ភ្នំពេញៈ​គម្រោង«​ធន​ធាន​អប់រំ​ឌីជីថល​ជា​ភាសា​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​កម្រិត​បឋម​សិក្សា​»បាន​ជួយ​ដល់​សិស្ស​ជន​ជាតិ​ដើម​ភាគ​តិច​ជាង ១ ​ម៉ឺន​ នាក់​ នៅ​ក្នុង​ខេត្ត​ចំនួន ​៦ ដើម្បី​កាត់​បន្ថយ​ការ​បោះបង់​ការ​សិក្សា និង​ដោះ​ស្រាយ​ឧបសគ្គ​ខាង​ភាសា​ចំពោះ​សិស្ស​ជន​ជា​តិដើម​ភាគ​តិច​នៅ​ប្រទេស​កម្ពុជា​។

​គម្រោង​នេះ អ​នុវត្ត​ដោយ​អង្គការ​ទិន្ន​ន័យ​ពី​ការ​អភិវឌ្ឍ​ (ODC) សហការ​ជាមួយ​នាយក​ដ្ឋាន​អប់រំ​ពិសេស​ នៃ​ក្រសួង​អប់រំ ​យុវជន និង​កីឡា ​ដែល​បាន​ជួយ​ដោយ​ផ្ទាល់ និ​ង​ប្រយោល​ទៅ​ដល់​សិស្ស​ជា​ជនជាតិ​ដើម​ភាគ​តិច គ្រូ​បង្រៀន ​រាជ​រដ្ឋាភិ​បាល ​អង្គ​ការ​ក្រៅ​រាជ​រដ្ឋាភិបា​ល និង​បាន​បង្កើត​វេទិកា​ឌីជីថ​ល​ឬ​ផលិត​វីដេអូ​អប់រំ​ឌីជី​ថល​បាន​ចំនួន​៩០​ដែលជា​ភាសា​ជន​ជាតិ​ភាគ​តិច៥​ភាសា​ផ្សេងៗ​គ្នា​រួម​មាន​ ភាសា​ព្នង កា​វ៉ែត គ្រឹ​ង​ ទំពួន និង​ភាសា​កួយ​។​

​យោង​តាម​របាយ​ការ​ណ៍​របស់​អង្គការ ​ODC ​នៅ​ថ្ងៃទី​៦ ខែ​វិច្ឆិកា​ បាន​បង្ហាញ​ថា គម្រោង​នេះ មាន​រយៈ​ពេល​កំណត់​១​ឆ្នាំ ដែល​អនុវត្ត​ក្នុង​ខេត្ត​គោល​ដៅ​ចំនួន​ ៦ ដែល​មាន ​ខេត្តម​ណ្ឌ​លគិរី ក្រចេះ ​ស្ទឹងត្រែង ​ព្រះវិហារ​ និង​ខេត្ត​កំពង់​ធំ​។

​ប្រភព​ដដែល​បាន​បន្ត​ថា ​ក្នុង​រយៈ​ពេល១​ឆ្នាំ​នេះ ​គម្រោង «​ធនធាន​អប់រំ​ឌីជី​ថល​ជា​ភាសា​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​កម្រិត​បឋម​សិក្សា​»បាន​ជួយ​ដល់​សិស្ស​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន​ ១២ ​៥០០​ នាក់​ គ្រូ​បង្រៀន​ចំនួន​ ៨៤​ នាក់ ​និង​បង្កើត​វេទិកា​ឌីជី​ថល​នៅ​លើ​យូ​ធូប (YouTube) ដែល​មាន​អ្នក​មើល​ចំនួន​ ៤៥ ​០០០ ​នាក់ និង​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ និង​វេ​ប​សាយ​អូ​ឌី​ស៊ី មាន​អ្នក​មើល​ចំនួន​ ៤៥ ០០០​ នាក់ ​ផង​ដែរ​។​

​អង្គ​ការ​ ODC បញ្ជាក់ថា​៖ «​គម្រោង​នេះ​មាន​គោល​ដៅ​ចូលរួម​ដោះ​ស្រាយ​ឧបសគ្គ​ខាង​ភាសា​នៃ​ការ​អប់រំ​ថ្នាក់​ដំបូង​ដែល​កើត​ឡើង​ចំពោះ​សិស្ស​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ប្រទេស​កម្ពុជា​»​។​

​បើតា​ម​របាយ​ការណ៍រ​បស់​អង្គ​ការ​ ODC បាន​ឱ្យដឹង​ទៀត​ថា នៅ​ក្នុង​សកម្ម​ភាព​គម្រោង «​ធនធាន​អប់រំ​ឌីជី​ថល​ជា​ភាសា​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្រិត​បឋម​សិក្សា​» បាន​ចែក​ចាយ​ និង​ផលិត​វីដ​អូ​អប់រំ​ឌីជីថល​ទៅ​កាន់​កម្រិត​សាលា​បឋម​សិក្សា​ក្នុង​ខេត្ត​គោល​ដៅ​ទាំង​៦ ​ជាពិសេស​បាន​កសាង​សមត្ថ​ភាព និង​ធ្វើការ​បណ្ដុះ​បណ្ដាល​គ្រូបង្រៀន​បឋម​សិក្សា​ក្នុង​ខេត្ត​គោល​ដៅ​ទាំង​នេះដើ​ម្បី​អាច​ប្រើប្រាស់​ឧបក​រណ៍ និង​សម្ភារ​សម្រាប់​បង្រៀន​សិស្ស​។​

​សូមប​ញ្ជាក់ថា​ គម្រោង «​ធនធា​ន​អប់រំ​ឌីជីថល​ជា​ភាសា​ជន​ជាតិដើ​ម​ភាគ​តិច​នៅ​កម្រិត​បឋម​សិក្សា​» ជា​គម្រោង​ទទួលបា​ន​ជំនួយ​ហិរញ្ញ​វត្ថុ​ពី​កម្មវិធី​របស់​ប្រទេស​ស៊ុយអែ​ត​ សម្រាប់​វិស័យ​បច្ចេក​វិទ្យា​គម​នាគមន៍ និង​ព័ត៌​មាន​នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍ ​(SPIDER) ដែល​បាន​អនុវត្ត​ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២​ រហូ​តដល់​ខែ​តុលា ឆ្នាំ​​២០២៣​៕