​ភ្នំពេញៈ នៅក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​ផ្នែក​ថាមពល និង​ធន​ធាន​រ៉ែ ​(​ក្រុម​“​ញ​”)​ នៃ​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន កាលពី​សប្តាហ៍​មុន លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថា​ម​​ពល បានដាក់​បទបញ្ជា​ថា ពី​ពេលនេះ​ទៅ មិន​ឱ្យមាន​ការចេញ​អាជ្ញាប័ណ្ណ​វាយ​ថ្ម​ទៀត​ទេ លុះត្រាតែ​មានការ​ពិនិត្យ​ឡើងវិញ​ជាមុនសិន​។

​សូមជម្រាបថា វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​រវាង​ក្រុម​ការងារ​ផ្នែក​ថាមពល និង​ធន​ធាន​រ៉ែ (​ក្រុម “​ញ​”)​នេះ រៀបចំឡើង​ដើម្បី​ធ្វើការ​រួមគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​រ៉ែ និង​ថាមពល​ដោយ​តម្កល់​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​គោល​។​

​នៅឯ​វេទិកា​នេះ លោក កែវ រតនៈ បាន​ថ្លែងថា​៖ «​រឿង​មួយ ដែល​សមាគម​ថ្ម​គួរតែ​រីករាយ ហើយ​ប្រទេស​យើង​គួរតែ​រីករាយ​ដែរនោះ គឺ​ខ្ញុំ​បានដាក់​បញ្ជា​រួចហើយ​ គឺ​មិន​ឱ្យមាន​ការចេញ​អាជ្ញាប័ណ្ណ​វាយ​ថ្ម​ទៀត​ទេ​លុះត្រាតែ​មានការ​ពិនិត្យឡើងវិញ​សិន​»​។​

«​យើង​ចង់​មានការ​អភិរក្ស​ឱ្យមាន​តុល្យភាព​ជាមួយ​ការអភិវឌ្ឍ​។ មានន័យថា ការ​ផ្គត់​ផ្គង់​ថ្ម​សំណង់​សព្វថ្ងៃនេះ គឺ​មិន​ខ្វះ​ទេ ហើយ​ខាង​វិស័យ​ឯកជន​ទទួលស្គាល់​ហើយ​ដែរ គឺ​មិន​ខ្វះ​ទេ​! ទោះ​ជាមាន​តម្រូវការ​ប៉ុន្មាន ឯកជន​អាច​ផ្គត់ផ្គង់​ក្នុង​ស្ថិរភាព​មួយ គឺ​មិន​ថ្លៃ​ពេក​ទេ​»​។ លោក កែវ រតនៈ បានបញ្ជាក់​បន្ថែម​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​លើកឡើង​ដែរ​ថា ក្រសួង​ក៏​មិន​ហាមឃាត់​ក្នុង​ការធ្វើ​អាជីវកម្ម​នេះដែរ ព្រោះថា ជា​សេដ្ឋកិច្ច​ទីផ្សារសេរី ដូច​នេះ​នៅពេល​មាន​គេ​ការដាក់​ពាក្យស្នើសុំ ក្រសួង​អាច​នឹងមាន​ការអនុញ្ញាត ប្រសិនបើ​គោរព​តាម​លក្ខខណ្ឌ​មួយចំនួន​ដូចជា ការគិតគូរ​ដល់​បរិ​ស្ថាន​,​បង់​សួយសារអាករ ពន្ធដារ​បាន​ត្រឹមត្រូវ​គ្រប់គ្រាន់​ជាដើម​។​

​ប៉ុន្តែ​ទន្ទឹមនឹង​ការអនុញ្ញាត​នេះដែរ លោក​បញ្ជាក់ទៀតថា ៖«​យើង​ក៏ត្រូវ​ថ្លឹងថ្លែង​ជាមួយនឹង​បញ្ហា​អភិរក្ស​ដែរ​។ ខ្ញុំ​មិន​ចង់ឃើញ​ភ្នំ​ទាំងអស់​កញ្ឆត​ទាំងអស់​ទេ​។ ភ្នំ​ខ្លះ​មានតម្លៃ​ប្រវត្តិសាស្ត្រ ភ្នំ​ខ្លះ​មានតម្លៃ​វប្បធម៌ ភ្នំ​ខ្លះ​មានតម្លៃ​អេកូ​ទេសចរណ៍ ឬមួយ​ក៏​ការ​លម្អ​ជាដើម​។ បើ​យើង​ជិះឡាន​ពី​ភ្នំពេញ​ទៅ​ព្រះសីហនុ យើង​ឃើញ​ភ្នំ​តូច ភ្នំ​ធំ​កញ្ឆត​ទាំងអស់​។ ថ្ម​សម្រាប់​ដោះស្រាយ​បញ្ហា​សំណង់ តែ​យើង​មិន​ចង់ឃើញ​ភ្នំ​ណា​ក៏​ឆែប ភ្នំ​ណា​ក៏​កញ្ឆត​ទាំងអស់​នោះទេ​»​។​

