​សៀមរាបៈ កម្ពុជា​បានបង្ហាញ​ការប្តេជ្ញាចិត្ត​ជាថ្មី​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​បម្រែបម្រួល​អា​​កាស​ធាតុ តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ច​ក្រា​បរិស្ថាន​ថ្មី​ឆ្នាំ ​២០២៣-២០២៨​ និង​គោល​ដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ខណៈ​វិបត្តិ​នេះ​កំពុង​យាយី​កម្ពុជា​ និង​សកលលោក​។​

​ការប្តេជ្ញាចិត្ត​នេះ​ធ្វើឡើង​តាម​​រយៈ​សុន្ទរកថា របស់​រដ្ឋមន្ត្រី​បរិ​ស្ថាន​លោក អ៊ាង សុផល្លែត នៅក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា​ឆ្នាំ​ ២០២៣ (CCCS23)​ នា​ខេត្តសៀមរាប ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត​អូស្ត្រាលី អ្នកជំនាញ​ផ្នែក​អាកាសធាតុ​និង​ស្ថាប័ន​ពាក់ព័ន្ធ ប្រមាណ​ជាង​ ៣០០ ​នាក់​ កាល​ពីថ្ងៃ​ទី ​៣ ខែវិច្ឆិកា ឆ្នាំ ​២០២៣​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួងបរិស្ថាន ស្ថានទូត​និង​អង្គការ​ស្ថាប័ន​ពាក់​ព័ន្ធ​មួយចំនួនទៀត​។​

​តាមរយៈ​សេចក្តីប្រកាស​ព័​ត៌​មាន​លោក​ អ៊ាង សុផល្លែត បានលើកឡើង​ពី​វិបត្តិ​បម្រែបម្រួល​អាកាសធាតុ​ដែល​កំពុង​គំរាម​កំហែង​យ៉ាងធ្ងន់ធ្ងរ ​និង​កាន់តែខ្លាំង​ឡើង​សម្រាប់​ពិភពលោក ខណៈ​កម្ពុជា​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ផែនការ​ប្រយុទ្ធប្រឆាំង​បញ្ហា​នេះ​នៅ​កម្ពុជា​និង​នៅក្នុង​តំបន់​។​

​លោក​បាន​បញ្ជាក់ថា ក្នុងការ​ប្តេជ្ញាចិត្ត​នេះ រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​ផែនការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យនៅ​ត្រឹម ៤១,៧% នៅ​ឆ្នាំ​ ២០៣០ ជាមួយនឹង​ក្របខ័ណ្ឌ​គោល​នយោបាយ​ផ្សេងៗ​ទៀត​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ជាមួយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​​កាល​ទី១ ​ជាពិសេស​យុទ្ធសាស្ត្រ​ច​ក្រា​បរិស្ថាន​ថ្មី ២០២៣-២០២៨ ដែល​គ្រោង​ដាក់​ដំណើរការ​នៅ​ថ្ងៃទី ​១៥ ខែវិច្ឆិកា​ខាងមុខ​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​ត្រូវផ្តោត​ការយកចិត្តទុកដាក់​មិន​ត្រឹមតែ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវការ​សកម្មភាព​ជាក់ស្តែង ដើម្បី​គាំទ្រ​ដល់​តម្រូវ​ការដែល​ពល​រដ្ឋ​រង​ផលប៉ះពាល់​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​»​។​

​ជាមួយគ្នានេះ លោក​ ចា​ស្ទី​ន វ៉ា​យ​អាត​ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ក៏បាន​លើកឡើង​ដែរ​ថា វិបត្តិ​អាកាសធាតុ​ជា​បញ្ហា​កំពុង​ប្រឈម​បំផុត​មួយ​របស់​ពិភពលោក ហើយ​កិច្ចប្រជុំ​នៅ​កម្ពុជា​នេះ​ជា​វេទិកា​ពិភាក្សា​ពី សកម្មភាព​ជាក់ស្តែង​ដើម្បី​អាច​សម្រប​ខ្លួន​ទៅនឹង​ផលប៉ះពាល់ ជាពិសេស​ផែនការ​អព្យាក្រឹត​កាបូន​ឆ្នាំ​ ២០៥០ ​ខណៈ​អូស្ត្រាលី​កំពុង​សហការ​ជាមួយ​កម្ពុជា​តាមរយៈ​ក​ម្ម​វិធី CAPRED​។​

​ចំណែក លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ក៏បាន​លើកឡើង​ដែរ​ថា អាមេរិក​កំពុង​ជួយ​កម្ពុជា​លើ​វិធានការ​ប្រយុទ្ធប្រឆាំង​វិបត្តិ​អាកាសធាតុ​នេះ ខណៈ​អាមេរិក​បាន​វិនិយោគ​ទឹកប្រាក់​ជាង​ ១០០ ​លាន​ដុល្លារ​នៃ​ជំនួយ​អន្តរជាតិ ដើម្បី​សម្របសម្រួល​ការលក់​ឥណទាន​កាបូន​ជាង ៤០ ​លាន​ដុល្លារ ទៅ​ក្រុមហ៊ុន Disney និង ​Delta ក្នុង​ការជួយ​កម្ពុ​ជាស​ម្រេច​ផែនការ​អព្យាក្រឹតភាព​កាបូន​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ សាម អ៊ី​ន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​៥​ ខែវិច្ឆិកា​ថា រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងបរិស្ថាន​បាន​សម្លឹង​ចក្ខុវិស័យ​វែងឆ្ងាយ​ចំពោះ​ការប្រឆាំង​ការប្រែប្រួល​អាកាស​ធាតុ​។

