សៀមរាប ជណ្តើរ​ត្រីដំបូង ​ដែល​សាង​សង់​អស់ត​ម្លៃជិត ១​០ ម៉ឺន​ដុល្លារ ​ស្ថិត​នៅ​ក្នុង​ភូមិ​ស្លែង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្ត​សៀម​រាប ត្រូវ​បាន​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី១​ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បី​កសាង​ធន​ធាន​ជល​ផល​ប្រកប​ដោយ​និរន្តរ​ភាព​នៅ​កម្ពុជា។

​ពិធី​បើក​ដំណើរ​ការ​នេះ​ មាន​ចូល​រួម​ពី​ឯក​អគ្គរដ្ឋ​ទូត​អូស្ត្រាលី ​មន្ត្រី​មកពី​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រដ្ឋ​បាល​ជល​ផល​អាជ្ញា​ធរ​មូល​ដ្ឋាន និង​សហ​គមន៍​។​

​ជណ្តើរ​ត្រី​ផ្តល់​អត្ថប្រ​យោជន៍​ដល់​បរិស្ថាន និ​ង​ប្រជាជន​ ដោយ​សារ​វាអាច​ឱ្យ​ត្រី​ផ្លាស់​ទីឡើង​ចុះ​ដោយ​សេរី​តាម​ទំនប់​ដែល​សង់​នេះ​ដើម្បី​ទទួល​បាន​ប្រភព​អាហារ និ​ង​កន្លែង ​សម្រាប់​ពង​កូន​។ជណ្តើរ​ត្រី​នេះ​គេ​បាន​សិក្សា​ឃើញថា​ អាច​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់​ ក៏ដូចជា​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន ​ដែល​ពឹង​ផ្អែក​លើ​វា​។​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ស្ថាន​ទូត​អូស្ដ្រាលី​ប្រចាំ​កម្ពុជា ​កាល​ពី​ថ្ងៃទី​១​ វិច្ឆិកា ។​

ប្រភព​ដដែល​បាន​ឱ្យដឹង​ថា ​ជណ្ដើរ​ត្រី​គឺជា​ដំណោះ​ស្រាយ​ដ៏​សំខាន់​មួយ​ចំពោះ​បញ្ហា​ប្រឈម​ផ្នែក​ជល​ផល​របស់​កម្ពុជា​ដែល​បណ្ដាល​មក​ពីថាម​ពល​វា​រី​អគ្គិសនី​និង​ប្រព័ន្ធ​ធារា​សាស្ដ្រ​ ទោះ​បីថាម​ពល និង​ប្រព័ន្ធ​ទាំង​២​នេះ​មាន​សារៈ​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ក៏ដោយ​ តែ​​វាក៏​អាច​ធ្វើឱ្យ​ខូច​ដល់​ផ្លូវទឹក​និង​រំខាន​ដល់​ត្រីក្នុង​ការ​ផ្លាស់​ទីផង​ដែរ​ ។​

​ឯក​អគ្គរ​ដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក ចាស្ទីន វ៉ាយអេត បាន​ថ្លែង​ថា៖​ « ជណ្តើរ​ត្រី​ភូមិ​ស្លែង​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួយ​បង្កើន​ប្រាក់​ចំណូល​ពី​ការនេ​សាទ​ដល់​ចំនួន ​៥០០០ គ្រួសារ និង​ជួយ​អភិរក្ស​ប្រភេទ​ត្រី​នានា​ក្នុង​ស្រុក​ជាង ​១០០ ប្រ​ភេទ​ ដែល​ធ្វើឱ្យ​វា​ក្លាយ​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះ​ទៅ​កាន់​អនាគត​​ប្រកប​ដោយ​និរន្តរ​ភាព​សម្រាប់​ការ​នេសាទ និង​សហ​គមន៍​នេ​សាទ​របស់​កម្ពុជា​»។

​លោក ​ឃុន សាវឿន រដ្ឋ​លេខា​ធិការ​ក្រសួងក​សិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ បាន​​ឱ្យ​ដឹង​ថា ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ជល​ផលនិ​ង​វិស្វករ​ប្រព័ន្ធ​ធា​រាសាស្ត្រ​កម្ពុជា កំពុង​ធ្វើការ​ជាមួយ​ប្រទេស​ម្ចាស់​ជំនួយ​ ជាពិសេស​ប្រទេស​អូស្ត្រាលី ដើម្បី​ជំរុញ​បច្ចេក​វិទ្យា​ផ្លូវ​សម្រាប់​ត្រី​ហែល​នៅ​ក្នុង​តំបន់​មេគង្គ​។លោក​បាន​ឱ្យ​ដឹងថា ​ជណ្តើរ​ត្រី​ទី​១នៅ​កម្ពុជានេះ​មាន​តម្លៃ​ជិត ១០​ ម៉ឺន​ដុល្លារ​ ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ភូមិ​ស្លែង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្ត​សៀម​រាប​។​

