ភ្នំពេញៈ​ ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​​១០ ឆ្នាំ​ ២០២៣ បានរៀបចំ​ឡើង ក្រោម​ប្រធានបទ «​ការពង្រឹង​ប្រព័ន្ធ​ស្បៀង​ក្នុង​បរិបទ​នៃ​ការប្រែប្រួល​អាកាស​ធាតុ​» ដែល​កម្ពុជា​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អប់រំ និង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​ឱ្យបាន​ទូលំទូលាយ​ពី​សារៈសំខាន់​នៃ​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ា​ណែ​ត បានលើកឡើង​តាមរយៈ​សារលិខិត​អបអរសាទរ​ទិវា​ជាតិ​អាហារូបត្ថម្ភ លើក​ទី​១០ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​ ៦ ​ខែវិច្ឆិកា​ថា លោក​សូម​គាំទ្រ​ដល់​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដែល​បាន​រួមគ្នា​រៀបចំ​ទិវា​ជាតិ​ដ៏​មាន​សារៈសំខាន់​នេះ​។

​លោក​បាន​លើកឡើងថា ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី១០ ឆ្នាំ​ ២០២៣ ​នេះ រាជរដ្ឋាភិបាល​បានជ្រើសរើស​យក​ប្រធានបទ​«​ការពង្រឹង​ប្រព័ន្ធ​ស្បៀង​ក្នុង​បរិបទ​នៃ​ការប្រែប្រួល​អាកាស​ធាតុ​» ស្រប​ពេលដែល​អង្គការ​សហប្រជាជាតិ​នឹង​រៀបចំ​ស​ន្និ​សីទ​កំពូល​បណ្ដា​ភាគី​លើក​ទី​ ២៨ នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ចាប់ពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​ ១២​ ខែធ្នូ​ឆ្នាំ ២០២៣ ​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​បញ្ហា​ប្រព័ន្ធ​ស្បៀង និង​ការប្រែប្រួល​អាកាសធាតុ គឺជា​បញ្ហា​ធំ​ពីរ​ដែល​អង្គការសហប្រជាជាតិ​កំពុង​យកចិត្តទុកដាក់​ដោះស្រាយ ដើម្បីឱ្យ​មនុស្ស​គ្រប់រូប​ទទួលបាន​សន្តិ​សុខ​ស្បៀង អាហារូបត្ថម្ភ របប​អាហារ​សុខភាព ការពារ​បរិស្ថាន និង​ជំរុញ​ឱ្យ​ប្រព័ន្ធ​ស្បៀង​ឆ្ពោះទៅរក​ការអភិវឌ្ឍ​បៃតង​»​។

​លោក ហ៊ុន ម៉ា​ណែ​ត បន្តថា ការលើកកម្ពស់​ប្រព័ន្ធ​ស្បៀង តាមរយៈ​ការបង្កើន​ការផលិត ការកែច្នៃ ការ​វេច​ខ្ចប់ ការដឹក​​ជញ្ជូន​ការយក​ស្បៀង​ទៅប្រើ​ប្រាស់ និង​ការគ្រប់គ្រង​កាក​សំណល់​ស្បៀងអាហារ​បណ្តាលឱ្យ​មានកំ​ណើ​ន​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ធ្វើឱ្យប៉ះពាល់​បរិស្ថាន និង​រួមចំណែក​ឱ្យមាន​ការប្រែប្រួល​អាកាសធាតុ​។

​ចំណែកឯ​ការប្រែប្រួល​អាកាសធាតុ​នឹង​បណ្តាលឱ្យមាន​គ្រោះ​ធម្មជាតិ​ដូចជា​៖​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ និង​រលក​កម្ដៅ​ដែល​បង្កឱ្យមាន​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​កសិកម្ម ជីវចម្រុះ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី ប្រព័ន្ធធារាសាស្ត្រ ដីស្រែ​ចម្ការ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ផ្ទះសំបែង ទ្រព្យ​សម្បត្តិ​និង​ប៉ះពាល់​ដល់​សុខ​​ភាព សន្តិសុខ​ស្បៀង អាហា​រូប​ត្ថ​ម្ភ​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ពិសេស​ស្ត្រី និង​កុមារ​។ នេះ​បើតាម​សារលិខិត​របស់លោក​ហ៊ុន ម៉ា​ណែ​ត​។​