​តួយ៉ាង​ដូចជា​ផែនការ អព្យាក្រឹត​កាបូន ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ការ​ការពារ​ធនធានធម្មជាតិ គម្រប ព្រៃឈើ ការស្តារ​ព្រៃឈើ​ឡើងវិញ​ជា​ជំហានៗ បូករួម​នឹងផែនការ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​ពី​ប្រភព​ធ្យូងថ្ម ជាមួយ​ផែនការ​ប្រើប្រាស់​ថាមពល​ស្អាត ការប្រើប្រាស់​យានយន្ត​អគ្គិសនី ជាដើម​។​

​លោក​បាន​បន្តថា រដ្ឋាភិបាល​មាន​គម្រោង​កាត់បន្ថយ​បំ​ភាយ​ឧស្ម័ន​មេតាន​ពី​សកម្មភាព​ក​សិ​​កម្ម​តាមរយៈ​វិធីសាស្ត្រ​និង​បច្ចេក​​ទេស​វិទ្យាសាស្ត្រ​ផងដែរ ជា​ពិ​សេស​លើកកម្ពស់​ការប្រើប្រាស់​គ្រឿងចក្រ​ថ្មី​ក្នុង​ឧស្សាហកម្ម ក៏ដូចជា​ការប្រើប្រាស់រ​ថ​យន្ត​ថ្មីៗ ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពុល​ទៅលើ​បរិយាកាស​។​

​លោក​ សាម អ៊ី​ន បាន​ថ្លែង​ទៀតថា​៖«​រដ្ឋាភិបាល​យើង​ចាប់​ផ្តើម​ធ្វើជា​ជំហានៗ​ទាំង​ក្រប​ខ័​ណ្ឌ​នយោបាយ និង​សកម្ម​​ភាពជាក់ស្តែង យើង​នឹង​ព្យាយាម​ស្តារ​គម្រប​ព្រៃឈើ ដាំ​ដើមឈើ​ជាដើម ក៏ដូចជា ការពារ​ព្រៃឈើ​ផងដែរ​»​។​

​លោក​បាន​បន្តថា ក្រសួង​បរិ​ស្ថាន​បាន​ចុះ​ពន្យល់​ដល់​ប្រជាកសិករ និង​ប្រជា​សហគមន៍​ឱ្យ​យល់ដឹង​ពី​ផលប៉ះពាល់​ពី​វិបត្តិ​អាកាសធាតុ ហើយ​បង្រៀន​ពលរដ្ឋ​ឱ្យ​ចេះ​ធ្វើ​កសិកម្ម​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ក៏​ដូច​ជា​បង្កើត​របៀង​អេកូ​ទេសចរណ៍​ដែល​អាចជា​ប្រភព​ទេសចរ​ផង និង​អាច​ការពារ​ធនធានធម្មជាតិ​បាន​ផង​។​

​សម្រាប់​លោក​ ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ​(CYN) និង​ជា​សកម្មជន​បរិស្ថាន បាន​គាំទ្រ​លើ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ជាមួយ​ការ​ជ្រោមជ្រែង​ពី​បណ្តា​ប្រទេស​ជា​ដៃគូ​ក្នុង​សកម្មភាព​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អា​កា​ធាតុ​និង​ការពារ​បរិស្ថាន​ដែលជា​កិច្ចការ​មួយ​សំខាន់​។

​លោក​ថា បញ្ហា​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជា​បញ្ហា​ចម្បង​ចំពោះ​វិបត្តិ​អាកាស​ធាតុ​ដែល​កម្ពុជា​ជា​ប្រទេស​រង​គ្រោះ​មួយ​ដែរ គួរ​មាន​វិធានការ​បំ​ភាយ​តិច ដែលជា​យន្ត​ការល្អ ហើយ​ធានា​ដល់​កម្មវិធី​អ​ព្យា​ក្រឹ​ត​កាបូន​ដែល​កម្ពុ​ជាមាន​គម្រប​ព្រៃឈើ​ដែលមាន​វិសាល​ភាព​ស្តុក​កាបូន​ដែល​អាចជួយ​រក្សា​លំនឹង​អាកាសធាតុ​ដែល​កម្ពុជា និង​ប្រទេស​ដៃគូ​គួរ​មាន​វិធាន​​ការជួយ​ការពារ​គម្រប​ព្រៃឈើ​។​

​លោក ហេង គឹមហុង ក៏​ជំ​រុញឱ្យ​រដ្ឋាភិបាល ជាពិសេស​ក្រសួងបរិស្ថាន​ត្រូវ​ធានា​កុំឱ្យ​កើតមាន​អំពើពុករលួយ​នៅក្នុង​សកម្មភាព​ការពារ​បរិស្ថាន​និង​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​នេះ ក៏ដូចជា​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ជា​មិត្ត​កម្ពុជា​ធានា​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​រកស៊ី​នៅ​កម្ពុជា​គិតគូរ​លើ​ការការពារ​បរិស្ថាន​។​

​សូមជម្រាបថា កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​ស្តីពី​ការប្រែប្រួល​អាកាស​ធាតុ​កម្ពុជា​ឆ្នាំ​ ២០២៣ (CCCS23) រៀបចំឡើង​ក្នុង​គោលដៅ​ពិនិត្យ​លើ​តួនាទី​សំខាន់​នៃ​គោល​នយោបាយ​អន្តរជាតិ ក្នុងការ​បង្កើត​យុទ្ធសាស្ត្រ​ទប់ទល់​នឹង​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​នៅ​កម្ពុជា​៕