ភ្នំពេញៈ ក្រុម​បេសកកម្ម Article IV Consultation របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​ បាន​កោតសរសើរ​រដ្ឋា​ភិ​បាល​កម្ពុជា ទៅលើ​កិច្ចការ​ប្រឆាំង​ការលាង​លុយកខ្វក់ និង​ការប្រឆាំង​ការ​ផ្តល់​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​កម្ពុជា​អាច​រំដោះខ្លួន​ចេញពី​បញ្ជី​តាមដាន​របស់ FATF កាលពី​ខែកុម្ភៈ​កន្លងទៅ ហើយ​ក្រុមការងារ IMF លើកទឹកចិត្ត​ឱ្យខិត​ខំ​លើ​កិច្ចការងារ​នេះ​បន្ថែមទៀត ក៏ដូចជា​ពង្រឹង​អភិបាលកិច្ច និង​តម្លាភាព​។​

​ការកោតសរសើរ​រប​ស់​ក្រុម​បេសកកម្ម IMF ដូច្នេះ​ធ្វើឡើង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ​ ២០២៣ បន្ទាប់​ពី​ក្រុម​បេសកកម្ម​ដែល​ដឹកនាំ​ដោយ​លោក Davide Furceri ប្រធាន​បេស​ក​កម្ម​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ជិត​កន្លះ​ខែ នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​ ១៨ ដល់​ថ្ងៃទី​ ៣១ ខែតុលា ដោយបាន​ជួបពិភាក្សា​ការងារ​ជាមួយ​បណ្តា​ក្រសួង​ស្ថាប័ន វិស័យ​ឯកជន ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​តាមដាន​ស្ថាន​​ភាព​សេដ្ឋកិច្ចកម្ពុជា និង​កំណត់​ទស្សន​​វិស័យ​សម្រាប់​អនាគត​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន លោក Davide Furceri បាន​ផ្តល់យោបល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពង្រឹង​វិស័យ​អភិបាលកិច្ច និង​តម្លាភាព ដែល​លោក​យល់ថា ជា​ធាតុ​សំខាន់​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​ដោយផ្ទាល់​កាន់តែច្រើន​ពី​បរទេស និង​អាច​ធានាបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ដែល​អាច​បង្កើន​ការត្រួតពិនិត្យ​ស្ថានភាព​សេដ្ឋកិច្ច និង​ការបង្កើត​គោលនយោបាយ​។ លោក​លើកទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​គិតគូរ​កំណែទម្រង់​ផ្នែក​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​សំដៅ​ធ្វើ​ពិពិធ​កម្ម​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម ជំរុញ​ការ​វិ​និ​យោគ​ថ្មីៗ​ជាពិសេស​ការ​ផ្តល់ទុន​សមស្រប​ទៅតាម​ការផ្លាស់​ប្តូរ​បរិយាកាស​សេដ្ឋកិច្ច ខណៈ IMF ធានា​បន្ត​ផ្តល់ជំនួយ​ផ្នែក​បច្ចេកទេស និង​ផ្នែក​កសាង​សមត្ថភាព​។​

​ក្នុងនោះដែរ ក្រុម​បេសកកម្ម IMF បាន​ព្យាករ​ថា​៖ «​បំណុល​សា​ធា​រណៈ​របស់​កម្ពុជា​នឹង​កើនឡើង​ក្នុង​កម្រិត​មធ្យម តែ​ទោះជា​យ៉ាងណា​ហានិភ័យ​នៃ​វិបត្តិ​បំណុល​នៅមានកម្រិត​ទាប​នៅឡើយ​ ប៉ុន្តែ​បំណុល​ឯកជន​មានការ​​កើនឡើង​គួរកត់សម្គាល់​ដែល​ទាមទារ​ឱ្យមាន​ការត្រួតពិនិត្យ​ល្អិតល្អន់​»​។​

​សូមបញ្ជាក់ថា ក្រុម​បេសកកម្ម IMF ក៏បាន​បញ្ចេញ​ការ​ព្យាករ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​ដោយ​ព្យាករ​ថា កម្ពុជា​នឹងមាន​កំណើនសេដ្ឋកិច្ច​ត្រឹម ៥,៣% នៅ​ឆ្នាំ ​២០២៣ និង​អាច​កើន​ដល់​រង្វង់​ ៦% នៅ​ឆ្នាំ​ ២០២៤​ ដោយសារ​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ ការនាំចេញ​បន្ទះ​សូ​ឡា គ្រឿង​បង្គុំ​អគ្គិសនី ខណៈ​ការនាំចេញ​ផ្នែក​សម្លៀកបំពាក់​នៅ​ទន់​ខ្សោយ​នៅឡើយ ហើយ​វិស័យ​សំណង់ និង​អចលនទ្រព្យ​កំពុង​ងើបឡើង​វិញ​ក្នុង​ភាពយឺតយ៉ាវ​។

