​ភ្នំពេញៈ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា និង​មន្ត្រី​ជំនាញ​ទាំង ​២៥ ​រាជធានី​-​ខេត្ត បាន​បើក​កិច្ចប្រជុំ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ជន​មាន​ពិការភាព​ដែល​ច្រៀង​តាម​ទី​សា​ធាណៈ និង​ជនអនាថា ខណៈដែល​ក្រសួង​ក៏​គ្រោង​នឹង​រៀបចំ​បង្កើត​ច្បាប់ និង​គោ​លន​យោ​​បាយ​សម្រាប់​ជួយ​ដោះស្រាយ​លើ​ករណី​ទាំងនោះ​ផងដែរ​។​

​យោងតាម​គេហទំព័រ​ក្រសួង​សង្គមកិច្ច​កាលពី​ថ្ងៃទី ​៣ ខែវិច្ឆិកា លោក ឯម ច័ន្ទ​មករា អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច បាន​លើកឡើងថា ករណី​ជនអនាថា និង​ជន​មាន​ពិការភាព​ច្រៀង​តាម​ស្ដុ​ប​នានា គឺជា​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​រាជរដ្ឋាភិបាល ជាពិសេស​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ដោយផ្ទាល់​តែម្ដង​។

​លោក​បាន​ឱ្យដឹងទៀតថា បញ្ហា​ជន​មាន​ពិការភាព និង​ជនអនាថា ជា​កិច្ចការ​ពហុ​​វិស័យ​ដែល​ទាមទារ​ឱ្យមាន​ការ​​ចូលរួម​ពី​សំណាក់​អ្នកពាក់ព័ន្ធ​ក៏ដូចជា​អាជ្ញាធរ​ដែនដី​ក្នុងការ​ដោះស្រាយ ដោយ​ថ្នាក់ដឹកនាំ​ប្រទេស​បាន​យកចិត្តទុកដាក់​ណាស់ ដើម្បី​ដោះស្រាយ​បញ្ហា​ជនអនាថា ជន​ច្រៀង​តាមផ្លូវ អ្នកញៀន​គ្រឿងញៀន ដោយ​ធ្វើយ៉ាងណា​កុំឱ្យ​ពួកគាត់​ទទួលរង​ផលប៉ះពាល់ និង​ធ្វើយ៉ាងណា​ឱ្យ​ជីវិត​របស់​ពួកគាត់​មាន​ភាពប្រសើរឡើង​។

​លោក ឯម ច័ន្ទ​មករា បាន​ថ្លែងថា​៖ «​យើង​គួរ​រក​រូបមន្ត​ណា ដើម្បី​អាចជួយ​លើ​ករណី​ជន​មាន​ពិការភាព​ឱ្យបាន​សម​ស្រប និង​រៀបចំ​គោ​លន​យោ​បាយ ច្បាប់ និង​អនុក្រឹត្យ​ឱ្យបាន​ច្បាស់លាស់​»​។

​បើតាម​ក្រសួង​សង្គមកិច្ច ភាគី​ពាក់ព័ន្ធ​បាន​ឯកភាពគ្នា​ក្នុង​ការរៀបចំ​របាយការណ៍​ជូន​រដ្ឋ​មន្ត្រី ដើម្បី​ស្នើ​រៀបចំ​នូវ​លិខិត​បទដ្ឋាន​គតិយុត្ត​បន្ថែម ក្នុងការ​គ្រប់គ្រង​ជន​មាន​ពិការភាព​ច្រៀង​តាមផ្លូវ និង​ជនអនាថា ខណៈ​អង្គប្រជុំ​នេះ នឹងធ្វើ​ការ​ប្រជុំ​ជាមួយ​អនុគណៈកម្មការ​ដោះស្រាយ​បញ្ហា​ជនអនាថា​បន្តទៀត​នាពេលខាងមុខ​។​

​លោក ជា ហ៊ួ​ត ប្រធាន​សមា​គម​តន្ត្រី​ជនពិការ​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៥ ខែវិច្ឆិកា​ថា នៅក្នុង​កិច្ចប្រជុំ​កន្លងមក​នោះ លោក​ក៏បាន​ចូលរួម​ជា​មួយ​ក្រសួង​សង្គមកិច្ច ពាក់ព័ន្ធ​នឹង​ការស្វែងរក​ដំណោះស្រាយ​ករណី​ជន​មាន​ពិការភាព​ដែល​ច្រៀង​តាម​ទីសាធារណៈ និង​តាម​ភ្លើងស្ដុប ខណៈដែល​ភាគី​ពាក់ព័ន្ធ​ជាច្រើន បាន​លើក​នូវ​ទស្សនៈ​របស់ខ្លួន មក​ជជែក​យ៉ាង​ផុសផុល ដើម្បី​រក​ដំណោះ​ស្រាយ​មួយ​ដែល​សមស្រប​លើ​ករណី​ទាំងនោះ​។