​នា​ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​១០​ នេះដែរ រាជរដ្ឋាភិបាល​កម្ពុជា ក៏បានផ្ដល់​អនុសាសន៍​មួយចំនួន​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​ដូចជា​៖ អនុវត្ត​ផែនទី​បង្ហាញផ្លូវ​ស្តីពី​ប្រព័ន្ធ​ស្បៀង​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​ឆ្នាំ ​២០៣០, ក្រសួង​ព័​ត៌​មាន​ត្រូវ​ណែនាំ​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាតិ និង​ឯកជន អ្នក​ប្រើ​​ប្រាស់​បណ្ដាញ​សង្គម ចូលរួម​ជួយ​ផលិតកម្ម​វិធី រឿង​អប់រំ​ខ្លីៗ និង​ចម្រៀង​ដែល​ទាក់ទង​នឹង​ប្រធានបទ​ប្រព័ន្ធ​ស្បៀងអាហា​​រូប​ត្ថ​ម្ភ​និង​ការប្រែប្រួល​អាកាស​ធាតុ ដើម្បី​ផ្សព្វផ្សាយ​ឱ្យបាន​ទូ​លំ​ទូលាយ​ដល់​សាធារណជន​។​

​លោក​បន្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​ការស្រាវជ្រាវ និង​ផ្សព្វផ្សាយ ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ គ្រាប់ពូជ​ដំណាំ និង​ពូជ​សត្វ​ដែលមាន​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និងផ្ដោតលើ​ការធ្វើ​ពិពិធ​កម្ម​កសិកម្ម​ផលិតកម្ម​ស្បៀង​អា​ហារ​ដែល​សម្បូរ​សារជាតិ​ចិញ្ចឹម និង​ការពារ​ផលិតផល ស្បៀងអាហារ​ដែល​កើតចេញពី​ធម្មជាតិ ដើម្បី​លើកកម្ពស់​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​របស់​ប្រជាជន​។

​លោក ​ហ៊ុន ម៉ា​ណែ​ត​ ថា៖ «​គណៈកម្មាធិការ​គ្រប់គ្រង​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា ត្រូវ​បន្ត​កែលម្អ​ប្រព័ន្ធ​ស្បៀង​បម្រុង ឱ្យមាន​លទ្ធភាព​កាន់តែច្រើន និង​រហ័ស​ទាន់សភាពការណ៍ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​អន្តរាគមន៍​ជួយ​ពលរដ្ឋ តាមរយៈ​ការផ្ដល់​ស្បៀង ផ្តល់​គ្រាប់​ពូជស្រូវ និង​ពូជ​ដំណាំ​បន្លែ​សម្រាប់​ស្តារ​ការដាំដុះ​ឡើងវិញ​ក្រោយ​រង​ការខូចខាត​ដោយ​សារ​គ្រោះមហន្តរាយធម្មជាតិ ឬ​គ្រោះអាសន្ន​នានា​»​។​

​លោក​បញ្ជាក់ថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចលនា​ប្រជាពលរដ្ឋ​ឱ្យដាំ​ដុះ​និង​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ ជា​សហគមន៍ និង​តាម​សាលា​រៀន ដើម្បី​បង្កើន​ភាព​មាន​ស្បៀង​គ្រប់គ្រាន់​ទាំង​បរិមាណ គុណ​ភាព សុវត្ថិភាព និង​ធានាឱ្យមាន​ប្រភព​ស្បៀងអាហារ​ចម្រុះ​មុខ​ច្រើនជាង​មុន រួម​នឹង​អនុសា​សន៍សំ​ខាន់ៗ​មួយចំនួនទៀត​។

​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថា​ប័ន អង្គការ​សង្គម​ស៊ីវិល​វិស័យ​ឯកជន និង​ពលរដ្ឋ​គ្រប់រូប បន្ត​ការយកចិត្តទុកដាក់ និង​អនុវត្ត ពង្រឹង​ប្រព័ន្ធ​ស្បៀង​ឱ្យ​កាន់​តែមាន​ភាពរឹងមាំ សំដៅ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​និង​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ ឆ្ពោះទៅ​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​ ២០៣០ ពិសេស​គោលដៅ​ទី​២ ​គឺ​បញ្ចប់​ភាពអត់ឃ្លាន សម្រេច​ឱ្យបាន​នូវ​សន្តិសុខ​ស្បៀង​នឹងធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​អាហារូបត្ថម្ភ និង​លើកកម្ពស់​កសិកម្ម​ប្រកប​​ដោយ​ចីរភាព​៕