​ដោយសារ​មូលហេតុ​នេះ លោក កែវ រតនៈ បាន​លើកឡើងថា វា​ជាការ​ចាំបាច់​ដែល​លោក​តម្រូវឱ្យ​អគ្គនាយកដ្ឋាន​រ៉ែ ធ្វើ​កិច្ចការ​ជាមួយ​មន្ទីរ​រ៉ែ និង​ថា​ម​​ពល​គ្រប់​ខេត្ត​ក្រុង ដោយ​អាច​ឈានដល់​ការពិគ្រោះ​យោបល់​ជាមួយ​មន្ទីរ​វប្បធម៌ និង​មន្ទីរ​​ទេសចរណ៍​។ ដូចនេះ​ការពិនិត្យ​ឡើង​ក្នុង​រយៈពេល​ ៦ ទៅ ៧ ​ខែ មុននឹង​ឈានដល់​ការអនុញ្ញាត​ជាថ្មី​នេះ អាចជា​ការកំណត់​ការផ្គត់ផ្គង់​មួយ​ក៏​ថា​បាន ប៉ុន្តែ​ក៏​ជាការ​អភិរក្ស​មួយ​ដែល​ត្រូវ​ឈានទៅ​អនុវត្ត​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ តំណាង​វិស័យ​ឯកជន​ខាង​ផ្នែក​រ៉ែ​ថ្ម​សំណង់ លោក ហាក់ ប៊ុនថន បានលើកឡើង​ដែរ​ថា ក្រុម​ហ៊ុន​ការដ្ឋាន​ថ្ម​សំណង់​បាន​បិទ​​ទ្វារ​ជា​ហូរហែ ដោយសារ​ការ​ប្រកួតប្រជែង​មិន​ស្មើភាព ពី​ព្រោះ​ការកំណត់​តម្លៃ​អប្បបរមា​ទាប​ពេក ទោះជា​ក្រុមហ៊ុន និង​សមាគម​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ​យ៉ាងណាក៏ដោយ ក៏​នៅតែ​មិនអាច​ដោះស្រាយបាន​។​

​លោក ហាក់ ប៊ុនថន បាន​លើក​ជា​សំណើ​ថា​៖ «​យើង​ស្នើ​សុំ​ក្រសួង​ឱ្យជួយ​អន្តរាគមន៍​ដោយ​រូបភាព​ណាក៏ដោយ​។​ដោយឡែក​ការឆ្លើយតប​ក្រសួង​ថា នេះ​ជា​សេដ្ឋកិច្ច​ទីផ្សារសេរី ​គឺ​ក្រសួង​ជួយ​បានត្រឹមតែ​អ្នក​ដែល​ធ្វើការ​ខុសច្បាប់​ដែល​ធ្វើឱ្យ​បរិមាណ​នៃ​ការលក់​វា​ចុះថោក ដោយសារ​ខ្លួនឯង​មិនបាន​បង់ពន្ធ​។ ដូចនេះ​សូម​ឯកឧត្តម ផ្តល់​ជា​មតិយោបល់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​»​។​

​ចំពោះ​បញ្ហា​នេះដែរ លោក កែវ រតនៈ បាន​ឆ្លើយតប​ថា​គឺ​មិន​ធ្វើតាម​ការ​សំណូមពរ​បានទេ ដោយសារតែ​ជាការ​ប្រកួត​ប្រជែង​ទីផ្សារសេរី​ហើយ​វា​អាច​នឹង​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​។

​លោក​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​សេដ្ឋកិច្ច​ទីផ្សារសេរី គេ​មិនអាច​ធានា​ថ្លៃ​បានទេ​។ រដ្ឋា​ភិ​​បាល​មាន​កាតព្វកិច្ច​ធ្វើ​ម៉េច​ឱ្យ​ការប្រកួតប្រជែង​នោះ​ស្មើភាព​។​ ស្មើភាព​នោះ​ គឺ​គោរព​ច្បាប់​ដូចគ្នា​បង់ពន្ធ​ដូចគ្នា កាតព្វកិច្ច​ដូចគ្នា​។ ក្រុមហ៊ុន​ក្ស័យធន ដោយ​​សារ​ធ្វើ​មិនបាន​ល្អ​ដូច​ក្រុមហ៊ុន​ឯទៀត​។ ដូចនេះ​យើង​មិនអាច​លូកដៃ​ក្នុងការ​អន្តរាគមន៍រ​បស់​ទីផ្សារសេរី​បានទេ​»​។​

​លោក កែវ រតនៈ បាន​អះ​​អាង​ថា សេដ្ឋកិច្ច​ទីផ្សារសេរី​មិនអាច​កំណត់​ថ្លៃទំនិញ​បានទេ ប៉ុន្តែ​រាជរដ្ឋាភិបាល​នឹង​ធ្វើឱ្យ​ទីធ្លា​ប្រកួតប្រជែង​បាន​ស្មើ​ភាព​គ្នា​៕