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ចង់​ស្នើ​រាជរដ្ឋាភិបាល​ដាក់បញ្ចូល​ទៅ​គោលនយោបាយ​ណាមួយ ពាក់ព័ន្ធ​នឹង​ការជួយ​ស្ដារ​ដល់​អាជីព​មុខរបរ​អ្នកសិល្បៈ​ជន​ពិការ គឺ​យើង​ចង់ឱ្យ​មានការ​ជួយ​រៀបចំ​យ៉ាងម៉េច​ឱ្យ​មុខរបរ​យើង​ក្លាយជា​របរ​ស្របច្បាប់ ហើយ​យើង​ចង់ឱ្យ​ភោជនីយ​​ដ្ឋា​ន​នានា​នៅពេល​មានកម្ម​វិធី​អី​មួយ ជួយផ្ដល់​សិទ្ធិ​ឱ្យ​ជន​ពិការ​បាន​ចូលទៅ​ប្រកប​អាជីព​ចម្រៀង​នៅ​ទីតាំង​ហ្នឹង​ផងដែរ​»​។​

​លោក ឈ ប៉ុណ្ណា​រ័ត្ន មន្ត្រី​កម្ម​វិធី​អង្គការ​ជនពិការ​កម្ពុជា (CDPO) បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ចំពោះ​ការរៀបចំ​បង្កើត​ច្បាប់ ឬ​គោលនយោបាយ​សម្រាប់​ជួយ​ទៅដល់​ជន​មាន​​ពិការភាព​ដែល​ច្រៀង​នៅតាម​ទីសាធារណៈ​នេះ វា​ជា​ការល្អ​មួយ ខណៈដែល​ប្រទេស​កម្ពុជា​កន្លងមក​ជន​មាន​ពិការ​ភាព​ប្រកបមុខរបរ​នេះ មិន​មានការ​គាំពារ​ពី​ច្បាប់ ហើយ​ប្រសិនជា​អាជ្ញាធរ​មានការ​រឹតបន្តឹង​អ្វីមួយ នោះ​វា​ជាការ​គំរាមកំហែង​ដល់​មុខរបរ​របស់​ពួកគាត់​។ ដូច្នេះ ជន​មាន​ពិការភាព​ដែល​ភាគ​ច្រើន​ជា​ជនពិការភ្នែក ពួកគាត់​មិនអាច​មាន​ជម្រើស ឬ​មាន​មុខរបរ​អ្វី​ក្រៅពី​ច្រៀង​ឡើយ ដើម្បី​បំពេញ​ការរស់នៅ​របស់​ពួកគាត់​។​

​លោក​ ឈ ប៉ុណ្ណា​រ័ត្ន បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា ប្រសិនជា​យើង​រៀបចំ​ផ្ដល់​ជំនាញ​វិជ្ជាជីវៈ​ក្រៅពី​ច្រៀង​ហ្នឹង គួរតែ​ធ្វើ​ម៉េច​ឱ្យ​គាត់​ចេះ​ជំនាញ​សិប្បកម្ម ដែល​អាច​ប្រើប្រាស់​ដៃ ព្រោះ​គាត់​ពិការភ្នែក អ៊ីចឹង​អាហ្នឹង​វា​ក៏​ជាការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពួកគាត់ និង​កាត់បន្ថយ​សណ្ដាប់ធ្នាប់​មិនល្អ​នៅតាម​ដងផ្លូវ​ដែល​ពួកគាត់​ច្រៀង​ផង​ដែរ​»​។

លោក​បន្តថា ភាគី​ពាក់​ព័ន្ធ​ត្រូវ​រៀបចំ​កំណត់​កន្លែង​សម្រាប់​ជន​មាន​ពិការភាព​ដែល​ប្រក​បរបរ​ច្រៀង អាចជា​ទីប្រជុំជន​ដើម្បី​ទទួលបាន​នូវ​ថវិកា និង​ការគាំទ្រ​ពី​មហាជន​៕