុទ្ធនាការ​នេះ​ឱ្យបាន​ញឹកញាប់ និង​ធ្វើជា​រៀង​​រាល់​ឆ្នាំ ព្រោះ​បញ្ហា​ប្លា​ស្ទិ​ក នៅតែ​ជា​ក្ដីកង្វល់​របស់​មនុស្ស​គ្រប់គ្នា​។ បញ្ហា​ប្លា​ស្ទិ​ក​នៅតាម​សាលារៀន​នេះ ខាង​មន្ទីរអប់រំ​តែងតែ​ប្រជុំ​ដឹកនាំ​ក្រុមការងារ​នៅតាម​នាយក​សាលា​នីមួយៗ ដើម្បី​ជួយ​ផ្សព្វផ្សាយ​ទៅកាន់​អាជីវករ​ដែល​លក់ដូរ​នៅក្នុង​សាលា ក៏ដូចជា​សិស្សានុសិស្ស ធ្វើយ៉ាងណា​ចៀស​ឆ្ងាយ​ពី​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។​

​លោក​បាន​ថ្លែងថា​៖ «​អ្វី​ដែលជា​ទង្វើ សកម្មភាព​របស់​ក្រសួង​បរិស្ថាន​នេះ គឺ​ខ្ញុំ​គាំទ្រ ហើយ​អ្វីដែល​ខ្ញុំ​គាំទ្រ​ហ្នឹង គឺ​សុំឱ្យ​ក្រសួងបរិស្ថាន​ធ្វើ​យុទ្ធនាការ​នេះ​ឱ្យបាន​ច្រើនដង ហើយ​ផ្សព្វ​​ផ្សាយ​ទៅដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ​ក្នុង​ផ្សារ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​»​។​

​លោក ស៊ីណា​រ៉េត ថ្លែងថា ក្រោយពី​យុទ្ធនាការ​នេះ​បានធ្វើ​រួចមក​នៅតាម​សាលារៀន​នានា​ឃើញថា សិស្សានុសិស្ស​នៅតាម​សាលា​មានការ​ផ្លាស់ប្ដូរ​ឥរិយាបថ ដោយ​មិន​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នៅពេល​ទិញ​អាហារ ទឹក ឬ​ទិញ​អ្វី​ផ្សេងៗ​នោះទេ​ដោយ​ជំនួស​នូវ​ការប្រើប្រាស់​បំពង់​ទឹក ថង់​បរិស្ថាន​ជាដើម​។​

​ការងារ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ត្រូវតែមាន​ការចូល​​រួម និង​ធ្វើ​ទាំងអស់គ្នា​ពី​សហ​គម​ន៍ គ្រួសារ ទើប​វា​អាច​ចូលរួម​កាត់បន្ថយ​សំរាម​ប្លា​ស្ទិ​ក​នេះ​បាន​។​

​លោក ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្តាញ​យុវ​​ជនកម្ពុជា (CYN) បាន​ចូលរួម​សាទរ​ដែល​ក្រសួងបរិស្ថាន បានសម្រេច​លទ្ធផល​មាន​ប្រជា​ពលរដ្ឋ​ជាច្រើន​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើ​​ប្រាស់​ថង់​ប្លា​ស្ទិ​ក ខណៈដែល​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​កនៅ​ក្នុងប្រទេស​កម្ពុជា មាន​ភាព​ទូលំ​​ទូលាយ​ខ្លាំងណាស់​៕