ពោធិ៍សាត់ៈ លោក យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួង​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ​ឱ្យ​និស្សិត​ស្ម័គ្រចិត្ត​ផ្តល់យោបល់ និង​ជួយ​ដល់​កសិករ​ក្នុងការ​ជ្រើសរើស​កួរស្រូវ​សុទ្ធ​ល្អ សម្រាប់ធ្វើ​ពូជ​ដាំ​ដុះ ដើម្បី​ទទួល​បាន​ទិន្នផល​ច្រើន និង​ងាយស្រួល​លក់​នៅលើ​ទីផ្សារ​។​

​លោក យ៉ង សាំង​កុមារ បាន​ណែនាំ​ដូចនេះ ក្នុងពេល​លោក​ចុះទៅ​ជួប​ក្រុមនិស្សិត​ស្ម័គ្រចិត្ត​និង​កសិករ​នៅ​ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​ដើម្បី​ពិនិត្យ​ស្រែ​ដែល​ប្រើ​ពូជ​សុទ្ធ​ផ្ការំដួល មុនពេល​ប្រមូល​ផល កាលពី​ថ្ងៃទី​ ៥ ខែវិច្ឆិកា​។

លោក​បាន​ប្រាប់ឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី ​៦ ខែវិច្ឆិកាថា៖ «​នៅក្នុងពេល​ចុះទៅ​ជួប​ជាមួយ​ប្អូនៗ​និស្សិត និង​កសិករ​នាពេល​នោះ​ខ្ញុំ​បានបញ្ជាក់​ប្រាប់​ពួកគាត់​ពីសារ​:​សំខាន់​នៃ​ការប្រើ​ពូជ​សុទ្ធ​ដូចជា​កសិករ​នឹង​ទទួលបាន​ស្រូវ​មានគុណ​ភាពល្អ ងាយស្រួល​លក់ និង​បាន​តម្លៃ​ខ្ពស់​ស្រូវ​លូត​លាស់​បានល្អ​ផ្តល់​ផល​ច្រើន និង​តម្រូវការ​ពូជ​តិច​ជាដើម​»​។

​លោក យ៉ង សាំង​កុមារ បន្តថា​៖ «​ខ្ញុំ​ក៏បាន​ណែ​នាំឱ្យ​និស្សិត​ស្ម័គ្រចិត្ត ផ្តល់យោបល់ និង​ជួយ​ដល់​កសិករ​ធ្វើ​​ការជ្រើសរើស​កួរស្រូវ​សុទ្ធ​ល្អ និង​មាន​កួរ​វែង​ទុក​ធ្វើជា​ពូជ​។ យើង​ត្រូវការ​ការចូលរួម​ពី​កសិករ​ក្នុងការ​សាង​ប្រព័ន្ធ​ពូជ​សុទ្ធ​ដើម្បី​ផល​​ប្រយោជន៍​កសិករ និង​វិស័យ​ស្រូវ​អង្ករ​របស់​ជាតិ​យើង​ទាំងមូល​»​។​

​លោក​ ឡោ ប៊ុណ្ណា នាយក​វិទ្យា​ស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម (CARDI) បាន​ជំរុញឱ្យមាន​ការប្រើប្រាស់​ពូជ​សុទ្ធ​នេះ ដែលជា​គម្រោង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម លោក​ឌិ​ត ទីណា ដោយ​គម្រោង​ប្រើប្រាស់​ពូជ​សុទ្ធ​នេះដែរ​គិត​ត្រឹម​ឆ្នាំ ២០២៣​ នេះ ខាង​វិទ្យាស្ថាន​របស់លោក​ក៏បាន​បញ្ចេញ​ពូជ​សុទ្ធ​ផ្ការំដួល​ក្នុង​បរិមាណ​ប្រមាណ​ជាង​ ២០ ​តោន​។