IMF ថា ទស្សនវិស័យ​ទៅ​អនាគត​នៅមាន​ភាពមិនប្រាកដប្រជា​ខ្ពស់​នៅឡើយ​បន្ទាប់​ពីក្រោយ​វិបត្តិ​កូ​វីដ​ ១៩ ខណៈ​តម្រូវការ​ពី​បណ្តា​ប្រទេស​ខឿនសេដ្ឋកិច្ច​ជឿនលឿន និង​ចិន​ជាដើម កំពុង​ធ្លាក់ចុះ​តម្រូវការ​ជាង​ការរំពឹង​ទុក ខណៈ​សហរដ្ឋអាមេរិក កំពុង​រឹត​​បន្តឹង​គោលនយោបាយ​រូបិយវត្ថុ ហើយ​ពិភពលោក​កំពុងមាន​វិបត្តិ​ការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ រីឯ​កម្ពុជា​ខ្លួនឯង​កំពុង​ពើបប្រទះ​នឹង​វិបត្តិ​បំណុល​ឯកជន​ក្នុងស្រុក​ខ្ពស់​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ ប៉ែន ​បូ​ណា អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ការ​​លើកឡើង​របស់​ក្រុម IMF ចំពោះ​កិច្ច​​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ការលាង​លុយកខ្វក់ និង​ការ​​ប្រឆាំង​ការផ្តល់​ហិរញ្ញប្បទាន​ភេរវកម្ម ខណៈ​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​ហើយ​បាន​ចាត់វិធានការ​ជាក់ស្តែង​ដ៏​មាន​ប្រសិទ្ធភាព ស័ក្តិសម​នឹង​មតិ​កោតសរសើរ​នេះ​។​

​លោក​បាន​ថ្លែងថា​៖ «​ទាំង​រដ្ឋាភិបាល​សម្តេច​តេ​ជោ​ពីមុន ទាំង​សម្តេច​ធិបតី​សព្វថ្ងៃ នៅតែ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ការងារ​ប្រឆាំង​ការលាង​លុយកខ្វក់​សំដៅ​ទាក់ទាញ​ការវិនិយោគ​មក​កម្ពុជា​»​។ លោក ប៉ែន ប៉ូ​ណា បាន​បន្ថែមថា រដ្ឋាភិបាល​ធានា​ធ្វើយ៉ាងណា​បង្កើត​បរិ​​យា​កាស​អំណោយផល​ដល់​ការវិនិយោគ​ពី​បរទេស ដើម្បី​បង្កើត​ការងារ​ជូន​ពលរដ្ឋ និង​កំណើន​សេដ្ឋកិច្ចជាតិ​។​

​សម្រាប់​លោក ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា យល់​ឃើញ​ដែរ​ថា នេះ​ជាស​ញ្ញាណ​ល្អ​មួយ​ដែល​ក្រុម​បេសកកម្ម IMF បាន​កោត​សរសើរ​កម្ពុជា ដូច្នេះ​ដែល​អាចជា​មុខ​មាត់​កិត្តិយស​របស់​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ ក៏ដូចជា​បង្កើន​សេចក្តីទុកចិត្ត​ពី​សហគមន៍​អន្តរជាតិ​ក្នុងការ​មក​បណ្តាក់​ទុនវិនិយោគ​នៅ​កម្ពុជា​។​

​លោក​បន្តថា​៖ «​អ្វីដែល​រដ្ឋាភិបាល​គួរ​បន្តធ្វើ​គឺ​ការពង្រឹង​អភិបាលកិច្ច ដែល​ក្នុងនោះ​មានការ​ពង្រឹង​តម្លាភាព គណនេយ្យភាព ការឆ្លើយតប និង​ផ្តល់ព័ត៌មាន ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ជាដើម ដែលជា​រួម ជា​អាវ​ក្រោះ ឬ​ជា​រនាំង​ការពារ​អ្នកវិនិយោគ ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ដែល​ពាក់ព័ន្ធ​នឹង​ការបណ្តាក់ទុន ការរកស៊ី​ជាមួយ​កម្ពុជា​យើង ដែល​យើង​អាច​មើល​សិង្ហ​បុរី​ជា​គំរូ​បាន​»​។​

​លោក​លើកទឹកចិត្ត​ដូចគ្នា​ផងដែរ ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប​ន្ត​ពង្រឹង​ការប្រយុទ្ធ​ប្រឆាំង​ការលាង​លុយកខ្វក់ ជាពិសេស​ការពង្រឹង​ផ្នែក​អភិបាលកិច្ច​៕