លោក​បាន​បញ្ជាក់​ថា​៖ «​ការងារ​នេះ​មាន​សារៈ​សំខាន់​ណាស់​ សម្រាប់​ការពារ​ចំនួន​ត្រី​ ធានា​សន្តិ​សុខ​ស្បៀង​ និង​អាហា​រូប​ត្ថម្ភ​នៅ​តាម​ជន​បទ​ក្នុងប្រ​ទេស​កម្ពុជា​។យើង​ប្តេជ្ញា​ធ្វើការ​ជាមួយ​ដៃគូ​នានា ​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ផ្អែក​លើ​វិទ្យា​សាស្ត្រ​ដើម្បី​រក្សា​សេវា​ប្រព័ន្ធ​អេ​កូឡូ​ស៊ី​ទន្លេ​សម្រាប់​ប្រទេស​ជាតិ​»​។​

​គម្រោង​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ក្រោម​ការ​ស្រាវ​ជ្រាវនិង​ផ្តល់​មូល​និធិពី​មជ្ឈ​មណ្ឌល​អូស្ត្រាលី​សម្រាប់​ការស្រាវ​ជ្រាវ​កសិ​កម្ម​អន្ត​រជាតិ ​(ACIAR) និង​ក្រសួង​ការបរ​ទេសនិ​ង​ពាណិជ្ជ​កម្ម​​អូស្ត្រាលី​ (DFAT)​។ ដំណោះស្រាយ​ប្រក​បដោយ​ភាព​​ច្នៃប្រឌិត​នេះ មាន​សារៈ​សំខាន់​ ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា​ ដោយ​សារ​ការ​អភិវឌ្ឍ​វា​រី​អគ្គិ​សនី ​និង​ប្រព័ន្ធ​ធារា​សាស្ត្រ​​ជា​ការ​សំខាន់​សម្រាប់​កំណើន​សេដ្ឋ​កិច្ច​។​

​លោកសា​ស្ត្រាចារ្យ​ Wendy Umberger នាយក​ប្រតិ​បត្តិ ​ACIAR បាន​​ថ្លែង​ថា៖​ «​ចាប់​តាំងពី​ឆ្នាំ ២០០៦ មក ACIAR​ បន្ត​ផ្តល់​មូល​និធិ​ដល់​ការ​ស្រាវ​ជ្រាវ​ដើម្បី​ការពារ​ស្តុក​ត្រី​ទន្លេ​មេគង្គ ដោយ​ភ្ជាប់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​​អូស្ត្រា​លី​សំខាន់ៗ​ជាមួយ​សម​ភាគី​របស់​ពួកគេ​នៅក​ម្ពុជាដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​​នានា​ទាក់ទ​ង​នឹង​សន្តិ​សុខ​ស្បៀង និង​ថាម​ពល»​។​

​លោក​បាន​បន្ថែមថា៖​«​ការច្នៃ​ប្រឌិត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ភាពជា​ដៃគូ​ស្រាវជ្រាវ​ទាំង​នេះ បា​នផ្តល់​អត្ថ​ប្រយោជន៍​​ជាច្រើន​ដល់​សហ​គមន៍​ជន​បទ​ដែល​ពឹង​ផ្អែកលើ​​ត្រី​សម្រាប់​​សុខភាព​និង​សុខុ​មាលភា​ព​របស់​ពួកគេ ហើយ​ខ្ញុំ​រីក​រាយ​​ដែល​ឃើញ​បច្ចេក​វិទ្យា​នេះ ត្រូវ​បាន​ពង្រីក​​បន្ថែម​ទៀត​ដើម្បី​ផ្តល់​អត្ថប្រយោ​ជន៍​ដល់​សហ​គមន៍​ក្នុង​ខេត្ត​សៀម​រាប​»​។​

ជណ្ដើរ​ត្រី​ភូមិ​ស្លែង​នៅ​ស្រុក​ក្រឡាញ់​ត្រូវ​បាន​បង្កើតឡើ​ង​ដោយ​មាន​ការចូល​រួម​ពី​សហ​គមន៍​យ៉ាង​សំខាន់​ក្នុង​ដំណាក់កា​ល​រៀបចំ​គម្រោង​ និង​សាងស​ង់​។ ​​គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើ​ម FishTech ដែល​ផ្តល់​មូល​និធិ​ដោយ ACIAR និង DFAT ស្ថិតក្នុង​ចំណោម​គម្រោង​ជាច្រើន​ក្នុង​គោល​បំណង​ជួយ​សម្រួល​ដល់​ការផ្លាស់ទី​របស់​ត្រី​នៅក្នុង​តំបន់​មេគង្គ​ក្រោម​៕