​ការបញ្ចេញ​ពូជ​សុទ្ធ​នេះ គឺ​ដើម្បីឱ្យ​សហគមន៍​យកទៅ​ប្រើប្រាស់​ដាំ​ដុះ និង​ផលិត​បន្ត ដើម្បី​ចែកជូន​ដល់​កសិករ​។ លោក​ថា​៖ «​កន្លងមក​យើង​មាន​បញ្ហា​មួយ​គឺ​ក្រោយពី​កសិករ​ផលិត​បានជា​ស្រូវ​មក តម្លៃ​ធ្លាក់ចុះ​ដោយ​ខាង​រោង​ម៉ាស៊ីន​បញ្ជាក់ថា ការទម្លាក់​តម្លៃ​ស្រូវ​នេះ​ដោយសារ​ស្រូវ​គ្មាន​គុណភាព​។ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី បានចេញ​ជា​គោលនយោបាយ​មួយ ដែល​ជំរុញ​ឱ្យ​កសិករ​ប្រើ​ប្រាស់​ពូជ​សុទ្ធ ដើម្បី​ផលិត​ជា​ស្រូវ​ចំណី​សុទ្ធ​លក់​ឱ្យ​រោង​ម៉ាស៊ីន តាមរយៈ​ការចុះកិច្ចសន្យា​ជាមួយគ្នា ក្នុងតម្លៃ​មួយ​សមរម្យ​»​។​

​លោក​ថា សព្វថ្ងៃនេះ កសិករ​ភាគច្រើន​ដាំ​ដុះ​ប្រភេទ​ពូជ IR និង ​OM សម្រាប់​ផ្គត់ផ្គង់​ទៅកាន់​ទីផ្សារ​ប្រទេសជិតខាង ដែលជា​ទីផ្សារ​មួយ​មិន​ទៀងទាត់​សម្រាប់​កសិករ​ឡើយ​។ ហេតុដូចនេះ​ទើប​ក្រសួង​ព្យាយាម​ជំរុញ​ឱ្យ​កសិករ ងាក​មក​ដាំ​ដុះ​ប្រភេទ​ពូជស្រូវ​អង្ករ​ប្រណីត​វិញ ជាពិសេស​ពូជស្រូវ​ចំប៉ី​ ៧០ ​ជាដើម ដែលជា​ពូជស្រូវ​ស្រាល​ថ្មី​ផលិត​ចេញពី​ពូជ​ផ្ការំដួល សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​។​

​ជាមួយគ្នានេះ លោក យ៉ង ប៉ាក់ អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Agribee Cambodia យល់ឃើញថា វា​ជា​ការល្អ បើសិនជា​ក្រសួងកសិកម្ម​ជំរុញឱ្យមាន​ការប្រើប្រាស់​ពូជ​សុទ្ធ​កាន់តែច្រើន ខណៈដែល​កន្លងទៅ​ពូជ​ផ្ការំដួល​តែងតែ​ជួប​បញ្ហា​ពូជ​សុទ្ធ​ឬ​មិន​សុទ្ធ​នៅលើ​ទីផ្សារ​អន្តរជាតិ​។ នៅពេលដែល​កសិករ​ប្រើប្រាស់​ពូជ​សុទ្ធ អាច​នឹង​បន្ថែម​ការចំណាយ​ថែមទៀត ដោយសារតែ​គាត់​ត្រូវ​ទិញ​ពូជ​ស្រូវ​ពី​សហគមន៍ ដោយសារ​ការ​ទុកដាក់​ពូជ​របស់គាត់​នាពេល​កន្លងទៅ មិនមែនជា​ពូជ​សុទ្ធ​។​

​លោក​ថា​៖ «​ជា​ដំណោះស្រាយ​សហគមន៍ ដែល​ទទួលបាន​ពូជ​សុទ្ធ​ពី​ក្រសួង​យកទៅ​ផលិត​បានជា​ពូជ​សុទ្ធ​សម្រាប់​លក់​បន្ត​ឱ្យ​កសិករ គួរ​ដាក់​នៅក្នុង​តម្លៃ​ទាប​សមរម្យ​ជាង​បច្ចុប្បន្ននេះ ដើម្បីឱ្យ​កសិករ​ផលិត​ស្រូវ​ចំណី​បាន​សុទ្ធ​ល្អ​។ ម្យ៉ាងវិញទៀត​ខាង​រោង​​ម៉ាស៊ីន​ក៏​គួរ​គិតពិចារណា​ទិញស្រូវ​ពី​កសិករ​ក្នុងតម្លៃ​ខ្ពស់ជាង​មុន​ផងដែរ​សម្រាប់​កសិករ​ដែល​ផលិត​បាន​ស្រូវ​ចំណី​សុទ្ធ​ល្អ​»​។

​បើតាម​លោក យ៉ង សាំង​កុមារ បច្ចុប្បន្ន កម្ពុជា​បានបញ្ចប់​ការប្រមូល​ផល​ស្រូវស្រាល​រដូវវស្សា​លើ​ផ្ទៃដី ៧៥ ​ម៉ឺន​ហិកតា​ ដោយ​ទទួលបាន​ផល​ ៣ ​លាន​តោន​៕