​ភ្នំពេញៈ អគារ​ថ្មី​នៃ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ដែល​បាន​ចំ​ណាយ​ថវិកា​សាងសង់​ប្រមាណ​ ៦០​ លាន​ដុល្លារ​អាមេរិក និង​បាន​សាងសង់​អស់​រយៈពេល​ជិត​ ២ ​ឆ្នាំ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ក្រោម​អធិបតីភាព​លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។​

​លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា អគារ​ថ្មី​នេះ ត្រូវបាន​ប្រារព្ធ​ពិធី​បញ្ចុះ​​បឋម​សីលា​បើក​ការដ្ឋាន​សាង​សង់​កាលពី​ថ្ងៃទី​ ១១ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក ស ខេង អតីតរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ភរិយា ហើយ​បើ​គិត​មកទល់​ថ្ងៃ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ មាន​រយៈពេល​ ១ ​ឆ្នាំ ៣៦០ ​ថ្ងៃ​គត់​។​

​លោក​បាន​លើកឡើងថា អគារ​ថ្មី​នេះ​ត្រូវបាន​សាងសង់​ក្នុង​បរិ​​វេណ​នៃ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ដែលមាន​ផ្ទៃដី​សរុប​ទំហំ ៥៩ ៥៣៩ ​ម៉ែត្រការ៉េ ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ដែល​បាន​រចនា​ឡើង​តាមបែប​ក្លា​ស៊ិ​ក​ចម្រុះ​គ្នា​នៃ​ស្ថាបត្យកម្ម​សម័យបុរាណ​ខ្មែរ និង​សម័យ​ទំនើប​ដោយ​តុបតែង​ដោយ​គ្រឿង​លម្អ​វិចិត្រកម្ម​បុរាណ នៃ​ប្រពៃណី​ខ្មែរ​និយម មាន​ដំបូល​ប្រក់​ក្បឿងស្រកាលិញ មាន​បុស្សបុក​ចំនួន​ ៥ តាម​លំនាំ​ប្រាសាទអង្គរវត្ត​កំពូល​ ៥​។​

​លោ​ក ស សុខា បាន​ថ្លែងថា​៖ «​សំណង់​អគារ​រដ្ឋបាល​ដែល​បាន​លេចចេញ​ជា​រូបរាង​ឡើង​នៅ​ចំពោះមុខ​យើងទាំងអស់គ្នា​នាពេលនេះ​សម្រាប់​ប្រើប្រាស់​ជា​ការិយាល័យ​បម្រើ​ការងារ​ និង​ដើម្បី​ជា​គុណប្រយោជន៍​សាធារណៈ​ទូទៅ ស័ក្តិ​សមជា​សំណង់​ស្ថាបត្យកម្ម​ដែល​រចនា​ឡើង​សម្រាប់​បម្រើឱ្យ​វិស័យ​រដ្ឋ​បាល សម័យ​ទំនើប ដែលមាន​សុខសន្តិភាព​ពេញលេញ​ក្នុងពេល​បច្ចុប្បន្ន និង​ក៏​សម្រាប់​ទុកជា​កេរដំណែល​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ប្រើប្រាស់​តទៅ​ថ្ងៃ​អនាគត​ផងដែរ​»​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​សម្ពោធ​ឱ្យប្រើ​ប្រាស់​ផ្លូវការ អគារ​ថ្មី​នៃ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា នេះ​គឺជា​សមិទ្ធផល​សាធារណៈ​ថ្មី​មួយទៀត​ដើម្បី​សម្រួលការ​បំពេញការងារ​របស់​មន្ត្រី​រាជ​ការ​នៃ​ក្រសួងមហាផ្ទៃ​ទាំង​ផ្នែក​ស៊ីវិល និង​មន្ត្រី​នគរបាលជាតិ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​អគារ​នេះ​មិនមែន​គ្រាន់តែ​ជាកា​រិ​យា​ល័យ​សម្រាប់​ធ្វើការ​ប៉ុណ្ណោះ​ទេ តែ​អគារ​នេះ​មាន​គ្រប់​ទាំង​អស់​ដែលមាន​ផាសុកភាព​សម្រាប់​បំពេញការងារ ហើយ​សំណង់​អគារ​នេះ ​គឺ​ស្របទៅតាម​តម្រូវការ​របស់​ប្រទេសជាតិ​របស់​យើង​នៅក្នុង​ការពង្រីក​សេវា​ដែល​ក្រសួងមហាផ្ទៃ​ជា​អ្នកដើរ​តួនាទី​សំខាន់​»​។​

​ឆ្លៀតឱកាស​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​រំលេច​ឡើង​ដោយ​មិនអាច​បំភ្លេចបាន​នូវ​សមិទ្ធផល​ទាំងនេះ​ដែលជា​ស្នា​ដៃ និង​មរតក ដ៏​វិសេសវិសាល​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​ ៦ ​នៃ​រដ្ឋសភា ក្រោម​ការ​ផ្តួច​​ផ្តើម​របស់​អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោ​កស ខេង ដោយមាន​ការគាំទ្រ​ពេញទំហឹង​របស់​អតីត​​នាយករដ្ឋមន្ត្រី​លោក ហ៊ុនសែន ផងដែរ​។​

​លោក​មានប្រសាសន៍​សង្ក​ត់​ធ្ងន់​ថា​៖ «​ក្នុងន័យនេះ ខ្ញុំ​សង្ឃឹមថា ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​ក្រសួងមហាផ្ទៃ​គ្រប់ៗ​រូប​ដឹងគុណ និង​ចងចាំ​ជានិច្ច​នូវ​គុ​ណូ​ប​កា​រៈ​ទាំងនេះ ជាពិសេស​សូម​តបស្នង​សងគុណ​វិញ​ដោយ​ការតាំង​ចិត្ត​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​អស់ពី​លទ្ធភាព ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​»​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បញ្ជាក់ដែរថា អគារ​ទី​ស្តី​ការ​ក្រសួងមហាផ្ទៃ​ដ៏​ធំ​ស្កឹមស្កៃ​នេះ ជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់​នៃ​តួនាទី និង​ភារកិច្ច​របស់​ក្រសួងមហាផ្ទៃ​ក្នុង​រាជ​រដ្ឋាភិបាល​ដែលជា​ឆ្អឹងខ្នង និង​ជា​សេនាធិការ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​ក្នុងការ​អនុវត្ត​គោលនយោបាយ ជាពិសេស​ការផ្តល់សេវា​រដ្ឋបាល និង​ការ​គាំពារ​សន្តិសុខ​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​។​

​សូម​បញ្ជាក់ដែរថា អគារ​ថ្មី​នៃ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​នេះ​បែរមុខ​ទៅ​ទិសខាងកើត​ស្របតាម​មហាវិថី​ព្រះ​នរោត្តម ចំ​​ទន្លេធំៗ​ទាំង​ ៤ ដែល​ហៅថា ទន្លេចតុមុខ​។ អគារ​ដ៏​ធំ​មួយ​នេះ​មាន​បំពាក់​ជណ្តើរយន្ត​ចំនួន ​១១ ​គ្រឿង ជណ្តើរ​ទាញ ចំនួន​ ២០​ គ្រឿង ជណ្តើរ​ថ្មើរជើង​នៅជាប់​ជណ្តើរយន្ត​ចំនួន ​៤​ ទីតាំង ជណ្តើរ​អគ្គិភ័យ​ចំនួន​ ៤ និង​ចំណតរថយន្ត​ចំនួន​ ៣៦០ ​ចំណត​៕